ក្រសួង​ការងារ​សន្យា​ដោះស្រាយ​វិវាទ​ការងារ​ក្នុង​រោងចក្រ​ពីរ​នៅ​ខេត្ត​តាកែវ

ដោយ សេក បណ្ឌិត
2015-06-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ខៀវ សុផល (ឆ្វេង) ថ្លែង​ទៅ​កាន់​ក្រុម​កម្មករ​មក​ពី​រោងចក្រ​ពីរ​នៅ​ខេត្ត​តាកែវ តវ៉ា​នៅ​មុខ​ក្រសួង​ការងារ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៥។
តំណាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ខៀវ សុផល (ឆ្វេង) ថ្លែង​ទៅ​កាន់​ក្រុម​កម្មករ​មក​ពី​រោងចក្រ​ពីរ​នៅ​ខេត្ត​តាកែវ តវ៉ា​នៅ​មុខ​ក្រសួង​ការងារ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Sek Bandith

កម្មករ​រោងចក្រ​កាត់​ដេរ​ចំនួន​ពីរ​នៅ​ខេត្ត​តាកែវ នាំ​គ្នា​ហែ​ក្បួន​តាម​រថយន្ត​មក​តវ៉ា​នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​រដ្ឋសភា ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ពី​បញ្ហា​ថៅកែ​រំលោភ​សិទ្ធិ​កម្មករ និង​ទាមទារ​ឲ្យ​កែ​ទម្រង់​នូវ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​នៅ​ក្នុង​រោងចក្រ។

កម្មករ​នៃ​រោងចក្រ គ័ន​ថេក ខេត្ត​តាកែវ ប្រមាណ ២០០​នាក់​ក្នុង​ចំណោម​កម្មករ​សរុប​ជាង ១​ពាន់​នាក់ ស្ថិត​នៅ​ភូមិ​ចមពល ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បាន​នាំ​គ្នា​ដាក់​ញត្តិ​សុំ​អន្តរាគមន៍ បន្ទាប់​ពី​ពួក​គេ​តវ៉ា​នៅ​មុខ​រោងចក្រ​អស់​រយៈពេល ១០​ថ្ងៃ​មក​ហើយ តែ​គ្មាន​ដំណោះស្រាយ៖ «ដង្ហែ​ដើម្បី​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ ហើយ​សង្ឃឹម​ថា​នឹង​ដោះស្រាយ​ជូន​បងប្អូន​កម្មករ​ពី​ខេត្ត​តាកែវ»

កម្មការិនី​ដែល​ឡើង​មក​តវ៉ា​រក​ដំណោះស្រាយ​នៅ​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ មិថុនា ថា ថៅកែ​រោងចក្រ​រឹតត្បិត​កម្មករ​ហួស​ហេតុ រាប់​ទាំង​ពេល​ម៉ោង​ចូល​បន្ទប់​ទឹក​ឡើង។ ចំណែក​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ក៏​មាន​ចំនួន​តិចតួច​ជាង​បណ្ដា​រោងចក្រ​ដទៃ ការ​គំរាម​កំហែង​កម្មករ​បញ្ឈប់​កម្មករ​ពី​ការងារ​ដោយ​គ្មាន​មូលហេតុ និង​គ្មាន​ប្រាក់​សំណង​អតីតភាព​ការងារ ជាដើម៖ «តវ៉ា​ដើម្បី​សុំ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​កម្មករ​ដោយ​គ្មាន​មូលហេតុ ពីព្រោះ​អី​ពួក​គាត់​តែង​តែ​គំរាម​កម្មករ​ពេល​ទៅ​បន្ទប់​ទឹក​លើស​ពី ៥​នាទី គាត់​គំរាម​បញ្ឈប់ ហើយ​ធ្វើ​ការ​មាន​ការ​គាប​សង្កត់»

វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​ទាក់ទង​តំណាង​ខាង​រោងចក្រ គ័ន​ថេក ដើម្បី​សុំ​ការ​ពន្យល់​អំពី​ទំនាស់​ការងារ​ក្នុង​រោងចក្រ​នោះ​បាន​នៅ​ឡើយ កាល​ពី​ថ្ងៃ​ទី​២៣ មិថុនា។

ទាក់ទង​បញ្ហា​នេះ​ដែរ អនុប្រធាន​សហព័ន្ធ​សហជីព​សំឡេង​កម្មករ​កម្ពុជា លោក ណាំ ហោ ដែល​ដឹក​នាំ​ការ​តវ៉ា​មក​ភ្នំពេញ​នេះ បាន​បង្ហាញ​ពី​ការ​ទាមទារ​របស់​កម្មករ​សំខាន់​ជាង​គេ​របស់​កម្មករ គឺ​កុំ​ឲ្យ​ក្រុមហ៊ុន​កំណត់​ពេលវេលា និង​ធ្វើ​ប័ណ្ណ​សម្រាប់​ចូល​បន្ទប់​ទឹក និង​ដំឡើង​ប្រាក់​ឧបត្ថម្ភ​ថ្លៃ​បាយ ៦​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ និង​បញ្ហា​ផ្សេងៗ​មួយ​ចំនួន​ទៀត។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ កម្មករ​នៃ​រោងចក្រ ស៊ូអាង​ហ្វាង ប្រមាណ ៦០​នាក់​ក្នុង​ចំណោម​កម្មករ​ទាំងអស់​ជាង ៧០០​នាក់ ក៏​បាន​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត​ដែរ ដើម្បី​សុំ​ជួយ​អន្តរាគមន៍​ពី​បញ្ហា​ក្រុមហ៊ុន​បញ្ឈប់​មន្ត្រី​សហជីព ៥​នាក់​ក្នុង​រោងចក្រ​នោះ។

អគ្គលេខាធិការ​សហព័ន្ធ​សហជីព​ការងារ​កម្មករ លោក ហៀក បុរី បាន​ឲ្យ​ដឹង​ថា កន្លង​មក​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល បាន​ចេញ​សេចក្តី​បង្គាប់​ឲ្យ​មន្ត្រី​សហជីព​នោះ​ចូល​ធ្វើ​ការ​វិញ តែ​ខាង​រោងចក្រ​នៅ​តែ​មិន​ព្រម​ទទួល ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​តវ៉ា​កើត​ឡើង៖ «ទាមទារ​លក្ខខណ្ឌ​ការងារ​ផ្សេងៗ​ទៀត​ទាក់ទង​នឹង​បាយ​ថ្ងៃ​ត្រង់ ទាក់ទង​លុយ​ធ្វើ​ដំណើរ និង​លុយ​បាយ​ពេល​ថែម​ម៉ោង​ពេល​ល្ងាច»

រោងចក្រ ស៊ូអាង​ហ្វាង ស្ថិត​ក្នុង​ភូមិ​ខ្នាច​ខាង​ត្បូង ឃុំ​ខ្នាច​ខាង​ជើង ស្រុក​សំរោង ខេត្ត​តាកែវ។ កម្មករ​នៃ​រោងចក្រ​នេះ បាន​តវ៉ា​ង​ប្រមាណ ១០​ថ្ងៃ​មក​ហើយ តែ​ពុំ​ទាន់​មាន​ដំណោះស្រាយ​ដូច​គ្នា។ ក្នុង​ការ​ហែ​ក្បួន​របស់​កម្មករ​រោងចក្រ​ទាំង​ពីរ​នៅ​ខេត្ត​តាកែវ មក​ភ្នំពេញ​នេះ ត្រូវ​បាន​មន្ត្រី​ក្រសួង​ការងារ បាន​ចេញ​មក​ទទួល​ញត្តិ​តវ៉ា​ពី​ក្រុម​កម្មករ និង​សន្យា​ព្យាយាម​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ជា​បន្តបន្ទាប់៖ «ការ​ដោះស្រាយ​យើង​ឈរ​លើ​ផ្លូវ​កណ្ដាល​ប្រកាន់​យក​ផ្លូវ​ច្បាប់ យើង​អត់​មាន​សិទ្ធិ​បង្ខំ​ថា ថៅកែ​ត្រូវ​តែ​ទទួល​យក​នោះ​ទេ។ ឥឡូវ​នេះ​ម៉ោង​នេះ កំពុង​តែ​ប្រជុំ​នៅ​រោងចក្រ​សម្រប​សម្រួល​គ្នា​ធ្វើ​យ៉ាង​ណា​ឲ្យ​ថៅកែ​ឈរ​លើ​គោលការណ៍​ច្បាប់»

ក្រុម​កម្មករ​ព្រមាន​ថា បើ​ពុំ​មាន​ការ​ដោះស្រាយ​តាម​ការ​ទាមទារ​របស់​ពួក​គេ​ឲ្យ​បាន​សមរម្យ​នោះ​ទេ ពួក​គេ​នឹង​នាំ​គ្នា​តវ៉ា​បន្ត​ទៀត លុះត្រា​តែ​មាន​ដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល