អាជ្ញាធរ​​ខណ្ឌ​​ចំការមន​សន្យា​ចុះ​ចេញ​ពី​តំណែង​បើ​មាន​ការ​បណ្ដេញ​អ្នក​នៅ​អគារ​បូឌីញ

ដោយ ខែ សុណង
2015-07-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ជ គឹមស៊ អភិបាល​រង​ខណ្ឌ​ចំការមន ថ្លែង​ក្នុង​វេទិកា​ជួប​ជាមួយ​ពលរដ្ឋ​រស់​នៅ​ក្នុង​អគារ​បូឌីញ នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៥។
លោក ជ គឹមស៊ អភិបាល​រង​ខណ្ឌ​ចំការមន ថ្លែង​ក្នុង​វេទិកា​ជួប​ជាមួយ​ពលរដ្ឋ​រស់​នៅ​ក្នុង​អគារ​បូឌីញ នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Rann Samnang

ប្រជាពលរដ្ឋ​ជាង ៣០០​នាក់ ក្នុង​ចំណោម ៥៤៧​គ្រួសារ រស់​នៅ​លើ​អគារ​បូឌិញ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ បាន​ជួប​ប្រជុំ​គ្នា​ត​ទល់​ចំពោះ​មុខ​អាជ្ញាធរ​ខណ្ឌ និង​មន្ត្រី​ជំនាញ​ភូមិបាល ក្នុង​វេទិកា​សាធារណៈ​នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា។ ការ​ជួប​ជុំ​គ្នា​នោះ ពលរដ្ឋ​ទាមទារ​ឲ្យ​អាជ្ញាធរ​ឆ្លើយ​ប្រាប់​អំពី​មូលហេតុ​នៃ​ការ​ជូន​ដំណឹង​ឲ្យ​ពួកគាត់​ចាកចេញ​ពី​លំនៅឋាន​បណ្ដោះ​អាសន្ន បន្ទាប់​ពី​អគារ​បូឌិញ មាន​ស្នាម​ប្រេះ​ស្រាំ ដោយ​ការ​សាងសង់​របស់​ក្រុមហ៊ុន​សង់​សណ្ឋាគារ​មួយ។

មន្ត្រី​អាជ្ញាធរ​ខណ្ឌ​ចំការមន សន្យា​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ថា នឹង​ចុះចេញ​ពី​តំណែង​បើ​សិន​ជា​មាន​ការ​បណ្ដេញ ឬ​ដោះដូរ​លំនៅឋាន​របស់​ពលរដ្ឋ​រស់នៅ​លើ​អាគារ​បូឌិញ។

អភិបាល​រង​ខណ្ឌ​ចំការមន លោក ជ គឹមស៊ ថ្លែង​នៅ​ថ្ងៃ​ទី​៣១ កក្កដា ថា លិខិត​ដែល​អាជ្ញាធរ​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ​ចាកចេញ​ពី​លំនៅឋាន​បណ្ដោះ​អាសន្ន​នោះ ក្នុង​បំណង​រំលឹក​ពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ការពារ​ប្រជាពលរដ្ឋ​ខ្លាច​មាន​គ្រោះថ្នាក់​កើត​ឡើង ដោយសារ​អគារ​បូឌិញ ​មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​មាន​ស្នាម​ប្រេះ​ស្រាំ មិន​មាន​ន័យ​ថា ឲ្យ​ពលរដ្ឋ​ចាកចេញ​ពី​លំនៅឋាន​នោះ​ទេ។

លោក ជ គឹមស៊៖ «អត់​មាន​ដេញ​អ៊ំ ពូ មីង ទេ ផ្ទះ​អ៊ំ ពូ មីង គឺ​ជា​ផ្ទះ​ អ៊ំ ពូ មីង អត់​មាន​នរណា​យក​ទេ។ លិខិត​ជូន​ដំណឹង​នេះ​មិនមែន​មាន​ន័យ​ថា ដេញ​​យក​អគារ​ហ្នឹង​ទេ។ គ្មាន​នរណា​អភិវឌ្ឍន៍​អី​ទេ។ ក្នុង​ករណី​មាន​នរណា​ម្នាក់​ទៅ​ដេញ យើង​ខ្ញុំ​ជា​អ្នក​ការពារ បើ​ការពារ​មិន​បាន​យើង​ខ្ញុំ​ចុះ​ចេញ​ពី​តំណែង ខ្ញុំ​ហាន​ធានា»

លោក ជ គឹមស៊ បញ្ជាក់​ទៀត​ថា ប្រជាពលរដ្ឋ​អាច​ជួសជុល និង​ថែទាំ​អគារ​ស្នាក់នៅ​របស់​ខ្លួន​បាន​ដោយ​ជូន​ដំណឹង​មក​អាជ្ញាធរ។ លោក​ថ្លែង​បែប​នេះ នៅ​ក្នុង​វេទិកា​សាធារណៈ​រវាង​អាជ្ញាធរ និង​ពលរដ្ឋ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ដែល​ជជែក​ជា​លើក​ទី​១ ចំពោះ​បញ្ហា​អគារ​បូឌិញ។

ពលរដ្ឋ​រស់​នៅ​ភូមិ​១ លើ​អគារ​បូឌិញ អ្នកស្រី ចេង រស្មី អតីត​បុគ្គលិក​ក្រសួង​ទូរគមនាគមន៍​មាន​ប្រសាសន៍​ថា ពលរដ្ឋ​ចង់​ដឹង​ពី​ការ​បញ្ជាក់​ច្បាស់លាស់​របស់​អាជ្ញាធរ​ទាក់ទង​ទៅ​នឹង​មូលហេតុ​ឲ្យ​ពួកគាត់​ចាកចេញ​ពី​លំនៅឋាន​បណ្ដោះ​អាសន្ន។

អ្នកស្រី​បញ្ជាក់​ថា គាត់​មាន​ក្ដី​ត្រេកអរ​ចំពោះ​ការ​អះអាង​របស់​អាជ្ញាធរ​ច្បាស់​លាស់​នៅ​ពេល​នេះ៖ «ខ្ញុំ​អរ​ណាស់! ឲ្យ​តែ​គោរព​តាម​ពាក្យ​សម្ដី​គាត់​ច្បាស់លាស់។ បើ​ថា សាលា​ក្រុង​ថា មាន​ឈ្មួញ​ចុះ​មក​ហើយ តើ​លោក​ពូ អ្នក​មីង ត្រូវ​ការ​លក់​ទេ ឬ​ក៏​ត្រូវ​លក់​យ៉ាង​ម៉េចៗ ក៏​ពួក​ខ្ញុំ​ព្រម​តាម​ដែរ លឺ​សូរ​តែ​អ៊ីចេះ អ៊ីចុះ»

កាល​ពី​រាត្រី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ នៅ​ពេល​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​សណ្ឋាគារ​មួយ កំពុង​ដំណើរការ​បុក​គ្រឹះ និង​កាយ​ដី ពលរដ្ឋ​នៅ​ទីនោះ​បាន​នាំ​គ្នា​ផ្អើល​ឈូឆរ​ទាំង​យប់ ដោយ​ជញ្ជូន​អីវ៉ាន់ និង​នាំ​កូន​ចៅ​ចាក​ចេញ​ពី​អគារ ហើយ​ពួកគាត់​អះអាង​ថា មាន​ផ្នែក​ខ្លះ​នៃ​អគារ​នេះ​បាន​ប្រេះស្រាំ។

អាជ្ញាធរ​បាន​ឲ្យ​ក្រុមហ៊ុន​នេះ​ផ្អាក​សកម្មភាព​សាងសង់​ដោយ​រង់ចាំ​ត្រួត​ពិនិត្យ​មើល​តាម​លក្ខណៈ​បច្ចេកទេស។

ទោះ​យ៉ាង​ណា​ភ្លាមៗ​នោះ ប្រជាពលរដ្ឋ​ចំនួន ៥២​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់ បាន​នាំ​គ្នា​ផ្ដិត​មេដៃ​ប្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន ប្រឆាំង​ចំពោះ​ការ​បន្ត​សាងសង់​នៅ​ការដ្ឋាន​ក្រុមហ៊ុន​ក្បែរ​អគារ​រស់នៅ​របស់​ពួកគាត់។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​ភូមិបាល​ខណ្ឌ​ចំការមន លោក យស់ វណ្ណា ថ្លែង​ថា បន្ទាប់​ពី​ទទួល​បាន​បណ្ដឹង​ពី​ពលរដ្ឋ​អាជ្ញាធរ​បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​ផ្អាក​សកម្មភាព​សង់​សណ្ឋាគារ​នោះ​ហើយ ដោយ​ឲ្យ​ក្រុមហ៊ុន​សុំ​ច្បាប់​អនុញ្ញាត​ឡើង​វិញ៖ «សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​មួយ​ឲ្យ​សំណង់​ហ្នឹង ធ្វើ​គ្រឹះ​ក្រោម​ដើម្បី​ការពារ​កុំ​ឲ្យ​ហូរ​ដី​ច្រោះ ខ្លាច​ប៉ះពាល់​អគារ​បងប្អូន»

ទោះ​ជា​យ៉ាង​ណា កាល​ពី​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​ខណ្ឌ​បាន​ចេញ​លិខិត​មួយ​ទៀត​ឲ្យ​ប្រជាពលរដ្ឋ​ចាក​ចេញ​ពី​លំនៅឋាន​បណ្ដោះអាសន្ន។ បញ្ហា​នេះ នាំ​ឲ្យ​ពលរដ្ឋ​ប្រតិកម្ម និង​ប្រកាន់​ជំហរ​ថា មិន​ចាក​ចេញ​ជា​ដាច់​ខាត និង​ធ្វើ​ឲ្យ​ពលរដ្ឋ​សង្ស័យ​ថា មាន​គម្រោង​វិនិយោគ​នៅ​ទីនោះ។

ពាក់ព័ន្ធ​បញ្ហា​នេះ ប្រធាន​សមាគម​ធាង​ត្នោត លោក អ៊ី សារ៉ុម មាន​ទស្សនៈ​ថា លោក​សាទរ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​អាជ្ញាធរ​នៅ​ពេល​នេះ ប៉ុន្តែ​ស្នើ​ឲ្យ​ក្រុមហ៊ុន​មាន​ភាព​ស្មោះត្រង់​ក្នុង​ការ​ផ្អាក​សកម្មភាព​សាងសង់​ដែល​នាំ​ឲ្យ​ប្រេះ​អគារ​ប៊ូឌិញ។

កាល​ពី​ចុង​ឆ្នាំ​២០១៤ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​អនុញ្ញាត​ឲ្យ​លោក ធី សំណាង និង​អ្នកស្រី ភូ ឈាលីន ជា​ប្ដី​ប្រពន្ធ​សាងសង់​សណ្ឋាគារ​ដែល​មាន​កម្ពស់ ១១​ជាន់ នៅ​ជាប់​អគារ​បូឌិញ ដែល​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន។ ភ្លាមៗ​នោះ​ដែរ ពលរដ្ឋ​ចំនួន ៥០០​នាក់ បាន​ប្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​សាងសង់​ទទួល​ខុស​ត្រូវ​ការ​ខូចខាត​ប្រេះស្រាំ​អគារ និង​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​កខ្វក់​ក្នុង​ករណី​ប៉ះពាល់​នៅ​ពេល​សាងសង់​នោះ​ម្ដង​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

K S

ពី PP

រាស្ត្រជាសរសរស្តម្ភសង្គម​​​មានរាស្ត្រមានជាតិ

Jul 31, 2015 06:03 AM

អ្នក​អាន​អនាមិក

ណែក ដល់ពេលប្រើក្បាច់ម៉ែចែកអោយហើយពេលនេះ បើមិនអញ្ចឹង​ទេ ចប់ទាំងចុងទាំងដើមហើយពួកយើងអាណ័ត្តិនេះ លេងៗសិនទៅ​ចាំបោះឆ្នោតហើយ ចាំគិតជាថ្មីទៀតពួកយើង។

Jul 31, 2015 03:56 AM

គេហទំព័រ​ទាំងមូល