ពលរដ្ឋ​ផ្ដិត​មេដៃ​ស្នើសុំ​ដក​តំណែង​មេ​ភូមិ​ពោធិ៍ចាស់​នៅ​ខេត្ត​ឧត្ដរមានជ័យ

ដោយ ហ៊ុំ ចំរើន
2015-07-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​ឧត្ដរមានជ័យ។
ផែនទី​ខេត្ត​ឧត្ដរមានជ័យ។
Photo: RFA

ប្រជាពលរដ្ឋ​ជាង ៣០​គ្រួសារ​នៅ​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្ដរមានជ័យ នាំ​គ្នា​ផ្ដិត​ស្នាម​មេដៃ​ដើម្បី​ដាក់​ទៅ​អាជ្ញាធរ​ស្រុក ឲ្យ​ដក​មេ​ភូមិ​ចេញ​ពី​តំណែង។ ពួក​គាត់​បញ្ជាក់​ថា កន្លង​ទៅ​មេ​ភូមិ​នោះ​បម្រើ​ការងារ​ប្រកាន់​បក្ខពួក​និយម និង​បង្ក​ផល​លំបាក​ដល់​ការ​ធ្វើ​លិខិត​ស្នាម​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ប៉ុន្តែ​មេ​ភូមិ​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ថា​ជា​រឿង​មិន​ពិត​ឡើយ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​បន្ទាយអំពិល សម្ដែង​ការ​មិន​ពេញ​ចិត្ត​ទៅ​នឹង​កាយវិការ​របស់​មេ​ភូមិ ព្រម​ទាំង​សមាជិក ថា​អនុវត្ត​ការងារ​គិត​តែ​ពី​ផល​ប្រយោជន៍​បក្ខពួក​របស់​ខ្លួន​ហួស​ហេតុ ហើយ​មិន​ខ្វល់​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ឡើយ។

ក្រុម​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពោធិ៍ចាស់ ឃុំ​បេង ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្ដរមានជ័យ ថ្លែង​នៅ​ថ្ងៃ​ទី​២២ កក្កដា ថា មេ​ភូមិ​ពោធិ៍ចាស់ គឺ​អ្នកស្រី តែង សុផាត ព្រម​ទាំង​សមាជិក​ភូមិ គឺ​អ្នកស្រី រ័ត្ន សារឿន បម្រើ​ការងារ​ក្នុង​ភូមិ​ប្រកាន់​បក្ខពួក​និយម គឺ​ធ្វើ​លិខិត​ស្នាម​ជូន​ប្រជាពលរដ្ឋ​ណា​ដែល​ជា​ក្រុម​សាច់ញាតិ និង​បក្ខពួក​របស់​ខ្លួន​បាន​ឆាប់​រហ័ស ហើយ​មិន​ខ្វល់​ទុក្ខ​លំបាក​ពី​ប្រជាពលរដ្ឋ​ដទៃ​ឡើយ។

អ្នក​ភូមិ​បញ្ជាក់​ថា ទង្វើ​របស់​មេ​ភូមិ​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ គឺ​អ្នក​ភូមិ​ជួប​ការ​លំបាក​មិន​អាច​ធ្វើ​លិខិត​ស្នាម​ទៅ​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ យក​ទៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​នោះ​ទេ៖ «ដូចជា​ស្រូវ​សហគមន៍​ភូមិ​ជាដើម មេ​ភូមិ​គាត់​គ្រប់គ្រង​មិន​បាន​ត្រឹមត្រូវ​នោះ​ទេ ហើយ​ពេល​ប្រជាពលរដ្ឋ​និយាយ​រិះគន់ គាត់​តែង​ប្រើ​អំណាច​បិទ​សិទ្ធិ​ពលរដ្ឋ​មិន​ឲ្យ​និយាយ​ឡើយ។ គាត់​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ឱន​លំទោន​គាត់ គឺ​បើ​គាត់​ពេញ​ចិត្ត​បាន​ជា​មេ​ភូមិ​គាត់​ស៊ីញេ​ឲ្យ​ទៅ»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ មេ​ភូមិ​ពោធិ៍ចាស់ អ្នកស្រី តែង សុផាត បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​ដែល​ថា អ្នកស្រី​ប្រកាន់​បក្ខពួក​និយម​ក្នុង​ការ​ធ្វើ​លិខិត​ស្នាម និង​បង្ក​ផល​លំបាក​ដល់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​នោះ ជា​រឿង​មិន​ពិត​ឡើយ។ អ្នកស្រី​អះអាង​ថា ការ​ដឹក​នាំ​កន្លង​ទៅ អ្នកស្រី​តែង​យក​ចិត្ត​ទុក​ដាក់​អំពី​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ​ជា​ធំ ដោយ​មិន​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ ឬ​ប្រជាពលរដ្ឋ​អ្នក​មាន​អ្នក​ក្រ​នោះ​ទេ៖ «ខ្ញុំ​ធ្វើ​មេ​ភូមិ​នេះ​វា​ធ្ងន់​ណាស់ តែ​ខ្ញុំ​មិន​និយាយ​ទេ។ រហូត​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ផ្ដិត​ស្នាម​មេដៃ​តាម​ផ្ទះ​ដក​ខ្ញុំ​ចេញ​ពី​តំណែង ក៏​ខ្ញុំ​មិន​ថា​អី​ដែរ។ ចំពោះ​បញ្ហា​ស្រូវ​សហគមន៍​វិញ ខ្ញុំ​ធ្វើ​បញ្ជី​ត្រឹមត្រូវ គឺ​ពុំ​មាន​បាត់បង់​ទៅ​ណា​នោះ​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ឧត្ដរមានជ័យ លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ថា ករណី​ដែល​កើត​ឡើង​នោះ វា​ជា​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ ដែល​ពួក​គាត់​ជួប​ការ​លំបាក​ក្នុង​មូលដ្ឋាន។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ផ្ដិត​ស្នាម​មេដៃ​ស្នើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ដក​ហូត​តំណែង​មេ​ភូមិ​បាន ប្រសិន​មេ​ភូមិ ឬ​អាជ្ញាធរ​ពាក់ព័ន្ធ ធ្វើ​ការងារ​មិន​បម្រើ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​នោះ៖ «ប្រជាពលរដ្ឋ​មាន​សំណូមពរ​ហើយ មេ​ឃុំ​គាត់​គួរ​ធ្វើ​ការ​ពិចារណា​នឹង​សំណើ​របស់​ប្រជាពលរដ្ឋ​នោះ ពីព្រោះ​ជា​ធម្មតា​ទាល់​តែ​មាន​បញ្ហា​កើត​ឡើង​ហើយ បាន​ជា​ពួក​គាត់​នាំ​គ្នា​ផ្ដិត​ស្នាម​មេដៃ​ដក​មេ​ភូមិ​នោះ»

អ្នក​ភូមិ​ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ ពួក​គាត់​ប្រមូល​ស្នាម​មេដៃ​បាន​ប្រមាណ​ជាង ៣០​គ្រួសារ​ហើយ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ចំនួន ៧២​គ្រួសារ​នោះ។ អ្នក​ភូមិ​គ្រោង​នាំ​ស្នាម​មេដៃ​ដែល​ប្រមូល​បាន​នេះ ដាក់​ជូន​ទៅ​អភិបាល​ស្រុក​បន្ទាយអំពិល ដើម្បី​ធ្វើ​ការ​ពិចារណា​ដក​មេ​ភូមិ​នោះ​ចេញ​ពី​តំណែង​ក្នុង​ពេល​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល