"កម្ពុជា​បាត់​ថវិកា​ជាង​១០០​លាន​ដុល្លារ​ក្នុង​​ឆ្នាំ​២០១៣​ពី​ផល​លំបាក​នៃ​ហិង្សា​លើ​កុមារ"

ដោយ ចេង ម៉េងជូ
2015-12-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កិច្ច​ប្រជុំ​បង្ហាញ​លទ្ធផល អំពី​បន្ទុក​សេដ្ឋកិច្ច​ចំពោះ​ផល​វិបាក​ផ្នែក​សុខភាព នៃ​អំពើ​ហិង្សា​លើ​កុមារ​ក្នុង​ប្រទេស​កម្ពុជា របស់​ក្រសួង​កិច្ចការ​នារី និង​អង្គការ​យូនីសេហ្វ(Unicef) នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥។
កិច្ច​ប្រជុំ​បង្ហាញ​លទ្ធផល អំពី​បន្ទុក​សេដ្ឋកិច្ច​ចំពោះ​ផល​វិបាក​ផ្នែក​សុខភាព នៃ​អំពើ​ហិង្សា​លើ​កុមារ​ក្នុង​ប្រទេស​កម្ពុជា របស់​ក្រសួង​កិច្ចការ​នារី និង​អង្គការ​យូនីសេហ្វ(Unicef) នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Cheng Mengchou

កម្ពុជា​ខាតបង់​ទឹកប្រាក់​យ៉ាង​ហោច​ណាស់ ១៦៨​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៣ ស្មើ​នឹង​១,១០% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប ដោយសារ​ផលវិបាក​ផ្នែក​សុខភាព​នៃ​អំពើ​ហិង្សា​លើ​កុមារ។

ទឹក​ប្រាក់​ខាតបង់​នេះ ត្រូវ​បាន​វាយតម្លៃ​ដោយ​ការ​សិក្សា​លើក​ដំបូង​បំផុត​របស់​ក្រសួង​កិច្ចការ​នារី សហការ​ជាមួយ​អង្គការ​យូនីសេហ្វ (UNICEF) ពី​បន្ទុក​សេដ្ឋកិច្ច​នៃ​អំពើ​ហិង្សា​លើ​កុមារ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ នេះ។

របាយការណ៍​ស្ដីពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ លើក​ឡើង​ថា ទឹក​ប្រាក់ ១៦៨​លាន​ដុល្លារ​អាមេរិក​ដែល​បាត់បង់​ក្នុង​ឆ្នាំ​២០១៣ គឺ​ជា​ផល​ប៉ះពាល់​អប្បបរមា​ប៉ុណ្ណោះ ព្រោះ​ថា ការ​សិក្សា​ផ្ដោត​ទៅ​លើ​តែ​ផលវិបាក​ផ្នែក​សុខភាព ដោយ​មិន​ទាន់​រាប់​បញ្ចូល​ការ​ខាត​បង់​លើ​ផ្នែក​ផ្សេងៗ​ទៀត ដូចជា​ការ​អប់រំ ឬ​ផ្នែក​ច្បាប់​នៅ​ឡើយ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី ចាត់​ទុក​ចំនួន​ទឹកប្រាក់​ដែល​ខាតបង់​នេះ​ថា ជា​ចំនួន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ លោកស្រី​មាន​ប្រសាសន៍​ថា លទ្ធផល​នៃ​ការ​សិក្សា​នេះ​ស​បញ្ជាក់​ពី​តម្រូវការ​ជា​បន្ទាន់​ក្នុង​ការ​វិនិយោគ​បន្ថែម​ទៀត​លើ​ប្រព័ន្ធ​ការពារ​កុមារ​ថ្នាក់​ជាតិ។

តំណាង​អង្គការ​យូណេសេហ្វ (UNICEF) ប្រចាំ​នៅ​កម្ពុជា អ្នកស្រី ដេបូរ៉ា កូមីនី (Debora Comini) មាន​ប្រសាសន៍​តាម​រយៈ​អ្នក​បក​ប្រែ​ថា លទ្ធផល​នៃ​ការ​សិក្សា​នេះ​គឺ​ជា​ភស្តុតាង​ដ៏​សំខាន់​មួយ​បង្ហាញ​ពី​ផល​ប៉ះពាល់​ដ៏​ធំធេង​នៃ​អំពើ​ហិង្សា​លើ​កុមារ​ទៅលើ​សេដ្ឋកិច្ច​ជាតិ៖ «ខ្ញុំ​គិត​ថា នេះ​ជា​ភស្តុតាង​មួយ​ដ៏​សំខាន់​ដែល​ស្ដែង​ចេញ​ពី​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ ពីព្រោះ​យើង​ចង់​ឲ្យ​កុមារ​រស់​នៅ​បាន​រួច​ចាក​ផុត​ពី​អំពើ​ហិង្សា​នានា​លើ​កុមារ ប៉ុន្តែ​កន្លង​មក យើង​អត់​ទាន់​មាន​ទិន្នន័យ​គ្រប់គ្រាន់​សម្រាប់​បង្ហាញ​ឲ្យ​ឃើញ​ជាក់​ស្ដែង​អំពី​វិសាលភាព​នៃ​អំពើ​ហិង្សា អំពី​ផល​ប៉ះពាល់​នៃ​អំពើ​ហិង្សា​មក​លើ​កុមារ​នេះ​ទេ កន្លង​មក​យើង​អត់​ទាន់​មាន​ទេ។ នេះ​ជា​លើក​ដំបូង​ដែល​យើង​មាន​ព័ត៌មាន​ជាក់​ស្ដែង ខ្ញុំ​គិត​ថា នេះ​គឺ​ជា​ភស្តុតាង​មួយ​ដ៏​សំខាន់»

អ្នកស្រី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ រួម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សហការ​គ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ហិង្សា​លើ​កុមារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល