អាជីវករ​ផ្សារ​ឃ្លាំង​រំសេវ​ស្នើសុំ​ឱ្យ​ម្ចាស់​ផ្សារ​ពន្យារពេល​ដកហូត​តូប និង​ជួយ​រក​ទីតាំង​ថ្មី​ឱ្យ​បាន​សមរម្យ

ដោយ សុ ជីវី
2020-02-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​អាជីវករ​ផ្សារ​ឃ្លាំងរំសេវ នា​រាជធានីភ្នំពេញ ជួបជុំគ្នា​សុំពន្យារពេល​បញ្ចប់​កិច្ចសន្យា ឱ្យ​ជួល​បន្ត។ រូប​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ ឆ្នាំ​២០២០។
ទិដ្ឋភាព​អាជីវករ​ផ្សារ​ឃ្លាំងរំសេវ នា​រាជធានីភ្នំពេញ ជួបជុំគ្នា​សុំពន្យារពេល​បញ្ចប់​កិច្ចសន្យា ឱ្យ​ជួល​បន្ត។ រូប​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ ឆ្នាំ​២០២០។
photo provided

ក្រុម​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ឃ្លាំង​រំសេវ ក្នុង​ខណ្ឌ​ទួលគោក ប្រមូល​គ្នា ធ្វើ​ញត្តិ​ស្នើសុំ​ឱ្យ​ម្ចាស់​ផ្សារ​ឯកជន​មួយ​នេះ ពន្យារពេល​បញ្ចប់​កិច្ចសន្យា ឱ្យ​ជួល​បន្ត។ អ្នកឃ្លាំមើល​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជំរុញ​ឱ្យ​ម្ចាស់​ផ្សារ បន្ត​ពន្យារ​ពេល​កិច្ចសន្យាជួល​ឱ្យ​អាជីវករ ដើម្បី​មាន​លទ្ធភាព​ដោះ​បំណុល​ធនាគារ។

ក្រុម​តំណាង​អាជីវករ​ផ្សារ​ឃ្លាំង​រំសេវ បាន​ប្រជុំ​គ្នា​ថា នឹង​ធ្វើ​ញត្តិ​ដាក់​ជូន​ប្រធាន​គណៈកម្មការ​ផ្សារ​នៅ​ថ្ងៃ​ទី​១៧ ឬ​១៨ កុម្ភៈ ដើម្បី​ស្នើសុំ​បន្ត​កិច្ចសន្យាជួល​តូប បន្ត​ទៀត។

តំណាង​អាជីវករ​ម្នាក់ លោក ជា ម៉េងលី ឱ្យ​ដឹង​ថា ក្រុម​អាជីវករ កំពុង​ធ្វើ​ញត្តិ ស្នើសុំ​២​ចំណុច គឺ​ចង់​ឱ្យ​ម្ចាស់​ផ្សារ​ឯកជន​មួយ​នេះ ពន្យារ​សុពលភាព​ឱ្យ​ជួល​បន្ត ថែម ​៥​ឆ្នាំ​ទៀត ព្រោះ​អាជីវករ​ភាគច្រើន កំពុង​ជាប់​គាំង​លក់​ទូរស័ព្ទ​មិន​ចេញ ហើយ​ម្ចាស់​តូប​ខ្លះ ទើប​ជួសជុល​តូប​រួច​ក្រោយ​ភ្លើង​ឆេះ មិនទាន់​បាន​ចូល​លក់ដូរ​ស្រួលបួល​ទេ​។ ឯ​សំណើ​ទី​២ ក្រុម​អាជីវករ គ្រោង​ស្នើសុំ​ឱ្យ​ប្រធាន​គណៈកម្មការ​ផ្សារ រក​ទីតាំង​ថ្មី​ឱ្យ​សមស្រប ឱ្យ​អាជីវករ​បន្ត​លក់៖ «ចង់​និយាយ​ថា ភាគច្រើន​នៃ​ពួក​យើង ពួក​អាជីវករ​ហ្នឹង សុទ្ធតែ​ខ្ចី​លុយ ខ្ចី​អ្វី ធនាគារ​មក​ប្រើប្រាស់​អាជីវកម្ម អ៊ីចឹង​ណា​បង ហើយ​តូប​ប្រមាណ​តូប ដែល​ប្រមាណ​ខែ​មុន​ហ្នឹង វា​ឆេះ​ច្រើន​ណា​បង ឆេះ​៤០​តូប ហើយ​ធ្វើ​ផ្សា​រហើយ មិន​ទាន់​បាន​លក់​ស្រួលបួល​ផង​។ ចំណុច​ទី​២ ពួក​យើង​ស្នើសុំ​ឱ្យ​ប្រធាន​គណៈកម្មការ​ (​ផ្សារ​) ធ្វើ​អន្តរាគមន៍​រក​ទីតាំង​ថ្មី ឱ្យ​សមស្រប ដើម្បី​យើង​បន្ត​អាជីវកម្ម»

តំណាង​អាជីវករ​បន្ត​ថា ផ្សារ​ឃ្លាំង​រំសេវ មាន​ជាង ១​ពាន់​តូប ភាគច្រើន គឺ​លក់ និង​ជួសជុល​ទូរស័ព្ទ ឯ​ផ្នែក​ខ្លះ​នៃ​ផ្សារ​នេះ លក់​សំលៀកបំពាក់​។ ក្នុង​ចំណោម​តូច​ជាង​ ១​ពាន់​នោះ មាន​តូច​ចំនួន​៤០ រង​ការ​ឆាបឆេះ​ទាំងស្រុង កាលពី​ ៥​ខែ​មុន គឺ​ខែ​កញ្ញា ឆ្នាំ​២០១៩​។ អាជ្ញាធរ​មិនបាន​បង្ហាញ​តួលេខ​សរុប​នៃ​ការខូចខាត​ពី​ការ​ឆាបឆេះ ដោយសារ​ឆ្លង​ចរន្តអគ្គិសនី កាល​នោះ​ទេ ប៉ុន្តែ​ម្ចាស់​តូច​ខ្លះ អះអាង​ថា ខាតបង់​គិត​ជា​ទឹកប្រាក់ មាន​ចន្លោះ​ពី ១០​ម៉ឺន​ដុល្លារ​អាមេរិក ដល់​៣០​ម៉ឺន​ដុល្លារ ក្នុង​មួយ​តូប។

ផ្សារ​នេះ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ នៅ​ក្នុង​បរិវេណ​ជាមួយ​មជ្ឈមណ្ឌល​ម៉ុងឌីយ៉ាល់។ ម្ចាស់​ផ្សារ​ឯកជន​មួយ​នេះ គឺ ឧកញ៉ា ស៊ី គង់ទ្រីវ និង​ប្រពន្ធ ឈ្មោះ ហុង ស៊ួន ដែល​ធ្លាប់​មាន​រឿងអាស្រូវ ពាក់ព័ន្ធ នឹង​ការ​ប្រើ​ហិង្សា​បាញ់​បង្ក្រាប​អ្នកមាន​ជម្លោះដីធ្លី នៅ​ខេត្ត​ព្រះសីហនុ កាលពី​ឆ្នាំ​២០១៩។

ក្រុម​មេធាវី តំណាង​ដោយ​អាណត្តិ​របស់​ឧកញ៉ា ស៊ី គង់ទ្រីវ បាន​ជូនដំណឹង​អំពី​ការ​អស់​សុពលភាព​កិច្ចសន្យា របស់​ក្រុម​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ឃ្លាំង​រំសេវ និង​ឱ្យ​ត្រៀមខ្លួន​រើ​តូប​របស់​ខ្លួន ចេញពី​ផ្សារ​នេះ យ៉ាងយូរ​បំផុត​ត្រឹម​ចុងខែ​មេសា​ខាងមុខ ជា​ថ្ងៃ​ដែល​ផ្សារ​ឃ្លាំង​រំសេវ​ត្រូវ​បិទ​ជា​ស្ថាពរ។

ក្នុង​លិខិត​របស់​មេធាវី បង្ហាញ​ថា ទីតាំង​ដី​ផ្សារ​ឃ្លាំង​រំសេវ នឹង​ត្រូវ​មជ្ឈមណ្ឌល​ម៉ុងឌីយ៉ាល់ អភិវឌ្ឍន៍​ជា​អគារ​ទំនើប ជំនួស​ឱ្យ​ផ្សារ​ឯកជន​លក់​ទូរស័ព្ទ​សព្វថ្ងៃ ហើយ​គម្រោង​សាងសង់​នេះ នឹង​ចាប់ផ្ដើម នៅ​ចុងខែ​ឧសភា​។ ក្នុង​រយៈពេល​ ៣​ខែ​នេះ គឺខែ​កុម្ភៈ មីនា និង​មេសា ម្ចាស់​ទីតាំង​ផ្សារ ពុំ​គិត​ប្រាក់​ឈ្នួល​តូប​ប្រចាំខែ និង​ថ្លៃ​ប្រើប្រាស់​ចរន្តអគ្គិសនី​ឡើយ​។ លិខិត​របស់​មេធាវី ក៏​ជំរុញ​ឱ្យ​ក្រុម​អាជីវករ​​ស្វែងរក​ទីតាំង​ថ្មី ដើម្បី​បន្ត​ការលក់ដូរ​រៀងៗ ​ខ្លួន ហើយ​ដល់​ថ្ងៃ​កំណត់​រុះរើ​ផ្សារ ម្ចាស់​ទីតាំង នឹង​មិន​ទទួលខុសត្រូវ​ចំពោះ​ការបាត់បង់​ផលប្រយោជន៍​អាជីវករ​ឡើយ។

មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​ឧកញ៉ា ស៊ី គងទ្រីវ លោក​មេធាវី ខូវ ណារ៉ូ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​សម្រាប់​រឿង​នេះ​បាន​ទេ ដោយសារ​លោក​អះអាង​ថា សេវា​ទូរស័ព្ទ​រអាក់រអួល​ស្ដាប់​មិន​បាន ព្រោះ​លោក​កំពុង​ស្នាក់ នៅ​ខេត្ត​រតនគិរី។

ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ៉ន់ ពៅ ជំរុញ​ឱ្យ​ម្ចាស់​ផ្សារ​ឯកជន​ឃ្លាំង​រំសេវ យល់ព្រម​ទទួលយក​សំណើ​របស់​ក្រុម​អាជីវករ ដោយ​ឱ្យ​អាជីវករ​បន្ត​ការជួល​តូប​បន្ត​ទៀត​។ ឯ​អាជ្ញាធរ​រដ្ឋ ត្រូវ​មាន​កាតព្វកិច្ច​រក​ទីតាំង​ថ្មី​សមរម្យ ឱ្យ​អាជីវករ ប្រសិនបើ​ម្ចាស់​ទីតាំង​ឈប់​បន្ត​ការជួល​តូប​ឱ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល