កម្មករ​រោងចក្រ​ប៊្លូម​ហ្វៀល​ខេត្ត​កំពង់ឆ្នាំង​បន្ត​តវ៉ា​ទាមទារ​ដំណោះស្រាយ​ការងារ

ដោយ ជិន ជេដ្ឋា
2015-09-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​កំពង់ឆ្នាំង។
ផែនទី​ខេត្ត​កំពង់ឆ្នាំង។
Photo: RFA

ទាញ​យក​កម្មវីធី

តំណាង និង​កម្មករ​កម្មការិនី​រោងចក្រ ប៊្លូម ហ្វៀល (Blooms Field) នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​តែ​រក្សា​ជំហរ​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​រោងចក្រ​រាល់​ថ្ងៃ ឬ​អាច​ដង្ហែ​ក្បួន​តវ៉ា​ទៅ​កាន់​មន្ទីរ​ការងារ ប្រសិន​បើ​នៅ​តែ​គ្មាន​ដំណោះស្រាយ។ ការ​ព្រមាន​បែប​នេះ គឺ​បន្ទាប់​ពី​ក្រុម​កម្មករ​នាំ​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ការងារ ហើយ​នាំ​គ្នា​បន្ត​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ​ពីរ​ម៉ោង​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា។

កូដកម្ម​របស់​កម្មករ​កម្មការិនី​ប្រមាណ ២០០​នាក់ បាន​ឈាន​ដល់​ថ្ងៃ​ទី​៦ ហើយ គឺ​គិត​ចាប់​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន ៤​ចំណុច​ពី​ភាគី​ក្រុមហ៊ុន ប៊្លូម ហ្វៀល។ ក្រុមហ៊ុន​នេះ ផលិត​ប្រភេទ​អាវ​ចាក់ ឬ​អាវ​រងា​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។

លក្ខខណ្ឌ​ទាំង​បួន​ចំណុច​ដែល​កម្មករ​ទាមទារ​នោះ គឺ​ទី​១ កម្មករ​ទាមទារ​ឲ្យ​រោងចក្រ​ទទួល​យក​កម្មករ​ចំនួន ២០​នាក់​ដែល​បាន​បញ្ឈប់ ឲ្យ​ចូល​ធ្វើ​ការ​វិញ។ ទី​២ ត្រូវ​បញ្ឈប់​មន្ត្រី​រដ្ឋបាល​រោងចក្រ​ចំនួន​ពីរ​នាក់ គឺ​កញ្ញា ឡុង សាវី និង​លោក មាស តារា។ ទី​៣ ផ្ដល់​កុងត្រា​ការងារ​រយៈពេល​វែង គឺ​ចាប់​ពី ៦​ខែ​ទៅ ១​ឆ្នាំ និង​ទី​៤ ភាគី​រោងចក្រ​មិន​ត្រូវ​បញ្ឈប់​កម្មករ​ដោយ​គ្មាន​មូលហេតុ​បន្ត​ទៀត។

តំណាង​កម្មករ និង​ជា​សកម្មជន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា (FTUWKC) គឺ​លោក មៀវ សារ៉ាត់ បញ្ជាក់​ជំហរ​ថា រូប​លោក និង​កម្មករ​ជាច្រើន​នាក់​ទៀត តវ៉ា​រហូត​មាន​ដំណោះស្រាយ ព្រោះ​បើ​ព្រម​ចូល​ធ្វើ​ការ​នៅ​ពេល​នេះ គង់​តែ​រដ្ឋបាល​រោងចក្រ​បញ្ឈប់​ពី​ការងារ​ដដែល។ លោក​ថា ភាគី​រោងចក្រ​មិន​សូវ​គោរព​ច្បាប់​ការងារ​កម្ពុជា និង​ទទួល​យក​សំណូមពរ​កម្មករ​ទេ៖ «ពេល​បាន​ទៅ​ភ្នំពេញ ទើប​ដាក់​ញត្តិ អ៊ីចឹង​ពួក​ខ្ញុំ​មាន​សង្ឃឹម​ច្រើន​ជាង​នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​កំពង់ឆ្នាំង បាន​តែ​ត្រឹម​ផ្សះផ្សាៗ។ សំណូមពរ​ឲ្យ​ក្រុមហ៊ុន​ចេញ​ដោះស្រាយ​ជាមួយ​កម្មករ ដើម្បី​រហ័ស​បាន​ចូល​ធ្វើ​ការ​វិញ»

ទាក់ទង​បញ្ហា​នេះ ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខេត្ត​កំពង់ឆ្នាំង លោក ពៅ ស៊ីថា មាន​ប្រសាសន៍​ថា មន្ទីរ​បាន​អញ្ជើញ​តំណាង​ភាគី​រោងចក្រ និង​តំណាង​កម្មករ ដើម្បី​ជួប​ជជែក​ដោះស្រាយ​តាំង​ពី​ថ្ងៃ​មាន​បាតុភាព ប៉ុន្តែ​ជំនួប​នោះ ភាគី​ទាំង​ពីរ​មិន​បាន​ស្រុះស្រួល​គ្នា​ទេ ហើយ​លោក​ក៏​ធ្វើ​របាយការណ៍​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការងារ ភ្លាមៗ​នោះ​ដែរ។ លោក​បន្ត​ថា បច្ចុប្បន្ន​ការងារ​នេះ គឺ​ហួស​ពី​ដៃ​លោក​ហើយ ប៉ុន្តែ​លោក​អំពាវនាវ​ឲ្យ​ភាគី​ទាំង​ពីរ​ស្រុះស្រួល​គ្នា​ឲ្យ​បាន​ឆាប់ ដើម្បី​កុំ​ឲ្យ​បាត់​ប្រយោជន៍​កម្មករ និង​ភាគី​ក្រុមហ៊ុន​កាន់​តែ​ខ្លាំង​ឡើង៖ «យើង​អត់​មាន​ទុក​ដល់​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ទេ គ្រាន់​តែ​មាន​បញ្ហា​ភ្លាមៗ យើង​ដោះស្រាយ​យើង​ទម្លាប់​ធ្វើ​អ៊ីចឹង។ យើង​ខ្លាច​ទុក​យូរ​ទៅ​វា​បាត់បង់​ផល​ប្រយោជន៍​ទាំង​សង​ខាង។ យើង​ក៏​បាន​ខិតខំ​ដែរ តែ​ដូច​ខ្ញុំ​និយាយ​ដដែល​ថា ខ្ញុំ​អត់​មាន​សិទ្ធិ​កាត់​ក្ដី​ទេ យើង​គ្រាន់​តែ​មាន​សិទ្ធិ​ថា ចំណុច​ហ្នឹង​ច្បាប់​និយាយ​ថា​ចេះ ហើយ​ក្រុមហ៊ុន​អាច​ទទួល​យក​បាន​អត់»

វិទ្យុ​អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​មន្ត្រី​រដ្ឋបាល​រោងចក្រ ប៊្លូម ហ្វៀល គឺ​កញ្ញា ឡុង សាវី និង​លោក មាស តារា ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​របស់​កម្មករ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា។

ប៉ុន្តែ​តាម​រយៈ​ការ​សម្រប​សម្រួល​របស់​ប្រធាន​មន្ទីរ​ការងារ ខេត្ត​កំពង់ឆ្នាំង កន្លង​ទៅ តំណាង​ភាគី​ក្រុមហ៊ុន​បាន​ផ្ដល់​នូវ​ហេតុផល​មួយ​ចំនួន ដែល​មិន​អាច​ធ្វើ​តាម​ការ​ទាមទារ​របស់​ក្រុម​កម្មករ។ ការ​បញ្ឈប់​កម្មករ ឬ​មិន​បន្ត​កុងត្រា​រយៈពេល​វែង​ដល់​កម្មករ​កម្មការិនី​នោះ គឺ​ដោយសារ​ក្រុមហ៊ុន​ពុំ​សូវ​មាន​ការ​បញ្ជា​ទិញ​ពី​ក្រៅ​ប្រទេស។ ចំណែក​លក្ខខណ្ឌ​សុំ​បញ្ឈប់​បុគ្គលិក​រដ្ឋបាល​ពីរ​នាក់​នោះ គឺ​ធ្វើ​ឡើង​ភ្លាមៗ ដោយ​អ្នក​ទាំង​ពីរ​គ្មាន​កំហុស។

រោងចក្រ ប៊្លូម ហ្វៀល ដែល​មាន​កម្មករ​បម្រើ​ការងារ​ជាង ៩០០​នាក់ ធ្លាប់​ធ្វើ​កូដកម្ម​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ស្រដៀង​គ្នា​នេះ​ម្ដង​រួច​ហើយ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៤។ កាល​ណោះ ក្រុម​កម្មករ​ចោទ​មន្ត្រី​រដ្ឋបាល​រោងចក្រ ថា​បាន​រើសអើង​កម្មករ និង​ជិះ​ជាន់​កម្លាំង​ពលកម្ម​របស់​កម្មករ ជាដើម។ ក្រុម​អ្នក​តវ៉ា ព្រម​ចូល​ធ្វើ​ការ​វិញ ក្រោយ​មាន​អន្តរាគមន៍​ពី​មន្ត្រី​នៃ​ក្រសួង​ការងារ។

ប្រភព​ពី​តំណាង​កម្មករ ក្រុម​ការងារ​នៃ​ក្រសួង​ការងារ នឹង​ចុះ​ស៊ើប​អង្កេត​ករណី​វិវាទ​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កញ្ញា បន្ទាប់​ពី​តំណាង​ពួក​គាត់​បាន​ដាក់​ញត្តិ​ចូល​ក្រសួង​ការងារ កាល​ពី​រសៀល​ថ្ងៃ​ទី​២១ ខែ​កញ្ញា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល