សមត្ថកិច្ច​ដោះលែង​តំណាង​សហជីព​និង​កម្មករ​គ័នថិក​មក​វិញ​បន្ទាប់​ពី​ឃុំ​ខ្លួន​៥ម៉ោង

ដោយ អ៊ុង សេរីវុទ្ធ
2015-06-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

សមត្ថកិច្ច​ខេត្ត​តាកែវ​ដោះលែង​តំណាង​សហជីព​និង​កម្មករ​នៃ​រោងចក្រ​គ័នថិក(Kuan Tech)​​១០​នាក់​មក​វិញ​ហើយ បន្ទាប់​ពី​ឃុំ​ខ្លួន​ប្រមាណ​៥ម៉ោង ក្រោយ​ចាប់​ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី៣០ ខែ​មិថុនា នៅ​ពេល​ពួកគេ​តវ៉ា​នៅ​មុខ​រោងចក្រ ដើម្បី​​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​គោរព​ច្បាប់​ការងារ។

ការ​ដោះលែង​នេះ​ដោយ​មាន​ការ​ធានា​ខ្លួន​អ្នក​ទាំង​នោះ​ដោយ​សហព័ន្ធ​សហជីព​ដើម្បី​កម្មករ។

អនុប្រធាន​សហព័ន្ធ​សហជីព​ដើម្បី​កម្មករ លោក សំ ផានិត បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ចាប់​ខ្លួន​អ្នក​ទាំងនោះ​បញ្ជូន​ទៅ ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ដោយ​មិន​បញ្ជាក់​ហេតុផល​ច្បាស់លាស់​យ៉ាងណា​នោះ​ទេ៖ «កាល​ពី​ពីរ​ថ្ងៃ​មុន មាន​ដីកា​រក្សា​ការពារ​របស់​តុលាការ​ខេត្ត ដើម្បី​បង្គាប់​ឲ្យ​កម្មករ​ចូល​ធ្វើការ​តាម​បង្គាប់​របស់​តុលាការ​ហ្នឹង បន្ទាប់​ពី​គោរព​ដីកា​នោះ​ហើយ ពួកគាត់(កម្មករ) ចេញ​មក​ធ្វើ​កូដកម្ម​នៅ​ខាង​ក្រៅ​ដូច​ធម្មតា​វិញ។ ក្នុង​ពេល​កំពុង​ទាមទារ​នៅ​ខាង​ក្រៅ ក៏​មាន​ការ​ប៉ះ​ទង្គិច​គ្នា ដោយសារ​សន្តិសុខ​នៅ​ខាង​ក្នុង​បញ្ជា​ដល់​សន្តិសុខ​គ្នា​គាត់ មក​រារាំង​កម្មករ ហើយ​បង្ក​ឲ្យ​ប៉ះ​គ្នា​មួយ​ប្រាវ​ទៅ។ បន្ទាប់​មក​មាន​សមត្ថកិច្ច​ខេត្ត មក​បំបែក​នឹង​ចាប់​ខ្លួន​តែ​ម្ដង»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាល​ស្រុក​ត្រាំកក់ លោក តឹក តុងលឹម បំភ្លឺ​ករណី​នេះ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

កម្មករ​រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក គ័នថេក ដែល​ស្ថិត នៅ​ភូមិ​ចោមពល ឃុំ​ពពេល ស្រុក​ត្រាំកក់ បាន​ផ្ទុះ​ការ​តវ៉ា​តាំង​ពី​ដើម​ខែ​មិថុនា និង​បាន​ឡើង​ដល់​ក្រសួង​ការងារ​ដើម្បី​អន្តរាគមន៍​ដោះស្រាយលើ​ប្រាក់​ខែ​អប្បបរមា​កម្មករ​តាម​ច្បាប់​ការងារចំនួន​១២៨​ដុល្លារ និង​ករណី​ហិង្សា​ដោយ​ថៅកែ​ជនជាតិ​ចិន ប៉ុន្តែ​មក​ដល់​ថ្ងៃ​ទី​៣០ មិថុនា ​នៅ​ពុំ​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល