អាជីវករ​នៅ​ឆ្នេរ​អូរឈើទាល​ស្នើសុំ​កិច្ច​អន្តរាគមន៍​ដើម្បី​អាច​លក់​ដូរ​បន្ត​នៅ​នឹង​កន្លែង

ដោយ ដែន អយុធ្យា
2015-12-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តូប​លក់​ដូរ​ចំនួន ៣២​តូប​របស់​អាជីវករ​ដែល​ត្រូវ​កម្លាំង​កង​រាជ​អាវុធហត្ថ​គំរាម​ឲ្យ​រុះរើ​ទាំង​បង្ខំ និង​មិន​ទាន់​មាន​ដំណោះស្រាយ នៅ​តំបន់​អារីស្តុន​ចាស់ ចុង​ឆ្នេរ​អូរឈើទាល នា​ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៥
តូប​លក់​ដូរ​ចំនួន ៣២​តូប​របស់​អាជីវករ​ដែល​ត្រូវ​កម្លាំង​កង​រាជ​អាវុធហត្ថ​គំរាម​ឲ្យ​រុះរើ​ទាំង​បង្ខំ និង​មិន​ទាន់​មាន​ដំណោះស្រាយ នៅ​តំបន់​អារីស្តុន​ចាស់ ចុង​ឆ្នេរ​អូរឈើទាល នា​ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៥
RFA/Den Ayuthyea

ក្រុម​អាជីវករ​លក់​ដូរ​នៅ​តាម​ឆ្នេរ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​លិខិត​ជូន​ដំណឹង​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដែល​តម្រូវ​ឲ្យ​ក្រុម​អាជីវករ​បញ្ឈប់​ការ​សាងសង់ និង​ការ​លក់​ដូរ​នៅ​លើ​ដី​ចំណី​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ នៅ​ខេត្ត​ព្រះសីហនុ។

មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ ឲ្យ​អភិវឌ្ឍ​ឆ្នេរ​ផ្សេងៗ​ដែល​ឈ្មួញ ឬ​បុគ្គល​មាន​អំណាច​ហ៊ុមព័ទ្ធ​របង​ថ្ម​ទុក​ចោល ឲ្យ​មាន​សោភណភាព​ជា​មុន មុន​នឹង​ផ្អាក​អាជីវករ​មិន​ឲ្យ​លក់​ដូរ និង​អភិវឌ្ឍ​ទីតាំង​លក់​ដូរ។

តំណាង​ក្រុម​អាជីវករ​ជាច្រើន​សហគមន៍​ដែល​មាន​តូប ឬ​ហាង​លក់​ដូរ​នៅ​តាម​ឆ្នេរ​សមុទ្រ​ជិត ៦០​នាក់ នា​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែ​ធ្នូ បាន​ប្រមូល​ផ្តុំ​គ្នា​លើក​បដា​តវ៉ា​ដោយ​មាន​រូបថត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ព្រម​ទាំង​បដា​ផ្សេងៗ​ជាច្រើន​ផ្ទាំង ស្នើ​កិច្ច​អន្តរាគមន៍​ទៅ​លើ​បម្រាម​មិន​ឲ្យ​លក់​ដូរ ឬ​ផ្អាក​សកម្មភាព​អភិវឌ្ឍន៍​ទីកន្លែង​លក់​ដូរ​នៅ​តាម​តំបន់​ឆ្នេរ​នានា ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍។

តំណាង​ក្រុម​អាជីវករ​ទាំង​នោះ បាន​សំណូមពរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​ឲ្យ​ពលរដ្ឋ ឬ​ក្រុម​អាជីវករ បាន​លក់​ដូរ​ដើម្បី​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​ភ្ញៀវ​ទេសចរ​នៅ​នឹង​កន្លែង៖ «ចង់​ឲ្យ​ឆ្នេរ​ស្អាត​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ច្រើន ប៉ុន្តែ​បើ​បាត់បង់​ភ្ញៀវ ពួក​ខ្ញុំ​ជា​អាជីវករ ក៏​បាត់បង់​ចំណូល​បង់​ពន្ធ​ចូល​រដ្ឋ​ដែរ ដោយ​លក់​មិន​ដាច់ និង​មិន​មាន​ភ្ញៀវ​មក​កម្សាន្ត ជាដើម»

បន្ថែម​លើ​នេះ តំណាង​អាជីវករ អ្នកស្រី ភឿក សុខេន បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រមូល​ផ្តុំ​ក្រុម​អាជីវករ​នា​ឆ្នេរ​អូរឈើទាល អតីត​ឆ្នេរ​ក្រុមហ៊ុន​អារីស្តុន ដោយ​សំណូមពរ​ប្រមុខ​ដឹក​នាំ ជួយ​ពិនិត្យ​លើ​លិខិត​ជូន​ដំណឹង​របស់​អាជ្ញាធរ​ខេត្ត ដែល​បញ្ជា​ឲ្យ​ក្រុម​អាជីវករ​លក់​ដូរ​ម្ហូប​អាហារ និង​មិន​កែលំអ​ទីតាំង​លក់​ដូរ​របស់​ខ្លួន​នៅ​តាម​ឆ្នេរ​ផ្សេងៗ៖ «អាជ្ញាធរ​ខេត្ត​ព្រះសីហនុ មិន​ត្រឹម​តែ​មិន​ព្រម​បើក​របង​ហ៊ុមព័ទ្ធ​ដី​តំបន់​ឆ្នេរ​ឲ្យ​ទេសចរ​ចេញ​ចូល​កម្សាន្ត ប៉ុន្តែ​ថែម​ទាំង​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ក្រុម​អាជីវករ បញ្ឈប់​ការ​សាងសង់ និង​មិន​ឲ្យ​លក់​ដូរ​នៅ​លើ​ដី​ចំណី​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ធ្វើ​ឲ្យ​ខ្ញុំ​ជា​អាជីវករ​មាន​ការ​ខក​ចិត្ត និង​សោកស្ដាយ​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដែល​បាន​ដាក់​គំនាប​មក​លើ​ប្រជាពលរដ្ឋ​ប្រកប​របរ​ចិញ្ចឹម​ក្រពះ​បន្តិចបន្តួច»

ចំណែក​តំណាង​សហគមន៍​ស្ពាន​ឆេះ និង​ឆ្នេរ​អូរត្រេះ លោក ឯក វិធាន ក៏​បង្ហាញ​កង្វល់​ជុំវិញ​លិខិត​ជូន​ដំណឹង​មាន​ចុះ​ហត្ថលេខា និង​បោះ​ត្រា​ចុះ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា របស់​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន។ តំណាង​សហគមន៍​រូប​នេះ បាន​សំណូមពរ​ដល់​ប្រមុខ​ដឹក​នាំ ជួយ​អន្តរាគមន៍​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្រុម​អាជីវករ​លក់​ដូរ​នៅ​តាម​តំបន់​ឆ្នេរ អាច​បន្ត​សេវា​លក់​ដូរ​របស់​ខ្លួន​ជូន​ដល់​ភ្ញៀវ​ទេសចរ​ដូច​ដើម​វិញ៖ «យើង​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​បើក​ផ្លូវ​ហ៊ុមព័ទ្ធ​ឆ្នេរ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល ត្រូវ​ធ្វើ​ការ​អភិវឌ្ឍ ធ្វើ​យ៉ាង​ណា​ឲ្យ​រដ្ឋាភិបាល​ក៏​រីក​ចម្រើន ហើយ​ពលរដ្ឋ​ក៏​រីក​ចម្រើន​ដូច​គ្នា។ យើង​នឹង​គាំទ្រ​គោល​នយោបាយ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី បើ​សិន​ជា​ឲ្យ​ក្រុម​អាជីវករ​យើង​ខ្ញុំ​បាន​បន្ត​លក់​ដូរ​នៅ​តាម​ឆ្នេរ​ជា​បន្ត​ទៀត»

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធ ដែល​បាន​ចុះ​អង្កេត​ផ្ទាល់​ដល់​ទីតាំង​ប្រមូល​ផ្តុំ បាន​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត ត្រូវ​អភិវឌ្ឍ ឬ​បើក​ឆ្នេរ​មួយ​ចំនួន​ដែល​ឈ្មួញ និង​បុគ្គល​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​បច្ចុប្បន្ន ហ៊ុមព័ទ្ធ​របង​ថ្ម​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ ឲ្យ​មាន​អនាម័យ និង​មាន​សោភណភាព​ជា​មុន​សិន មុន​នឹង​ដាក់​បម្រាម​ដល់​ពលរដ្ឋ ឬ​ក្រុម​អាជីវករ​កំពុង​លក់​ដូរ ឲ្យ​ផ្អាក​សកម្មភាព​លក់​ដូរ​បម្រើ​សេវា​ទេសចរណ៍​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ៖ «ទេសចរ​គ្រប់ៗ​រូប ពេល​មក​កម្សាន្ត​នៅ​តាម​តំបន់​ឆ្នេរ​ខេត្ត​ព្រះសីហនុ គឺ​មាន​តម្រូវ​ការ​ម្ហូប​អាហារ​ផ្សេងៗ​ដើម្បី​ទទួល​ទាន ប៉ុន្តែ​បើ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ឬ​រដ្ឋាភិបាល​ហាម​មិន​ឲ្យ​ពួក​គាត់​លក់​ដូរ​ចំណី​អាហារ​នៅ​តាម​ឆ្នេរ គឺ​ហាក់​បី​ដូចជា​បិទ​ឆ្នេរ​មិន​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ជាដើម។ យើង​ឃើញ​ថា មាន​ឆ្នេរ​ជាច្រើន​នៅ​ខេត្ត​ព្រះសីហនុ បាន​បន្ត​បិទ​របង​ថ្ម​ហ៊ុមព័ទ្ធ​ទុក​ចោល ដោយ​គ្មាន​ការ​អភិវឌ្ឍ​ដដែល ហើយ​បើ​សិន​ជា​រដ្ឋាភិបាល​មាន​បំណង​រៀបចំ​សោភណភាព​សួនច្បារ ឬ​រៀបចំ​អភិវឌ្ឍ គួរ​តែ​រៀបចំ​ឆ្នេរ​នានា​ដែល​ហ៊ុម​របង​ទុក​ចោល​ជា​មុន​សិន។ ចំណែក​ប្រជាពលរដ្ឋ​ដែល​ជា​អាជីវករ​លក់​ដូរ​ជា​ធម្មតា ហើយ​រៀបចំ​អភិវឌ្ឍ​តាម​ក្រោយ»

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ទេ​ជុំវិញ​កង្វល់​របស់​ក្រុម​អាជីវករ ដោយ​លោក​បញ្ជាក់​ថា ជាប់​រវល់​ប្រជុំ។ ទោះ​យ៉ាង​ណា កន្លង​មក​នេះ លោក​បាន​ឲ្យ​ដឹង​ថា នឹង​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​ឆ្នេរ​នានា​នៅ​ខេត្ត​ព្រះសីហនុ ឲ្យ​មាន​អនាម័យ ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍។

ទន្ទឹម​គ្នា​នេះ អ្នកស្រី ភឿក សុខេន តំណាង​ក្រុម​អាជីវករ​នៅ​ឆ្នេរ​អូរឈើទាល អតីត​ឆ្នេរ​ទល់​មុខ​ក្រុមហ៊ុន​អារីស្តុន ដែល​នៅ​មិន​ឆ្ងាយ​ពី​វិមាន​លំហែ​កាយ​របស់​ប្រមុខ​ដឹក​នាំ បាន​ស្នើ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​បើក​របង​ថ្ម​ហ៊ុមព័ទ្ធ​ឆ្នេរ និង​ប៉ុស្តិ៍​យាម ដែល​ស្ថាប័ន​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដាក់​ប៉ុស្តិ៍​យាម​ដី​ឲ្យ​ក្រុមហ៊ុន​សុខា បាំង​ផ្លូវ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ ដើម្បី​ឲ្យ​អ្នក​ទេសចរ​អាច​ចេញ​ចូល​តាម​ឆ្នេរ​នេះ​ដូច​ដើម​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល