កម្មករ​រោងចក្រ W&D ផ្អាក​តវ៉ា​បណ្ដោះអាសន្ន​រង់ចាំ​ដំណោះស្រាយ​ពី​ក្រុមហ៊ុន

ដោយ អ៊ុំ រង្សី
2015-06-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​រោងចក្រ ដាប់ប៊ែលយូ អេន ឌី ខេមបូឌា (W&D Cambodia) ឈរ​រង់ចាំ​លទ្ធផល​ចរចា​រវាង​តំណាង​កម្មករ និង​ក្រុមហ៊ុន នៅ​ខាង​មុខ​រោងចក្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៥។
កម្មករ​រោងចក្រ ដាប់ប៊ែលយូ អេន ឌី ខេមបូឌា (W&D Cambodia) ឈរ​រង់ចាំ​លទ្ធផល​ចរចា​រវាង​តំណាង​កម្មករ និង​ក្រុមហ៊ុន នៅ​ខាង​មុខ​រោងចក្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Um Rainsy

កម្មករ​រោងចក្រ ដាប់ប៊ែលយូ អេន ឌី ខេមបូឌា (W&D Cambodia) ជាង ១​ពាន់​នាក់ ដែល​មាន​ទីតាំង​នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្អាក​ការ​តវ៉ា​មួយ​រយៈ​សិន បន្ទាប់​ពី​ខាង​ភាគី​ក្រុមហ៊ុន សន្យា​ដោះស្រាយ​រាល់​សំណើ​របស់​កម្មករ​ទាំង ១២​ចំណុច និង​ស្នើ​ឲ្យ​កម្មករ​រង់ចាំ​ការ​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ។

ការ​ផ្អាក​សកម្មភាព​តវ៉ា​នេះ បន្ទាប់​ពី​ក្រុម​កម្មករ​រោងចក្រ ដាប់ប៊ែលយូ អេន ឌី ខេមបូឌា បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​បិទ​ផ្លូវ​នៅ​ខាង​មុខ​រោងចក្រ​អស់​រយៈពេល​ប្រមាណ​ជាង ៣​ម៉ោង ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​គោរព​ច្បាប់​ការងារ និង​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន ១២​ចំណុច នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មិថុនា។

បន្ទាប់​ពី​មាន​ការ​តវ៉ា​បិទ​ផ្លូវ​នៅ​ខាង​មុខ​រោងចក្រ​របស់​ក្រុម​កម្មករ ដោយ​មិន​ព្រម​ចូល​ធ្វើ​ការ​អស់​រយៈពេល ៦​ថ្ងៃ​រួច​មក នៅ​ម៉ោង​ប្រមាណ ១០​ព្រឹក​ថ្ងៃ​នេះ ភាគី​ក្រុមហ៊ុន​បាន​អញ្ជើញ​តំណាង​កម្មករ តំណាង​សហជីព ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​មេធាវី​ក្រុមហ៊ុន តំណាង​ជីម៉ាក់ (GMAC) តំណាង​អាជ្ញាធរ​ខណ្ឌ​មានជ័យ សរុប​ប្រមាណ ៣០​នាក់ ដើម្បី​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ជូន​កម្មករ។

អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្មករ លោក សន ប្រាក់ បាន​ឲ្យ​ដឹង​ពី​លទ្ធផល​ក្រោយ​ជួប​ចរចា​ជាមួយ​ភាគី​ក្រុមហ៊ុន​ថា ក្រុមហ៊ុន​បាន​សម្រេច​ដោះស្រាយ​សំណើ​របស់​កម្មករ​ចំនួន ៧​ចំណុច ក្នុង​ចំណោម​សំណើ​ទាំង ១២​ចំណុច​របស់​កម្មករ​ដែល​បាន​ទាមទារ រួម​មាន ក្រុមហ៊ុន​មិន​កាត់​លុយ​កម្មករ​ដែល​មក​ធ្វើ​ការ​យឺត​ត្រឹម ១០​នាទី ទុក​ពេល ១​ម៉ោង​ឲ្យ​ស្ត្រី​ដែល​មាន​កូន​ខ្ចី​ទៅ​បំបៅ​ដោះ​កូន ក្រុមហ៊ុន​មិន​កាត់​លុយ​ពេល​កម្មករ​ឈឺ​ពេល​មាន​សំបុត្រ​ពេទ្យ​ពី​មណ្ឌល​សុខភាព ក្រុមហ៊ុន​បើក​ប្រាក់​មាតុភាព ៣​ខែ​មុន ៥០% ជូន​កម្មការិនី​ដែល​ត្រូវ​ឆ្លង​ទន្លេ​សម្រាប់​កម្មការិនី​ណា​ដែល​បម្រើ​ការ​ចាប់​ពី ១​ឆ្នាំ​ឡើង​ទៅ ក្រុមហ៊ុន​នឹង​អប់រំ​ណែនាំ​សន្តិសុខ និង​តំណាង​រដ្ឋបាល​ក្រុមហ៊ុន​ឲ្យ​ប្រើ​ពាក្យ​សម្ដី​សមរម្យ​លើ​កម្មករ និង​ចំណុច​ចុង​ក្រោយ ក្រុមហ៊ុន​នឹង​សម្រួល​ដល់​ការ​សុំ​ច្បាប់​របស់​កម្មករ។

តំណាង​សហជីព​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា តំណាង​មេធាវី​របស់​ក្រុមហ៊ុន​បាន​អះអាង​ថា នឹង​បន្ត​ដោះស្រាយ​ចំណុច​ដែល​នៅ​សេសសល់​របស់​កម្មករ​បន្ត​ទៀត ហើយ​ស្នើ​ឲ្យ​កម្មករ​រង់ចាំ​ដំណោះស្រាយ​ពី​ក្រុមហ៊ុន​នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ៖ «មេធាវី​របស់​ក្រុមហ៊ុន​ឈ្មោះ អ៊ូ វុធ គាត់​បាន​ស្នើ​ឲ្យ​កម្មករ​ដែល​តវ៉ា​ទាំងអស់​ព្រម​ចូល​ធ្វើ​ការ​វិញ ហើយ​គាត់​បាន​អះអាង​ថា នឹង​ខិតខំ​ដោះស្រាយ​រាល់​សំណើ​របស់​កម្មករ ដែល​ដាក់​ជូន​ក្រុមហ៊ុន​កន្លង​មក​នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ​វេលា​ម៉ោង ៩​ព្រឹក»

តំណាង​កម្មករ​ម្នាក់​ដែល​បាន​ចូលរួម​ការ​តវ៉ា​នេះ លោក វ៉ាន ពៅ និយាយ​ថា លោក​មិន​សូវ​មាន​ជំនឿ​លើ​ការ​សន្យា​របស់​ក្រុមហ៊ុន ចំពោះ​ដំណោះស្រាយ​ទាំង ១២​ចំណុច ដែល​ក្រុម​កម្មករ​ធ្វើ​ការ​តវ៉ា​កន្លង​មក​ប៉ុន្មាន​នោះ​ទេ ព្រោះ​ច្រើន​លើក​ច្រើន​សា​ហើយ​ដែល​ក្រុមហ៊ុន​បាន​សន្យា តែងតែ​មិន​មាន​ដំណោះស្រាយ។ លោក​បន្ត​ថា ភាគី​ក្រុមហ៊ុន​តែងតែ​រំលោភ​បំពាន​សិទ្ធិ​កម្មករ ហើយ​កន្លង​មក រដ្ឋបាល​រោងចក្រ​នេះ​តែងតែ​ចេញ​គោលការណ៍​កាត់​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ម៉ោង​របស់​កម្មករ តាម​តែ​ទំនើង​ចិត្ត។

ចំណែក​ឯ​អភិបាល​រង​ខណ្ឌ​មានជ័យ និង​ជា​អ្នក​ដែល​បាន​ចូលរួម​កិច្ច​ចរចា​នេះ លោក ឌី រ័ត្នខេមរុណ មាន​ប្រសាសន៍​ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ដែនដី​ថា លោក​សូម​ឲ្យ​កម្មករ​ទាំងអស់​រក្សា​សណ្ដាប់ធ្នាប់​ក្នុង​ការ​តវ៉ា ដោយ​ចៀសវាង​ធ្វើ​ការ​បិទ​ផ្លូវ​សាធារណៈ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​រួម ហើយ​លោក​ក៏​សូម​ឲ្យ​ភាគី​ក្រុមហ៊ុន​ពន្លឿន​ការ​ដោះស្រាយ​ជូន​កម្មករ។ អភិបាល​រង​ខណ្ឌ​រូប​នេះ សន្យា​ថា​នឹង​យក​សំណើ​របស់​កម្មករ​ដាក់​ជូន​ក្រសួង​ការងារ និង​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​លើ​រឿង​នេះ៖ «ខ្ញុំ​សង្ឃឹម និង​ជឿជាក់​ថា ចំណុច​ដែល​នៅ​សេសសល់​របស់​កម្មករ​ចំនួន ៥​ចំណុច​របស់​កម្មករ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា នឹង​មាន​ដំណោះស្រាយ»

ក្រុម​កម្មករ​រោងចក្រ ដាប់ប៊ែលយូ អេន ឌី ខេមបូឌា បាន​ព្រមាន​ថា ប្រសិន​បើ​ថៅកែ​រោងចក្រ​នៅ​តែ​បន្ត​អូស​បន្លាយ និង​មិន​អើពើ​ចំពោះ​ការ​ទាមទារ ព្រម​ទាំង​មិន​គោរព​សន្យា​ក្រោយ​ការ​ចរចា​នេះ​ទេ កម្មករ​នឹង​បន្ត​ប្រមូល​ផ្តុំ​គ្នា​បិទ​ផ្លូវ​មុនីរ៉េត ដែល​នៅ​មុខ​រោងចក្រ​បន្ត​ទៀត រហូត​ទាល់​តែ​មាន​ដំណោះស្រាយ​លើ​សំណើ​ទាំង ១២​ចំណុច​របស់​ពួក​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល