សមត្ថកិច្ច​ឃាត់​ខ្លួន​អ្នក​បើក​ឡាន​ដឹក​កម្មករ​ក្រឡាប់​នៅ​កំពង់ចាម

ដោយ អាស៊ីសេរី
2017-11-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​ដឹក​កម្មករ​​​ក្រឡាប់​​​នៅ​ឃុំ​រវៀង ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
រថយន្ត​ដឹក​កម្មករ​​​ក្រឡាប់​​​នៅ​ឃុំ​រវៀង ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
Photo provided

សមត្ថកិច្ច​ខេត្ត​កំពង់ចាម ឃាត់​ខ្លួន​អ្នក​បើកបរ​រថយន្ត​ដឹក​កម្មករ​រោងចក្រ ជូហួយ ហ៊្វូតវែរ (Zhou Hui Footwear) ដែល​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​កម្មករ​ជិត ៧០​នាក់​រង​របួស។

កាសែត​ក្នុង​ស្រុក​ដក​ស្រង់​សម្ដី​ប៉ូលិស​ខេត្ត​កំពង់ចាម ម្នាក់​ថា អ្នក​បើកបរ​រថយន្ត​ឈ្មោះ ឆៃ គីមហេង ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ក្រោយ​តុលាការ​ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា កម្មករ ៦៨​នាក់  រង​របួសធ្ងន់ និង​ស្រាល​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ដឹក​កម្មករ​នៅ​ភូមិ​រវៀង ស្រុក​ជើងព្រៃ។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប្រកាស​ថា ក្រសួង​នឹង​ជួយ​ដោះស្រាយ​កម្មករ និង​ក្រុម​គ្រួសារ​រង​គ្រោះ​ទៅ​តាម​គោលនយោបាយ​របប​សន្តិសុខ​របស់​បេឡា​ជាតិ របប​សន្តិសុខ​សង្គម។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា កម្មករ​របួស​ទាំង ៦៨​នាក់ មាន ៥​នាក់​រង​របួស​ធ្ងន់​ក៏​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត និង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ចាម។

អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា និង​បច្ចុប្បន្ន​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​ពហុ​វិស័យ​នៅ​កម្ពុជា លោក ជា មុនី បាន​ប្រាប់​អាស៊ីសេរី ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ចំពោះ​ការ​ដឹក​កម្មករ​នេះ គឺ​មាន​កើត​ឡើង​ស្ទើរ​តែ​រៀងរាល់​ខែ គ្រាន់​តែ​តិច ឬ​ច្រើន។ លោក​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ចរាចរណ៍​ចាត់​វិធានការ​ត្រួត​ពិនិត្យ​រថយន្ត​ដឹក​កម្មករ​ហួស​ចំណុះ និង​អ្នក​បើក​បរ​ឲ្យ​បាន​ម៉ឺងម៉ាត់។

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៧ មាន​ចំនួន ៨២៤ករណី សម្លាប់​មនុស្ស​ចំនួន ៤២៦​នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន​ជាង ១.២០០​នាក់។ គ្រោះថ្នាក់​ចរាចរណ៍​ភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​បើកបរ​ហួស​ល្បឿន​​កំណត់​ មិន​គោរព​សិទ្ធ​អាទិភាព និង​បើកបរ​ពេល​ស្រវឹង​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល