អាជីវករ​ខេត្ត​រតនគិរី​ត្អូញត្អែរ​ពិបាក​រក​ចំណូល​ដោយសារ​ពិព័រណ៍​ទំនិញ​បរទេស​ញឹកញាប់

ដោយ រដ្ឋា វិសាល
2015-10-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ-ខ្មែរ នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៥។
ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ-ខ្មែរ នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៥។
Photo: RFA

ក្រុម​អាជីវករ​ប្រកប​របរ​លក់​ដូរ​នំ​ចំណី គ្រឿង​សម្ភារៈ​ប្រើប្រាស់​នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី សម្ដែង​ទុទ្ទិដ្ឋិនិយម​ទាក់ទិន​ទៅ​នឹង​ការ​អនុញ្ញាត​ឲ្យ​ដាក់​តាំង​លក់​នំ​ចំណី គ្រឿង​សម្ភារៈ​ប្រើប្រាស់ ដែល​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​ជា​ញឹកញាប់ ក្រោម​រូបភាព​ពិព័រណ៍​ពាណិជ្ជកម្ម។

ក្រុម​អាជីវករ​ដដែល​អះអាង​ថា ករណី​នេះ ជា​ហេតុ​នាំ​ឲ្យ​អាជីវករ​ក្នុង​ស្រុក​រក​ប្រាក់​ចំណូល​កាន់​តែ​ថយ​ចុះ។

យ៉ាង​ហោច​ណាស់​មាន​ការ​ដាក់​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ-ខ្មែរ មាន​លក់​នំ​ចំណី គ្រឿង​សម្ភារៈ​ប្រើប្រាស់​សព្វ​មុខ​របស់​អាជីវករ​ថៃ-ខ្មែរ ចំនួន​ពីរ​លើក ត្រូវ​បាន​គេ​រៀបចំ​ឡើង​នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី នៅ​ចន្លោះ​ខែ​កញ្ញា និង​ខែ​តុលា ដើម្បី​បង្កើត​ទីផ្សារ​ថ្មី​មួយ​នៅ​តំបន់​ជនបទ​ភាគ​ឦសាន​មួយ​នេះ។

ជា​រៀង​រាល់​ថ្ងៃ ចាប់​តាំង​ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ១១​យប់ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់ នាំ​គ្នា​ទៅ​ទស្សនា និង​ទិញ​នំ​ចំណី​មាន​អាហារ​ច្រើន​មុខ រួម​មាន គុយទាវ ប្រហិត​ចៀន បាយ​សម្ល ភេសជ្ជៈ​ច្រើន​ប្រភេទ និង​គ្រឿង​ប្រើប្រាស់ មាន​សម្លៀកបំពាក់ ស្បែក​ជើង គ្រឿង​អេឡិចត្រូនិក ឧបករណ៍​អគ្គិសនី និង​ចាន​ឆ្នាំង ជាដើម។

អាជីវករ​ហាង​លក់​សម្លៀកបំពាក់ និង​ស្បែក​ជើង​នៅ​សង្កាត់​ឡាបានសៀក អ្នកស្រី សួន សោភា ហៅ​ការ​នាំ​ចូល​ពិព័រណ៍​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​តាម​រូបភាព​បែប​នេះ​កាន់​តែ​ញឹកញាប់ ចូល​មក​កាន់​តំបន់​ជនបទ​នេះ ថា​ជា​ការ​ផ្តាច់​ចរន្ត​សេដ្ឋកិច្ច និង​ផ្ដាច់​ការ​ស្វែងរក​ប្រាក់​ចំណូល​របស់​អាជីវករ​ក្នុង​ស្រុក ដោយសារ​តែ​ទំនិញ ឬ​ផលិតផល​បរទេស​មាន​ឥទ្ធិពល​ទាក់ទាញ​ប្រជាពលរដ្ឋ​ជាង​ផលិតផល​ក្នុង​ស្រុក បើ​ទោះ​បី​ទំនិញ ឬ​នំ​ចំណី​ខ្លះ​មាន​តម្លៃ​ខ្ពស់​ជាង​ផលិតផល​ក្នុង​ស្រុក​យ៉ាង​ណា​ក្តី។ លើស​ពី​នេះ​ទៀត រាជ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ដទៃ​ទៀត បាន​អនុគ្រោះ​ឲ្យ​នាំ​ចូល​ផលិតផល​មក​តាំង​លក់​តាម​រយៈ​ពិព័រណ៍​ពាណិជ្ជកម្ម ដោយ​គ្មាន​យក​ពន្ធ រួម​ទាំង​ការ​ប្រើប្រាស់​អ្នក​លក់​ដូរ​ជា​ជនជាតិ​បរទេស​ទៀត​ផង៖ «មុខ​របរ​ដូចជា​លក់​ខោ​អាវ លក់​ស្បែក​ជើង កាបូប​ហ្នឹង ប៉ះពាល់​ខ្លាំង ដោយសារ​ថៃ គាត់​មក​លក់​បែប​ប្លែកៗ អ៊ីចឹង​ទៅ ប្រជាជន​យើង​គាត់​លែង​មក​ទិញ​អ្នក​លក់​ក្នុង​ស្រុក​យើង គាត់​ទៅ​តែ​កន្លែង​តាំង​ពិព័រណ៍​អ៊ីចឹង​ណា។ ខ្ញុំ​គិត​ថា បើ​គាត់​តាំង​ពិព័រណ៍​ញឹក​ពេក អ្នក​លក់​ដូរ​ក្នុង​ខេត្ត ប្រាកដ​ជា​ស្ងាត់ ព្រោះ​តាំង​ពិព័រណ៍​នេះ ទើប​ធ្វើ​កាល​ពី​ប៉ុន្មាន​ខែ​មុន​ហ្នឹង។ ឥឡូវ​គាត់​មក​ទៀត​ហើយ​ទ្រង់ទ្រាយ​ធំ បើ​មួយ​ឆ្នាំ​មាន​ម្តង​ប្រហែល​ជា​មិន​ថ្វី​ទេ»

ចំណែក​អាជីវករ​មួយ​រូប​ទៀត​កត់​សម្គាល់​ថា ពិព័រណ៍​ពាណិជ្ជកម្ម​នេះ​មាន​ដាក់​លក់​នំ​ចំណី គ្រឿង​សម្ភារៈ​ប្រើប្រាស់​ពី​ប្រទេស​ថៃ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​អ្នក​ចូល​ទស្សនា​ពិព័រណ៍​បាន​ប្រទះ​ឃើញ​គ្រឿង​សម្ភារៈ​ខ្លះ នាំ​ចូល​ពី​ប្រទេស​វៀតណាម ឬ​ចិន ដាក់​តាំង​លក់ ខណៈ​គ្រឿង​សម្ភារៈ​នំ​ចំណី​ខ្លះ​គ្មាន​គុណភាព ឬ​មិន​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​ផ្នែក​សុខភាព​អនាម័យ​នោះ​ឡើយ។

ជាទូទៅ ចរន្ត​រៀបចំ​ពិព័រណ៍​ទំនិញ​ពី​បរទេស ជាពិសេស​ការ​ដាក់​តាំង​លក់​ផលិតផល និង​នំ​ចំណី​ពី​ប្រទេស​ថៃ និង​វៀតណាម នេះ ត្រូវ​បាន​គេ​រៀបចំ​ឡើង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត របៀប​ជា​ការ​រៀបចំ​ទីផ្សារ​វិល​ជុំ​មួយ ហើយ​ចុង​ក្រោយ​វិល​មក​កាន់​ខេត្ត​ដដែល ចន្លោះ​ពេល​តែ​ពីរ ឬ​បួន​សប្ដាហ៍​តែ​ប៉ុណ្ណោះ។ ករណី​នេះ ធ្វើ​ឲ្យ​ចរាចរ​ទំនិញ​តាម​រូបភាព​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​បរទេស ស្ទើរ​ក្លាយ​ទៅ​ជា​ទីផ្សារ​អចិន្ត្រៃយ៍​លក់​ផលិតផល​ទាំង​នោះ​នៅ​ទូទាំង​ប្រទេស ដោយ​គ្មាន​បាន​ប្រាក់​ចំណូល​សម្រាប់​ថវិកា​ជាតិ​បន្តិច​ឡើយ។

ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ-ខ្មែរ នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៥។ RFA/Ratha Visal
ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ-ខ្មែរ នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៥។ RFA/Ratha Visal

យ៉ាង​ណា​មិញ ប្រធាន​សាខា​ស្នាក់ការ​គយ​ខេត្ត​រតនគីរី លោក ជួប ចំរើន ទទួល​ស្គាល់​ថា ជា​គោលការណ៍​អន្តរជាតិ គ្រប់​ទំនិញ​សម្រាប់​នាំ​ចូល​ដើម្បី​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម មិន​មាន​តម្រូវ​ឲ្យ​យក​ពន្ធ​ឡើយ។ លោក​បន្ត​ថា ក្រសួង​ពាណិជ្ជកម្ម គឺ​ជា​អ្នក​អនុញ្ញាត​ឲ្យ​ពាណិជ្ជករ​ក្រៅ​ប្រទេស នាំ​ចូល​ទំនិញ​ពី​បរទេស ដើម្បី​តាំង​ពិព័រណ៍​បង្ហាញ​ពី​ផលិតផល​ដែល​ក្រុមហ៊ុន​ក្រៅ​ប្រទេស​ផលិត​បាន៖ «ទំនិញ​ពិព័រណ៍​អត់​មាន​យក​ពន្ធ​ទេ​ជា​ច្បាប់​អន្តរជាតិ ប្រទេស​ណា​ក៏​គេ​អនុវត្ត​ដែរ»

ទាក់ទិន​ករណី​នេះ​ដែរ ម្ចាស់​សហគ្រាស​សេវា​សាលា​អប់រំ​ឯកជន​នៅ​ខេត្ត​រតនគិរី លោក យិន សុភាព ពន្យល់​ថា ការ​រៀបចំ​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​បច្ចុប្បន្ន គឺ​ធ្វើ​ឡើង​មិន​ត្រឹមត្រូវ​តាម​រូបភាព​ពិត​ប្រាកដ នៃ​ការ​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​នោះ​ឡើយ ពីព្រោះ​ន័យ​ពិត​ប្រាកដ​នៃ​ការ​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម គឺ​ជា​ការ​ដាក់​បង្ហាញ​ផលិតផល​របស់​ក្រុមហ៊ុន​បរទេស​ផលិត​បាន និង​ធ្វើ​ឡើង​តាម​រយៈ​ក្រុមហ៊ុន​ផ្ទាល់ ហើយ​មិន​តម្រូវ​ឲ្យ​យក​ពន្ធ​នាំ​ចូល ឬ​ពន្ធដារ​ផ្សេង​ទៀត​ឡើយ ក៏ប៉ុន្តែ​ការ​ដាក់​តាំង​លក់​ផលិតផល​ពី​បរទេស​បច្ចុប្បន្ន គឺ​ជា​ទម្រង់​នៃ​ផ្សារ​ណាត់ ឬ​ផ្សារ​មេឃ ដែល​អាជីវករ​នាំ​យក​ទំនិញ​ផ្សេងៗ​មក​ជួប​ជុំ​គ្នា បង្កើត​ជា​ផ្សារ​លក់។ ហេតុ​នេះ ការ​បង់​ពន្ធ​ជូន​រដ្ឋ គឺ​ជា​កាតព្វកិច្ច​របស់​អ្នក​លក់​ដូរ។

លោក​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ ត្រួត​ពិនិត្យ​ករណី​ទាំង​ពីរ ដើម្បី​ជួយ​ទ្រទ្រង់​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ស្រុក​ឲ្យ​មាន​ភាព​ស្មើ​មុខ​គ្នា​ជាមួយ​អាជីវករ​នៅ​មូលដ្ឋាន ស្រប​តាម​របប​សេដ្ឋកិច្ច​ទីផ្សារ​សេរី ជាពិសេស​ការ​ប្រមូល​ពន្ធ​ស្ដីពី​ការ​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ខុស​ទម្រង់​នេះ៖ «យើង​លើក​តែ​រឿង​មួយ រដ្ឋ​ត្រូវ​យក​ពន្ធ​ឲ្យ​ស្មើ​ភាព​គ្នា មាន​ន័យ​ថា រដ្ឋ​ត្រូវ​យក​ពន្ធ​ដើម្បី​ឲ្យ​តម្លៃ​ទីផ្សារ​មាន​ការ​ប្រកួត​ប្រជែង​ត្រឹមត្រូវ។ បើ​សិន​ផលិតផល​រួច​ពន្ធ ហើយ​យក​មក​លក់​ប្រកួត​ប្រជែង​ជាមួយ​ផលិតផល​ជាប់​ពន្ធ អា​ហ្នឹង​ជា​ការ​ប្រកួត​ប្រជែង​មិន​ស្មោះ​ត្រង់។ រឿង​មួយ អាជ្ញាធរ​ត្រូវ​គិត​ពី​រឿង​ហ្នឹង​ដែរ ប្រសិន​ប្រជាពលរដ្ឋ​សំណូមពរ​ថា​ការ​លក់​ដូរ​ហ្នឹង វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីវករ​ក្នុង​ខេត្ត ព្រោះ​អាជ្ញាធរ​ចង់​បើក​ក៏​បាន មិន​ចង់​បើក​ក៏​បាន ជា​សិទ្ធិ​អាជ្ញាធរ»

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​រតនគិរី លោក តូ ឡំធាន ថ្លែង​កត់​សម្គាល់​ថា ការ​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ-ខ្មែរ នេះ គឺ​ក្រសួង​ពាណិជ្ជកម្ម អនុញ្ញាត​ឲ្យ​បើក​លក់​ផលិតផល​នាំ​ចូល​ពី​បរទេស និង​ក្នុង​ស្រុក ក៏ប៉ុន្តែ​ការ​តាំង​លក់​ផលិតផល​នោះ ធ្វើ​ឡើង​រយៈពេល​ខ្លី​មិន​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ដល់​ការ​លក់​ដូរ​របស់​អាជីវករ​ក្នុង​ស្រុក​នោះ​ឡើយ។ លោក​ថា ការ​ធ្លាក់​ចុះ​នៃ​ការ​ស្វែងរក​ប្រាក់​ចំណូល​របស់​អាជីវករ មិន​ទាក់ទិន​ការ​តាំង​លក់​ផលិតផល​នៃ​ពិព័រណ៍​ពាណិជ្ជកម្ម​នោះ​ទេ៖ «ពិព័រណ៍​ហ្នឹង​មិន​មែន​ធ្វើ​ជា​ប្រចាំ​ទេ ខាង​អាជីវករ​ខាង​រៀបចំ​ស្តង់​ហ្នឹង គេ​បាន​សហការ​ជាមួយ​ថៃ ដើម្បី​យក​ផលិតផល​គេ​មក​តាំង មិន​មែន​ជា​ការងារ​ប្រចាំ​ថ្ងៃ​ទេ ម្តងម្កាល។ ផលិតផល​វា​ប្រកួត​ប្រជែង​ជាមួយ​គេ ហើយ​ប្រសិន​យើង​ចូល​សហគមន៍​អាស៊ាន ទំនិញ​អាច​ចរាចរ​ទៅ​មក​ដោយ​សេរី»

ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៥ រហូត​មក អាជីវករ​លក់​ដូរ​នំ​ចំណី បន្លែ​បង្ការ ត្រី​សាច់ ភាគ​ច្រើន​នៅ​ខេត្ត​រតនគិរី ត្អូញត្អែរ​ថា ការ​លក់​ដូរ​មិន​ដាច់ អតិថិជន​កាន់​តែ​ខ្សត់​ទៅៗ​ការ​រក​ប្រាក់​ចំណូល​ថយ​ចុះ​ប្រមាណ ៦០​ភាគរយ ប្រៀបធៀប​ការ​លក់​ដូរ​ឆ្នាំ​២០១៤។ វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​នេះ ធ្វើ​ឲ្យ​អាជីវករ ពាណិជ្ជករ​មួយ​ចំនួន អាច​ក្លាយ​ទៅ​កូន​បំណុល​របស់​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា ដែល​ត្រូវ​ប្រឈម​ខ្វះ​ប្រាក់​បង្វិល​សង​ម្ចាស់​បំណុល ឬ​នឹង​អាច​ត្រូវ​ធនាគារ​រឹប​អូស​ទ្រព្យ​បញ្ចាំ​ពី​ការ​ខ្ចី​ប្រាក់។

យ៉ាង​ណា​ក៏ដោយ អាជីវករ​ក្នុង​ស្រុក ទទូច​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម យក​ចិត្ត​ទុក​ដាក់​ចុះ​មូលដ្ឋាន សិក្សា​ពី​កត្តា​ធ្វើ​យ៉ាង​ណា ដើម្បី​ជំរុញ​វិស័យ​ធ្វើ​ពាណិជ្ជកម្ម​របស់​ពលរដ្ឋ​បាន​រីក​ចម្រើន ចៀស​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​ដូច​បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

មាលា

ពី ព្រះវិហារ

សូមចែករំលែកខ្លះនូវពត៌មាននេះ។ ខ្ញុំគិតថាកិច្ចការនេះល្អ ព្រោះគឺ​ជា​គោលការណ៏ឲ្យប្រទេសទាំងពីរចូលរួមបំផុសនូវផលិតផលក្នុងស្រុករៀងៗខ្លួន។ ខាងថៃគេមានច្រើនណាស់ រួមទាំងផលិតផល​សហគមន៏​របស់គេ ដែលធ្វើឡើងដោយសហគមន៏កសិករ ដូចជាការ​ច្នៃកសិ​ឧស្សាហកម្ម និងផលិតផលឧស្សាហកម្មនានាជាដើម។ ប៉ុន្តែ​ចំណែក​ស្រុកយើងមានតិចតួចបំផុត ដែលជាផ្នែក​មួយមិនអាច​ប្រកួតប្រជែង​នឹងគេបានទេ។ នៅពេលដែលខ្ញុំឃើញការតាំងពិពណ៌នៅថៃ គេ​រៀប​ស្តង់ទុកឲ្យខ្មែរលក់ យ៉ាងប្រណិតដោយមិនបង់ប្រាក់ទេ ថែមទាំង​ផ្តល់​កន្លែងស្នាក់នៅសមរម្យផង។យើងក៏មានឪកាស​ផ្សព្វផ្សាយ​កសិផលយើងទៅផ្គត់ផ្គង់ទីផ្សារនៅថៃដែរ ដូចជាម្ទេស ម្រេច សណ្តែក​គ្រប់ប្រភេទ……។ ក្រៅពីនោះខ្មែរបាន​នាំយកគ្រឿង​ច្នៃអំពី​ប្រាក់ សូត្រ ក្រមាអំបោះ គឺគេចូលចីត្តទីញលិតផល​ស្នាដៃ​ប្រពៃណីនេះណាស់។ នេះក៏ដោយសារក្រសួង​និងមន្ទីរពាណិជ្ជកម្ម​ជួយជ្រោមជ្រែងដែរ។ ចំណែកការណ៏ដែលថៃមកតាំងពិពណ៏នេះ គឺជួលដីពីសាលាខេត្តនានា តាមរយការចចារទុក​ជាមុននៅតាមបណ្តា​ខេត្តនីមួយៗ ដែលគេទៅតាំងនោះ។ ចំណែកផលិតផលវៀតណាម​ដែលលាយនោះ គឺមិនមែនមកពីថៃទេ គឺខាងខ្មែរជាអ្នក​អនុញ្ញាតិ​តាមខ្ញុំដឹង ព្រោះគោលការណ៏គឺ ផលិតផលមានតែខ្មែរនិងថៃ។ ដោយសារតែខាងខ្មែរគេមិនបានផ្សព្វផ្សាយ ឬក៏ខ្មែរខ្លះមិនចូលរួម ទើបផលិតផលវៀតណាមចូលលក់បាន តាមរយខ្មែរនេះហើយ។ ដូច្នេះសូមអាជីវក និង
អ្នក​យល់​​ចង្អៀត​ខ្លះសូមមេត្តាពិចារណាផង។ ក្រុមនិស្សិត​ខ្ញុំយើង​ខិតខំចូលរួមការងារនេះដោយស្ម័គ្រចិត្ត គ្រាន់តែបានបាយ​មួយចំអែតប៉ុណ្ណោះ ពីព្រោះនឹកសង្ឃឹមថា ចូលរួម​ផ្សព្​វផ្សាយ​ទីផ្សា​សមស្រមសម្រាប់កសិករ និងគាំទ្រផលិតផលស្រុកយើង។

Nov 06, 2015 02:39 AM

គេហទំព័រ​ទាំងមូល