ពលរដ្ឋ​ខេត្ត​ស្វាយរៀង​ស្នើ​ឲ្យ​អាជ្ញាធរ​ព្រំដែន​បិទ​ច្រក​របៀង​នៅ​ឃុំ​ទួលស្ដី

ដោយ ថា កិត្យា
2015-09-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផ្លូវ​ដែល​ពលរដ្ឋ​វៀតណាម ចេញ​ចូល​ទឹក​ដី​ខ្មែរ​រាល់​ថ្ងៃ​នៅ​ភូមិ​ទួលស្ដី ឃុំ​ទួលស្ដី ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៥
ផ្លូវ​ដែល​ពលរដ្ឋ​វៀតណាម ចេញ​ចូល​ទឹក​ដី​ខ្មែរ​រាល់​ថ្ងៃ​នៅ​ភូមិ​ទួលស្ដី ឃុំ​ទួលស្ដី ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៥
RFA/Tha Kitya

ទាញ​យក​កម្មវីធី

ប្រជាពលរដ្ឋ​ខ្មែរ​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ស្វាយរៀង បិទ​ច្រក​របៀង​កម្ពុជា-វៀតណាម នៅ​ចំណុច​ភូមិ​ទួលស្ដី ឃុំ​ទួលស្ដី ស្រុក​ចន្ទ្រា។ សំណើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គាត់ សង្កេត​ឃើញ​ជនជាតិ​វៀតណាម ចេញ​ចូល​តាម​ច្រក​នោះ​ដោយ​ខុស​ច្បាប់​ចេះ​តែ​ច្រើន​ឡើងៗ​យ៉ាង​អនាធិបតេយ្យ ដែល​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ពួក​គាត់។

ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ខេត្ត​ស្វាយរៀង បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​សន្តិសុខ​សុវត្ថិភាព ខណៈ​ដែល​លំហូរ​ជនជាតិ​វៀតណាម ខុស​ច្បាប់​នៅ​តាម​ច្រក​របៀង​ដាច់​ស្រយាល​មួយ​ចំនួន​តាម​បណ្តោយ​ព្រំដែន ក្នុង​ខេត្ត​ស្វាយរៀង កើន​ឡើង។

ពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ រិះគន់​ថា អាជ្ញាធរ​កម្ពុជា គិត​តែ​ទទួល​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ដោយ​សម្ងំ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​រក​លុយ​ដាក់​ហោប៉ៅ ភ្លេច​គិត​ពី​សន្តិសុខ និង​ប្រយោជន៍​សង្គម​ជាតិ​ខ្មែរ។ ពលរដ្ឋ​រូប​នេះ​បន្ត​ថា ជា​រៀង​រាល់​ថ្ងៃ ជនជាតិ​វៀតណាម ប្រមាណ ២០០​នាក់​ទៅ ៣០០​នាក់ ធ្វើ​ដំណើរ​ចេញ​ចូល​ទឹក​ដី​ខ្មែរ​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​សេរី តាម​ច្រក​ទួលស្ដី ជាប់​បង្គោល​ព្រំដែន​លេខ​១៨៩ ស្ថិត​ក្នុង​ឃុំ​ទួលស្ដី ស្រុក​ចន្ទ្រា។ បញ្ហា​នេះ វា​ខុស​ឆ្ងាយ​ពី​ពលរដ្ឋ​ខ្មែរ​ដែល​ចូល​ទៅ​ទឹក​ដី​វៀតណាម ត្រូវ​បាន​អាជ្ញាធរ​វៀតណាម រឹត​បន្តឹង៖ «ចង់​បិទ​ផ្លូវ​ចេញ​ចូល​ដែល​ឥត​មាន​ច្បាប់​ហ្នឹង កុំ​ឲ្យ​ចេញ​ចូល​សេរី​លើ​ផ្លូវ​នេះ​ហ្មង ព្រោះ​អី​ដំបូង​ឡើយ ផ្លូវ​នេះ គឺ​ភ្លឺ​ស្រែ តែ​ឥឡូវ​ក្លាយ​ជា​ផ្លូវ​ម៉ូតូ​ដឹក​ទំនិញ​ចេញ​ចូល​ទាំង​យប់​ទាំង​ថ្ងៃ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​នេះ​ដេក​នៅ​មិន​បាន។ នៅ​ខាង​គេ (វៀតណាម) គឺ​ពិបាក គេ​មិន​ឲ្យ​យើង​ចេញ​ចូល​ជិះ​ម៉ូតូ​ពេល​យប់​កាត់​ភូមិ​គេ​នោះ​ទេ ព្រោះ​ខាង​គេ​មាន​សមត្ថកិច្ច​គេ​ដើរ​ល្បាត ហើយ​បើ​ខាង​ខ្មែរ​យើង​ដូចជា​មាន​កុងត្រូល​ជជុះ​អី​អ៊ីចឹង វៀតណាម ចូល​មក​បង់​ឲ្យ ១​ពាន់​ទៅ ២​ពាន់​រៀល​អ៊ីចឹង​ទៅ ឲ្យ​គេ​ចេញ​ចូល​តាម​សេរី​មួយ​យប់​ទល់​ភ្លឺ»

ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួលស្ដី ជាច្រើន​នាក់​ទៀត អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដែនដី និង​ប៉ូលិស​ការពារ​ព្រំដែន​កម្ពុជា ហាម​ឃាត់​ចំពោះ​ជនជាតិ​វៀតណាម ដែល​ចេញ​ចូល​ទឹក​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់​ទាំង​កណ្ដាល​អាធ្រាត្រ ក្នុង​បំណង​ការពារ​សុខ​សុវត្ថិភាព​របស់​ពួក​គាត់ ស្រប​តាម​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល​ផង។

បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម លេខ​១៨៩ ស្ថិត​ក្នុង​ភូមិ​ទួលស្ដី ឃុំ​ទួលស្ដី ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ក្បែរ​ផ្លូវ​ជនជាតិ​វៀតណាម ចេញ​ចូល​ទឹក​ដី​ខ្មែរ​រាល់​ថ្ងៃ។ រូបថត​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៥ RFA/Tha Kitya
បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម លេខ​១៨៩ ស្ថិត​ក្នុង​ភូមិ​ទួលស្ដី ឃុំ​ទួលស្ដី ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ក្បែរ​ផ្លូវ​ជនជាតិ​វៀតណាម ចេញ​ចូល​ទឹក​ដី​ខ្មែរ​រាល់​ថ្ងៃ។ រូបថត​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៥ RFA/Tha Kitya

ទន្ទឹម​គ្នា​នេះ ពួក​គាត់​បញ្ជាក់​ថា ប្រសិន​បើ​បិទ​ច្រក​របៀង​តូច​នេះ​តែ​ម្តង គឺ​រឹត​តែ​ល្អ សម្រាប់​ការ​រស់នៅ និង​ការ​ប្រកប​របរ​រក​ស៊ី​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

ទាក់ទិន​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អភិបាល​ស្រុក​ចន្ទ្រា លោក នួង រាំ និង​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង លោក កឹង ឃន បាន​ទេ​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ដោយ​លោក​ប្រាប់​ថា ជាប់​រវល់​ប្រជុំ។

ចំពោះ​ការ​ត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន លើក​ឡើង​ថា អាជ្ញាធរ​ខេត្ត​ស្វាយរៀង គួរ​តែ​យក​បញ្ហា​នេះ​ទៅ​ពិចារណា ព្រោះ​លោក​សង្កេត​ឃើញ​ថា ស្ទើរ​គ្រប់​ច្រក​ដែល​ជាប់​នឹង​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម ទាំងអស់ គឺ​អាជ្ញាធរ​ខ្មែរ​មាន​ការ​អនុវត្ត​ធូរ​លុង ចំពោះ​ការ​ចេញ​ចូល​របស់​ជនជាតិ​វៀតណាម ក្នុង​ស្រុក​ខ្មែរ។ លោក​លើក​ឡើង​ដែរ​ថា បញ្ហា​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម និង​ជីវភាព​ពលរដ្ឋ​ខ្មែរ ប្រសិន​បើ​កម្ពុជា មិន​អាច​គ្រប់គ្រង ឬ​ក្ដោប​ក្ដាប់​ស្ថានការណ៍​ចេញ​ចូល​របស់​អន្តោប្រវេសន៍​ខុស​ច្បាប់​បាន​ទេ​នោះ៖ «វៀតណាម ភាគ​ច្រើន គេ​មក​រក​ស៊ី​លក់​ដូរ​នៅ​ផ្សារ​ហ្មង បើ​សិន​ជា​បោះ​ដុំ​ឲ្យ​ខ្មែរ​យើង​លក់​មិន​អី​ទេ តែ​យើង​មើល​ឃើញ​ជាក់ស្តែង មក​លក់​ខ្លួន​ឯង ម៉ូតូ​ផ្លាក​លេខ​វៀតណាម អី​វៀតណាម មក​ហ្មង។ បើ​ការ​បិទ​ព្រំដែន ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​សេដ្ឋកិច្ច​យើង គឺ​ដូចជា​គ្មាន​ប៉ះពាល់​ទេ តែ​ខ្ញុំ​គិត​ថា ប៉ះពាល់​វៀតណាម ធ្ងន់ធ្ងរ​ជាង»

យ៉ាង​ណា​ក៏ដោយ មួយ​រយៈ​ចុង​ក្រោយ​នេះ ជនជាតិ​វៀតណាម ដែល​ចូល​មក​កម្ពុជា ខុស​ច្បាប់ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា ចាប់​បាន និង​បញ្ជូន​ត្រឡប់​ទៅ​វិញ​ជា​បន្តបន្ទាប់។

ទាក់ទង​បញ្ហា​នេះ​ដែរ មាត្រា​២៩ នៃ​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍​ចែង​ថា ជន​បរទេស​រូប​ណា​ដែល​គ្មាន​ការ​អនុញ្ញាត ហើយ​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​លប​លាក់ បន្លំ ឫ​ដោយ​ល្បិច​ផ្សេង​ទៀត ដែល​ផ្ទុយ​នឹង​បញ្ញត្តិ​នៃ​ច្បាប់​នេះ ត្រូវ​ផ្ដន្ទាទោស​ដាក់​គុក​ពី ៣​ខែ​ដល់ ៦​ខែ មុន​នឹង​ត្រូវ​បណ្ដេញ​ចេញ ត្រូវ​ផ្ដន្ទាទោស​ដូច​គ្នា​នឹង​ជនល្មើស ចំពោះ​ជន​ណា​ដែល​ផ្ដល់​ជំនួយ ឬ​ជួយ​លាក់​បាំង​ក្នុង​ការ​បញ្ចូល​ជន​បរទេស ដែល​គ្មាន​ការ​អនុញ្ញាត​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល