បក្ស​ប្រឆាំង​បដិសេធ​ការ​ចោទ​របស់​អភិបាល​ក្រុង​ប៉ោយប៉ែត​រឿង​ញុះញង់​បង្ក​ហិង្សា

ដោយ ហ៊ុំ ចំរើន
2015-05-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កងកម្លាំង​សមត្ថកិច្ច​ត្រូវ​បាន​ដាក់​ពង្រាយ​យាម​ការពារ​នៅ​ខាង​មុខ​ការិយាល័យ​គយ​និង​រដ្ឋាករ​ប៉ោយប៉ែត នៅ​ថ្ងៃ​ទី​២៦ ឧសភា ឆ្នាំ​២០១៥។
កងកម្លាំង​សមត្ថកិច្ច​ត្រូវ​បាន​ដាក់​ពង្រាយ​យាម​ការពារ​នៅ​ខាង​មុខ​ការិយាល័យ​គយ​និង​រដ្ឋាករ​ប៉ោយប៉ែត នៅ​ថ្ងៃ​ទី​២៦ ឧសភា ឆ្នាំ​២០១៥។
RFA/Hum Chamroeun

គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍​បដិសេធ​ការ​ចោទ​ប្រកាន់​ពី​សំណាក់​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ ពាក់ព័ន្ធ​នឹង​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​កម្មករ​អូស​រទេះ​ជាមួយ​សមត្ថកិច្ច​ ដែល​បណ្ដាល​កម្មករ និង​មន្ត្រី​សន្តិសុខ​ទីស្នាក់ការ​គយ ២​នាក់​រង​បួស​ធ្ងន់ និង​ស្រាល ខណៈ​តវ៉ា​នៅ​មុខ​ការិយាល័យ​​គយ​និង​រដ្ឋាករ ក្រុង​ប៉ោយប៉ែត​ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា។

គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ស៊ើប​អង្កេត​ករណី​ប៉ះ​ទង្គិច​គ្នា​រវាង​កម្មករ​អូស​រទេះ និង​សមត្ថកិច្ច​ដែល​ឈាន​ទៅ​ដល់​ការ​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា​នៅ​ក្រុង​ប៉ោយប៉ែត​នោះ ឲ្យ​មាន​តម្លាភាព និង​ឯករាជ្យ។

គណបក្ស​ប្រឆាំង​ចេញ​សេចក្ដី​ថ្លែងការណ៍​ភ្លាមៗ​នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា នេះ គឺ​នៅ​បន្ទាប់​ពី​ក្រុម​កម្មករ និង​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត បាន​ប៉ះ​ទង្គិច​គ្នា​ធ្ងន់ធ្ងរ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា នៅ​ពេល​សមត្ថកិច្ច​បាន​ទៅ​បង្ក្រាប​ក្រុម​កម្មករ​ធ្វើ​បាតុកម្ម។

នៅ​ក្នុង​ខ្លឹម​សារ​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​ឆាំង ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ និង​មិន​លម្អៀង​ ចំពោះ​ហេតុការណ៍​ដែល​កើត​ឡើង​រវាង​កម្មករ និង​សមត្ថកិច្ច​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​រង​បួស​ធ្ងន់​និង​ស្រាល ​នៅ​​ពេល​កម្មករ​តវ៉ា​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ ដើម្បី​បញ្ចៀស​នូវ​ការ​ចោទ​ប្រកាន់​ដោយ​ពុំ​មាន​មូលហេតុ​ច្បាស់លាស់​ និង​កំណត់​ពី​ការ​ទទួល​ខុស​ត្រូវ​ពិតប្រាកដ។

​សេចក្ដី​ថ្លែង​ការណ៍​ឲ្យ​ដឹង​ទៀត​ថា​ គណបក្ស​សង្គ្រោះ​ជាតិ គាំទ្រ​និង​ស្នើ​ឲ្យ​មាន​ដំណោះស្រាយ​ ដោយ​សន្តិវិធី​ចំពោះ​ការ​ទាមទារ​របស់​កម្មករ​ក្នុង​គោលបំណង​ធានា​ និង​ការពារ​ផលប្រយោជន៍ ព្រម​ទាំង​សិទ្ធិ​សេរីភាព​របស់​ពួកគាត់។

ដោយ​ឡែក​ចំពោះ​របាយការណ៍​របស់​អភិបាល​ក្រុង​ប៉ោយប៉ែត វិញ បញ្ជាក់​ថា ហេតុការណ៍​​កើត​ឡើង​ដោយសារ​មាន​ការ​ញុះញង់​ពី​ជន​មួយ​ក្ដាប់​តូច​​ បាន​ញុះញង់​កំហឹង​កម្មករ​ បង្ក​ឲ្យ​កើត​មាន​ហិង្សា​ បណ្ដាល​ឲ្យ​រថយន្ត​របស់​សមត្ថកិច្ច​គយ​ចំនួន ៧​គ្រឿង​ និង​ទ្វា​បង្អួច កញ្ចក់​ទីស្នាក់ការ​គយ​ ​រង​ការ​ខូចខាត​ និង​រង​របួស​សន្តិសុខ​គយ​ម្នាក់។ ដើម្បី​ទប់ស្កាត់​ស្ថានការណ៍​នេះ​ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាន​ទប់ស្កាត់​​ និង​បាញ់​កាំភ្លើង​ខ្លី​ឡើង​លើ​ចំនួន ៤​គ្រាប់។

របាយការណ៍​របស់​អភិបាល​ក្រុង​ប៉ោយប៉ែត ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ ង៉ោ ម៉េងជ្រួន បាន​សរសេរ​បញ្ជាក់​ទៀត​ថា​ ដំណើរ​ការ​ធ្វើ​បាតុកម្ម​នោះ​មាន​ការ​ដឹក​នាំ​របស់​បុគ្គល​មួយ​ចំនួន​ រួម​មាន​ លោក ចៅ វាសនា​ ចៅសង្កាត់​រង​ទី​២​ សង្កាត់​ប៉ោយប៉ែត ​មក​ពី​គណបក្ស សម រង្ស៊ី។ លោក ឌិន ពុទ្ធី ប្រធាន​សមាគម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប៉ោយប៉ែត​ និង​គូកន​មួយ​ចំនួន​ទៀត​​ដែល​មិន​បាន​ស្គាល់​អត្តសញ្ញាណ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ ប្រធាន​សមាគម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្រុង​ប៉ោយប៉ែត លោក​ ឌិន ពុទ្ធី មាន​ប្រសាសន៍​បញ្ជាក់​ថា​ លោក​ពុំ​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ញុះញង់​ក្រុម​កម្មករ​អូស​រទេះ​ដូច​ការ​ចោទ​ប្រកាន់​ក្នុង​របាយការណ៍​របស់​លោក​អភិបាល​ក្រុង​ប៉ោយប៉ែត នោះ​ឡើយ៖ «ការ​ធ្វើ​បាតុកម្ម​កើត​ឡើង​ដោយ​កម្មករ​ខ្លួន​ឯង​ទេ​ ពីព្រោះ​ពួក​គាត់​មាន​ការ​ឈឺ​ចាប់​ចំពោះ​ការ​ជំរិត​យក​លុយ​ពី​មន្ត្រី​គយ​ច្រើន​ពេក ហើយ​បង្ខំ​ឲ្យ​ពួកគាត់​បង់​ពន្ធ​ថ្លៃ​ពេក។ នេះ​ជា​បញ្ហា​មួយ​ដែល​ពួក​គាត់​មិន​អាច​ទ្រាំ​បាន​បន្ត​ទៀត​ទើប​នាំ​គ្នា​ធ្វើ​បាតុកម្ម​ទៅ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា​ សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត គួរ​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ទុក្ខ​លំបាក​ដែល​​ក្រុម​កម្មករ​ទាមទារ​ជា​​ជាង​ការ​ទម្លាក់​កំហុស​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​ពុំ​មាន​​លទ្ធផល​៖ «អ៊ីចឹង​សមត្ថកិច្ច​បម្រើ​រាស្ត្រ​ត្រូវ​ជួយ​កម្មករ​​នៅ​ពេល​ដែល​ពួកគាត់​​ ទាមទារ​​ មិន​មែន​កម្មករ​ជួប​ការ​លំបាក ហើយ​ទៅ​វាយ​ពួកគាត់​បន្ថែម​ទៀត​បែប​នេះ​ទេ»

ជា​ទូទៅ​ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​កត់សំគាល់​ថា នូវ​រៀងរាល់​ការ​ចុះ​បង្ក្រាប​បាតុកម្ម ក្រុម​សមត្ថកិច្ច​តែងតែ​ប្រើ​អំពើ​ហិង្សា​លើ​បាតុករ ថែម​ទាំង​អ្នក​សារព័ត៌មាន​ផង តែ​ជា​ចុង​ក្រោយ​អាជ្ញាធរ​ធ្វើ​ការ​ចោទ​ប្រកាន់​ក្រុម​បាតុករ​ជា​អ្នក​ប្រើ​អំពើ​ហិង្សា​ដាក់​លើ​សមត្ថកិច្ច​មុន។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នោះ​សុទ្ធ​​តែ​អះអាង​ថា ខាង​សមត្ថកិច្ច​ជា​អ្នក​បង្ក​បញ្ហា​ទៅ​វាយ​បំបែក​កម្មករ​បណ្ដាល​​ឲ្យ​ពួក​គេ​ផ្ទុះ​កំហឹង​តវ៉ា​ភ្លាមៗ​តែម្ដង។ រហូត​មក​ទប់​ពេល​នេះ​នៅ​ការិយាល័យ​គយ​ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត​ យើង​សង្កេត​ឃើញ​កង​កម្លាំង​សមត្ថកិច្ច​កង​អាវុធហត្ថ និង​មន្ត្រី​ប៉ូលិស​ក្រុង​ប៉ោយប៉ែត ប្រមាណ ៣០​នាក់​ ដាក់​ការពារ​សន្តិសុខ​នៅ​ជុំវិញ​ទីស្នាក់ការ​គយ ទាំង​ថ្ងៃ​ទាំង​យប់​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

Dr. Chea Moneth

ពី Phnom Penh City

ចោរម្សៀត . រឿងតូចតាច មិនចេះដោះស្រាយ ចេះខ្លាំង ប្រេីហិង្សាវាយបង្រាប លេីជនស្លូតត្រង់

May 27, 2015 08:10 PM

អ្នក​អាន​អនាមិក

WHEN KHMER STUPIDE STOP STUPIDE? YOUN EVERYWHERE BUT KHMER BITE EACHOTHER LIKE SICK DOGS, SPOULD FIN RESOLLUTION, THAT'S BECAUSE CORRUPTION.

May 27, 2015 02:48 PM

Dr. Chea Moneth

ពី Phnom Penh City

មិនដោះស្រាយជូនពលរដ្ឋទេ .ថែមទាំងវាយបង្រាប។ ពេលគេតដៃវិញ បែជាចោទ មានគណបក្សប្រឆាំងជាអ្នកញុះញង់។ ពួកថោកទាប

May 27, 2015 10:24 AM

អ្នក​អាន​អនាមិក

ពលរដ្ឋមានទុក្ខ មិនបានដោះស្រាយជូនពលរដ្ឋទេ ហើយថែមទាំង វាយបង្រាបពលរដ្ឋថែមទៀត។ ពេលគេតដៃវិញ បែជាចោទថា មានគណបក្សប្រឆាំងជាអ្នកញុះញង់។ ហ៊ឹះ ពួកថោកទាប តើគួរបន្តឲ្យពួកនេះបន្តដឹកនាំទៀតឬទេ??????????????

May 26, 2015 09:39 AM

គេហទំព័រ​ទាំងមូល