បុគ្គលិក​សណ្ឋាគារ Great Duke ទទួល​បាន​ដំណោះស្រាយ​ការងារ​ពី​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល

ដោយ សុជីវី
2020-02-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បុគ្គលិក​សណ្ឋាគារ ដឺ ហ្ក្រេត ឌ្យូក (THE GREAT DUKE PHNOM PENH) ភ្នំពេញ តវ៉ា​ទាមទារ​ប្រាក់​អត្ថ​ប្រយោជន៍ នៅ​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០២០ ក្រោយ​សណ្ឋាគារ​ប្រកាស​ឈប់​ធ្វើ​អាជីវកម្ម។
បុគ្គលិក​សណ្ឋាគារ ដឺ ហ្ក្រេត ឌ្យូក (THE GREAT DUKE PHNOM PENH) ភ្នំពេញ តវ៉ា​ទាមទារ​ប្រាក់​អត្ថ​ប្រយោជន៍ នៅ​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០២០ ក្រោយ​សណ្ឋាគារ​ប្រកាស​ឈប់​ធ្វើ​អាជីវកម្ម។
រូប៖ អង្គការ CENTRAL

ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​សម្រេច​ឱ្យ​ម្ចាស់​សណ្ឋាគារ ដឺ ហ្ក្រេត ឌ្យូក ភ្នំពេញ (THE GREAT DUKE PHNOM PENH) អតីត​សណ្ឋាគារ​អ៊ីនធឺខុន ទឺណង់តាល់ (Intercontinental) ទូទាត់​ប្រាក់​សំណង​ការងារ​ឱ្យ​បុគ្គលិក ដែល​តវ៉ា​សរុប​ទាំង​អស់ ១៣៩​នាក់ តាម​ច្បាប់​ស្ដីពី​ការងារ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ និយោជិក​វិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច កុសល ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ​ថា សំណើ ៤​ចំណុច ដែល​បុគ្គលិក​ស្នើ​ឱ្យ​ម្ចាស់​សណ្ឋាគារ​គិតគូរ​នោះ ត្រូវ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​យល់ស្រប ៣​ចំណុច បដិសេធ​ចោល ១​ចំណុច​។ លោក​បន្ត​ថា ចំណុច​នោះ​មាន ប្រាក់​អតីតភាព​ការងារ​មុន​ឆ្នាំ​២០១៩ ប្រាក់​ជូនដំណឹង និង​ប្រាក់​ឈប់សម្រាក​ប្រចាំ​ឆ្នាំ​។ រីឯ​ប្រាក់​សំណង​ជំងឺ​ចិត្ត មិន​ត្រូវ​បាន​បូក​បញ្ចូល​ទេ។

លោក​បញ្ជាក់​ថា បើ​តាម​ការ​គណនា ប្រាក់​សរុប​ដែល​បុគ្គលិក​ជាង ១​រយ​នាក់ ត្រូវ​ទទួល​បាន គឺ​ប្រមាណ ៧០​ម៉ឺន​ដុល្លារ ប៉ុន្តែ​ទំហំ​ទឹកប្រាក់​នេះ អាច​ធ្លាក់​មក​ត្រឹម​ចន្លោះ​ពី ៤០​ម៉ឺន​ដុល្លារ ទៅ ៥០​ម៉ឺន​ដុល្លារ​វិញ ដោយសារ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ដក​ប្រាក់​សំណង​ជំងឺ​ចិត្ត។

លោក ទូច កុសល ឱ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ បុគ្គលិក​ទាំងអស់​នៅ​មិនទាន់​ទទួល​បាន​ប្រាក់​សំណង​នៅឡើយ ដោយសារ​ភាគី​មេធាវី​កំពុង​បកប្រែ​ឯកសារ​ដាក់​ជូន​ទៅ​ម្ចាស់​សណ្ឋាគារ។

ប្រធាន​សហជីព​រូប​នេះ នឹង​ជួបជុំ​បុគ្គលិក​ទាំងអស់ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​២៤ កុម្ភៈ ដើម្បី​បោះឆ្នោត​សម្រេច​យក​សំឡេង​ភាគច្រើន​ថា តើ​ពួកគេ​ព្រម​ទទួលយក​ដំណោះស្រាយ ៣​ចំណុច ហើយ​បញ្ចប់​ការ​តវ៉ា ឬមួយ​បន្ត​ការ​តវ៉ា​ជា​ថ្មី​ទៀត លុះ​ត្រា​តែ​ទទួល​បាន​ទាំង ៤​ចំណុច។

សណ្ឋាគារ ដឺ ហ្ក្រេត ឌ្យូក ភ្នំពេញ មាន​ទីតាំង​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​មុនីរ៉េត ក្បែរ​ភ្លើងស្តុប​ផ្សារ​ដើមគ។ សណ្ឋាគារ​លំដាប់​ផ្កាយ​៥ មួយ​នេះ បាន​ប្ដូរ​ឈ្មោះ កាល​ដើម​ខែ​មករា ឆ្នាំ​២០១៨ ក្រោយ​ពេល​ផ្លាស់ប្ដូរ​ថៅកែ​ថ្មី។

វិវាទ​ការងារ​នៅ​សណ្ឋាគារ​ផ្កាយ ៥​នេះ ផ្ទុះ​ឡើង​ចាប់​ពី​ខែ​មករា​រហូត​មក​ដល់​ពេល​នេះ គឺ​ដោយសារតែ​ម្ចាស់​សណ្ឋាគារ និង​បុគ្គលិក មិន​ព្រមព្រៀង​គ្នា បញ្ចប់​ជម្លោះ​លើ​ប្រាក់​សំណង​ការងារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល