ក្រសួង​ការងារ​ចង់​កែ​ច្បាប់​បន្ថយ​ថ្លៃ​ឈ្នួល​វេន​យប់ និង​លុប​ថ្ងៃ​សម្រាក​សង​បន្ទាប់​ពី​បុណ្យ​ជាតិ

ដោយ ទីន ហ្សាការីយ៉ា
2020-01-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថ្លែង​ក្នុង​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ នៅ​កោះពេជ្រ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ ២០១៨។
លោក​ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថ្លែង​ក្នុង​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ នៅ​កោះពេជ្រ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ ២០១៨។
រូបថត៖ ហ្វេសប៊ុក​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​គម្រោង​កាត់​បន្ថយ​ថ្លៃឈ្នួល​សម្រាប់​ការងារ​វេន​យប់ ឱ្យ​ស្មើ​នឹង​ប្រាក់​ឈ្នួល​វេន​ថ្ងៃ និង​លុបចោល​ថ្ងៃ​ឈប់សម្រាក​សង​បន្ថែម​ទៀត​។ សហជីព និង​កម្មករ​យល់ថា សំណើ​របស់​និយោជក​នេះ នឹង​ធ្វើ​ឱ្យ​ខាតបង់​ប្រយោជន៍​កម្មករ​បន្ថែម និង​ជួប​ហានិភ័យ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ យល់ថា ការ​កែប្រែ​លក្ខខណ្ឌ​ការងារ​ម្ដង​ហើយ​ម្ដងទៀត ដែល​ធ្វើ​ឱ្យ​កាន់តែ​បាត់បង់​ប្រយោជន៍​កម្មករ ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា ស្ថានភាព​ការងារ​គ្មាន​ភាព​ល្អ​ប្រសើរ ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ថៅកែ ហើយ​កម្មករ​រង់ចាំ​តែ​ខាត​ប្រយោជន៍​ជានិច្ច​។​

លោក​យល់​ថា ក្រសួង​ការងារ មិន​គួរ​កែប្រែ​លក្ខខណ្ឌ​ការងារ​តាម​សំណើ​របស់​និយោជក​បែបនេះ​ទេ ព្រោះ​ជា​ការ​ធ្វើ​ឱ្យ​កម្មករ​ខ្មែរ​ខាត​ប្រយោជន៍។ លោក​បន្ត​ថា ក្រសួង​ការងារ​ធ្លាប់​បាន​កែប្រែ​លក្ខខណ្ឌ​ការងារ​តាម​ការ​ចង់​បាន​របស់​និយោជក ហើយ​នាំ​ឱ្យ​បាត់បង់​ប្រយោជន៍​កម្មករ​ម្ដង​ហើយ គឺ​ការ​កែប្រែ​ប្រាក់​ឈ្នួល​កម្មករ​វេន​យប់ ពី ១៥០​ភាគរយ នៃ​ប្រាក់​ឈ្នួល​គោល មក​នៅ ១៣០​ភាគរយ កាលពី​ឆ្នាំ​២០១៨ ព្រោះ​និយោជក​អះអាង​ថា ការ​ធ្វើ​បែបនេះ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​មក​បន្ថែម និង​ឱ្យ​កម្មករ​ច្រើន​នាក់​មាន​ការងារ​ធ្វើ។ ប៉ុន្តែ ការ​កាត់​លុយ​ឈ្នួល​វេន​យប់​កន្លង​មក មិន​បាន​កែប្រែ​ស្ថានភាព​ការងារ​អ្នក​វេន​យប់ ឱ្យ​មាន​ភាព​ប្រសើរ​ដូច​ការ​អះអាង​ឡើយ​។ លោក អាត់ ធន់ បារម្ភ​ថា ការ​កែប្រែ​លក្ខខណ្ឌ ដោយ​កាត់​ប្រាក់​ឈ្នួល​វេន​យប់ ពី ១៣០​ភាគរយ មក​នៅ​កម្រិត​ប្រាក់​ឈ្នួល​ធម្មតា ដូច​កម្មករ​វេន​ថ្ងៃ​ដែរ នឹង​ធ្វើ​ឱ្យ​កម្មករ​កាន់តែ​ខាត​ប្រយោជន៍៖ «ស្ថានភាព​ពេលនេះ ការ​កែប្រែ​ច្បាប់​ការងារ ច្បាប់​ផ្សេងៗ វា​មិនល្អ​សម្រាប់​សហជីព ដោយសារតែ​ខាង​កម្មករ​របស់​យើង​ហ្នឹង ហើយ​នឹង​សហជីព​ហ្នឹង វា​ដូចជា​នៅ​ក្រោម​ឥទ្ធិពល​បណ្ដឹង​រុំកោះ ហើយ​ច្បាប់​ហ្នឹង​ក៏​វា​តឹងតែង ហើយ​ខាង​លក្ខខណ្ឌ​ស្មុគស្មាញ​ជាច្រើន ដែល​យើង​អត់​មាន​ឥទ្ធិពល​អ្វី​ណា ដល់ពេល​ធ្វើការ​កែប្រែ ក្រុមហ៊ុន​ស្នើ​អ្វី រដ្ឋាភិបាល​ឯកភាព ក៏បាន​ដែរ មាន​អ្វី​ទៅទៀត វា​អត់​មាន​អ្វី​ល្អ​សោះ សម្រាប់​ខាង​សហជីព កម្មករ​របស់​យើង»

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​ចេញ​លិខិត​កោះហៅ​តំណាង​សហជីព​មួយ​ចំនួន ដើម្បី​ចូលរួម​កិច្ច​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្ដីពី​ការ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ នៅ​ថ្ងៃ​ទី​១៦ មករា ដើម្បី​កែប្រែ​ច្បាប់ កាត់បន្ថយ​ប្រាក់​ឈ្នួល​ពលកម្ម​វេន​យប់ ឱ្យ​ស្មើនឹង​វេន​ថ្ងៃ លុបចោល​ថ្ងៃ​ឈប់សម្រាក​ចំ​ថ្ងៃអាទិត្យ និង​ពង្រីក​វិសាលភាព​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ក្នុង​ការ​ដោះស្រាយ​វិវាទ​បុគ្គល​។ រដ្ឋមន្ត្រី​ក្រសួង​ការងារ បាន​អះអាង​ថា ការ​កែប្រែ​ច្បាប់ លុប​ថ្ងៃ​ឈប់សម្រាក​បន្ថែម​ទៀត និង​ការ​កាត់​ប្រាក់​ឈ្នួល​វេន​យប់ ឱ្យ​ស្មើ​វេន​ថ្ងៃនេះ គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​នៃ​ការ​វិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ក្នុង​គោលបំណង​ពង្រីក​ការប្រកួតប្រជែង​គ្នា។

កម្មករ​នៅ​រោងចក្រ​ប៊ូវឃ័រ (Bowker) ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​ម្នាក់ លោក ឡឹ​ក សុភ័គ និយាយ​ថា កម្មករ​មិន​ពេញ​ចិត្តនឹង​ការសម្រេច​បែបនេះ​ទេ​។ លោក​ថា កម្មករ​ធ្វើការ​វេន​យប់ មាន​ផល​លំបាក និង​រង​ការ​ទ្រុឌទ្រោម​សុខភាព ជាង​កម្មករ​វេន​ថ្ងៃ​។

លោក​ថា រដ្ឋាភិបាល​ទើបតែ​បាន​លុប​ថ្ងៃបុណ្យ​ជាតិ ឈប់សម្រាក​អស់ ៦​ថ្ងៃ សម្រាប់​ឆ្នាំ​២០២០​។ បើ​បន្ត​លុបចោល​ថ្ងៃ​ឈប់សម្រាក​ចំ​ថ្ងៃបុណ្យ​ជាតិ​ទៀត នឹង​ធ្វើ​ឱ្យ​កម្មករ កាន់តែ​ប្រឈម​ហានិភ័យ និង​ផល​លំបាក​ផ្នែក​សុខភាព៖ «ការកាត់បន្ថយ​ថ្ងៃបុណ្យ​របស់​គាត់ ប្រាក់ខែ​របស់​គាត់​ក៏​តិច​ដែរ​។ ដូច​យើង​ធ្វើការ​វេន​យប់ អ៊ីចឹង​បង​។ បើ​សិន​គាត់​តម្រូវ​ចង់​ធ្វើការ​វេន​យប់ គាត់​ចង់បាន​លុយ​គុណ​ទ្វេដង​។ តែ​បើ​សិន​គំរាម​រាល់ថ្ងៃ ឱ្យ​គាត់​ធ្វើការ​វេន​យប់ ហើយ​ទទួល​បាន​ប្រាក់​ឈ្នួល​អត្ថប្រយោជន៍ ដូច​ពេល​ថ្ងៃ​ដែរ វា​មិន​សមស្រប​សម្រាប់​កម្លាំង​របស់​គាត់​ទេ»

គម្រោង​លុបចោល និង​កាត់​លុយ​អត្ថប្រយោជន៍​របស់​កម្ម​ករ​នេះ ធ្វើឡើង​ក្រោយពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៧ មករា មិន​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដើម្បី​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ការនាំចេញ​ទំនិញ​ទៅ​សហភាព​អឺរ៉ុប ឬ EBA​។ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ សហភាព​អឺរ៉ុប នឹង​សម្រេច​ថា តើ​ត្រូវ​បន្ត​ការ​អនុគ្រោះ​ពន្ធ ឬ​តម្រូវ​ឱ្យ​កម្ពុជា​បង់ពន្ធ​។ កម្មករ​បារម្ភ​ថា ជីវភាព​កម្មករ​នឹង​កាន់តែ​ដុនដាប លក្ខខណ្ឌ​ការងារ​កាន់តែ​លំបាក ក្រោយ​ពេល​រដ្ឋាភិបាល​ខំ​យកចិត្ត​ថៅកែ បែរ​មក​សង្កត់ក​កម្មករ នៅ​ពេល​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល