ហេតុ​អ្វី​អ្នកស្រី មីស្ហ៊ែល អូបាម៉ា ជ្រើស​វិទ្យាល័យ​ប្រាសាទ​បាគង​ដើម្បី​ទស្សនកិច្ច?

ដោយ ហង្ស សាវយុត
2015-03-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី មីស៊្ហែល អូបាម៉ា សម្ដែង​ចិត្ត​អាណិតអាសូរ​ក្មេង​ស្រី​កម្ពុជា បន្ទាប់​ពី​ពួកគេ​បាន​និយាយ​រឿង​រ៉ាវ​តស៊ូ​ឧបសគ្គ និង​ការ​លំបាក​ជា​ច្រើន នា​វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង កាល​ពី​​ថ្ងៃ​២១ ខែ​មីនា ឆ្នាំ​២០១៥។
អ្នកស្រី មីស៊្ហែល អូបាម៉ា សម្ដែង​ចិត្ត​អាណិតអាសូរ​ក្មេង​ស្រី​កម្ពុជា បន្ទាប់​ពី​ពួកគេ​បាន​និយាយ​រឿង​រ៉ាវ​តស៊ូ​ឧបសគ្គ និង​ការ​លំបាក​ជា​ច្រើន នា​វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង កាល​ពី​​ថ្ងៃ​២១ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Hang Savyouth

ដំណើរ​ទស្សនកិច្ច​របស់ អ្នកស្រី មីស្ហ៊ែល អូបាម៉ា (Michelle Obama) ភរិយា​ប្រធានាធិបតី​នៃ​សហរដ្ឋ​អាមេរិក មក​កាន់​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា កន្លង​ទៅ គឺ​អ្នកស្រី​បាន​ជ្រើសរើស​យក​សាលា​វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង ចម្ងាយ ២០​គីឡូម៉ែត្រ​ភាគ​ខាង​កើត​ពី​ទីក្រុង​សៀមរាប ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​ក្មេង​ស្រី​ក្រីក្រ​ចំនួន ១០​នាក់។

នៅ​ទីនោះ អ្នកស្រី​បាន​បំពេញ​ទស្សនកិច្ច​រយៈពេល​ជាង​មួយ​ម៉ោង ដែល​អម​ដំណើរ​ដោយ​ស្ត្រី​ទី​១ នៃ​ប្រទេស​កម្ពុជា គឺ​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន។

មជ្ឈដ្ឋាន​មួយ​ចំនួន​មាន​ចម្ងល់​ដោយ​ចោទ​សួរ​ថា នៅ​ក្នុង​ក្រុង​សៀមរាប គឺ​មាន​សាលា​វិទ្យាល័យ និង​អនុវិទ្យាល័យ​ជាច្រើន ហេតុ​អ្វី​បាន​ជា អ្នកស្រី មីស្ហ៊ែល អូបាម៉ា ជ្រើស​រើស​យក​វិទ្យាល័យ​នៅ​ក្រៅ​ទីក្រុង ដើម្បី​ធ្វើ​ទស្សនកិច្ច​ទៅ​វិញ?

ក្រុម​គ្រូបង្រៀន និង​សិស្ស ជាច្រើន​នាក់​នៃ​វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង ក្នុង​ស្រុក​ប្រាសាទបាគង បាន​បង្ហាញ​អារម្មណ៍​ថា គេ​មាន​មោទនភាព​យ៉ាង​ខ្លាំង​ដោយសារ​តែ​ស្ត្រី​ទី​១​របស់​សហរដ្ឋ​អាមេរិក បាន​ជ្រើសរើស​យក​សាលា​របស់​ពួក​គេ​ធ្វើ​ជា​កន្លែង​ទស្សនកិច្ច​កន្លង​ទៅ។ ពួក​គេ​យល់​ថា ដំណើរ​ទស្សនកិច្ច​របស់​ភរិយា​ប្រធានាធិបតី​នៃ​សហរដ្ឋ​អាមេរិក មក​កាន់​កម្ពុជា លើក​ដំបូង គឺ​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ ហើយ​សាលា​របស់​គេ គឺ​ជា​សាលា​តែ​មួយ​គត់​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​មាន​មោទនភាព​បាន​ទទួល​ស្វាគមន៍ និង​មាន​សិស្ស​ស្រី​ខ្លះ​បាន​ជួប​ជជែក​ជាមួយ អ្នកស្រី មីស៊្ហែល អូបាម៉ា ទៀត​ផង។

តើ​មាន​កត្តា​សំខាន់​អ្វី​ខ្លះ ដែល​ធ្វើ​ឲ្យ​មន្ត្រី​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា ជ្រើសរើស​សាលា​វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង ដើម្បី​រៀបចំ​ទទួល​ដំណើរ​ទស្សនកិច្ច​របស់ អ្នកស្រី មីស្ហ៊ែល អូបាម៉ា ក្នុង​ពេល​ដែល​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត​សៀមរាប នោះ?

នាយក​វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង គឺ​លោក ស៊ិន សំណាង។ លោក​មាន​ប្រសាសន៍​ថា លោក​មិន​អាច​ពន្យល់​បាន​ទេ​ថា តើ​មូលហេតុ​អ្វី​ខ្លះ​ដែល​បណ្ដាល​ឲ្យ អ្នកស្រី មីស្ហ៊ែល អូបាម៉ា សម្រេច​ចិត្ត​ជ្រើស​យក​សាលា​របស់​លោក ដើម្បី​បំពេញ​ទស្សនកិច្ច​នោះ? លោក​នាយក​សាលា​ដដែល​បញ្ជាក់​ថា សាលា​វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង បាន​ចាប់​បង្ហាញ​ខ្លួន​នៅ​លើ​ទីតាំង​បច្ចុប្បន្ន​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣។ សាលា​នេះ មាន​ទីធ្លា​ធំ​ទូលាយ ដោយ​មាន​ម្លប់​ឈើ​ជាច្រើន​ត្រជាក់​ត្រឈឹងត្រឈៃ ព្រម​ទាំង​ការ​រៀបចំ​សួនច្បារ និង​ផ្លូវ​យ៉ាង​មាន​របៀប​រៀបរយ​គួរ​ឲ្យ​ចាប់​ចិត្ត។ លោក ស៊ិន សំណាង បញ្ជាក់​បន្ថែម​ថា ចាប់​តាំង​ពី​វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង បាន​បង្កើត​ឡើង​មក គឺ​សំណង់​អគារ​សិក្សា​ទាំងអស់​មិន​មែន​ជា​អំណោយ​ពី​សហរដ្ឋ​អាមេរិក ទេ។ អគារ​ខ្លះ ត្រូវ​ឪពុក​ម្ដាយ​សិស្ស និង​ប្រជាពលរដ្ឋ រួម​គ្នា​សាងសង់ ហើយ​អគារ​ខ្លះ​ទៀត​ជា​អំណោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​មូលនិធិ​សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ នៅ​សល់ ៤​អគារ​ទៀត គឺ​ជា​អំណោយ​របស់ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា។

សិស្សានុសិស្ស​រង់ចាំ​ស្វាគមន៍ អ្នកស្រី មីស៊្ហែល អូបាម៉ា (Michelle Obama) នៅ​វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥។ RFA/Hang Savyouth
សិស្សានុសិស្ស​រង់ចាំ​ស្វាគមន៍ អ្នកស្រី មីស៊្ហែល អូបាម៉ា (Michelle Obama) នៅ​វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥។ RFA/Hang Savyouth

លោក​នាយក​វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង យល់​ឃើញ​ថា ការ​ដែល​ស្ត្រី​ទី​១​របស់​សហរដ្ឋ​អាមេរិក អ្នកស្រី មីស្ហ៊ែល អូបាម៉ា សម្រេច​ចិត្ត​មក​ធ្វើ​ទស្សនកិច្ច​នៅ​សាលា​របស់​លោក ប្រហែល​ជា​មក​ពី​សាលា​នេះ​មាន​ដើម​ឈើ​ច្រើន ដែល​ជា​ផ្នែក​ជួយ​ការពារ​បរិស្ថាន និង​ប្រហែល​មក​ពី​អង្គការ​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក ធ្លាប់​ចេញ​ចូល​ផ្ដល់​ជំនួយ​នៅ​ទីនេះ​ដែរ៖ «ពាក់ព័ន្ធ​នឹង​អាមេរិក ប្រមាណ​ជា ៤ ឬ ៥​ឆ្នាំ​មុន មាន​គណៈ​ប្រតិភូ យូ.អេស.អេ.អាយ.ឌី (USAID) ជួយ​ទៅ​លើ​ការងារ​បច្ចេកទេស​មាន​ប្រព័ន្ធ​ទឹក មាន​ជា​សម្ភារៈ​ពិសោធន៍ ហើយ​មាន​ប្រតិភូ​អង្គការ រូម ធូ រីដ (Room to Read) មាន​ប្រតិភូ​នាយ​ទាហាន​ជើង​ទឹក ធ្លាប់​មក​ទស្សនកិច្ច​នៅ​សាលា​ខ្ញុំ»

បច្ចុប្បន្ន ក្រៅ​ពី​អង្គការ​ធំៗ​ខាង​លើ​ធ្លាប់​ផ្ដល់​ជំនួយ គឺ​សាលា​វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង ក៏​មាន​កិច្ច​សហការ​ជាមួយ​អង្គការ​មួយ​ទៀត​ឈ្មោះ អង្គការ​ថែរក្សា​ដើម្បី​កម្ពុជា ដើម្បី​ផ្ដល់​ជំនួយ​ខ្លះៗ​លើ​កម្មវិធី​ប្រចាំ​ថ្ងៃ។ អង្គការ​នេះ ក៏​មាន​ម្ចាស់​មូលនិធិ​ខ្លះ​ជា​ជនជាតិ​អាមេរិកាំង ដែរ។

ក្មេង​ស្រី​ក្រីក្រ ១០​នាក់ ដែល​អង្គការ រូម ធូ រីដ បាន​ផ្ដល់​អាហារូបករណ៍​ឲ្យ​បន្ត​ការ​សិក្សា​នៅ​ក្នុង​វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង នោះ គឺ​ជា​អ្នក​ដែល​មាន​វាសនា​បាន​ជួប​សន្ទនា​ជាមួយ អ្នកស្រី មីស្ហ៊ែល អូបាម៉ា ក្នុង​ចំណោម​សិស្ស​ស្រី​ជាង ១​លាន ៥​សែន​នាក់​ផ្សេង​ទៀត​ដែល​កំពុង​រៀន​នៅ​ទូទាំង​ប្រទេស។

ក្មេង​ស្រី វាន សុហាង អាយុ ១៩​ឆ្នាំ រៀន​នៅ​ថ្នាក់​ទី​១២​ក គឺ​សិស្ស​ក្រីក្រ​ម្នាក់​ក្នុង​ចំណោម​សិស្ស​ស្រី ៩​នាក់​ផ្សេង​ទៀត​ដែល​ជួប​ជាមួយ អ្នកស្រី មីស្ហ៊ែល អូបាម៉ា។ នាង​បង្ហាញ​មោទនភាព ដោយ​មិន​នឹក​ស្មាន​ថា​មាន​វាសនា​បាន​ជួប​ជជែក​ជាមួយ​ស្ត្រី​ទី​១ របស់​សហរដ្ឋ​អាមេរិក ដូច្នេះ​ទេ។ នាង​ត្រេកអរ​ជា​ខ្លាំង​នៅ​ពេល​សាលា​តម្រូវ​ឲ្យ​ជួប​ជាមួយ អ្នកស្រី​ភរិយា​របស់​លោក​ប្រធានាធិបតី​នោះ ហើយ​ការ​ជួប​ជាមួយ អ្នកស្រី មីស្ហ៊ែល អូបាម៉ា ហាក់​ដូចជា​ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​នាង​កាន់​តែ​ចង់​បន្ត​ការ​សិក្សា​ទៅ​ថ្នាក់​ខ្ពស់​ទៀត ដោយ​មិន​ត្រូវ​បោះ​បង់​ចោល​ការ​សិក្សា​ឡើយ៖ «ដក់​ជាប់​ក្នុង​អារម្មណ៍​ខ្ញុំ​នៅ​ពេល​ដែល អ្នកស្រី មីស្ហ៊ែល គាត់​និយាយ​ថា​ទោះ​បី​ជា​យើង​ពិបាក​ប៉ុណ្ណា គឺ​យើង​កុំ​បោះ​បង់​ចោល​ការ​សិក្សា​ឲ្យ​សោះ»

វាន សុហាង ចាត់​ទុក​ថា សម្ដី​ផ្ដែផ្ដាំ​ដ៏​កម្រ​នេះ គឺ​ប្រៀប​បាន​នឹង​គ្រាប់​ពេជ្រ​ដែល​នាង​ត្រូវ​តែ​រក្សា​ទុក​កុំ​ឲ្យ​បាត់​សម្រាប់​ជួយ​ខ្លួន​នាង និង​ក្មេង​ស្រី​ជាច្រើន​ទៀត។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នៃ​ប្រទេស​កម្ពុជា លោក ហង់ ជួនណារ៉ុន មាន​ប្រសាសន៍​ថា ថ្វី​ត្បិត​តែ អ្នកស្រី មីស្ហ៊ែល អូបាម៉ា ជ្រើស​រើស​យក​វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង តែ​មួយ​ដើម្បី​ជួប​សិស្ស​ស្រី ១០​នាក់​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច ក៏ប៉ុន្តែ​នេះ គឺ​ជា​ការ​ទទួល​ស្គាល់​របស់​ស្ត្រី​ទី​១ នៃ​សហរដ្ឋ​អាមេរិក ចំពោះ​វឌ្ឍនភាព​នៅ​កម្ពុជា។ លោក ហង់ ជួនណារ៉ុន បញ្ជាក់​ថា សិស្ស​ស្រី ១០​នាក់​ដែល​ជួប​ជាមួយ អ្នកស្រី មីស្ហ៊ែល អូបាម៉ា នោះ អាច​ចាត់​ទុក​ជា​តំណាង​សិស្ស​នៅ​ទូទាំង​ប្រទេស​ចំនួន ៣​លាន​នាក់៖ «ជា​ការ​ពិត​លោក​ជំទាវ អូបាម៉ា មិន​អាច​ជួប​សិស្ស​ទាំងអស់​បាន​ទេ ប៉ុន្តែ​គឺ​ជួប​តំណាង ហើយ​តំណាង​នេះ គឺ​តាម​រយៈ​សាលា​ដែល​អង្គការ យូ.អេស.អេ.អាយ.ឌី ជួយ​ក៏ដូចជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេង​ទៀត រូម ធូ រីដ ក៏ដូចជា​អង្គការ ខារីង ហ្វ័រ ខេមបូឌា (Caring for Cambodia) ដែល​អង្គការ​ទាំង​នោះ​មក​ពី​សហរដ្ឋ​អាមេរិក»

មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ឲ្យ​ដឹង​ថា រយៈពេល ៣-៤​ឆ្នាំ​មក​នេះ សហរដ្ឋ​អាមេរិក បាន​ផ្ដល់​ការ​គាំទ្រ​ចំពោះ​ការ​អប់រំ​នៅ​កម្រិត​បឋម​សិក្សា និង​កម្រិត​មធ្យម​សិក្សា​បឋម​ភូមិ​នៅ​ប្រទេស​កម្ពុជា ដោយ​ផ្ដល់​ជំនួយ​ជា​ទឹក​ប្រាក់​ប្រមាណ ២០​លាន​ដុល្លារ តាម​រយៈ​អង្គការ​ស្បៀង​អាហារ​ពិភពលោក ដើម្បី​ធ្វើ​អាហារ​ពេល​ព្រឹក​សម្រាប់​ក្មេងៗ។

ជំនួយ​របស់​សហរដ្ឋ​អាមេរិក ទៅ​លើ​ម្ហូប​អាហារ និង​កែលំអ​ទៅ​លើ​ការ​បង្រៀន​ជាដើម​នោះ គឺ​ក្នុង​គោល​បំណង​ជំរុញ​ក្មេង​កម្ពុជា ទាំងអស់ ទាំង​ប្រុស ទាំង​ស្រី ឲ្យ​បាន​ចូល​រៀន​គ្រប់​គ្នា ដើម្បី​ឲ្យ​កម្ពុជា បាន​ធ្វើ​កំណែ​ទម្រង់​វិស័យ​អប់រំ​កាន់​តែ​ប្រសើរ​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

I'm sick and tired to see everything names Hun Sen.

Mar 27, 2015 09:15 AM

គេហទំព័រ​ទាំងមូល