កសិករ​និង​អាជីវករ​ខេត្ត​ស្ទឹងត្រែង​ព្រួយ​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល

ដោយ ម៉ែន សុធីរ
2015-10-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផ្សារ​ថ្មី​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៥
ផ្សារ​ថ្មី​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៥
RFA/Men Sothyr

អាជីវករ កសិករ និង​សហគ្រិន​មួយ​ចំនួន​ក្នុង​ខេត្ត​ស្ទឹងត្រែង ព្រួយ​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល បន្ទាប់​ពី​អាជ្ញាធរ​បាន​ប្ដូរ​ទីតាំង​លក់​ដូរ​ថ្មី។ ស្រប​គ្នា​នេះ បញ្ហា​សង្វាក់​ផលិតកម្ម និង​ការ​ធ្វើ​ពាណិជ្ជកម្ម បង្ហាញ​សញ្ញា​អវិជ្ជមាន​នៅ​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ នេះ។ ក្រុម​អាជីវករ​ចាត់​ទុក​បញ្ហា​ទាំង​នេះ ថា​កាត់​ផ្តាច់​ដង្ហើម​ប្រាក់​ចំណូល​សេដ្ឋកិច្ច​គ្រួសារ ដែល​នឹង​ជំរុញ​ឲ្យ​ពួក​គេ​ក្លាយ​ទៅ​ជា​កូន​បំណុល​របស់​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា។ លើស​ពី​នេះ ក៏​ត្រូវ​ប្រឈម​ខ្វះ​ប្រាក់​បង្វិល​សង​ម្ចាស់​បំណុល ឬ​អាច​ត្រូវ​ធនាគារ​រឹប​អូស​ទ្រព្យ​សម្បត្តិ។

ក្រុម​អាជីវករ សិប្បករ ពាណិជ្ជករ និង​សហគ្រិន ព្រម​ទាំង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង នៅ​រយៈពេល​ជិត ២​ឆ្នាំ​កន្លង​មក គឺ​ក្នុង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ ថា​ជា​ឆ្នាំ​បរាជ័យ​សម្រាប់​ការ​ស្វែងរក​ប្រាក់​ចំណូល​បង្កើន​សេដ្ឋកិច្ច​គ្រួសារ បើ​ប្រៀបធៀប​នឹង​បណ្ដា​ឆ្នាំ​កន្លង​ទៅ។ ក្រុម​អាជីវករ​ទាំង​នោះ ចាត់​ទុក​ការ​អភិវឌ្ឍ​ក្រុង​ទាក់ទិន​ការ​ផ្លាស់ប្ដូរ​ផ្សារ​ត្រី សាច់ បន្លែ ទៅ​លក់​នៅ​ទីតាំង​ថ្មី​ថា​ជា​កត្តា​រួម​ផ្សំ​មួយ បង្ក​ឲ្យ​ពួក​គេ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​សេដ្ឋកិច្ច​គ្រួសារ​យ៉ាង​គំហុក ដោយសារ​តែ​ទីតាំង​លក់​ដូរ​ថ្មី​នោះ ពុំ​សូវ​មាន​អតិថិជន​ទៅ​ទិញ និង​ឆ្ងាយ​ពី​ទី​ប្រជុំជន។

ម្ចាស់​សហគ្រិន​អាហារដ្ឋាន​កូរេបី អ្នកស្រី វី ដានី ហៅ នីស្សា មើល​ឃើញ​ថា ក្រុម​អាជីវករ កសិករ សហគ្រិន និង​ពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង បើ​មើល​ពី​ខាង​ក្រៅ​ហាក់​មាន​សភាព​ធម្មតា ក៏ប៉ុន្តែ​ធាតុ​ពិត​នៅ​ក្នុង​អារម្មណ៍​របស់​ពួក​គេ បង្កប់​ខ្លឹមសារ​ក្តី​ព្រួយ​បារម្ភ ដោយសារ​តែ​ការ​ស្វែងរក​ប្រាក់​ចំណូល​កាន់​តែ​ធ្លាក់​ចុះ។ អ្នកស្រី​ជឿជាក់​ថា ប្រសិន​បើ​អាជ្ញាធរ​ខេត្ត​មិន​មាន​វិធានការ​ស្វែងរក​ទីតាំង​លក់​ដូរ​ថ្មី ដើម្បី​ធានា​និរន្តរភាព​តម្រូវ​ការ​អតិថិជន អាជីវករ កសិករ និង​សហគ្រិន​មួយ​ចំនួន នឹង​ប្រឈម​ការ​បាត់បង់​ដីធ្លី​ផ្ទះ​សម្បែង ដោយសារ​ត្រូវ​បង្ខំ​ចិត្ត​លក់​ទ្រព្យ​សម្បត្តិ​ទាំង​នោះ ដើម្បី​បង្វិល​សង​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ៖ «ចាប់​ផ្ដើម​អេ​លក់​មិន​ដាច់ ហើយ​យើង​ត្រូវ​ការ​ប្រើ​កម្មករ​ឈ្នួល​ទៅ​រក​លុយ​ណា​ឲ្យ​គេ។ មិត្តភ័ក្ដិ​ខ្ញុំ​បើក​ហាង​ប៉ុន្មាន​នាក់​ដែរ ពី​ភ្នំពេញ​ធ្វើ​គ្រឿង​ស៊ី​ផឹក​មួយ​រយៈ​ហ្នឹង បើក​បាន​ប៉ុន្មាន​ខែ​ចំ​ពេល​គេ​បិទ​ឈើ គេ​បះ​ជើង»

ក្រុម​អាជីវករ​ដែល​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ សម្ដែង​ក្តី​ព្រួយ​បារម្ភ​ដូចៗ​គ្នា​ថា ការ​ផ្លាស់ប្ដូរ​ទីតាំង​លក់​ដូរ​ថ្មី​ទៅ​ជាយក្រុង ដែល​ស្ទើរ​តែ​ពុំ​មាន​អ្នក​ទិញ បង្ក​ជា​គុណ​វិបត្តិ​យ៉ាង​ខ្លាំង​ដល់​ក្រុម​អាជីវករ​លក់​ត្រី សាច់ បន្លែ ប្រមាណ​ជិត ១​ពាន់​នាក់ ហើយ​ត្រូវ​ប្រឈម​ការ​ចង​ការប្រាក់​ឯកជន ធនាគារ និង​មីក្រូហិរញ្ញវត្ថុ។ បញ្ហា​ទាំង​នេះ បណ្ដាល​ឲ្យ​ក្រុម​អាជីវករ​មួយ​ចំនួន បង្ខំ​ចិត្ត​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ ដែល​ប្រឈម​ការ​បណ្ដេញ​ចេញ​ដោយ​សមត្ថកិច្ច៖ «ក្រុង-ខេត្ត​ហ្នឹង ដេញ​ទៅ​រប៉ាត់រប៉ាយ ខ្លះ​ទៅ​ខ្ចី​លុយ​ធនាគារ ស្រាប់​តែ​ដេញ​ទៅ​គាត់​ត្រូវ​ជំពាក់​ធនាគារ អត់​មាន​អី​សង​ធនាគារ។ រាល់​ថ្ងៃ​មិន​មែន​ជា​រឿង​ធម្មតា​ទេ។ សូម​ឲ្យ​សាលា​ក្រុង​គាត់​ពិចារណា ឲ្យ​មាន​សោភ័ណភាព​ក្រុង គាត់​ត្រូវ​គិត​ពី​ក្រពះ​ប្រជាជន​ជា​មុន​សិន។ ដល់​យើង​អត់​ហើយ​អាល័យ​ខ្ចី​ពី​ជើង​ពី​ត្បូង រឹត​តែ​វ័ណ្ឌ​ក​ទៀត​រាល់​ថ្ងៃ​ហ្នឹង អត់​មាន​អី​ទេ តែ​បើ​គេ​ដេញ​ក៏​រត់​ទៅ បើ​គេ​មិន​ដេញ​ក៏​លក់​តាម​ហ្នឹង​ទៅ។ ដល់​ខែ​ប៉ះ​យើង​លក់​អត់​ដាច់​ចឹង​ទៅ យើង​មាន​លុយ​ណា​បង់​ឲ្យ​គេ បើ​ដេញ​រប៉ាត់រប៉ាយ រាល់​ដង​បើ​លក់​បន្ធូរបន្ថយ យើង​លក់​បាន យើង​មាន​លុយ​បង់​ឲ្យ​គេ ហើយ​ណា​មួយ យើង​ត្រូវ​ជីវភាព​គ្រួសារ​ផង គេ​ថ្នាក់​លើ​គេ​អត់​ដឹង​ទេ»

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​លើក​ឡើង​ថា ការ​រីក​ចម្រើន​នៃ​ចរន្ត​សេដ្ឋកិច្ច​ក្នុង​ខេត្ត​នេះ គឺ​បាន​មក​ពី​សង្វាក់​ផលិតកម្ម​ឈើ​ប្រណិត និង​គ្រឿង​សង្ហារិម ធនធាន​ជលផល វិស័យ​កសិកម្ម​ឧស្សាហកម្ម រួម​មាន ផល​ដំឡូងមី គ្រាប់​ស្វាយចន្ទី កៅស៊ូ និង​សណ្ដែក​សៀង ជាដើម ក៏ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចរន្ត​សេដ្ឋកិច្ច​ឈើ​ប្រណិត ឬ​គ្រឿង​សង្ហារិម​ហាក់​ដូចជា​មាន​សភាព​កាន់​តែ​ខ្សត់​បន្តិច​ម្តងៗ ខណៈ​ដែល​ក្រុមហ៊ុន​វិនិយោគ​ធំៗ បាន​បោះ​ទុន​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច និង​មាន​ថៅកែ​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន បាន​វិនិយោគ​ឈើ​ប្រណិត​កាន់​តែ​កើន​ឡើង បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ហាក់​ពុំ​សូវ​រក​ប្រាក់​ចំណូល​បាន​ពី​វិស័យ​នេះ​ជា​ដុំ​កំភួន​ឡើយ ពោល​គឺ​អាច​រក​បាន​តែ​មួយ​ក្រពះ។

នៅ​ខេត្ត​ស្ទឹងត្រែង មាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ឬ​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​ដល់​ប្រជាពលរដ្ឋ ជាង ១០​ស្ថាប័ន មិន​រាប់​បញ្ចូល​កន្លែង​ផ្តល់​ប្រាក់​កម្ចី​ជា​លក្ខណៈ​គ្រួសារ​នោះ​ទេ ដែល​មាន​លទ្ធភាព​ផ្តល់​ប្រាក់​កម្ចី​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​នេះ​រាប់​ម៉ឺន​នាក់។

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ (AMK) សាខា​ខេត្ត​ស្ទឹងត្រែង មាន​អតិថិជន​ជិត ៣​ពាន់​នាក់ បាន​ផ្តល់​ប្រាក់​កម្ចី​សម្រាប់​ពលរដ្ឋ​ក្នុង​ខេត្ត​ភាគ​ឦសាន​មួយ​នេះ ក៏​បារម្ភ​ពី​វិបត្តិ​សេដ្ឋកិច្ច​កើត​មាន​ចំពោះ​អតិថិជន​របស់​ខ្លួន​ដែរ ក៏ប៉ុន្តែ​ពុំ​មាន​បញ្ហា​ចោទ​ធ្ងន់ធ្ងរ​ចំពោះ​ការ​បង្វិល​ប្រាក់​សង​នោះ​ទេ។

ប្រធាន​សាខា អេ.អឹម.ខេ ខេត្ត​ស្ទឹងត្រែង លោក សៀង រ៉ូតា កត់​សម្គាល់​ថា បើ​ទោះ​ជា​វិបត្តិ​សេដ្ឋកិច្ច​ដែល​កើត​មាន​ចំពោះ​អតិថិជន​របស់​ខ្លួន​ក្តី ក៏​ភាព​យឺតយ៉ាវ​នៃ​ការ​បង្វិល​ប្រាក់​សង​ចំពោះ​កូន​បំណុល​នៅ​មាន​តិចតួច​នៅ​ឡើយ៖ «មុន​នឹង​ឲ្យ​កម្ចី​ដល់​គាត់ យើង​វិភាគ​ច្បាស់លាស់​ទៅ​លើ​ប្រាក់​ចំណូល​គាត់។ ដល់​ពេល​បង់​សង អត់​មាន​ប៉ះពាល់​ដល់​លទ្ធភាព​បង់​សង​របស់​គាត់​ទេ»

ខេត្ត​ស្ទឹងត្រែង មាន​ផ្ទៃ​ដី​វិនិយោគ​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៩ ដែល​មាន​ផ្ទៃ​ដី​សរុប​ជាង ៦៤​ម៉ឺន​ហិកតារ (៦៤.៨៦២​ហិកតារ) ធ្វើ​ការ​ដាំ​ដុះ​ដោយ​គិត​ចាប់​ពី​ឆ្នាំ​២០១៥ នេះ លើ​ផ្ទៃ​ដី​ចំនួន​ជាង ១​ម៉ឺន ៧​ពាន់​ហិកតារ (១៧.៥៥១​ហិកតារ)។ ផ្ទៃ​ដី​កសិកម្ម​សរុប​ចំនួន​ជិត ៣​ម៉ឺន​ហិកតារ (២៨.៦៨៩​ហិកតារ)។ ដំណាំ​រួម​ផ្សំ​មាន​ជិត ៥​ពាន់​ហិកតារ (៤.៨៧៥​ហិកតារ)។ ដំណាំ​ឧស្សាហកម្ម ដូចជា ស្វាយចន្ទី និង​សណ្ដែក​សៀង ជាដើម មាន​ជាង ២​ម៉ឺន​ហិកតារ (២១.០១៤​ហិកតារ)។ ដំណាំ​កៅស៊ូ​សរុប​ចំនួន​ជាង ១​ម៉ឺន ៧​ពាន់​ហិកតារ ក្នុង​នោះ​កៅស៊ូ​ជា​លក្ខណៈ​គ្រួសារ​មាន​ចំនួន​ជាង ៤​ពាន់​ហិកតារ (៤.១៨៤​ហិកតារ)។

អាជីវករ​លក់​តាម​ចិញ្ចើម​ថ្នល់​ជុំវិញ​ផ្សារ​ថ្ម ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៥។ RFA/Men Sothyr
អាជីវករ​លក់​តាម​ចិញ្ចើម​ថ្នល់​ជុំវិញ​ផ្សារ​ថ្ម ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៥។ RFA/Men Sothyr

ទទួល​ស្គាល់​ពី​ការ​ធ្លាក់​ចុះ​តម្លៃ​ទីផ្សារ​នៃ​ផលិតផល​កសិកម្ម​នេះ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ស្ទឹងត្រែង ដែល​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ពុយ ចាន់ថាឡា កត់​សម្គាល់​ថា ការ​អភិវឌ្ឍ​ក្រុង ដូចជា​ការ​ផ្លាស់ប្ដូរ​ទីតាំង​លក់​ដូរ​ថ្មី គឺ​មិន​ស្រប​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ហើយ​ក៏​មិន​បាន​ឆ្លង​យោបល់​ពី​ក្រុម​ប្រឹក្សា​ខេត្ត​ដែរ។ លោក​មើល​ឃើញ​ថា ការ​អភិវឌ្ឍ​របស់​អាជ្ញាធរ​ខេត្ត-ក្រុង មិន​មាន​ប្រសិទ្ធភាព ត្បិត​មិន​សិក្សា​ពី​តម្រូវ​ការ​អាជីវករ និង​គ្រប់​ភាគី​ពាក់ព័ន្ធ បង្ក​ឲ្យ​ក្រុម​អាជីវករ​មួយ​ចំនួន បង្ខំ​ចិត្ត​លក់​តាម​ចិញ្ចើម​ថ្នល់ ជុំវិញ​ផ្សារ​ថ្មី​ខេត្ត ដោយសារ​ពួក​គេ​ពុំ​មាន​ជម្រើស។ លោក​យល់​ថា ប្រសិន​បើ​អាជ្ញាធរ​ខេត្ត​នៅ​តែ​មានៈ ព្រងើយ​កន្តើយ​មិន​ស្វែងរក​ទីកន្លែង​លក់​ដូរ​ណា​ដែល​ធានា​ពី​កំណើន​នៃ​ប្រាក់​ចំណូល​ដល់​ក្រុម​អាជីវករ​នោះ​ទេ វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​នឹង​ចាក់​ឫស​កាន់​តែ​ជ្រៅ ហើយ​យុទ្ធសាស្ត្រ​កាន់​បន្ថយ​ភាព​ក្រីក្រ​របស់​រដ្ឋាភិបាល នឹង​កាន់​តែ​ទន់​ខ្សោយ៖ «ការ​អភិវឌ្ឍ​របស់​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង ដូចជា​អភិវឌ្ឍ​អត់​ស្រប​តាម​ឆន្ទៈ​ប្រជាពលរដ្ឋ​នោះ​ទេ។ ឧទាហរណ៍​ថា ផ្សារ​ដឹង​តែ​ចង្អៀត តែ​គេ​ចង់​ទៅ​លក់​នៅ​ដី​ព្រះរាជ​ដំណាក់​ស្ដេច ដែល​ដី​ទំនេរ ដែល​ឯកឧត្តម ឡូយ សុផាត ចាក់​ដី​យក​នោះ​ណា។ អភិបាល​គាត់​អត់​បាន​ធ្វើ​ហ្នឹង​ទេ បែរ​ជា​ទៅ​ដាក់​នៅ​ដី​របស់​លោក​ឧកញ៉ា សា លាង នោះ ហើយ​អនុម័ត​ក៏​មិន​ឆ្លង​យោបល់​ក្រុម​ប្រឹក្សា​ខេត្ត​ទៀត»

ទោះ​យ៉ាង​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ស្ទឹងត្រែង លោក ទូច ធា ទទួល​ស្គាល់​ថា បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ និង​គ្រោះ​ធម្មជាតិ កំពុង​បង្ក​វិបត្តិ​យ៉ាង​ធំ​ដល់​ការ​បង្កបង្កើនផល​ដល់​កសិករ​មួយ​ចំនួន​ធំ​ក្នុង​ខេត្ត​នេះ។ លោក​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ មន្ទីរ​កសិកម្ម​បាន​ណែនាំ​ឲ្យ​កសិករ​ស្វែងរក​ពូជ​ស្រូវ​ចំនួន ១០​ប្រភេទ ដែល​ធានា​ការ​ប្រែប្រួល​អាកាសធាតុ និង​ធ្វើ​កសិកម្ម​ផ្អែក​លើ​បញ្ហា​បច្ចេកទេស ដើម្បី​ទទួល​ទិន្នផល​ស្រូវ​ខ្ពស់ ក៏ប៉ុន្តែ​កសិករ​មួយ​ចំនួន​ធំ ហាក់​ព្រងើយ​កន្តើយ​មិន​យក​ចិត្ត​ទុក​ដាក់​ធ្វើ​កសិកម្ម ពោល​គឺ​ពួក​គេ​ធ្វើ​កសិកម្ម​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​មេឃ ឬ​ធនធាន​ធម្មជាតិ បញ្ហា​នេះ​ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​កសិករ​ជាច្រើន បាត់បង់​ប្រាក់​ចំណូល​សេដ្ឋកិច្ច​គ្រួសារ៖ «ផលិតផល​កសិកម្ម បើ​យើង​ធ្វើ​ឯកោ​តែ​ឯង មិន​ងាក​រក​បច្ចេកទេស​ជួយ​ទេ យើង​មិន​បាន​ផល​ទេ។ ទៅ​កាប់​ឈើ​ដាក់​គុក​នៅ​តែ​កាប់​អ៊ីចឹង ព្រោះ​អត់​អី​ស៊ី បើ​យើង​ជួយ​ជំរុញ​ឲ្យ​គាត់​បង្កើន​កសិផល​ដំណាំ គាត់​បាន​ស្រូវ​ច្រើន គាត់​អត់​សូវ​ប្រព្រឹត្ត​ទេ​បទល្មើស»

ករណី​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យ​ភាព​សង្គម​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​កម្ពុជា លោក សន ជ័យ យល់​ឃើញ​ថា រដ្ឋាភិបាល ឬ​អាជ្ញាធរ​ខេត្ត គួរ​តែ​សើរើ​ឡើង​វិញ ដើម្បី​ស្វែងរក​លទ្ធភាព​ផ្តល់​ប្រយោជន៍​ដល់​ក្រុម​អាជីវករ និង​កសិករ​ដែល​កំពុង​មាន​វិបត្តិ​នោះ ដើម្បី​ស្រប​តាម​គោលការណ៍​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រដ្ឋាភិបាល។ លោក​បារម្ភ​ថា ប្រសិន​បើ​បណ្តោយ​ឲ្យ​ស្ថានភាព​នេះ​នៅ​តែ​កើត​ឡើង​ដដែល ផល​ប៉ះពាល់​នឹង​កាន់​តែ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ។ លោក​ថា រាជ​រដ្ឋាភិបាល​ត្រូវ​ជំរុញ​ការ​អភិវឌ្ឍ​ពិត​ប្រាកដ ដើម្បី​ធានា​និរន្តរភាព​កំណើន​សេដ្ឋកិច្ច​សម្រាប់​ប្រជាពលរដ្ឋ​នៅ​គ្រប់​មជ្ឈដ្ឋាន ដោយ​ផ្ដោត​លើ​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ភាព​ក្រីក្រ៖ «ការ​អភិវឌ្ឍ​នានា​ត្រូវ​ធានា​ឲ្យ​បាន​នូវ​កំណើន​សេដ្ឋកិច្ច សម្រាប់​ប្រជាពលរដ្ឋ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ ប៉ុន្តែ​បើ​ការ​អភិវឌ្ឍ​មួយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ឈឺ​ចាប់ ផ្លាស់​ទី​ពី​កន្លែង​សម្បូរ​ធនធាន ពី​កន្លែង​ដែល​ការ​រក​ចំណូល​ល្អ​ទៅ​ជា​កន្លែង​ខ្វះខាត។ ខ្ញុំ​គិត​ថា នេះ​ជា​ការ​អភិវឌ្ឍ​មួយ​កំពុង​តែ​ដើរ​បញ្ច្រាស​ទៅ​នឹង​គោល​នយោបាយ​ថ្នាក់​ជាតិ​ហើយ។ បន្ទុក​នៃ​ភាព​ក្រីក្រ​សម្រាប់​អ្នក​ក្រ​កើន​ឡើង ហើយ​វា​មាន​ផល​ប្រយោជន៍​សម្រាប់​អ្នក​មាន​មួយ​ក្តាប់​តូច​តែ​ប៉ុណ្ណោះ»

យ៉ាង​នេះ​ក្តី ប្រជាពលរដ្ឋ​ទាំង​អាជីវករ កសិករ និង​សហគ្រិន ផ្តល់​ទស្សនៈ​ផ្ញើ​ជូន​រដ្ឋាភិបាល ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចុះ​មូលដ្ឋាន សិក្សា​ធ្វើ​យ៉ាង​ណា​ដើម្បី​ជំរុញ​អាជ្ញាធរ​ខេត្ត​ផ្តល់​លទ្ធភាព​ស្វែងរក​ទីតាំង​លក់​ដូរ​ថ្មី ដែល​ធានា​ពី​ការ​បង្កើន​ប្រាក់​ចំណូល និង​បំពេញ​សេចក្តី​ត្រូវ​ការ​ដល់​ពួក​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល