ក្រសួងមហាផ្ទៃ​គ្មាន​វិធាន​ចំពោះ​ករណី​គ្រួសារនិយម​របស់​ស្នងការ​ខេត្ត​កោះកុង

ដោយ សុជីវី
2020-05-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្នងការ​នគរបាល​ខេត្ត​កោះកុង លោក សំឃិត វៀន (អង្គុយ​មុខ)។
ស្នងការ​នគរបាល​ខេត្ត​កោះកុង លោក សំឃិត វៀន (អង្គុយ​មុខ)។
រូប​ហ្វេសប៊ុក​​ស្នងការ​ខេត្ត​កោះកុង

មន្ត្រី​ជាន់ខ្ពស់​នគរបាល​ជាតិ អះអាង​ថា អង្គភាព​ជំនាញ បាន​ចុះ​ស៊ើបអង្កេត​ករណី​ស្នងការ​នគរបាល​ខេត្ត​កោះកុង លោក សំឃិត វៀន ដែល​មាន​ប្រពន្ធ​កូន និង​សាច់ញាតិ កំពុង​កាន់​តួនាទី​ធំៗ ស្ថិត​ក្រោម​បង្គាប់​របស់​ខ្លួន ប៉ុន្តែ​ពុំ​មាន​វិធានការ​អ្វី​នោះ​ទេ​។ មន្ត្រី​សង្គម​ស៊ីវិល យល់ថា ក្រសួង​មហាផ្ទៃ គួរតែ​ស្រាវជ្រាវ​ឱ្យ​បាន​លម្អិត​និង​បង្ហាញ​ជា​សាធារណៈ ដើម្បី​ជៀសវាង​មន្ទិលសង្ស័យ​នានា​ជុំវិញ​ការ​ទទួល​បាន​តួនាទី​របស់​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​មេ​នគរបាល​ខេត្ត​កោះកុង​រូប​នោះ។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ថ្លែង​ថា អគ្គនាយកដ្ឋាន​បុគ្គលិក​នៃ​ក្រសួង​មហាផ្ទៃ បាន​ចុះ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​រួចហើយ​ចំពោះ​ករណី​ចោទប្រកាន់​លើ ស្នងការ​នគរបាល​ខេត្ត​កោះកុង ដែល​មាន​ប្រពន្ធ​កូន​និង​សាច់ញាតិ​ធ្វើការ​ក្រោមបង្គាប់​របស់​ខ្លួន​នោះ ប៉ុន្តែ​លោក​មិន​បកស្រាយ​លម្អិត​អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​នោះ​ទេ​។ លោក ឆាយ គឹមខឿន គ្រាន់តែ​លើកឡើង​ថា ករណី​នេះ គ្មាន​វិធានការ​អ្វី​ទាំងអស់ ហើយ​បាន​បិទ​បញ្ចប់ ដោយ​លោក​ចាត់ទុកថា ការតែងតាំង​សាច់​ញាតិ​ក្នុង​ស្ថាប័នរដ្ឋ​តែមួយ​នេះ គឺជា​រឿង​ធម្មតា។ ទន្ទឹម​គ្នា​នេះ លោក ថែមទាំង​ប្រតិកម្ម​ចំពោះ អ្នកសារព័ត៌មាន​អាស៊ីសេរី​ទៀត​ផង ដោយ​ចោទ​ថា ចេះតែ​ឆ្កឹះឆ្កៀល​ករណី​បែប​នេះ៖ «លោក​ឯង​យកពាក្យ​ចចាមអារ៉ាម​មួយ​មក​ចោទសួរ​ដេញដោល​អ៊ីចឹង នាំ​ឱ្យ​រវល់​ខាត​ពេល​ណាស់។ រឿង​ដែល​គេ​ឃើញ​មិន​ប្រក្រតី​គេ​មិន​ទុក​ទេ​ឥឡូវនេះ​។ សូម មេត្តា​កុំ​យក​អាម៉ា​រឿង​នឹង​មក​សាកសួរ វា​ខាត់​ពេល​រឿង​ធំៗ​ម៉ា​ចំភ្លុះ​ទៀត ។ លោកអ្នក​ប្តឹង​ទៅ​អាស៊ីសេរី បើ​គាត់​ជា​អ្នកចេះ​ច្បាប់​ចេះ​ទម្លាប់ គាត់​ត្រូវ​ប្ដឹង​មក​អធិការកិច្ច​របស់​ក្រសួង បើ​គាត់​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី ហើយ​ឥឡូវ​ឱ្យ​លោក​នោះ​យក​ភស្តុតាង​ណា​កន្លែង​ណាខ្លះ​ដែល​មិន​ប្រក្រតី កុំ​និយាយ​ថា គេ​តែងតាំង​ប្រពន្ធ​គេ អ៊ីចឹង​ប្រពន្ធ​គេ​មួយ​ជី​វីត​មិនបាច់​ឡើង​ឋានៈ​ទេ​អី បើ​សិន​ធ្វើ​ប៉ូលិស​ដែរ»

ទាក់ទង​នឹង​ករណី​នេះ អាស៊ីសេរី ក៏​មិន​អាច​ការ​បញ្ជាក់​បន្ថែម​ពី​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​នៃ​ក្រសួងមហាផ្ទៃ លោក ប៉ែន វិបុល បាន​ទេ ដោយ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នកទទួល​។ ចំណែក​ស្នងការ​នគរ​បាល​ខេត្ត​កោះកុង លោក សំឃិត វៀន ក៏​មិន​ទទួល​ទូរស័ព្ទ របស់​អាស៊ីសេរី​ដែរ នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា។

ទោះជា​យ៉ាងណា កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា កន្លងទៅ ស្នងការ​នគរបាល​ខេត្ត​កោះកុង បាន​ចេញ សេចក្តី​ប្រកាស​ព័ត៌មាន​បំភ្លឺ​ថា លោក​ឧត្ដមសេនីយ៍​ទោ សំឃិត វៀន ពិត​ជា​មាន​ប្រពន្ធ​កូន និង​សាច់ញាតិ កំពុង​បម្រើ​ការងារ​នៅ​ក្នុង​អង្គភាព​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ប្រាកដ​មែន។ សេចក្តី​ប្រកាស​ដដែល បន្ត​ថា ប្រពន្ធ​កូន​និង​សាច់ញាតិ​របស់​លោក សំឃិត វៀន ទាំងនោះ សុទ្ធតែ បាន​ឆ្លងកាត់​ការ​ប្រឡង​ជ្រើសរើស​ត្រឹមត្រូវ និង​បាន​បំពេញការងារ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ។ ស្នងការ​នគរបាល​ខេត្ត​កោះកុង អះអាង​ថា ចំពោះ​ការតែងតាំង​មុខ​ដំណែង និង​ដំឡើង​ឋានន្តរសក្ដិ របស់​មន្ត្រី​នគរ​ក្នុង​អង្គភាព​វិញ គឺ​មាន​តម្លាភាព និង​ផ្អែក​ទៅ​លើ​អតីតភាព​ការងារ ស្នាដៃ​ល្អ ព្រមទាំង​មាន​ការ​ប្រជុំ​វាយតម្លៃ​ពី​គណៈ​ស្នងការ​ត្រឹមត្រូវ​តាម​នីតិវិធី និង​ឋានានុក្រម។

ស្នងការ​នគរបាល​ខេត្ត​កោះកុង លោក សំឃិត វៀន ក៏​ធ្លាប់​អះអាង​ប្រាប់​អាស៊ីសេរី​ថា ករណី​តែងតាំង​ប្រពន្ធ​កូន និង​សាច់ញាតិ​មួយ​ចំនួន​របស់​លោក​ឱ្យ​ធ្វើការ​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង នេះ មិនមែន​ជា​ការ​បង្កើត​គ្រួសារនិយម​ក្នុង​ស្ថាប័ន​នគរបាល​ជាតិ​នោះ​ទេ ព្រោះ​លោក​ថា គ្មាន ច្បាប់​ចែង​ហាមឃាត់​រឿង​នេះ​ឡើយ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មាន​ប្រសាសន៍​ថា នៅ​ពេល​មានការ​ចោទប្រកាន់​ពី​មន្ត្រី​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ថា មានគ្រួសារ​និយម​បែបនេះ ក្រសួងមហាផ្ទៃ គួរតែ​ស្រាវជ្រាវ​និង​បង្ហាញ​ភស្តុតាង​ឱ្យ​បាន​ត្រឹមត្រូវ​ច្បាស់លាស់ មិន​អាច​គ្រាន់តែ​ឆ្លើយ​ថា ការតែងតាំង​នេះ​ធ្វើឡើង​ដោយ​ត្រឹមត្រូវ​នោះ​ទេ៖ «កាលណា​មានការ​តែងតាំង​សាច់ញាតិ​ជិតដិត​បែបនេះ​នៅក្នុង​ស្ថាប័ន​របស់​យើង ប្រាកដ​ជា​មាន​ទស្សនៈ​មាន​ចម្ងល់​មាន​មន្ទិលសង្ស័យ​ច្រើន ដូច្នេះ​ជា​គោលដៅ សំខាន់​គឺ​ក្រសួង ត្រូវតែ​ស្វែងរក​ឱ្យ​ឃើញ​ថា តើ​ការតែងតាំង​ឬ​ការ​ជ្រើសរើស​នោះ​មាន​ភាព​មិន​ប្រក្រតី​ដែរ​ទេ ដើម្បី​ធ្វើ​ឱ្យ​មាន​ទំនុក​ចិត្ត​ពី​សាធារណជន​ថា ការ​រើស​នោះ​ពិតជា​ផ្អែក​ទៅ​លើ​ចំណេះដឹង បទពិសោធន៍ ហើយ​នឹង​បច្ចេកទេស​របស់​មន្ត្រី​ដែល​ជាប់​នោះ​មែន មិនមែន​ជា​ការ​រើស​ដោយ​ស្គាល់​គ្នា បក្ខពួក​គ្រួសារ​សាច់ញាតិ​អី​ទេ»

កាល​ពី​ជាង​ពាក់​កណ្តាល​ខែ​មេសា​កន្លង​ទៅ​នេះ មន្ត្រី​មួយ​រូប​ដែល​សុំ​លាក់​អត្តសញ្ញាណ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​មក​អាស៊ីសេរី ដោយ​ទម្លាយ​រឿង​ស្នងការ​នគរបាល​ខេត្ត​កោះកុង លោក សំ​ឃិត វៀន បាន​បង្កើត​គ្រួសារនិយម​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង។

មន្ត្រី​រូប​នោះ​បាន​រៀបរាប់​នៅ​ក្នុង​លិខិត​នោះ​ថា ករណី​ទី​១ គឺ​លោកស្នងការ សំឃិត វៀន តែងតាំង​ប្រពន្ធ​របស់​ខ្លួន​ឈ្មោះ ពេជ្រ ស្រីពី ឱ្យ​កាន់​តួនាទី​ជា​ស្នងការ​រង​។ ក្រោយ​ពេល​ដំឡើង​ដំណែង​ឱ្យ​ប្រពន្ធ​ហើយ លោក សំឃិត វៀន បាន​ទាញ​យក​ការងារ​ពី​ផ្នែក​ជំនាញ​ផ្សេងៗ ឱ្យ​ស្នងការ​រង​ដែល​ជា​ប្រពន្ធ​វ័យក្មេង​របស់​ខ្លួន ជា​អ្នកគ្រប់គ្រង និង​ឃ្លាំមើល​។ ម្យ៉ាងវិញទៀត នៅ​ពេល​ខាងមុខ លោក​ស្នងការ​រូប​នេះ ក៏​នឹង​រៀបចំ​ឱ្យ​ប្រពន្ធ​ឡើង​ធ្វើជា​ស្នងការ​ស្ដីទី​ក្នុង​ពេល​លោក​មិន​នៅ​ធ្វើការ​ផង​ដែរ។

មន្ត្រី​សុំ​លាក់​អត្តសញ្ញាណ​ដដែល​ឱ្យ​ដឹង​បន្ត​ថា ករណី​ទី​២ ស្នងការ​ខេត្ត​កោះកុង​រូប​នេះ បាន​តែង​តែង​កូនប្រុស​បង្កើត​របស់​ខ្លួន​ឈ្មោះ ច័ន្ទ រ៉ាវីយ៉ា ឱ្យ​ឡើងជា​ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​កោះកុង​។ ចំណែក​កូនស្រី​បង្កើត​ពីរ​នាក់​ទៀត​របស់​លោក សំឃិត វៀន ដែល​មាន​ក្របខ័ណ្ឌ​ជា​មន្ត្រី​នគរបាល​ក្នុង​ខេត្ត​កោះកុង​ដែរ​នោះ ក៏​កំពុង​ត្រៀម​រង់ចាំ​យក​ដំណែង ខ្លឹមៗ​ក្រោម​ការរៀបចំ​របស់​ឪពុក​នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​ទៀត​ដែរ។

មន្ត្រី​ដដែល​អះអាង​ទៀត​ថា ករណី​ទី​៣ លោក សំឃិត វៀន មាន​ប្អូនថ្លៃ​ឈ្មោះ ពេជ្រ បញ្ញា ធ្វើជា​នាយ រង​ការិយាល័យ​អន្តោប្រវេសន៍​ខេត្ត​កោះកុង និង​ប្អូនថ្លៃ​ម្នាក់ទៀត​ឈ្មោះ ពេជ្រ ស៊ីប៉ូ ធ្វើជា​អធិការរង​នគរបាល​ស្រុក​បុទុមសាគរ ក្នុង​ខេត្ត​កោះកុង​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា នៅ​មាន​ក្មួយៗ និង​សែស្រឡាយ​ជាច្រើន​ទៀត​របស់​លោក សំ​ឃិត វៀន និង អ្នកស្រី ពេជ្រ ស្រីពី ដែល​មិន​អាច​រាប់​ឈ្មោះ​អស់ កំពុង​កាន់​តំណែង​គ្រាក់ៗ​នៅ​ក្នុង​ជួរ​មន្ត្រី​នគរបាល​ខេត្ត​កោះកុង​។ មន្ត្រី​លាក់​អត្តសញ្ញាណ​រូប​នេះ ចោទ​សួរ​ថា តើ​មន្ត្រី​ផ្សេងៗ​ទៀត ដែល​មិនមែន​ជា​ប្រពន្ធ​កូន​និង​មិនមែន​ជា​បងប្អូន​សាច់ញាតិ​របស់​ស្នងការ​រូប​នេះ អាច​មាន​ឱកាស​ទទួល​ដំណែង​ក្នុង​ស្នងការដ្ឋាន​នេះ​ដែរ​ឬទេ?

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី លើកឡើង​ថា ជា​គោលការណ៍​សកល គឺ​ករណី​គ្រួសារនិយម​ឬ​បក្ខពួក​និយម​នេះ ត្រូវ​បាន​គេ​ចាត់ទុកថា ជា​ប្រភេទ​មួយ​នៃ​អំពើ​ពូក​រលួយ​ដែរ ហើយ​ករណី​គ្រួសារនិយម​នេះ ជាទូទៅ​ក៏​ជំរុញ​ឱ្យ​មាន​ទំនាស់​ផលប្រយោជន៍​ផ្សេងៗ​នៅ​ក្នុង​ស្ថាប័ន​នោះ។ លោក​បន្ត​ថា ទោះបីជា​កម្ពុជា គ្មាន​ច្បាប់​ហាមឃាត់​បញ្ហា​គ្រួសារ ឬ​សាច់​ញាតិ​និយម​នេះ​ក្តី ក៏​លោក​យល់​ថា រដ្ឋាភិបាល គួរតែ​មាន​ការ​ហាម​ប្រាម ឬ​មាន​នីតិវិធី​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់ កុំ​ឱ្យ​មានគ្រួសារ​ឬ​បក្ខពួក​និយម​នៅ​ក្នុង​ស្ថាប័ន​សាធារណៈ៖ «ការ​រើស​បុគ្គលិក​នេះ​ដោយ​ផ្អែក​ទៅ​លើ​ចំណេះដឹង បទពិសោធន៍​ជាក់ស្ដែង​របស់​មន្ត្រី​ដែល​ដាក់ពាក្យ​ធ្វើការ​នោះ ហើយ​បើ​យើង​កាត់បន្ថយ​គ្រួសារ​បក្ខពួក​គឺ យើង​អាច​ធ្វើការ​នៅ​ក្នុង​ស្ថាប័ន​នោះ មាន​តម្លាភាព​ជាង មាន​គណនេយ្យ​ភាព​ជាង ព្រោះ​យើង​អាច​អត់​សូវ​មាន​ទំនាស់​ផ្ទាល់ខ្លួន នៅ​ក្នុង​ការ​ដាក់​ទោស​ទណ្ឌ​ឬក៏​នៅ​ក្នុង​ការ​ដំឡើង​ដំណែង​អី​ជាដើម ទៅដល់​បុគ្គលិក​ក្រោម​ឱវាទ​របស់​យើង ព្រោះ​កាលណា​យើង​មាន​បងប្អូន​ច្រើន គឺ​យើង​ប្រហែលជា​យើង​មានចិត្ត​លម្អៀង​ហើយ ព្រោះ​នេះ​គឺជា​ធម្មជាតិ​របស់​មនុស្ស»

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​យ៉ាង​ដាច់អហង្ការ​មិន​ឱ្យ​មាន​ករណី​ក្រុម​គ្រួសារនិយម​នៅ​ក្នុង​ស្ថាប័ន​តែមួយ​នោះ​ឡើយ ក៏ប៉ុន្តែ​ស្ថានភាព​ជាក់ស្ដែង​ស្ទើរ​គ្រប់​ស្ថាប័នរដ្ឋ កំពុងតែ​ចាក់ ស្រេះ​ដោយ​បញ្ហា​គ្រួសារ ឬ​បក្ខពួក​និយម​នេះ ។​

ជាក់ស្ដែង​មន្ត្រីរាជការ​មួយ​ចំនួន​ដែល​មិន​ពេញចិត្ត​ចំពោះ​ការ​បញ្ហា​បក្ខពួក​និយម និង​គ្រួសារនិយម​នេះ បាន​លួច​ទម្លាយ​ព័ត៌មាន​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​ក្រសួង ឬ​ស្ថាប័ន​សាមី តែង​ឆ្លើយ​ថា ករណី​គ្រួសារនិយម​នេះ គឺជា​រឿង​ធម្មតា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល