កម្មករ​រោងចក្រ QMI ជាង​៥០​នាក់​ដួល​សន្លប់

ដោយ ថា កិត្យា
2015-06-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

កម្មករ​រោងចក្រ ឃ្យូ.អឹម.អាយ (QMI) ស្ថិត​ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ជាង ៥០​នាក់ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ទី​២៩ មិថុនា បណ្ដាល​មក​ពី​បរិយាកាស​ក្នុង​រោងចក្រ​មិន​ល្អ និង​សន្លប់​តាម​គ្នា។ មក​ទល់​ពេល​នេះ គ្រូពេទ្យ​ឆ្លើយ​ថា សុខភាព​របស់​កម្មករ​រោងចក្រ​មាន​ស្ថានភាព​ធម្មតា​ខ្លះ​វិញ​ហើយ ពុំ​មាន​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ។

កម្មករ​រោងចក្រ​ដែល​ដួល​សន្លប់​នោះ​និយាយ​រៀបរាប់​ថា គឺ​ដោយសារ​ពួក​គាត់​ស្រូប​ក្លិន​មិន​ល្អ​នៅ​ក្នុង​រោងចក្រ ជាពិសេស​ក្លិន​ថ្នាំ​សាច់​ក្រណាត់ និង​អ្នក​ខ្លះ​ទៀត​ថា ដោយសារ​មាន​ការ​ភ័យ​រន្ធត់ ទន់​ដៃ​ជើង មិន​អាច​គ្រប់គ្រង​អារម្មណ៍​បាន​នៅ​ពេល​ឃើញ​មាន​អ្នក​ដួល​សន្លប់​នៅ​ជិត​ខ្លួន។

មន្ត្រី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក សយ ចាន់ធួ និយាយ​ថា តាំង​ពី​ម៉ោង ៧​ព្រឹក​រហូត​ដល់​ម៉ោង ៤​ល្ងាច គឺ​មាន​កម្មករ​ដួល​សន្លប់​កើន​ឡើង​ដល់ ៥៤​នាក់ ហើយ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​បែក​ចាន និង​គ្លីនិក​បែក​ចាន ជា​បន្តបន្ទាប់៖ «ពួក​គាត់​និយាយ​ថា ដោយសារ​វិល​មុខ​ផង និង​ភ័យ​ផង ហើយ​ខ្លះ​ទៀត​ថា មាន​ក្លិន​សាច់​ក្រណាត់​អាវ​រោម​មាន់ ព្រោះ​រោងចក្រ​នោះ​ដេរ​អាវ​រោម​មាន់»

កម្មករ​ទាំង​នេះ គឺ​ធ្វើ​ការ​ក្នុង​រោងចក្រ ឃ្យូ.អឹម.អាយ (QMI) ស្ថិត​នៅ​ភូមិ​ត្រយឹង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។

នៅ​គ្លីនិក​សុខា​បែក​ចាន អ្នក​គ្រូពេទ្យ ឆាយ ឌីណា រៀបរាប់​ថា កម្មករ​ដួល​សន្លប់​ទាំង​នេះ​មាន​ស្ថានភាព​សុខភាព​ល្អ​ប្រសើរ និង​បាន​ត្រឡប់​ទៅ​ផ្ទះ​ខ្លះ​វិញ​ហើយ៖ «អត់​អី​ទេ​ឥឡូវ​ល្អ​វិញ​ហើយ វា​មិន​ទាន់​ថា​ស្រួល​ខ្លួន​អី​ខ្លាំង​ទេ ប៉ុន្តែ​វា​មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​នោះ​ទេ»

វិទ្យុ​អាស៊ីសេរី មិន​ទាន់​សុំ​ការ​ពន្យល់​បន្ថែម​ពី​អាជ្ញាធរ​ស្រុក​អង្គស្នួល បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២៩ មិថុនា។

ទាក់ទិន​នឹង​បញ្ហា​ដួល​សន្លប់​របស់​កម្មករ​រោងចក្រ​ក្នុង​ពេល​ធ្វើ​ការ​នេះ មិន​មែន​ជា​រឿង​ថ្មី​ឡើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ករណី​នេះ ជំនួយការ​ផ្នែក​ទំនាក់ទំនង​ព័ត៌មាន​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) លោក លី សុខហេង បញ្ជាក់​ថា មូលហេតុ​ជាច្រើន​ដែល​នាំ​ឲ្យ​កម្មករ​រោងចក្រ​កាត់​ដេរ​ដួល​សន្លប់​នៅ​ពេល​ធ្វើ​ការ​នោះ គឺ​អាច​មក​ពី​កម្មករ​ទទួល​ទាន​អាហារ​ខ្វះ​ជីវជាតិ និង​មាន​បញ្ហា​ចិត្តសាស្ត្រ​ជាដើម។ ម្យ៉ាង​ទៀត របាយការណ៍​អង្គការ​អន្តរជាតិ​ខាង​ការងារ កន្លង​ទៅ​រក​ឃើញ​ថា ដោយសារ​តែ​កម្ដៅ​ឡើង​ខ្លាំង​ក្នុង​រោងចក្រ ខ្វះ​ខ្យល់​ចេញ​ចូល សារជាតិ​គីមី និង​កម្មករ​ធ្វើ​ការ​ថែម​ម៉ោង​ច្រើន​ជាដើម៖ «ការ​ហូប​មិន​គ្រប់គ្រាន់​ធ្វើ​ឲ្យ​សុខភាព​របស់​ពួក​គាត់​ខ្សោយ ដូច្នេះ​ងាយ​ប្រឈម​នឹង​ដួល​សន្លប់។ ម្យ៉ាង​វិញ​ទៀត ខ្វះ​ការ​គ្រប់គ្រង​អារម្មណ៍​នៅ​ពេល​ឃើញ​មាន​អ្នក​ដួល​អ៊ីចឹង គាត់​ភ័យ ហើយ​ចង់​ដួល​សន្លប់​តាម​គ្នា​អ៊ីចឹង​ទៅ»

បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​សហជីព​កម្មករ និង​សង្គម​ស៊ីវិល​មួយ​ចំនួន នៅ​តែ​បន្ទោស​លើ​ប្រាក់​ខែ​កម្មករ​ទាប ដែល​នាំ​ឲ្យ​កម្មករ​ចំណាយ​រិះថាំ​លើ​ម្ហូប​អាហារ និង​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ការ​ថែម​ម៉ោង ដើម្បី​បាន​លុយ​ច្រើន​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​នៅ​ស្រុក។ ទន្ទឹម​នឹង​នេះ ក្រសួង​ការងារ នៅ​ខ្វះ​វិធានការ​តឹងរ៉ឹង​លើ​រោងចក្រ​ដែល​មាន​បរិស្ថាន​ក្តៅ​ហប់ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល