រដ្ឋមន្ត្រី​អប់រំ​ប្រកាស​ថា​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ប្រឡង​បាក់ឌុប​ធ្លាក់​ប្រឡង​លើក​ទី​២

ដោយ អ៊ុំ រង្សី
2015-07-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដី​អំពី "ការ​សិក្សា​ស្រាវជ្រាវ​លើ​ការ​អនុវត្ត​ម៉ោង​សិក្សា​នៅ​បឋម​សិក្សា" នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ កក្កដា ឆ្នាំ​២០១៥។
រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដី​អំពី "ការ​សិក្សា​ស្រាវជ្រាវ​លើ​ការ​អនុវត្ត​ម៉ោង​សិក្សា​នៅ​បឋម​សិក្សា" នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ កក្កដា ឆ្នាំ​២០១៥។
RFA/Khe Sonorng

ក្រសួង​អប់រំ​យុវជន និង​កីឡា នៅ​តែ​ចាត់​ទុក​ការ​រឹត​បន្តឹង និង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ប្រឡង​គឺ​ជា​រឿង​សំខាន់​ដើម្បី​លើក​កម្ពស់​គុណភាព​វិស័យ​អប់រំ​នៅ​កម្ពុជា។ ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ហៅ​កាត់​ថា បាក់ឌុប ឆ្នាំ​២០១៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ខាង​មុខ​នេះ ក្រសួង​បាន​បង្ហាញ​រក្សា​ជំហរ​បន្ត​រឹត​បន្តឹង​ដូច​ឆ្នាំមុន​ដដែល និង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រឡង​លើក​ទី​២ នោះ​ឡើយ។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង កីឡា លោក ហង់ ជួនណារ៉ុន លើក​ឡើង​ថា ការ​ប្រឡង​បាក់ឌុប ក្នុង​ឆ្នាំ​២០១៥ ដែល​បន្ត​រឹត​បន្តឹង​នោះ គឺ​នឹង​នៅតែ​ផ្ដល់​ឱកាស​អោយ​អ្នក​ចេះ​គឺ​ជាប់។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង កីឡា លោក ហង់ ជួនណារ៉ុន មាន​ប្រសាសន៍​នៅ​ក្នុង​សិក្ខាសាលា​ស្តីពី​ការ​ផ្សព្វផ្សាយ​របាយការណ៍​ស្រាវជ្រាវ​លើ​ការ​អនុវត្ត​ម៉ោង​សិក្សា​នៅ​បឋមសិក្សា នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ថា ការ​ប្រឡង​បាក់ឌុប ឆ្នាំ​២០១៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ខាង​មុខ​នេះ ក្រសួង​បន្ត​រឹត​បន្តឹង​ទាំង​វិន័យ​របស់​គ្រូ ទាំង​វិន័យ​របស់​សិស្ស និង​បន្ត​អនុវត្ត​ទោសទណ្ឌ​ចំពោះ​សកម្មភាព​មិន​ប្រក្រតី​នានា អំឡុង​ពេល​ប្រឡង៖ «ក្រសួង​នឹង​មាន​ការ​រឹត​បន្តឹង​អំឡុង​ពេល​ប្រឡង ទាំង​វិធានការ​រដ្ឋបាល ទាំង​វិធានការ​ច្បាប់​លើ​ជន​ណា​ដែល​ល្មើស​បង្ក​ភាព​មិន​ប្រក្រតី​នានា ហើយ​ឆ្នាំ​នេះ​យើង​មិន​ប្រឡង​លើក​ទី​២ នោះ​ទេ»

​ក្រសួង​អប់រំ​យុវជន និង​កីឡា ឲ្យ​ដឹង​ថា ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប ឆ្នាំ​២០១៥ នេះ មាន​បេក្ខជន​ជាង ៨៣.៤៨០​នាក់ មាន​មណ្ឌល​ប្រឡង​ចំនួន ១៤៩ ដែល​ស្មើ​នឹង ៣.៥៧៩​បន្ទប់។

ដោយសារ​ការ​ប្រឡង​បាក់ឌុប ឆ្នាំ​នេះ មាន​តែ ១​លើក ក្រសួង​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ២,៨​លាន​ដុល្លារ សម្រាប់​ដំណើរ​ការ​រៀបចំ​ការ​ប្រឡង​បាក់ឌុប ឆ្នាំ​២០១៥ ដែល​ចំនួន​នេះ​តិច​ជាង​ឆ្នាំ​មុន​ដែល​ចំណាយ​អស់​ជាង ៣​លាន​ដុល្លារ ខណៈ​បេក្ខជន​ដែល​បាន​ចុះ​ឈ្មោះ​ប្រឡង​បាក់ឌុប ឆ្នាំ​នេះ​តិច​ជាង​ឆ្នាំ​មុន។

កញ្ចប់​ថវិកា​របស់​ក្រសួង​អប់រំ ប្រមាណ ២,៨​លាន​ដុល្លារ​នេះ ក្រសួង​នឹង​បែង​ចែក​ជា​ពីរ​ផ្នែក​សំខាន់ៗ គឺ​ទៅ​លើ​ផ្នែក​សម្ភារៈ​រដ្ឋបាល​នានា ក្នុង​នោះ​ឯកសារ​ប្រឡង សម្ភារៈ​ផ្សេងៗ និង​ធុង​សោ​ដាក់​វិញ្ញាសា​សម្រាប់​ដំណើរ​ការ​ប្រឡង និង​ផ្នែក​ទី​ពីរ​ចំណាយ​លើ​បេសកកម្ម​របស់​មន្ត្រី​អប់រំ មុន​ពេល​អំឡុង​ពេល និង​ក្រោយ​ថ្ងៃ​ប្រឡង។

ជាង​នេះ​ទៀត អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ លោក រស់ សាលីន បញ្ជាក់​ថា នឹង​មាន​ការ​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ ដើម្បី​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់ ព្រម​ទាំង​បើក​ឱកាស​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ពាក់ព័ន្ធ​ចូល​រួម​សង្កេតការណ៍​លើ​ដំណើរ​ការ​ប្រឡង​បាក់ឌុប ឆ្នាំ​នេះ ហើយ​រហូត​មក​ដល់​ពេល​នេះ មាន​អ្នក​ចុះ​ឈ្មោះ​សង្កេតការណ៍​តាម​រយៈ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ជាង ៣.០០០​នាក់​ហើយ។

កាល​ពី​ឆ្នាំ​២០១៤ ដែល​ជា​ឆ្នាំ​កំណែទម្រង់​ការ​ប្រឡង​លើក​ដំបូង​នោះ គេ​ឃើញ​ថា ក្រសួង​អប់រំ ក៏​ធ្លាប់​ប្រកាស​ថា នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រឡង​បាក់ឌុប លើក​ទី​២​ដែរ ប៉ុន្តែ​ក្រោយ​ចេញ​លទ្ធផល​មាន​បេក្ខជន​រាប់​ម៉ឺន​នាក់​បាន​ប្រឡង​ធ្លាក់ និង​មាន​ការ​ប្រកាស​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បេក្ខជន​ទាំង​នោះ​មាន​ឱកាស​បាន​ប្រឡង​ម្ដង​ទៀត ពេល​នោះ​គេ​ឃើញ​ថា ក្រសួង​បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រឡង​បាក់ឌុប ជា​លើក​ទី​២។

កាល​ឆ្នាំ​២០១៤ នោះ គឺ​មាន​បេក្ខជន​ជាង ២​ម៉ឺន​នាក់​ប៉ុណ្ណោះ​ដែល​ប្រលង​ជាប់ ក្នុង​ចំណោម​បេក្ខជន​បាន​ដាក់​ពាក្យ​ប្រឡង​ជិត ៩​ម៉ឺន​នាក់។

ទោះ​យ៉ាង​ណា ការ​ប្រកាស​បន្ត​រឹត​បន្តឹង និង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រឡង​លើក​ទី​២ ត្រូវ​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ទូទៅ​ថា ក្រសួង​អប់រំ គួរ​តែ​ប្រើ​ពេលវេលា​ពង្រឹង​គុណភាព​អប់រំ​ជា​មុន​សិន មិន​ត្រូវ​អនុវត្ត​ការ​រឹត​បន្តឹង​ពេល​ប្រលង​ឆាប់ៗ ដូច​ការ​ដែល​ក្រសួង​អប់រំ បាន​អនុវត្ត​នេះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

ខ្ញុំគិតថា គាត់គិតមិនដល់​រឺគិតមិនឃើញរឺមើលមិនឃើញ រឺឃើញហើយធ្វើមិនដឹងមិនលឺ រឿងគ្រូបង្រៀននៅតាមសាលា
បង្រៀនសិស្សមិនដិតដល់​ដោយសារឿងប្រាក់ខែ គុណភាពមិនស្ថិតនៅពេលប្រឡង២ថ្ងៃទេលោក

Jul 24, 2015 06:12 AM

មាលា

ពី Preah Vihea

គួរមានការតាមដាន​និង​កែសម្រួល ថាតើសាលារដ្ឋនីមួយៗ​បង្រៀន​គ្រប់​ម៉ោង​តាមការ​កំណត់ទេ? គ្រូៗលើកទូរស័ព្ទប៉ុន្មានដងក្នុងអំឡុង
ពេលបង្រៀន១ម៉ោងៗនោះ? នេះមិនមែនសំដៅគ្រូទាំងអស់ទេ គឺ
មានគ្រូមួយចំនួនប៉ុណ្ណោះ ប៉ះចំថ្នាក់ទី១២ផង ដែលជាគំរូមិនល្អគួរ
ចៀសវាង។ សិស្សតម្រូវឲ្យបិទទូរស័ព្ទ។មាសសុទ្ធមិនខ្លាចភ្លើង ទោះ
ឧបសគ្គយ៉ាងណាក៏ត្រូវតែព្យាយាម។

Jul 23, 2015 11:22 AM

គ្រូប្រពន្ធល្អ

ពី ភព

អ្នកចេះគឺជាប់!!!! តើឱ្យសិស្សទៅរៀននៅឯណាទើបបានចេះបើលោកគ្រូ អ្នកគ្រូមួយចំនួន(សូមទោសចំពោះគ្រូមួយចំនួនដែលមានមនសិការ)មានមុខតែពេលលក់ឯកសារ និងលក់ពិន្ទុឱ្យសិ្សប៉ុណ្ណោះ ពុំសូវបានផ្ដល់ចំណេះដឹងឱ្យសិស្សប៉ុន្មានទេ។ សូមលោករដ្ឋមន្ត្រីមេត្តារឹតបន្តឹងគ្រូៗឱ្យត្រង់ជួរសិនចាំរឹតបន្តឹងសិស្សជាក្រោយទើបមានតុល្យភាព។ សង្ឃឹមថាវាចារនេះបានឮដល់គ្រូៗអសីលធម៌ទាំងអស់ និងជាពិសេសដល់ត្រចៀកលោករដ្ឋមន្ត្រីអប់រំផង។

Jul 23, 2015 09:12 AM

អ្នក​អាន​អនាមិក

ខ្ញុំគ្មានសំនួរទេតែខ្ញុំសុំសំនូមពរឲក្រសួងមេត្តាចេញប្រធានវិញ្ញាសារកុំពិបាកពេកអី ព្រោះសិស្សមួយចំនួនធំពិតជាមិនទាន់អាចទទួលយកបានទេនូវការរឹតបន្ទឹងនេះ។ មានតែពឹងលើខ្លួនឯងតែប៉ុណ្ណោះ។ ខ្ញុំសុំគាំទ្រនូវការរឹតបន្ទឹងនេះ។ អរគុណ!

Jul 23, 2015 03:03 AM

គេហទំព័រ​ទាំងមូល