តំណាង​កម្មករ​រោង​ចក្រ​ វ៉ា​យអូ​លែ​ត នាំគ្នា​លើក​បដា​តវ៉ា និង​ដាក់​ញត្តិ​ទាំង​ភ្លៀង នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន

ដោយ សុជីវី
2020-07-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្រុម​កម្មករ​រោងចក្រ វ៉ា​យអូ​លែ​ត អាប់​ភែ​រៀល (VIOLET APPAREL CAMBODIA CO​,.LTD​.) ជាង៣ រយ​នាក់ នាំគ្នា​ឈរ​លើក​បដា តវ៉ា ក្រោម​តំណក់​ទឹក​ភ្លៀង នៅមុខ​ខុទ្ទកាល័យ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វត្ត​បទុម​វត្តី នៅ​ព្រឹក​ថ្ងៃ​ទី២៩ កក្កដា ដើម្បី​ស្នើសុំ​អន្តរាគមន៍​រឿង​វិវាទ​ការងារ​ជាមួយ​ថៅកែ។

តំណាង​កម្មករ​ម្នាក់ លោកស្រី អ៊ុង ចាន់ធឿន ប្រាប់​ថា មន្ត្រី​ខុទ្ទកាល័យ​លោក ហ៊ុន សែន បាន​ទទួលយក​ញត្តិ ហើយ​សន្យា​ថា នឹង​ផ្ដល់​ដំណឹង ឲ្យ​តំណាង​កម្មករ​វិញ នៅ​ថ្ងៃ​ទី៣១ កក្កដា។

ក្នុង​ញត្តិ​ដាក់​ជូន លោក ហ៊ុន សែន ក្រុម​កម្មករ​រោង​ចក្រ​វ៉ាយអូលែ​ត ទាមទារ​ផលប្រយោជន៍​រួម ឲ្យ​កម្មករ​គ្រប់​រោងចក្រ គឺ ស្នើសុំ​លុបចោល​លិខិត​បំភ្លឺ​របស់​ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ការងារ ព្រោះ​លិខិត​នោះ ធ្វើឲ្យ​ខាត​ប្រយោជន៍​ស្របច្បាប់​របស់​កម្មករ ២ចំណុច គឺ​ប្រាក់​សោហ៊ុយ​ជំងឺចិត្ត និង​ប្រាក់​ជូនដំណឹង។ ក្រុម​កម្មករ បន្ត​ទាមទារ​ឲ្យ​បញ្ជូន​សំណុំរឿង​នេះ ទៅ​ដោះស្រាយ​នៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​វិញ ព្រោះ​កម្មករ​យល់ថា ក្រសួង​ការងារ លំអៀង​ទៅ​រក​ភាគី​ថៅកែ។

រោង​ចក្រ​វ៉ាយអូលែត​ស្ថិត​នៅ​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ ថៅកែ​រោងចក្រ ជា​ជនជាតិ​ចិន និង​មានកម្ម​ករ​សរុប​ជាង​មួយ​ពាន់ (.៣០០) នាក់ និង​កាត់ដេរ​សំលៀកបំពាក់​យីហោ ណៃ (Nike) ម៉ា​តា​លែន (Matalan) ខាធ័រ (Carther) និង ស៊ី អេន អេ (C&A)។ តំណាង​ថៅកែ​រោងចក្រ បាន​ប្រកាស​ក្ស័យធន កាលពី​ថ្ងៃទី០១ កក្កដា និង​មិនបាន​ទូទាត់​លុយ​អត្ថ​ប្រយោជន៍ ៥ចំណុច តាមច្បាប់​ការងារ ឲ្យ​កម្មករ ទើប​បណ្ដាលឲ្យ​ក្រុម​កម្មករ​ផ្ទុះ​ការ​តវ៉ា ចាប់​តាំង​ពី​ថ្ងៃ​ទី២ កក្កដា​មក។ ក្រុម​កម្មករ រំពឹង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដោះស្រាយ​បញ្ចប់​វិវាទ​នេះ ឲ្យឆាប់ ដើម្បី​ពួក​គេ ទទួល​បាន​លុយ​ត្រឹមត្រូវ​តាមច្បាប់ និង​ឆាប់​បាន​រក​ការងារ​ថ្មី​ធ្វើ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល