ក្រុម​អាជីវករ​លក់​ដូរ​ត្រី​បន្លែ​ក្រុង​ស្ទឹងត្រែង​ត្អូញត្អែរ​ថា​ខ្វះ​កន្លែង​លក់​ដូរ

ដោយ ម៉ែន សុធីរ
2015-10-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អាជីវករ​លក់​តាម​ចិញ្ចើម​ថ្នល់​ជុំវិញ​ផ្សារ​ថ្ម ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៥។
អាជីវករ​លក់​តាម​ចិញ្ចើម​ថ្នល់​ជុំវិញ​ផ្សារ​ថ្ម ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៥។
RFA/Men Sothyr

ក្រុម​អាជីវករ​ផ្សារ​ត្រី​បន្លែ ក្រុង​ស្ទឹងត្រែង អះអាង​ថា ពួក​គេ​ត្រូវ​បង្ខំ​ចិត្ត​លក់​ដូរ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ជុំវិញ​ផ្សារ​ថ្ម​ខេត្ត ទោះ​រង​ការ​បណ្ដេញ​ចេញ​ដោយ​អាជ្ញាធរ ដោយសារ​តែ​ខ្វះ​កន្លែង​លក់​ដូរ។ ចំណែក​ទីតាំង​លក់​ដូរ​ថ្មី​នៅ​ឆ្ងាយ​ពី​ទី​ប្រជុំជន ស្ទើរ​ពុំ​មាន​អតិថិជន​ទៅ​ទិញ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​អាជ្ញាធរ យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​នេះ និង​ពិចារណា​រក​ទីតាំង​លក់​ដូរ​ដែល​ស្រប​តាម​ឆន្ទៈ​អាជីវករ។

អាជីវករ​ជាង ១០០​នាក់​ក្នុង​ចំណោម​អាជីវករ​ជិត ១​ពាន់​នាក់ លក់​ត្រី​សាច់​បន្លែ សម្លៀកបំពាក់​តាម​រទេះ​ចល័ត ខ្លះ​ជួល​សំយាប​ផ្ទះ​ដើម្បី​លក់​ជុំវិញ​ផ្សារ ខ្លះ​ទៀត​លក់​តាម​ចិញ្ចើម​ថ្នល់ ជំនួស​ឲ្យ​ការ​ទៅ​លក់​ដូរ​នៅ​កន្លែង​ថ្មី ទោះ​បី​ត្រូវ​ប្រឈម​សមត្ថកិច្ច​បណ្ដេញ។

តំណាង​អាជីវករ​ផ្សារ​ត្រី​សាច់​បន្លែ លោក ព្រំ សំអឿន អះអាង​ថា ការ​សម្រេច​ចិត្ត​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ​បែប​នេះ ព្រោះ​ខ្វះ​កន្លែង​លក់​ដូរ ហើយ​ទីកន្លែង​លក់​ដូរ​ថ្មី​ពុំ​មាន​អតិថិជន​ទៅ​ទិញ និង​ឆ្ងាយ​ពី​ទី​ប្រជុំជន​ប្រហែល ៣​គីឡូម៉ែត្រ។ ចំណែក​ការ​លក់​ដូរ​នៅ​ទីតាំង​ថ្មី​នោះ ក្នុង​មួយ​ថ្ងៃ​ពុំ​អាច​រក​ប្រាក់​បាន​សូម្បី​តែ​ប្រាក់ ១​ម៉ឺន​រៀល។ ដូច្នេះ គម្លាត​នៃ​ការ​លក់​នៅ​ទីតាំង​ចាស់ និង​ទីតាំង​ថ្មី​មាន​លក្ខណៈ​ឆ្ងាយ​ដាច់​ស្រឡះ។ លោក​ជឿជាក់​ថា បើ​អាជ្ញាធរ​ខេត្ត​នៅ​តែ​មានៈ ព្រងើយ​កន្តើយ​មិន​ស្វែងរក​ដំណោះស្រាយ​ទេ​នោះ ចំនួន​នៃ​អ្នក​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ​កាន់​តែ​កើន បណ្ដាល​ឲ្យ​ប៉ះពាល់​សោភ័ណភាព​ក្រុង និង​បរិស្ថាន​ជាដើម៖ «គាត់​រំពឹង​ថា ផ្សារ​ហ្នឹង​គាត់​លក់​បាន។ គាត់​ខ្ចី​លុយ​ធនាគារ​ដាក់​លក់​ហើយ។ គេ​រើ​ទៅ​ក្រៅ​ក្រុង​ទៅ​គាត់​ជំពាក់​លុយ​គេ វា​ជះ​ឥទ្ធិពល​ខ្លាំង។ រក​ផ្សារ​លក់​មិន​បាន ត្រូវ​ដេញ​ទៅ​ជាយ​ក្រុង ខ្លះ​ទៅ​គាត់​ជំពាក់​លុយ​គេ វា​ជះ​ឥទ្ធិពល​ខ្លាំង»

ទាក់ទង​ករណី​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ដួង ពៅ ដើម្បី​សុំ​ការ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ តុលា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ពុំ​មាន​អ្នក​ទទួល។ ប៉ុន្តែ​លោក​ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា គោលការណ៍​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត ឲ្យ​អាជ្ញាធរ​ក្រុង​រៀបចំ​បញ្ហា​នេះ​ជាមួយ​ម្ចាស់​ភាស៊ី​ផ្សារ​ស្ទឹងត្រែង លោក​ឧកញ៉ា សា លាង ធ្វើ​យ៉ាង​ណា​រក្សា​សណ្ដាប់ធ្នាប់​ក្រុង ដោយ​អញ្ជើញ​អាជីវករ​ផ្សារ​ត្រី​សាច់​បន្លែ​ទាំងអស់ ដែល​លក់​ដូរ​លើ​ផ្លូវ និង​សួនច្បារ ទៅ​លក់​នៅ​ទីតាំង​ថ្មី​ដែល​ក្រុមហ៊ុន​បាន​រៀបចំ​កន្លែង​លក់​ដូរ​សមរម្យ៖ «យើង​អញ្ជើញ​ទៅ​លក់​ផ្សារ​ឧកញ៉ា សា លាង ទៅ ព្រោះ​ថា​នៅ​កន្លែង​នោះ​វា​មិន​មែន​ឆ្ងាយ​ពី​ប្រជាពលរដ្ឋ​មក​ពី​យើង​លក់​តិច យើង​អត់​នាំ​គ្នា​ទៅ​លក់​អា​អ្នក​ទិញ​ក៏​វា​អត់​មាន​គ្រប់»

ដូច​គ្នា​នេះ​ដែរ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ស្ទឹងត្រែង មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ពុយ ចាន់ថាឡា រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​អភិវឌ្ឍ​របស់​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង ដែល​មិន​បាន​ឆ្លង​យោបល់​ពី​ក្រុម​ប្រឹក្សា​ខេត្ត ផ្ទុយ​ពី​គោលការណ៍​ណែនាំ​របស់​រដ្ឋាភិបាល។ លោក​មើល​ឃើញ​ថា គម្រោង​អភិវឌ្ឍន៍​ផ្សារ​នេះ ហាក់​ដូចជា​កាត់​ផ្តាច់​ដង្ហើម​នៃ​ការ​ស្វែងរក​ប្រាក់​ចំណូល​របស់​អាជីវករ​ជា​ប្រព័ន្ធ និង​ហាក់​ដើរ​បញ្ច្រាស​ពី​គោល​នយោបាយ​ក្រសួង​មហាផ្ទៃ៖ «គាត់​ចង់​លក់​នៅ​ដី​ព្រះរាជ​ដំណាក់​ស្ដេច ដែល​ដី​ទំនេរ​ដែល​ឯកឧត្តម ឡូយ សុផាត ចាក់​ដី​យក​នោះ​ណា។ អភិបាល​គាត់​អត់​បាន​ធ្វើ​ហ្នឹង​ទេ បែរ​ជា​ទៅ​ដាក់​នៅ​ដី​របស់​លោក​ឧកញ៉ា សា លាង នោះ។ ហើយ​អនុម័ត​ក៏​មិន​ឆ្លង​យោបល់​ក្រុម​ប្រឹក្សា​ខេត្ត​ទៀត»

កាល​ពី​ឆ្នាំ​២០១៤ ក្រុម​អាជីវករ​មួយ​ចំនួន​ធំ បាន​ចាប់​ទីតាំង​លក់​ដូរ​ថ្មី​នៅ​បរិវេណ​ដី​ព្រះរាជ​ដំណាក់​ស្ដេច ឋិត​នៅ​ភូមិ​ព្រែក ស្រប​ពេល​ដី​នោះ​ជាប់​ពាក់ព័ន្ធ​អតីត​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ឡូយ សុផាត។ តែ​ភ្លាម​នោះ អាជីវករ​អះអាង​ថា ជំនួយ​ការ លោក ឡូយ សុផាត បាន​ដើរ​ដក​តម្រុយ​បង្គោល និង​មិន​អនុញ្ញាត​ឲ្យ​អាជីវករ​ណា​ចាប់​ទីតាំង​នេះ​ជា​កន្លែង​លក់​ដូរ​ឡើយ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល រក​ឃើញ​ថា ខេត្ត​ស្ទឹងត្រែង សម្បូរ​ដោយ​កោះ ហើយ​កសិករ​មួយ​ចំនួន​ធំ តែង​យក​បន្លែ​ត្រី​សាច់​ជា​លក្ខណៈ​គ្រួសារ ធ្វើ​ដំណើរ​តាម​ទូក​ដ​លក់​នៅ​ផ្សារ​ខេត្ត​ស្ទឹងត្រែង ក៏ប៉ុន្តែ​ពុំ​មាន​កន្លែង​លក់​ដូច​មុន​ឡើយ ព្រោះ​កន្លែង​លក់​ដូរ​បច្ចុប្បន្ន ឆ្ងាយ​ពី​ច្រាំង​ទន្លេ​ប្រហែល ៣​គីឡូម៉ែត្រ។ បញ្ហា​នេះ ក៏​បង្ក​ឲ្យ​កសិករ​មួយ​ចំនួន បង្ខំ​ចិត្ត​បោះ​បង់​មុខ​របរ​កសិកម្ម៖ «អាជ្ញាធរ​ក្រុង​ក៏ដោយ ខេត្ត​ក៏ដោយ យើង​គួរ​ពិចារណា​ទៅ​លើ​គុណ​វិបត្តិ និង​គុណ​សម្បត្តិ​របស់​អាជីវករ​ហ្នឹង​ដែរ តើ​អាជីវករ​ហ្នឹង​គាត់​លក់​ដូរ​នៅ​ហ្នឹង​វា​យ៉ាង​ម៉េច?»

កាល​ពី​ចុង​ឆ្នាំ​២០១៤ អាជីវករ​លក់​ត្រី​បន្លែ​ជាង ៦០០​នាក់ ធ្វើ​បាតុកម្ម​នៅ​មុខ​សាលា​ខេត្ត ទាក់ទិន​អាជ្ញាធរ​ក្រុង​រុះរើ​កន្លែង​លក់​ដូរ​របស់​ពួក​គាត់​នៅ​លើ​សួនច្បារ ឬ​ហៅ​ថា ផ្សារ​ក្រមួន ខាង​លិច​ផ្សារ​ថ្ម ខេត្ត​ស្ទឹងត្រែង។ បន្ទាប់​ពី​ការ​រុះរើ អាជ្ញាធរ​បាន​វិនិយោគ​ផ្សារ​ទៅ​ឲ្យ​ក្រុមហ៊ុន ហេង តារ៉ា គ្រប់គ្រង​ដោយ​ឧកញ៉ា សា លាង។ ចំណែក​សួនច្បារ​ដែល​ពលរដ្ឋ​ធ្លាប់​លក់​ដូរ អាជ្ញាធរ​អភិវឌ្ឍ​ធ្វើ​ជា​សួនច្បារ​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល