កម្មករ​រោងចក្រ​ចំនួន​២ នៅ​ក្រុង​តាខ្មៅ ទទូច​ឱ្យ​អាជ្ញាធរ​ពន្លឿន​ដោះស្រាយ​ក្រោយ​សន្យា​ពី​សប្ដាហ៍​មុន

ដោយ ហេង រស្មី
2020-07-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អភិបាលខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ថ្លែង​ក្នុង​ពិធី​ជួបជុំ​ដោះស្រាយ ក្រោយពលរដ្ឋ​ឃុំ​ព្រែកអញ្ចាញ​ជា​ច្រើន​រយ​នាក់ នាំគ្នា​តវ៉ា​បិទ​ផ្លូវជាតិ​លេខ​៦​អា ជាង​៣​ម៉ោង នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២០។
អភិបាលខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ថ្លែង​ក្នុង​ពិធី​ជួបជុំ​ដោះស្រាយ ក្រោយពលរដ្ឋ​ឃុំ​ព្រែកអញ្ចាញ​ជា​ច្រើន​រយ​នាក់ នាំគ្នា​តវ៉ា​បិទ​ផ្លូវជាតិ​លេខ​៦​អា ជាង​៣​ម៉ោង នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២០។
រូប​ពី​ហ្វេសប៊ុក​លោក គង់ សោភ័ណ្ឌ

ក្រុម​កម្មករ​រោងចក្រ ឌីកនីកធី (Dignity Knitter Limited) និង អេខូបេស (Ecobest) នៅ​ក្រុង​តាខ្មៅ ទទូច​ឱ្យ​អាជ្ញាធរ​ខេត្ត​កណ្ដាល ពន្លឿន​ដំណោះស្រាយ ក្រោយ​ទទួល​ញត្តិ និង​បាន​សន្យា កាល​ពី​សប្ដាហ៍​មុន​ថា នឹង​ដោះស្រាយ​ជូន​កម្មករ។ អភិបាល​ខេត្ត​កណ្ដាល ប្រាប់​ថា គណៈកម្មការ​ចម្រុះ​របស់​ខេត្ត​កំពុង​ប្ដឹង​ទៅ​តុលាការ ស្នើសុំ​លក់​ឡាយឡុង​សម្ភារៈ​រោងចក្រ យក​លុយ​សង​កម្មករ។កម្មករ​រោងចក្រ ឌីកនីកធី (Dignity Knitter Limited) និង អេខូបេស (Ecobest) អះអាង​ថា ជីវភាព​ពួកគេ កាន់តែ​ដុនដាប​ខ្លាំង​ទៅៗ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយសារ​គ្មាន​ពេលវេលា​ទៅ​ធ្វើ​ការ ជាប់រវល់​ដេក​យាម​សម្ភារៈ នៅ​មុខ​រោងចក្រ។

កម្មករ និង​ជា​ប្រធាន​សហជីព​ស៊ីខៅឌូ ប្រចាំ​រោងចក្រ ឌីកនីធី លោក ភិន សុភា ប្រាប់​ថា តាំង​ពី​អាជ្ញាធរ​ខេត្ត​កណ្ដាល​ទទួល​ញត្តិ​កម្មករ កាលពី​ថ្ងៃ​ទី​១៣ កក្កដា រួច​មក មិន​ទាន់​ឃើញ​មាន​អាជ្ញាធរ​ណា ចុះ​មក​ប្រាប់​កម្មករ​ពី​ដំណោះស្រាយ នីតិវិធី​ដោះស្រាយ និង​ជួយ​ទុក្ខ​ធុរៈ​របស់​កម្មករ​ដែល​កំពុង​ដេក​យាម​មុខ​រោងចក្រ​ទេ។ លោក​ប្រាប់​ថា កម្មករ​នឹង​ប្រជុំ​គ្នា​ម្ដងទៀត ដើម្បី​រៀបចំ​ញត្តិ ហែ​ទៅ​ដាក់​នៅ​ស្ថាប័នរដ្ឋ​ជាថ្មី​ទៀត បើ​នៅតែ​បន្ត​គ្មាន​ដំណោះស្រាយ៖ «តទៅ​មុខ​ទៅ ចង់​និយាយ​ថា បើ​នៅតែ​បន្ត​អ៊ីចឹង​ទៀត ពួក​ខ្ញុំ​មិន​អាច​ស៊ូទ្រាំ ការ​រង់ចាំ​បាន​ទៀត​ទេ។ អ៊ីចឹង​បើសិនជា​មិន​ជំរុញ​រឿង​ហ្នឹង ឱ្យ​ឆាប់​ចប់ ពួក​ខ្ញុំ នឹង​ធ្វើ​ការ​ហែ​ញត្តិ​បន្ត​ទៀត ដើម្បី​រក​កិច្ច​អន្តរាគមន៍ ដើម្បី​ធ្វើ​ម្ដេច​ឱ្យ​ករណី​វិវាទ​ការងារ​រួម ឌីកនីធី និង​អេខូបេស​ហ្នឹង​ឆាប់​ចប់​។ ខ្ញុំ​ចង់​បញ្ជាក់​ថា ពួក​ខ្ញុំ​អត់​ចង់​ហែ​ទេ តែ​បើ​មិន​ដោះស្រាយ​ឱ្យ ពួក​ខ្ញុំ​អត់​មាន​ជម្រើស​ទេ»

ចំណែក តំណាង​កម្មករ​រោងចក្រ អេខូបេស លោកស្រី ឡេង ស្រី ប្រាប់​ថា ក្រុម​កម្មករ​ពេញកម្លាំង​ភាគច្រើន លែង​អាច​ស៊ូទ្រាំ​នឹង​ជីវភាព​ដេក​យាម​មុខ​រោងចក្រ រង់ចាំ​ដំណោះស្រាយ​ទៀតហើយ ដោយ​ពួកគេ នាំគ្នា​ទៅ​រក​ការងារ​ថ្មី ប្រភេទ​ប្រើ​កម្លាំងបាយ ប្ដូរ​យក​ប្រាក់​កម្រៃ​។ ឯ​កម្មករ​វ័យ​ចំណាស់ ដែល​រក​ការងារ​ថ្មី ធ្វើ​មិន​បាន ពួកគាត់​នៅ​បន្ត​ស៊ូទ្រាំ​ដេក​យាម​មុខ​រោងចក្រ រង់ចាំ​ដំណោះស្រាយ ព្រោះ​គ្មាន​ជម្រើស។

តំណាង​កម្មករ​រូប​នេះ ស្នើសុំ​អាជ្ញាធរ​ទាំងអស់ ជួយ​ពន្លឿន​ដំណោះស្រាយ​ឱ្យ​កម្មករ ព្រោះ​ពួកគាត់​ដេក​យាម​រង់ចាំ​ដំណោះស្រាយ នៅមុខ​រោងចក្រ រយៈពេល​៧​ខែ​មក​ហើយ៖ «ចាស​! ចង់​ឱ្យ​ឆាប់​ដោះស្រាយ​ឱ្យ​ឆាប់ៗ អត់​ចង់​នៅ​យូរ​ទេ ព្រោះ​វា​អត់​មាន​លុយកាក់​អ្វី​ចាយ ហើយ​មិន​ដឹង​ជា ទៅ​រក​ការងារ​ឯណា​ធ្វើ ហើយ​ណាមួយ​ថ្លៃ​ផ្ទះ​ជួល​គេ ជំពាក់​គេ ក៏​មិន​ទាន់​បាន​សង​ថ្លៃ​ផ្ទះ​ជួល​គេ ចេះ​តែ​នៅ​ត្រាំ​ត្រែងៗ ហ្នឹង​រហូត​។ ចង់​ឱ្យ​រដ្ឋាភិបាល​ហ្នឹង ជួយ​ដោះស្រាយ​ផង ព្រោះ​តាំងពី​ខែ​១ ដល់​ខែ​កក្កដា»

រោងចក្រ ឌីកនីធី និង​អេខូបេស មាន​ទីតាំង​ជាប់​គ្នា លើ​ផ្លូវ​ជាតិ​លេខ​២១ ក្នុង​ភូមិ​ព្រែកតាព្រីង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ​។ រោងចក្រ​ទាំងពីរ មាន​ថៅកែ​តែមួយ​គឺជា​ជនជាតិ​កូរ៉េខាងត្បូង ហើយ​កាត់ដេរ​សំលៀកបំពាក់ និង​ស្រោមជើង ដូច​គ្នា គឺ​ប្រភេទ​ចាក់ ឬ​តម្បាញ​។ រោងចក្រ​ទាំងពីរ​មាន​កម្មករ​សរុប ជាង​១.៣០០​នាក់ (ឌីកនើធី ជាង ៩០០​នាក់ និង​អេខូបេស ២២៤​នាក់)

កម្មករ​រោងចក្រ​ទាំង​ពីរ បាន​ផ្ទុះ​ការ​តវ៉ា កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៩ ដោយសារ ថៅកែ​រោងចក្រ មិន​ព្រម​បើកប្រាក់​ឈ្នួល ប្រាក់​បំណាច់​ប្រចាំ​ឆ្នាំ និង​ប្រកាស​បិទ​រោងចក្រ​ភ្លាមៗ ដោយ​គ្មាន​ទូទាត់​សំណង តាមច្បាប់​ការងារ​។ កម្មករ ឱ្យ​ដឹង​ទៀត​ថា រោងចក្រ​នេះ ក៏​ជំពាក់​បំណុល​ក្រុមហ៊ុន​ដឹកជញ្ជូន​ឯកជន​មួយ​ដែរ ហើយ​តុលាការ​ខេត្ត​កណ្ដាល បាន​ចេញ​ដីកា​រក្សា​ការពារ​ទ្រព្យសម្បត្តិ​ក្នុង​រោងចក្រ ដើម្បី​លក់​ឡាយឡុង សងបំណុល​ក្រុមហ៊ុន​ដឹកជញ្ជូន ទើប​ក្រុម​កម្មករ នាំគ្នា​ដេក​យាម​មុខ​រោងចក្រ​ទាំងថ្ងៃ​ទាំង​យប់ មិន​ឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន និង​ម្ចាស់​រោងចក្រ លួច​ដឹក​សម្ភារៈ​ចេញ។

អភិបាលខេត្ត​កណ្ដាល លោក គង់ សោភ័ណ ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៥ កក្កដា ថា ម្ចាស់​រោងចក្រ​ឌីកនីធី និង​អេខូបេស ជំពាក់​បំណុល​គេ​ច្រើន ហើយ​ម្ចាស់​បំណុល​ទាំងអស់ សុទ្ធតែ​បាន​ប្ដឹង​តុលាការ ឱ្យ​រក្សា​ការពារ​ទ្រព្យសម្បត្តិ​ក្នុង​រោងចក្រ សម្រាប់​ដោះ​បំណុល​ពួកគេ​។ ទោះជា​យ៉ាងណា លោក គង់ សោភ័ណ បញ្ជាក់​ថា ពេលនេះ តុលាការ​បាន​មោឃភាព​ដីកា​រក្សា​ការពារ​នោះ​អស់ហើយ ដោយ​ទុក​ឱ្យ​គណៈកម្មការ​ចម្រុះ​ខេត្ត លក់​ឡាយឡុង​សម្ភារៈ​រោងចក្រ យក​លុយ​ឱ្យ​កម្មករ នៅ​សប្ដាហ៍​ក្រោយ៖ «ហើយ​នីតិវិធី​រក្សា​ការពារ​ចុងក្រោយ​មួយទៀត មាន​រហូត​ច្រើន ព្រោះ​ថៅកែ​ហ្នឹង វា​ជំពាក់​គេ​ច្រើន ហើយ​នៅ​ក្នុង​អាទិត្យ​ក្រោយនេះ នឹង​មាន​ការ​សម្រេច​របស់​ប្រធាន​តុលាការ​។ នេះ​ខ្ញុំ​ចង់​រ៉ាយរ៉ាប់​ជូន​បង​បន្តិច​។ អាទិត្យ​ក្រោយ យើង​ប្រហែលជា​ចប់​សព្វគ្រប់ លើ​នីតិវិធី​នេះ ហើយ​យើង​ដាក់​សុំ​តុលាការ​សម្រេច​លក់​ឡាយឡុង​ទ្រព្យសម្បត្តិ​ហ្នឹង ហើយ​នៅ​អាទិត្យ​ក្រោយ ក្រែងលោ​វា​សម្រេច​បាន​ប៉ុនណា យើង​ព្យាយាម​ធ្វើ​ឱ្យ​លឿន ដើម្បី​យើង​លក់​របស់​របរ​នេះ ហើយ​យើង​យក​មក​ចែក​ជូន​កម្មករ​តែម្ដង»

ទោះជា​បែបនេះ​ក្ដី កម្មករ​រោងចក្រ​ឌីកនីធី និង​អេខូបេស ប្រាប់​ថា ពួកគេ​មិនទាន់​បាន​ឃើញ​ដីកា​មោឃៈ របស់​តុលាការ​នៅ​ឡើយ​ទេ និង​មិន​ទាន់​មាន អាជ្ញាធរ​រូប​ណា ទៅ​ផ្សព្វផ្សាយ​ប្រាប់​កម្មករ ដែល​កំពុង​តវ៉ា​នៅមុខ​រោងចក្រ​នោះ​ដែរ។

កម្មករ​ចង់​ឱ្យ​អាជ្ញាធរ​ធានា​ថា កម្មករ នឹង​ទទួល​បាន​សំណង​ត្រឹមត្រូវ​តាមច្បាប់ ដើម្បី​ពួកគេ​រំសាយ​ការ​ដេក​យាម​នៅមុខ​រោងចក្រ ព្រោះ​ការ​បោះ​តង់​តវ៉ា និង​ដេក​យាម​មុខ​រោងចក្រ ជាង​កន្លះ​ឆ្នាំ​មកនេះ ពួកគេ​ប្រឈម​នឹង​ការ​ធ្វើបាប​ពី​ក្រុម​ក្មេង​ទំនើង​ផឹក​ស្រវឹង មក​បង្ករឿង​នៅ​ពេល​យប់ និង​ខ្លាច​គ្រោះថ្នាក់​ចរាចរណ៍ ព្រោះ​ក្រុម​កម្មករ​ខ្លះ​ដេក​ផ្ទាល់​ដី ខ្លះ​ដេក​លើ​គ្រែ លើ​ចិញ្ចឹម​ផ្លូវ​មុខ​រោងចក្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល