កម្មករ​រោងចក្រ​៦០%​សុំ​ច្បាប់​ឈប់​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​ប៉ុន្តែ​ថៅកែ​មិន​អនុញ្ញាត

ដោយ ម៉ម មុនីរតន៍
2015-02-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៣-តុលា-២០១០៖ សកម្មភាព​របស់​កម្មករ​រោងចក្រ​កាត់ដេរ Peace Glory (cambodia) Mfg. Co. Ltd., នា​រាជធានី​ភ្នំពេញ។
១៣-តុលា-២០១០៖ សកម្មភាព​របស់​កម្មករ​រោងចក្រ​កាត់ដេរ Peace Glory (cambodia) Mfg. Co. Ltd., នា​រាជធានី​ភ្នំពេញ។
Photo Supplied

មេ​ដឹក​នាំ​សហជីព​កាត់​ដេរ និង​ស្បែក​ជើង ឲ្យ​ដឹង​ថា កម្មករ​ប្រមាណ ៦០​ភាគរយ បាន​សុំ​ច្បាប់​សុំ​ឈប់​សម្រាក​ពី​ការងារ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន នេះ ប៉ុន្តែ​នៅ​តែ​មិន​បាន​ឈប់​សម្រាក ដោយសារ​ថៅកែ​រោងចក្រ​ជា​ជនជាតិ​ចិន មិន​អនុញ្ញាត​ច្បាប់​ឲ្យ​កម្មករ​បាន​ឈប់​សម្រាក​​ឡើយ។

កម្មករ​នៅ​តាម​បណ្ដា​រោងចក្រ​នានា បាន​បង្ខំ​ចិត្ត​សុំ​ច្បាប់​ដើម្បី​បាន​ឈប់​សម្រាក​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន។

លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ ថា ផ្អែក​តាម​ការ​អង្កេត​របស់​លោក​ក្នុង​អំឡុង​ពេល​នៃ​ពិធី​សែន​ចិន ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​នេះ គឺ​រក​ពុំ​ឃើញ​ថា​ថៅកែ​រោងចក្រ​ដែល​ជា​ជនជាតិ​ចិន បាន​អនុញ្ញាត​ច្បាប់​ឲ្យ​កម្មករ​បាន​ឈប់​សម្រាក​ទេ។ លោក​បន្ត​ថា ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ យោង​លើ​ការ​ស្រាវជ្រាវ​បង្ហាញ​ថា កម្មករ​ប្រមាណ ៦០​ភាគរយ​បាន​សុំ​ច្បាប់​ឈប់​សម្រាក​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន នេះ​ទៅ​វិញ។ លោក​បន្ត​ថា «ខ្ញុំ​បាន​ធ្វើ​ការ​អង្កេត ហើយ​ក៏​មាន​កម្មករ​មួយ​ចំនួន​គាត់​បាន​ស្នើសុំ​តែ​ម្ដង ស្ទើរ​តែ ៦០​ភាគរយ​នៃ​កម្មករ​ដែល​គាត់​ស្នើសុំ​ឲ្យ​ឈប់​សម្រាក​មួយ​ថ្ងៃ»។ លោក​បន្ត​ថា «ពួក​គេ​សុខ​ចិត្ត​ឲ្យ​កាត់​លុយ​ពួក​គាត់​ទៀត ដើម្បី​រៀបចំ​ពិធី​សែន​ព្រេន​ទៅ​តាម​ទំនៀមទម្លាប់​ចិន»

ស្ទើរ​តែ​គ្រប់​រោងចក្រ នៅ​ដំណើរ​ការ​សង្វាក់​ផលិតកម្ម​របស់​ខ្លួន​នៅ​ឡើយ ទន្ទឹម​នឹង​មាន​ការ​ស្នើសុំ​ច្បាប់​ឈប់​សម្រាក​របស់​កម្មករ​ខ្លះ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន នេះ​ក្តី។

ប្រធាន​ផ្នែក​ដេរ​នៅ​រោងចក្រ​មួយ​ម្ដុំ​ផ្លូវ​វ៉េងស្រេង លោកស្រី យិន សុផា ថ្លែង​ថា កម្មករ​ជាច្រើន​មាន​ការ​ខក​ចិត្ត ដោយសារ​ភាគី​រោងចក្រ​ពុំ​អនុញ្ញាត​ច្បាប់​ឲ្យ​ពួក​គេ​បាន​ឈប់​សម្រាក​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន នេះ។ លោកស្រី​បញ្ជាក់​ថា ថ្វី​បើ​ចូល​ឆ្នាំ​ចិន វា​ពុំ​មែន​ជា​ប្រពៃណី​របស់​កម្ពុជា ក្តី ក៏​មាន​មនុស្ស​មួយ​ចំនួន​មាន​ជាប់​ឈាម​ជ័រ​សែស្រឡាយ​ជា​កូន​ចៅ​ចិន ខ្លះ​ដែរ។ លោកស្រី​បន្ត​ថា «នៅ​នេះ​សែន​ចិន គឺ​វេទនា​បំផុត​រោងចក្រ​ខ្ញុំ។ សុំ​ច្បាប់​អ្នក​ដែល​ជាប់​ខ្សែ​ណា​បង ជាប់​ខ្សែ​ចិន ហ្នឹង គឺ​ឥត​បាន​តែ​ម្ដង»។ លោកស្រី​បន្ត​ថា «រោងចក្រ​គេ​ថា​គេ​ឥត​មាន​ច្បាប់​ឲ្យ​សែន​ទេ»

ភាគី​តំណាង​ក្រុមហ៊ុន​ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន មួយ​ចំនួន មិន​អាច​ស្នើសុំ​ការ​បំភ្លឺ​បាន​ទេ ដោយសារ​ពួក​គេ​អះអាង​ថា​រវល់​ជាប់​សែន​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន នេះ។

ច្បាប់​ស្ដីពី​ការងារ​ដែល​ប្រកាស​ឲ្យ​ប្រើ​កាល​ពី​ខែ​មករា ឆ្នាំ​១៩៩៧ មាត្រា​១៧០ ចែង​ថា តាម​គោលការណ៍ ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ត្រូវ​អនុវត្ត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ឬ​បុណ្យ​ភ្ជុំ​បិណ្ឌ។ បន្ថែម​ពី​លើ​នេះ​ទៀត គឺ​ត្រូវ​អនុវត្ត​តាម​អនុក្រឹត្យ​ស្ដីពី​ប្រតិទិន​ឈប់​សម្រាក​ការងារ​របស់​មន្ត្រី​រាជការ និយោជក និង​កម្មករ​ប្រចាំ​ឆ្នាំ​ថែម​ទៀត។ ក៏ប៉ុន្តែ ការ​អនុវត្ត​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​វិញ ហាក់​មិន​ដូច្នេះ​ឡើយ។ នៅ​តាម​គ្រឹះស្ថាន​សិក្សា​របស់​រដ្ឋ ដូចជា​សាលា​រៀន អង្គភាព និង​មន្ទីរ​របស់​រដ្ឋ​មួយ​ចំនួន បើ​ទោះ​ជា​ពុំ​បាន​កំណត់​ដោយ​ច្បាប់​ក្តី ក៏​មន្ត្រី​រាជការ​ស៊ីវិល​នៅ​តាម​ការិយាល័យ​ទាំង​នេះ មិន​បម្រើ​ការងារ​ដែរ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន។

បើ​ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន ភាគ​ច្រើន​បាន​ទទួល​យក​វប្បធម៌​ចិន ស្ទើរ​មិន​ដឹង​ខ្លួន។ គ្រួសារ​ខ្លះ​បើ​ទោះ​ជា​មិន​ជាប់​សែស្រឡាយ​ចិន ឬ​ថា​ជាប់​តិចតួច​ក៏ដោយ ក៏​ពួក​គេ​ប្រារព្ធ​ពិធី​សែន​ចិន ឬ​បុណ្យ​ចូល​ឆ្នាំ​ចិន នោះ​ដែរ។ ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ផ្សេង​ទៀត គឺ​ធ្វើ​ដើម្បី​លើក​មុខ​លើក​មាត់។ ម្យ៉ាង​ទៀត រៀបចំ​ទៅ​ដើម្បី​កុំ​ឲ្យ​គេ​ថា​ពុំ​មាន​ឈាម​ជ័រ​ជា​កូន​ចៅ​ចិន។

នៅ​ក្នុង​រាជធានី​ភ្នំពេញ​ស្ទើរ​ទាំង​មូល ដោយ​មិន​ទាន់​រាប់​នៅ​តាម​បណ្ដា​ទីប្រជុំជន​នៅ​ឡើយ​ផង ហាក់​បាន​ក្លាយ​ទៅ​ជា​ទីក្រុង​ចិន មួយ​ទៅ​ហើយ។ ផ្សែង​ភ្លើង និង​ធុំ​ក្លិន​ក្រដាស​ចេញ​ពី​ការ​ដុត​សែន​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន មាន​គ្រប់​មុខ​ផ្ទះ អម​ដោយ​ផ្កា​អង្គាសីល និង​ពិធី​តុបតែង​បែប​ចិន ខ្លះ​ផង។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​យល់​ឃើញ​ថា ពលរដ្ឋ​កម្ពុជា កំពុង​ទទួល​យក​ឥទ្ធិពល​នៃ​ទំនៀមទម្លាប់ ប្រពៃណី និង​វប្បធម៌​របស់​ចិន ដោយ​មិន​ដឹង​ខ្លួន ស្រប​ពេល​មាន​មតិ​រិះគន់​ថា ចិន តែង​កើប​យក​ធនធាន​ធម្មជាតិ​របស់​ខ្មែរ​ដោយ​ប្រយោល​ទៅ​វិញ។ បើ​ទោះ​ជា​បែប​ណា លោក ប៉ាវ ស៊ីណា ចាត់​ទុក​ថា អ្វី​ដែល​ថៅកែ​រោងចក្រ​ដែល​មាន​ជនជាតិ​ចិន ជា​អ្នក​ដឹក​នាំ ហើយ​ពុំ​អនុញ្ញាត​ច្បាប់​ឲ្យ​កម្មករ​បាន​ឈប់​សម្រាក​នេះ លោក​ថា គឺ​ជា​មធ្យោបាយ​មួយ​ដ៏​ល្អ​ទៅ​វិញ​ទេ។ លោក​ថ្លែង​ថា ព្រោះ​បុណ្យ​ចូល​ឆ្នាំ​ចិន ឬ​ពិធី​សែន​របស់​ចិន នេះ វា​ពុំ​មាន​កំណត់​ដោយ​ច្បាប់​ឡើយ។ លោក​បន្ត​ថា «ព្រឹក​មិញ​នេះ​ខ្ញុំ​បាន​ធ្វើ​ការ​ដោះស្រាយ​លើ​កម្មករ​រោងចក្រ​មួយ​ចំនួន ដែល​គាត់​សុំ​ច្បាប់​ពី​និយោជក​របស់​ខ្លួន ដើម្បី​មក​ចូលរួម​សែន​ព្រេន»។ លោក​បន្ត​ថា «ប្រសិន​បើ​យើង​ជា​ខ្មែរ​ពិត​ប្រាកដ មិន​មាន​អ្វី​ដែល​ត្រូវ​រៀបចំ​កម្មវិធី​សែន​ព្រេន​ទេ ប៉ុន្តែ​បើ​យើង​មាន​ជាប់​សែស្រឡាយ​មែន​នោះ ជា​រឿង​ដែល​ត្រូវ​តែ​ធ្វើ​ហើយ»

ដោយ​ឡែក អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា យល់​ឃើញ​ថា វា​ហាក់​មិន​បាន​ផល​ចំណេញ​ណា​មួយ​ឡើយ​ចំពោះ​ការ​ស្នើ​ឲ្យ​មាន​ច្បាប់​ឈប់​សម្រាក​ក្នុង​ថ្ងៃ​បុណ្យ​ចិន និង​វៀតណាម នេះ។ អ្នកស្រី​មើល​ឃើញ​ថា ព្រោះ​កម្មករ​ភាគ​ច្រើន គឺ​ពុំ​មាន​សាច់ញាតិ​ជា​កូន​ចៅ​ចិន នោះ​ដែរ ហេតុ​នេះ​ការ​ឈប់​សម្រាក​ណា​មួយ​នោះ វា​នឹង​ធ្វើ​ឲ្យ​កម្មករ​ត្រូវ​ខាត​បង់​ទៅ​វិញ​ទេ។ អ្នកស្រី​បន្ត​ថា «ខ្ញុំ​សង្កេត​ឃើញ​ថា បុណ្យ​នេះ​វា​មិន​មែន​ជា​បុណ្យ​របស់​ប្រពៃណី​របស់​ជាតិ​យើង​ទេ ហើយ​យើង​គួរ​ប្រកាន់​ភ្ជាប់​នូវ​បុណ្យ​របស់​ប្រពៃណី​ជាតិ​យើង»។ អ្នកស្រី​បន្ត​ថា «ខ្ញុំ​យល់​ថា បើ​មិន​មាន​ជាប់​សែស្រឡាយ គឺ​មិន​ចំណេញ​អី​សម្រាប់​ខ្មែរ​យើង​ទេ»

បើ​ទោះ​ជា​បែប​ណា អ្នកស្រី យ៉ាង សុភ័ណ្ឌ ថ្លែង​ថា ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន នេះ ពុំ​មាន​កម្មករ​ណា​ម្នាក់​ដែល​ត្រូវ​បាន​អនុញ្ញាត​ច្បាប់​ឲ្យ​ឈប់​សម្រាក បើ​ទោះ​ជា​ថៅកែ​របស់​ពួក​គេ គឺ​ជា​ជនជាតិ​ចិន ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

កុំទៅចងឈប់អីណា។ វាជាថ្ងៃចូលឆ្នំាចិនតា មិនមែនថ្ងៃប្រពៃណីជាតិទេ។ យើងជាខ្មែរតា។

Feb 19, 2015 09:00 PM

គេហទំព័រ​ទាំងមូល