ប្រជាពលរដ្ឋមួយចំនួនស្នើឲ្យរបបក្រុងភ្នំពេញលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានចុះហត្ថលេខាជាមួយប្រទេសចិន កាលពីថ្ងៃទី១២តុលាដោយសារតែពួកគេយល់ថាកិច្ចព្រមព្រៀងនេះមិនបានផលចំណេញ និងជួយសេដ្ឋកិច្ចកម្ពុជា។
អតីតកម្មកររោងចក្រកាត់ដេរសំលៀកបំពាក់មួយរូប រស់នៅក្នុងខណ្ឌដង្កោក្រុងភ្នំពេញ បានបាត់បង់ការងារធ្វើដោយសារតែសហភាពអឺរ៉ុបដកហូតប្រព័ន្ធអនុគ្រោះពន្ធ២០%ពីកម្ពុជា បានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះគ្មានបានផលចំណេញដល់សេដ្ឋកិច្ចកម្ពុជាទេ។
លោកថា បើកិច្ចព្រមព្រៀងនេះជួយដល់សេដ្ឋកិច្ចកម្ពុជាមែន ចុះហេតុអ្វីបានជារោងចក្រនៅបន្តបិទទ្វារ ហើយកម្មកររាប់ម៉ឺននាក់ រួមទាំងលោកផង មិនទាន់មានការងារធ្វើនៅឡើយ។
អតីតកម្មកររោងចក្ររូបនោះបានផ្តូរមុខរបរមករត់ផាស អាប់(Pass-app) ម្ដងវិញ។លោកបន្ថែមថា មុខរបរសព្វថ្ងៃនេះរកមិនសូវបានដូចមុនទេ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនហ្នឹងហ្នហើយលោកគ្មានជំនឿថា រដ្ឋាភិបាលនឹងជួយស្រោចស្រង់សេដ្ឋកិច្ចកម្ពុជាបានឡើងវិញទេ ក្រោយពីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន៖«សម្រាប់ជីវិតខ្ញុំរាល់ថ្ងៃ ដែលជាពលរដ្ឋខ្មែរម្នាក់រស់នៅក្នុងទីក្រុងភ្នំពេញ ជាមួយគ្រួសារមានការខ្វះខាតរាល់ថ្ងៃខ្ញុំមិនដឹងថា ទៅថ្ងៃមុខទៅមិនដឹងមានផលប៉ះពាល់យ៉ាងណាទេ។ខ្ញុំមើលទៅឃើញថា រដ្ឋាភិបាលធ្វើហ្នឹងជួយសេដ្ឋកិច្ចច្រើនសម្រាប់ប្រជាពលរដ្ឋ ខ្មែរ ខ្ញុំដូចជាមិនសូវសង្ឃឹម»។
ប្រទេសកម្ពុជា និងប្រទេសចិនកាលពីថ្ងៃទី១២ ខែតុលា កន្លងទៅនេះ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន គឺចំពេលដែលដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅប្រទេសកម្ពុជា។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបង្ហាញថា ទំនិញកម្ពុជាជាង ៣០០មុខអាចនាំទៅចិនដោយមិនគិតពន្ធ នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជាចិន (FTA) ចូលជាធរមាន។
នៅក្នុងចំណោមមុខទំនិញជាង៣០០មុខនេះ គឺផលិតផលកសិកម្ម៩៥ភាគរយត្រូវរួចពន្ធសម្រាប់ការនាំចេញទៅចិន ចំណែកផលិតផលគ្រឿងចក្រ និងយានយន្តផ្សេងៗវិញ ចិននៅតែបន្តយកពន្ធនាំចូលដដែល។
រដ្ឋាភិបាលលោក ហ៊ុន សែន រំពឹងកិច្ចព្រមព្រៀងនឹងធ្វើឱ្យការនាំចេញពីកម្ពុជាទៅចិនកើនឡើងប្រមាណ ២៥% ហើយភាគីទាំងពីរសន្យាថា នឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានដល់១០ពាន់លានដុល្លាក្នុងឆ្នាំ២០២៣ខាងមុខ។
ពាក់ព័ន្ធនឹងព្រមព្រៀងពាណិជ្ជកម្មសេរីខ្មែរនិងចិននេះដែរ ពលរដ្ឋម្នាក់ទៀតរស់នៅក្នុងខណ្ឌសែនសុខថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គួរត្រូវលុបចេញវិញ។ លោកថា សព្វថ្ងៃនេះជនជាតិចិន បានមកដណ្ដើម មុខរបរប្រជាពលរដ្ឋខ្មែរស្ទើរតែគ្រប់ទីកន្លែង បើទោះបីជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះក៏ដោយ ក៏ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចក៏ប្រទេសចិនមានផលប្រយោជន៍ជាងកម្ពុជា ផងដែរ៖«បើតាមមតិរបស់ខ្ញុំ ទីផ្សារសេរីរបស់ចិនហ្នឹងគួរលប់ចោលទៅ វាអត់មកដណ្ដើមមុខរបររបស់យើង ដល់ចឹងទៅយើង រិតតែដាច់មុខរបបទៅទៀត គាត់ដណ្ដើមមុខរបរយើង។នេះមតិរបស់ខ្ញុំ បងប្អូនប្រជាពលរដ្ឋមិនដឹងគិតយ៉ាងណាទេ តែតាមខ្ញុំគិតគឺអត់ល្អ»។
ចំណែកប្រធានសហជីពប្រចាំកាស៊ីណូណាហ្កាវ៉ើល(NAGA World) កញ្ញា ឈឹម ស៊ីធរ យល់ឃើញថា ប្រទេសចិនគឺជាអ្នកទទួលផលច្រើនក្រោយពីកម្ពុជាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន គឺប្រៀបបីដូចជាការរកស៊ីជាមួយភាគីម្ខាង មានដើមទុនតិច ហើយម្ខាងទៀតមានដើមទុនច្រើន។កញ្ញាបន្ថែមថា ក្នុងនាមជាពលរដ្ឋម្នាក់សុំអោយរដ្ឋាភិបាលពិចារណាឡើយវិញចំពោះកិច្ចព្រមព្រៀងសេរីជាមួយប្រទេសចិន ហើយប្រសិនបើកិច្ចព្រមព្រៀងនេះ មិនមានភាពស្មើមុខ ស្មើមាត់ជាមួយគ្នា កម្ពុជាមិនគួរចុះហត្ថលេខានោះទេ៖«ប្រាកដជាមានការសោកស្ដាយ ហើយយើងមើលឃើញថា ខាតមុនហើយមុនពេលដែលយើងចាប់ផ្តើមរកស៊ី គ្រាន់តែចាប់ផ្តើមរកស៊ីភ្លាមដឹងខ្លួនឯងមុន ហើយថា យើងខាត។ប៉ុន្តែយើងដឹងពីការសម្រេចចិត្តរបស់រដ្ឋាភិបាល កន្លងមកលោកមិនសូវយកចិត្តទុកដាក់ លើទុកកង្វល់ ហើយនឹងការទាមទារ ឬក៏មតិយោបល់របស់ពលរដ្ឋទេ»។
ឆ្លើយតបនឹងសំណើរបស់ពលរដ្ឋនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក សៀង ថៃ មានប្រសាសន៍ថា ប្រជាពលរដ្ឋភាគច្រើនដែលបានតាមដាន និងយល់ដឹងពីអត្ថន័យនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានសម្ដែងនូវការសាទរចំពោះលទ្ធផលនៃការចរចា រហូតដល់បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីមួយនេះឡើង។លោកបន្ថែមថា ពលរដ្ឋក៏ចង់ឃើញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយបណ្ដាប្រទេសផ្សេងទៀត ដែលក្រសួងពាណិជ្ជកម្ម កំពុងដឹកនាំចរចា និងសិក្សាយ៉ាងយកចិត្តទុកដាក់។
លោកលើកឡើងថា តាមការសិក្សាបានបញ្ជាក់យ៉ាងច្បាស់ថា ពេលអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន នឹងកើនឡើងប្រមាណ ២៥%។ទំនិញដែលកម្ពុជាអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន មានប្រមាណ ៩៨% នៃមុខទំនិញសរុប ខណៈដែលកម្ពុជាបើកទីផ្សារឲ្យទំនិញចិននាំចូលមកកម្ពុជាប្រមាណ ៩០% នៃបន្ទាត់ពន្ធគយ គឺប្រហាក់ប្រហែលនឹងកម្រិតទីផ្សារ ដែលកម្ពុជាបានបើកក្រោមក្របខណ្ឌអាស៊ាន-ចិន ជាច្រើនឆ្នាំមកហើយ។
ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគសង្គម លោកបណ្ឌិត សេង សារី មើលឃើញថា បើមើលពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ វាជារឿងធម្មតាដែលភាគីទាំងពីរទទួលបានផលចំណេញ។ប៉ុន្តែផលប្រយោជន៍ដែលកម្ពុជាទទួលបានផលតិចតួច ដោយសារតែទំនិញដែលកម្ពុជា នាំចេញទៅចិនបានគឺផ្ដោតភាពច្រើនទៅលើទំនិញកសិកម្ម។
លោកថា បើក្រឡេកទៅមើលការផលិតទំនិញដែលចេញពីកសិកម្មគឺនៅមានកម្រិតនៅឡើយ រួមទាំងការវេច ខ្ចប់ ការកែច្នៃ នៅមានកម្រិតដែលកម្ពុជាត្រូវការអភិវឌ្ឍន៍ឲ្យបានល្អប្រសើរដើម្បីឆ្លើយតប ទៅនឹងទីផ្សារជាក់ស្ដែង។ដូច្នេះដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ កម្ពុជាត្រូវតែពង្រឹង ទៅលើវិស័យកសិកម្ម ជាពិសេសទៅលើផលិតកម្ម ឲ្យកាន់តែច្រើន និងធ្វើទំនើបកម្មកសិកម្ម រួមទាំងការវេច ខ្ចប់ផងដែរ៖«ចំណុចមួយទៀតដែលរដ្ឋាភិបាលត្រូវពិចារណាហ្នឹងគឺការធ្វើសមតុល្យពាណិជ្ជកម្មរវាងចិន រវាង សហរដ្ឋអាមេរិក មានន័យថា យើងមិនអាចធ្វើជំនួយជាមួយអឺរ៉ុប និងអាមេរិក ហើយយើងមិនធ្វើជំនួញជាមួយប្រទេសផ្សេងទេ។អានេះវាខុសពីគោលការណ៍ធ្វើពាណិជ្ជកម្មហើយ។ប៉ុន្តែអ្វីដែល សំខាន់បំផុតដូចយើងបានលើកឡើងអញ្ចឹងថា ទីផ្សារត្រូវការអ្វី?យើងពង្រឹងក្នុងការផលិតរបស់យើងដើម្បីឆ្លើយតបទៅតាមទីផ្សារ»។
កាលពីឆ្នាំ២០១៩ ពាណិជ្ជកម្មរវាងកម្ពុជា និងចិន មានទំហំទឹកប្រាក់ប្រមាណជាង៧ ពាន់លានដុល្លារអាមេរិក ។ កម្ពុជានាំទៅចិនបានត្រឹមតែជិត៩ រយលានដុល្លារ ប៉ុន្តែចិននាំមកកម្ពុជាវិញ មានជាង៦ ពាន់លានដុល្លារ។
ដោយឡែក ទំនិញដែលកម្ពុជានាំទៅចេញទៅសហភាពអឺរ៉ុបកាលពីឆ្នាំ២០១៧ វិញ គិតជាទឹកប្រាក់ជាង៦ ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជារួចកាតព្វកិច្ចពន្ធជិត៧ រយលានដុល្លារអាមេរិក។ តួលេខនេះ បង្ហាញយ៉ាងច្បាស់ថា គ្រាន់តែទឹកប្រាក់ដែលកម្ពុជាចំណេញពីការមិនបង់ពន្ធតាមរយៈប្រព័ន្ធអនុគ្រោះពន្ធ EBA គឺមានចំនួនសឹងតែស្មើនឹងទំហំទំនិញរបស់កម្ពុជានាំទៅប្រទេសចិន ប៉ុន្តែដោយសារតែការរំលោភសិទ្ធិមនុស្ស កម្ពុជាបានបាត់បង់ការអនុគ្រោះពន្ធ EBAចំនួន២០% ពីសហភាពអឺរ៉ុប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។