សមាជិក​ក្រុមប្រឹក្សា​ស្រុក​មេមត់​ស្នើ​អាជ្ញាធរ​ចាត់​វិធានការ​អ្នក​បាញ់​សម្លាប់​សត្វ​ខ្ទីង

ដោយ សូត សុខប្រាថ្នា
2015-06-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្បាល​សត្វ​ខ្ទីង​ដែល​ពលរដ្ឋ​នៅ​ភូមិ​កំពៃ ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ថា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឃុំ​រំចេក កាត់​ក្បាល​ក្រោយ​ពេល​ខ្ទីង​នោះ​ត្រូវ​បាន​គេ​បាញ់​ជិត ២០​គ្រាប់ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៥។
ក្បាល​សត្វ​ខ្ទីង​ដែល​ពលរដ្ឋ​នៅ​ភូមិ​កំពៃ ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ថា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឃុំ​រំចេក កាត់​ក្បាល​ក្រោយ​ពេល​ខ្ទីង​នោះ​ត្រូវ​បាន​គេ​បាញ់​ជិត ២០​គ្រាប់ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៥។
Photo Provided

សមាជិក​ក្រុមប្រឹក្សា​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ បើក​ការ​ស៊ើប​អង្កេត និង​ចាត់​វិធានការ​លើ​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រំចេក។ ការ​ស្នើ​នេះ បន្ទាប់​ពី​ពួក​គេ​សង្ស័យ​ថា មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ គឺ​មាន​ពាក់ព័ន្ធ​ករណី​បាញ់​សត្វ​ខ្ទីង​មួយ​ក្បាល​កាល​ពី​ពេល​ថ្មីៗ​នេះ។ យ៉ាង​ណា សមត្ថកិច្ច​ថា​ពួក​គេ​កំពុង​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ។

សមាជិក​ក្រុមប្រឹក្សា​ស្រុក​មេមត់ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ យល់​ថា ករណី​បាញ់​សម្លាប់​សត្វ​ខ្ទីង​មួយ​ក្បាល គឺ​ជា​រឿង​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់។ លើស​ពី​នេះ គឺ​រឹតតែ​ធ្ងន់ធ្ងរ​ថែម​ទៀត ប្រសិន​បើ​ការ​សង្ស័យ​របស់​ពលរដ្ឋ​លើ​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ក្នុង​ឃុំ គឺ​ជា​ការ​ពិត​នោះ។

សមាជិក​ក្រុមប្រឹក្សា​ស្រុក​មេមត់ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សំអាន មាន​ប្រសាសន៍​ថា បញ្ហា​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​គប្បី​ចាត់​វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព​លើ​អ្នក​ប្រព្រឹត្តិ ជៀសវាង​ធ្វើ​ឲ្យ​កើត​មាន​បញ្ហា​នេះ​បន្ត​ទៀត​នៅ​ថ្ងៃ​ខាង​មុខ៖ «ព្រោះ​ខ្ទីង​ហ្នឹង​ត្រូវ​បាន​គេ​អភិរក្ស ហើយ​យើង​បាញ់​សម្លាប់​ហ្នឹង ធ្វើ​ឲ្យ​បាត់បង់ ដែល​ធ្វើ​ឲ្យ​ល្មើស​នឹង​ច្បាប់ ហើយ​អ្នក​ប្រព្រឹត្ត​ហ្នឹង គឺ​ជា​កម្លាំង​ប្រដាប់​អាវុធ​ទៀត»

សត្វ​ខ្ទីង​មួយ​ក្បាល​មាន​ទំហំ​ប៉ុន​ក្របី ដែល​អ្នក​ភូមិ​កំពៃ ឃុំ​រំចេក សង្ស័យ​ថា បាន​រត់​បែក​ហ្វូង​ចេញ​មក​ពី​ព្រៃ​ក្នុង​ខេត្ត​ក្រចេះ មក​រស់នៅ​ក្នុង​ព្រៃ​រនាម​ក្នុង​ភូមិ​កំពៃ។ សត្វ​ខ្ទីង​មួយ​ក្បាល​នោះ ត្រូវ​បាន​គេ​បាញ់​ប្រមាណ​ជិត ២០​គ្រាប់​កាល​ពី​ថ្ងៃ​ទី​២១ មិថុនា នៅ​ចំណុច​ត្រពាំង​ផ្ដៅ។

ទាក់ទង​បញ្ហា​នេះ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​រំចេក លោក ឡាង សាវ៉ុន មិន​បាន​ឆ្លើយ​តប​យ៉ាង​ណា​ទេ ដោយ​លោក​ថា ទូរស័ព្ទ​ស្តាប់​គ្នា​មិន​បាន ក្រោយ​មក​ក៏​បិទ​ទូរស័ព្ទ​តែ​ម្តង។

សត្វ​ខ្ទីង​ជា​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ​នៅ​កម្ពុជា។ ច្បាប់​ព្រៃ​ឈើ​ឆ្នាំ​២០០២ មាត្រា​៩៨ ចែង​ពី​ទោស​ទណ្ឌ​នៃ​ការ​បរបាញ់​សត្វ​ព្រៃ គឺ​ត្រូវ​ផ្ដន្ទាទោស​ពី ១​ឆ្នាំ​ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ទៅ ១០០​លាន​រៀល។ បទល្មើស​ទាំង​នោះ​រួម​មាន បរបាញ់​ក្នុង​រដូវ​កាល​ហាម​ឃាត់ ឬ​ក្នុង​តំបន់​ការពារ បរបាញ់​សត្វ​ព្រៃ​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម ឬ​នាំ​ចេញ​ប្រភេទ​សត្វ​កម្រ និង​ការ​បរបាញ់​សត្វ​ព្រៃ​ទាំងឡាយ​ណា ដោយ​ប្រើ​មធ្យោបាយ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ជីវសាស្ត្រ​របស់​សត្វ។ ចំណែក​មាត្រា​១០០ គឺ​ចែង​ពី​ទោស​ទណ្ឌ​ដល់​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ មន្ត្រី​អាជ្ញាធរ​ដែនដី និង​មន្ត្រី​ផ្សេងៗ​ទៀត ដែល​ប្រព្រឹត្ត​បទល្មើស គឺ​មាន​ស្ថាន​ទម្ងន់​ទោស​ដូច​គ្នា​ទៅ​នឹង​មាត្រា​៩៨ ដែរ។

ទាក់ទង​បញ្ហា​នេះ អធិការ​នគរបាល​ស្រុក​មេមត់ លោក ប៉េង អេងហាក់ មាន​ប្រសាសន៍​ថា សំណុំ​រឿង​នេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ដោយ​លោក​មិន​ទាន់​ដឹង​ថា​មាន​អ្នក​ណា​ខ្លះ​ពាក់ព័ន្ធ​ទេ។

យ៉ាង​ណា ប្រជាពលរដ្ឋ​ម្នាក់​នៅ​ភូមិ​កំពៃ ដែល​បាន​ឃើញ​សកម្មភាព​នោះ លោក ជិន ស៊ុយ អះអាង​ថា លោក​បាន​ឃើញ​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍ និង​ជំនួយការ​របស់​គេ​ម្នាក់​នៅ​ក្នុង​ហេតុការណ៍ ហើយ​គេ​ថែម​ទាំង​ប្រាប់​គាត់​ថា បាន​ប្រើ​គ្រាប់​កាំភ្លើង​ជិត ២០​គ្រាប់ (១៧) ដើម្បី​សម្លាប់​សត្វ​ខ្ទីង​នោះ រហូត​ធ្វើ​ឲ្យ​អ្នក​ភូមិ​ភ្ញាក់ផ្អើល​ទៀត​ផង។ ក្រោយ​មក ក៏​ឃើញ​វត្តមាន​មេ​ប៉ុស្តិ៍​ចូល​ទៅ។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្លះ​ក៏​ទទួល​បាន​ចំណែក​សាច់​សត្វ​ខ្ទីង​ខ្លះ​ដែរ។ ដោយឡែក​លោក​វិញ មិន​ព្រម​យក​ទេ ដោយ​យល់​ថា ជា​ប្រភេទ​សត្វ​កម្រ​ដែល​ជិត​ផុត​ពូជ និង​ខ្លាច​មាន​បញ្ហា​ផង។ ជាង​នេះ​ទៀត លោក​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​ការ​សម្លាប់​សត្វ​ដ៏​កម្រ​មួយ​នេះ៖ «ការងារ​សោកស្ដាយ​នេះ ខ្ញុំ​ចង់​ឲ្យ​លោក​អ្នក​អភិរក្ស​ព្រៃ​ឈើ សត្វ​ទាំងអស់​នេះ ការពារ​ថែ​រក្សា​ឲ្យ​មុតមាំ​បន្តិច​ទៀត​ផង ព្រោះ​គ្នា​នៅ​សល់​ខ្លះ​ដែល​បាទ»

សមាជិក​ក្រុមប្រឹក្សា​ស្រុក​ដដែល​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​កើត​ហេតុ​បាន​ប៉ុន្មាន​ថ្ងៃ គឺ​មាន​ក្រុម​អភិរក្ស​សត្វ​ព្រៃ និង​មន្ត្រី​ពាក់ព័ន្ធ បាន​ចុះ​ទៅ​ស្រាវជ្រាវ​លើ​បញ្ហា​នេះ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​ដំណើរ​ការ​ស៊ើប​អង្កេត​នោះ​យ៉ាង​ណា​ទេ។

ទាក់ទិន​ករណី​នេះ មន្ត្រី​ក្រុម​អន្តរាគមន៍​បង្ក្រាប​សត្វ​ព្រៃ​ចល័ត​របស់​រដ្ឋបាល​ព្រៃ​ឈើ សហការ​ជាមួយ​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ​ម្នាក់​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ចុះ​ទៅ​ប្រមូល​ព័ត៌មាន រួម​នឹង​ភស្តុតាង​ផង គឺ​ពិត​ជា​មាន​ករណី​បាញ់​សម្លាប់​សត្វ​ខ្ទីង​នោះ​ប្រាកដ​មែន។ ហើយ​ពួក​គេ​គ្រោង​នឹង​បញ្ជូន​របាយការណ៍​ទៅ​តុលាការ​ខេត្ត​កំពង់ចាម ​នៅ​ថ្ងៃ​ទី​២៩ មិថុនា ដោយ​ដាក់​ការ​សង្ស័យ​ថា មាន​មន្ត្រី​រដ្ឋបាល​នគរបាល​ប៉ុស្តិ៍​ឃុំ​រំចេក ជាច្រើន​នាក់​ពាក់ព័ន្ធ​រឿង​នេះ៖ «បើ​និយាយ​ពី​ចំនួន​សត្វ​ខ្ទីង​នៅ​ស្រុក​ខ្មែរ​នៅ​មាន​ចំនួន​តិច ហើយ​មាន​ការ​បាញ់​សម្លាប់​អ៊ីចឹង គឺ​មាន​ការ​បាត់បង់​ណាស់»

មន្ត្រី​ដដែល​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​សត្វ​ខ្ទីង ដែល​ជា​ប្រភេទ​សត្វ​កម្រ​មួយ​ក្បាល​នេះ។ លោក​ស្នើ​ឲ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​សហការ​គ្នា​ដើម្បី​ចាត់​វិធានការ​លើ​បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់លាស់ និង​មាន​ប្រសិទ្ធភាព ជៀសវាង​ធ្វើ​ឲ្យ​ការ​បរបាញ់​សត្វ​ព្រៃ​បែប​កម្សាន្ត និង​បែប​ធ្វើ​ពាណិជ្ជកម្ម នៅ​តែ​កើត​មាន​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

ដើមត្នោត

គួរឲ្យស្តាយសត្វកម្រនេះ ។

Jun 29, 2015 06:41 AM

គេហទំព័រ​ទាំងមូល