យុវជន​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​ដើម្បី​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ

ដោយ សាន សែល
2015-12-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន​ប្រមាណ ៥០០​នាក់​និង​អ្នក​ធ្វើ​ការងារ​ពាក់ព័ន្ធ​ជាមួយ​​យុវជន​មក​ជួប​ជជែក​គ្នា​ស្វែង​រក​ផែនការ​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​និរន្តរភាព ពិសេស​ចូល​រួម​កាត់​បន្ថយ​ភាព​ក្រីក្រ នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ នៅ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា ដើម្បី​អបអរ​សាទរ​ទិវា​អ្នក​ស្ម័គ្រ​ចិត្ត​ពិភពលោក។
យុវជន​ប្រមាណ ៥០០​នាក់​និង​អ្នក​ធ្វើ​ការងារ​ពាក់ព័ន្ធ​ជាមួយ​​យុវជន​មក​ជួប​ជជែក​គ្នា​ស្វែង​រក​ផែនការ​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​និរន្តរភាព ពិសេស​ចូល​រួម​កាត់​បន្ថយ​ភាព​ក្រីក្រ នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ នៅ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា ដើម្បី​អបអរ​សាទរ​ទិវា​អ្នក​ស្ម័គ្រ​ចិត្ត​ពិភពលោក។
RFA/San Sel

នៅ​សល់​មិន​ដល់​មួយ​ខែ​ទៀត​ទេ គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស (MDGs) នឹង​ផុត​រលត់​ហើយ។ រយៈពេល ១៥​ឆ្នាំ​ទៅ​មុខ ពោល​គឺ​ចាប់​ពី​ដើម​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០៣០ គោលដៅ​អភិវឌ្ឍន៍​និរន្តរភាព (SDGs) នឹង​ចូល​ខ្លួន​មក​ធ្វើ​ការ​បន្ត​ពី​គោលដៅ​ចាស់។ យ៉ាង​ក៏ដោយ គោល​បំណង​នៃ​គោលដៅ​ទាំង​ថ្មី ទាំង​ចាស់ គឺ​សុទ្ធតែ​ចង់​លុប​បំបាត់​ភាព​ក្រីក្រ​ឲ្យ​នៅ​កម្រិត​ទាប​បំផុត។ យុវជន និង​ភាគី​ដែល​ពាក់ព័ន្ធ​យល់​ឃើញ​ថា ការងារ​ស្ម័គ្រចិត្ត​ចូល​រួម​ចំណែក​បាន​ច្រើន​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ។

យុវជន​ប្រមាណ ៥០០​នាក់ រួម​នឹង​អ្នក​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​ជាមួយ​យុវជន មក​ជួប​ជជែក​គ្នា​ស្វែង​រក​ផែនការ​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​និរន្តរភាព ពិសេស​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ។ អ្នក​ដែល​ចូល​រួម​មួយ​ចំនួន​បាន​ថ្លែង​ថា ពួកគេ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​សម្រេច​នូវ​បេសកកម្ម​នេះ។

ការ​ជួបជុំ​គ្នា​ធ្វើ​ឡើង​រយៈពេល ២​ថ្ងៃ ពី​ថ្ងៃ​ទី​៤ ដល់​ទី​៥ ធ្នូ នៅ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា ដើម្បី​អបអរសាទរ​ទិវា​អ្នក​ស្ម័គ្រចិត្ត​ពិភពលោក។

​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​អភិវឌ្ឍ​យុវជន លោក ចឹក លីម មាន​ប្រសាសន៍​ថា មនុស្ស​គ្រប់គ្នា​អាច​ជួយ​គ្នា​ឲ្យ​រួច​ផុត​ពី​ភាព​អត់​ឃ្លាន និង​ភាព​ក្រីក្រ។ លោក​ថា ការងារ​ស្ម័គ្រចិត្ត​ផ្ដល់​ឱកាស​ដល់​គ្រប់​គ្នា ពិសេស​យុវជន​អាច​ជួយ​សង្គម​បាន ដោយ​ចំណាយ​ពេល​វេលា និង​កម្លាំង​តាម​លទ្ធភាព​គេ​រៀងៗ​ខ្លួន៖ «ការ​ស្ម័គ្រចិត្ត​របស់​គាត់​ហ្នឹង​ អាច​ចូល​រួម​តាម​រយៈ​ការ​បង្កើត​ជា​ក្លឹប​អាន​សម្រាប់​កុមារ​នៅ​តាម​តំបន់​ជនបទ ឬ​កុមារ​អនាថា។ អ៊ីចឹង​គាត់​អាច​ផ្ដល់​ក្លឹប​ពង្រឹង​នៃ​ការ​អាន​ និទាន​រឿង​ផ្សេងៗ តាមរយៈ​ការងារ​របស់​យុវជន​របស់​យើង​ហ្នឹង។ គាត់​អាច​លើក​កម្ពស់​នូវ​កម្រិត​នៃ​ការ​អាន​របស់​សិស្ស ជាពិសេស​ការ​អាន គាត់​អាច​សរសេរ។ អ៊ីចឹង​ចំណេះ​ដឹង និង​បទពិសោធន៍​ជា​ច្រើន​អាច​ធ្វើ​ឲ្យ​ជីវភាព​គាត់​ហ្នឹង​ប្រសើរ​ឡើង»

បើ​តាម​លោក ចឹក លីម បញ្ជាក់​ថា ការ​ចូល​រួម​ស្ម័គ្រចិត្ត​របស់​យុវជន អាច​ឲ្យ​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​យ៉ាង​ឆាប់រហ័ស។ លោក​ថា យុវជន​វ័យ​ចន្លោះ​ពី ១៥ ទៅ ៣០​ឆ្នាំ តំណាង​ឲ្យ ៣៣​ភាគរយ ឬ​៤,៥​លាន​នាក់ នៃ​ប្រជាជន​កម្ពុជា សរុប។

តំណាង​អង្គការ​សហប្រជាជាតិ​ផ្នែក​ការ​ស្ម័គ្រចិត្ត​ប្រចាំ​ប្រទេស​កម្ពុជា អ្នកនាង ស៊េយ៉ា អាតូណិន (Seija Attonen) ក៏​កំពុង​ធ្វើ​ការងារ​ស្ម័គ្រ​ជួយ​ប្រទេស​កម្ពុជា ផង​ដែរ។ គាត់​មក​ពី​ប្រទេស​ហ្វាំងឡង់។

អ្នកនាង ស៊េយ៉ា ផ្ដល់​តម្លៃ​ខ្ពស់​ចំពោះ​ការងារ​ស្ម័គ្រ​ចិត្ត​ដោយ​យល់​ឃើញ​ថា ការងារ​ស្ម័គ្រចិត្ត​ជា​ការ​ទទួល​ខុស​ត្រូវ​មួយ មិន​ត្រឹមតែ​គិតតែ​ពី​ជីវិត​ខ្លួន​ឯង​ផ្ទាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការងារ​មួយ​ដែល​បុគ្គល​ម្នាក់ៗ អាច​រួម​ចំណែក​ធ្វើ​ឲ្យ​អ្នក​ដទៃ​ដែល​នៅ​ជុំវិញ​ខ្លួន​បាន​ប្រសើរ​ឡើង​ផង​ដែរ៖ «ខ្ញុំ​យល់​ថា យុវជន​និង​ការងារ​ស្ម័គ្រ​ចិត្ត អាច​ជួយ​សង្គម​បាន​ច្រើន ដូច​ជា​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ យើង​មិន​អាច​កាត់​បន្ថយ​ភាព​ក្រីក្រ ដោយ​ធ្វើ​ការ​តែ​ម្នាក់​ឯង​បាន​ទេ។ យើង​ត្រូវ​ការ​​ចូល​រួម​ពី​គ្រប់​គ្នា ដូច​ជា​ការ​ផ្ដល់​ជា​គំនិត។ យើង​ត្រូវ​ធ្វើ​ការ​រួម​គ្នា។ ការងារ​ស្ម័គ្រចិត្ត​វា​សំខាន់​ណាស់​សម្រាប់​ធ្វើ​កិច្ចការ​នេះ»

​យុវជន ងិន សុភន ស្កាត់​មក​ពី​​ខេត្ត​សៀមរាប ដើម្បី​ចូល​រួម​ស្វែង​យល់​ពី​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​រយៈ​ការ​ធ្វើ​ការងារ​ស្ម័គ្រចិត្ត។ លោក សុភន ធ្លាប់​ស្ម័គ្រចិត្ត​ជួយ​ពន្យល់ និង​អប់រំ​ពី​បញ្ហា​សុខភាព​ដល់​ប្រជាជន​នៅ​តាម​ជនបទ។ លោក​ថា អ្វី​ដែល​លោក​បាន​ធ្វើ​នេះ បាន​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ៖ «ខ្ញុំ ​គិត​ថា វា​ចូល​រួម​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​ច្រើន ពីព្រោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​គាត់​មិន​បាន​ដឹង​ទៅ​តាម​ណា​មក​ណា។ បើ​យើង​បាន​ដឹង​ បាន​ជួយ​គាត់ ណែនាំ​គាត់​ពី​វិធីសាស្ត្រ​ទៅ​កាន់​កន្លែង​ទទួល​សេវា គឺ​គាត់​មិន​ចាំ​បាច់​ចំណាយ​ថវិកា និង​ពេល​វេលា​ច្រើន។ អ៊ីចឹង​ងាយ​ស្រួល​ដល់​ពួកគាត់ គឺ​កាត់​បន្ថយ​នូវ​ការ​ចំណាយ​ថវិកា​របស់​ពួកគាត់»

ស្រដៀង​នឹង​លោក សុភន ដែរ យុវតី អៀង សុភនេត្រា ដែល​ជា​និស្សិត​ឆ្នាំ​ទី​១ ផ្នែក​សិក្សា​អន្តរជាតិ​កំពុង​ស្ម័គ្រចិត្ត​ផ្ដល់​ព័ត៌មាន និង​ផ្សព្វផ្សាយ​ពី​គោលដៅ​អភិវឌ្ឍន៍​និរន្តរភាព​ដល់​យុវជន​ផ្សេង​ទៀត​ដែល​ចូលរួម​ក្នុង​ទិវា​អ្នក​ស្ម័គ្រចិត្ត​អន្តរជាតិ។

កញ្ញា នេត្រា ជឿ​ជាក់​ថា តាម​រយៈ​ការងារ​ដែល​គេ​កំពុង​ធ្វើ​នេះ យ៉ាង​ហោច​ណាស់​ក៏​អាច​ជួយ​កាត់​បន្ថយ​នូវ​ភាព​ក្រីក្រ​បាន​ខ្លះ​ចេញ​ពី​សង្គម​កម្ពុជា ដោយ​កញ្ញា​អាច​ពង្រឹង​សមត្ថភាព និង​ទទួល​បាន​បទពិសោធន៍​ដែល​អាច​ធ្វើ​ឲ្យ​កញ្ញា​រក​ការងារ​ធ្វើ​ក្រោយ​បញ្ចប់​ការ​សិក្សា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល