ស្ត្រី​ខ្មែរ​ពីរ​នាក់​ដែល​ចាញ់​បោក​មេ​ខ្យល់​រៀបការ​ទៅ​ចិន​មក​ដល់​កម្ពុជា​ប៉ុន្តែ​ត្រូវ​បាត់​ខ្លួន

ដោយ សូត សុខប្រាថ្នា
2015-01-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ត្រី​ខ្មែរ​ដែល​ចាញ់​បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤។
ស្ត្រី​ខ្មែរ​ដែល​ចាញ់​បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Saut Sokprathna

ស្ត្រី​រងគ្រោះ​ពីរ​នាក់​នៅ​ខេត្ត​កំពង់ចាម ដែល​ចាញ់​បោក​មេ​ខ្យល់​ទៅ​រៀបការ​ប្ដី​នៅ​ប្រទេស​ចិន បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤ កន្លង​មក​នេះ ប៉ុន្តែ​ត្រូវ​បាន​បាត់​ខ្លួន​មិន​ដឹង​ទៅ​ទីណា ហើយ​ក្រុម​គ្រួសារ​រក​មិន​ឃើញ។ បច្ចុប្បន្ន ក្រុម​គ្រួសារ​កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍​ម្តង​ទៀត​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ស្វែងរក​ស្ត្រី​ទាំង​ពីរ​នាក់​នោះ។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ខេត្ត​កំពង់ចាម បាន​បញ្ជូន​របាយការណ៍​ទៅ​ទីស្នាក់ការ​កណ្ដាល​របស់​ខ្លួន ដើម្បី​ចាត់​វិធានការ​លើ​ករណី​ស្ត្រី​ពីរ​នាក់​នៅ​ខេត្ត​កំពង់ចាម ដែល​បាន​បាត់​ខ្លួន​នៅ​ពេល​ត្រឡប់​ពី​ប្រទេស​ចិន កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤។

មន្ត្រី​សម្រប​សម្រួល និង​ជា​អ្នក​ទទួល​បន្ទុក​ផ្នែក​ស្ត្រី និង​កុមារ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​កំពង់ចាម អ្នកស្រី ធីម ណារីន មាន​ប្រសាសន៍​ថា សំណើ​របស់​ជន​រងគ្រោះ គឺ​ខាង​អ្នកស្រី​បាន​បញ្ជូន​ទៅ​អាដហុក នៅ​ភ្នំពេញ​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​ទទួល​ដំណឹង​ឆ្លើយ​តប​វិញ​ទេ៖ «ហើយ​ក្នុង​នោះ​ក៏​បាន​ស្នើសុំ​ជា​ករណី​បន្ទាន់​ផង​ដែរ​ដល់​ផ្នែក​ស្ត្រី​នៅ​ភ្នំពេញ ដើម្បី​ស្វែងរក​ស្ត្រី​ដែល​បាត់​ខ្លួន​នៅ​ភ្នំពេញ»

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤ ក្រសួង​ការ​បរទេស​ខ្មែរ បាន​បញ្ជូន​ស្ត្រី​ខ្មែរ ៦​នាក់​ពី​ប្រទេស​ចិន មក​ដល់​ភ្នំពេញ ក្នុង​នោះ​ស្ត្រី​ពីរ​នាក់​នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ម្នាក់​ឈ្មោះ ឡុង ដារ៉ា ឬ សម ស្រីនាថ អាយុ ៤១​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ នុន ធារី អាយុ ២២​ឆ្នាំ មក​ជាមួយ​គ្នា ប៉ុន្តែ​ពេល​ក្រុម​គ្រួសារ​ទៅ​ទទួល គឺ​មិន​បាន​ជួប​ទេ ក្រោយ​មក​ក៏​បាត់​ដំណឹង​រហូត។ អ្នកស្រី ធីម ណារីន យល់​ថា ករណី​នេះ​អាច​មាន​កត្តា​ពីរ​នៅ​ពី​ក្រោយ​ការ​បាត់​ខ្លួន។ ទី​មួយ កត្តា​ស្ត្រី​ទាំង​ពីរ​នាក់​នោះ​ចង់​លាក់​ខ្លួន​នៅ​ភ្នំពេញ មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង ព្រោះ​គេចវេះ​ពី​ភាព​ខ្មាស​អៀន​របស់​ខ្លួន និង​កត្តា​មួយ​ទៀត គឺ​អាច​មាន​ជន​ឆក់​ឱកាស​នាំ​យក​ស្ត្រី​ទាំង​ពីរ​នាក់​ទៅ​លក់​ដូរ​បន្ត។ ក្រុម​គ្រួសារ​អ្នក​ទាំង​ពីរ កំពុង​បារម្ភ​ចំពោះ​ការ​បាត់​ខ្លួន​នេះ។ ពួក​គាត់​បាន​ប្ដឹង​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ជួយ​ស្វែងរក​សមាជិក​គ្រួសារ​របស់​ពួក​គេ។

ពលរដ្ឋ​នៅ​ឃុំ​អំពិល ស្រុក​កំពង់សៀម លោក អឿន ពិសិដ្ឋ ត្រូវ​ជា​កូន​ប្រុស អ្នកស្រី ឡុង ដារ៉ា ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤ លោក​មើល​ទូរទស្សន៍​ក្នុង​ស្រុក​ឃើញ​ម្តាយ​របស់​ខ្លួន​បាន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ហើយ ប៉ុន្តែ​នៅ​ពេល​ពូ​លោក​ទៅ​ទទួល​នៅ​ទីនោះ គឺ​មិន​បាន​ជួប​ឡើយ។ លោក​បន្ត​ថា រហូត​មក​ដល់​បច្ចុប្បន្ន ក្រុម​គ្រួសារ​កំពុង​បារម្ភ​ជា​ខ្លាំង ព្រោះ​ខ្លាច​ក្រែង​ចាញ់​បោក​គេ​បន្ត​ទៀត៖ «ជួយ​ឲ្យ​បាន​រក​ឃើញ​ម្តាយ​ខ្ញុំ​ឆាប់ៗ​ផង ពីព្រោះ​ខ្ញុំ​នឹក​ណាស់​បាត់​ទៅ គឺ​ប៉ុន្មាន​ខែ​ហើយ»

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ខ្មែរ លោក កុយ គួង មាន​ប្រសាសន៍​ថា ករណី​នេះ​អាច​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​ជន​រងគ្រោះ​ទាំង​ពីរ​នាក់ ដែល​មិន​ហ៊ាន​ប្រឈម​មុខ​នឹង​ភាព​ខ្មាស​អៀន ហើយ​ចង់​ទៅ​រស់នៅ​កន្លែង​ណា​មួយ​ដែល​គ្មាន​អ្នក​ដឹង។ ដោយ​ឡែក​តួនាទី​ខាង​ក្រសួង​ការ​បទេស មាន​ភារកិច្ច​ជួយ​សង្គ្រោះ​ពួក​គាត់​ពី​ក្រៅ​ប្រទេស ហើយ​តួនាទី​រឿង​នេះ​បន្ត គឺ​ខាង​អាជ្ញាធរ​ក្រសួង​មហាផ្ទៃ៖ «បើ​សិន​ជា​ច្បាស់​ថា​គាត់​មក​ដល់​ព្រលាន​ហើយ គេ​ទៅ​យក​ព័ត៌មាន​ឃើញ​ច្បាស់​ថា​គាត់​មក​ហើយ មាន​ន័យ​ថា គាត់​មក​ដល់​ហើយ។ ហើយ​រឿង​គាត់​ទៅ​ណា​ផ្សេង​ទៀត ខ្ញុំ​អត់​យល់​ទេ ព្រោះ​ក្រសួង​ការ​បរទេស តាម​រយៈ​ស្ថានទូត យើង​ធ្វើ​ម៉េច​ជួយ​គាត់​ពី​ប្រទេស​ចិន ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ»

យ៉ាង​ណា ក្រុម​គ្រួសារ​ជន​រងគ្រោះ​គ្រោង​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ក្រសួង​មហាផ្ទៃ តាម​រយៈ​អាជ្ញាធរ​ខេត្ត និង​ដាក់​ទៅ​នាយកដ្ឋាន​ជួញ​ដូរ​មនុស្ស​បន្ថែម​ទៀត ជុំវិញ​ករណី​បាត់​ខ្លួន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល