ពលការិនី​អំពាវនាវ​រដ្ឋាភិបាល​ឈប់​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បញ្ជូន​ពលការិនី​ទៅ​ធ្វើ​ការ​ក្រៅ​ប្រទេស

ដោយ ម៉ែន សុធីរ
2015-06-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ត្រី ៥​នាក់​នៅ​ខេត្ត​ស្ទឹងត្រែង ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​សង្គ្រោះ​ដើម្បី​បាន​មក​ស្រុក​កំណើត​វិញ។
ស្ត្រី ៥​នាក់​នៅ​ខេត្ត​ស្ទឹងត្រែង ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​សង្គ្រោះ​ដើម្បី​បាន​មក​ស្រុក​កំណើត​វិញ។
Photo Provided

ពលការិនី ១៣​នាក់ អំពាវនាវ​ជា​ថ្មី​ទៀត​ឲ្យ​រដ្ឋាភិបាល បញ្ឈប់​ក្រុមហ៊ុន​នាំ​ពលករ​ពលការិនី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia)។ ការ​អំពាវនាវ​នេះ គឺ​នៅ​បន្ទាប់​ពី​ពួក​គាត់ ១៣​នាក់ កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​តែ​ឃើញ​ពលការិនី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ជា​បន្តបន្ទាប់ តាម​រយៈ​ក្រុមហ៊ុន និង​មេ​ខ្យល់ ដែល​ត្រូវ​ប្រឈម​បញ្ហា​ដូច​ពួក​គាត់។

ពលការិនី​ទាំង​នោះ​អះអាង​ថា ពួក​គេ​មិន​ចង់​ឲ្យ​ស្ត្រី​ខ្មែរ​ផ្សេង​ទៀត​រងគ្រោះ​ដូច​ពួក​គាត់​ឡើយ ស្រប​ពេល​ដែល​ពួក​គាត់​កំពុង​ធ្វើ​ការ​ទាំង​បង្ខំ ដោយ​មិន​ផ្តល់​ប្រាក់​ឈ្នួល ការ​បង្អត់​អាហារ និង​ការ​បំបិទ​សេរីភាព ជាដើម។

តំណាង​ពលការិនី សម្ដែង​ក្តី​បារម្ភ​ជា​ថ្មី​ទៀត ស្រប​ពេល​ដែល​ពួក​គាត់​ចាញ់​បោក​មេ​ខ្យល់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​មិន​ងាយ​នឹង​អាច​បាន​វិល​មក​ស្រុក​វិញ។ ការ​បារម្ភ​ជា​ថ្មី​នេះ ក្រុម​ពលការិនី​ទទូច​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ភ្លាមៗ ទៅ​ក្រុមហ៊ុន​ដែល​នាំ​ពលការិនី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ថា​ជា​ក្រុមហ៊ុន​អាជីវកម្ម​ឆបោក។

តំណាង​ពលការិនី​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី ម្នាក់​ក្នុង​ចំណោម​ពលការិនី ១៣​នាក់ ថ្លែង​សុំ​លាក់​អត្តសញ្ញាណ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​ប្រទេស​ម៉ាឡេស៊ី នៅ​យប់​ថ្ងៃ​ទី​២៥ មិថុនា ថា អ្វី​ដែល​ពួក​គាត់​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី គឺ​ផ្ទុយ​ពី​អ្វី​ដែល​ក្រុមហ៊ុន​បាន​សន្យា និង​ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន។ ជាង​នេះ​ទៅ​ទៀត ពួក​គេ​ទទូច​ឲ្យ​រដ្ឋាភិបាល រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ដល់​ក្រុមហ៊ុន​ដែល​បោកប្រាស់​នាំ​ពលករ​ទៅ​ក្រៅ​ប្រទេស។ ស្ត្រី​ដដែល​បន្ថែម​ថា ពួក​គាត់​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​មិន​អាច​ដូរ​នឹង​បាយ​ពីរ​ពេល​របស់​ថៅកែ​បាន​ទេ ហើយ​ថែម​ទាំង​ធ្វើ​ការ​ពេញ ១​ខែ នៅ​តែ​ជំពាក់​ថៅកែ គឺ​ផ្ទុយ​ពី​អ្វី​ដែល​ក្រុមហ៊ុន​បាន​ប្រកាស។ នាង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ពិចារណា​ឡើង​វិញ ចំពោះ​ការ​បញ្ជូន​កូន​ស្រី​ទៅ​ធ្វើ​ការ​ក្រៅ​ប្រទេស ដែល​អាច​នឹង​ត្រូវ​រង​ការ​រំលោភ​បំពាន​កម្លាំង​ពលកម្ម​គ្រប់​បែប​យ៉ាង ទឹក​ភ្នែក​ស្រក់​រាល់​ថ្ងៃ។ ជាង​នេះ​ទៅ​ទៀត នាង​សង្កត់​ធ្ងន់​ថា អ្វី​ដែល​ពួក​គេ​បារម្ភ ស្ត្រី​ខ្មែរ​ជាច្រើន​នាក់​ក៏​កំពុង​រង​ទុក្ខ​វេទនា​ជាង​នាង​ទៅ​ទៀត តាម​រយៈ​ក្រុមហ៊ុន​ដដែលៗ​ដែល​នាំ​ពលការិនី​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស នៅ​មិន​ទាន់​មាន​ការ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ឡើយ៖ «មិន​បាន​ការងារ​អី​ផង គិត​ថា​គំរាម​កាត់​លុយ និយាយ​ទៅ​តាំង​ពី​មក​មិន​ដែល​មាន​ថា​ឮ​ថា​បើក​លុយ​អី​ទេ មាន​តែ​គំរាម​កាត់​លុយ ហើយ​សង​គេ​អត់​គ្រប់​ទៀត។ អ្នក​ខ្លះ ៥​ខែ​ទើប​រួច​ថ្លៃ​ម្ហូប​ហ្នឹង»

ក្រុម​ពលការិនី​ទាំង​នោះ​អះអាង​ថា ក្រុមហ៊ុន​ដែល​នាំ​ពួក​គេ​ទៅ​ធ្វើ​ការ គឺ​ក្រុមហ៊ុន​មាន​ឈ្មោះ​ថា ម៉ាស្ទ័រ ខេម យូមេន រីសសស៍ (Master Cam Human Resources Co.,LTD) មាន​ទីតាំង​នៅ​សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ គឺ​ជា​ក្រុមហ៊ុន​ទទួល​ពលករ​ពលការិនី​ធ្វើ​ការងារ​តាម​ផ្ទះ និង​រោងចក្រ​នៅ​ក្រៅ​ប្រទេស។ ក្រុមហ៊ុន​នេះ​បាន​នាំ​ពួក​គេ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ខែ​មីនា ឆ្នាំ​២០១៥។ ពលការិនី​ទាំង ១៣​នាក់ គឺ​មក​ពី​ខេត្ត​សៀមរាប ចំនួន ៦​នាក់ ខេត្ត​ស្ទឹងត្រែង ៥​នាក់ និង​ក្រុង​ភ្នំពេញ ២​នាក់។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ម៉ាស្ទ័រ ខេម យូមេន រីសសស៍ ដើម្បី​សុំ​បំភ្លឺ​ពី​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៧ មិថុនា។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សន្ទរី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ មិថុនា ថា ក្រសួង​នឹង​អន្តរាគមន៍​បន្ត​ទៀត​តាម​រយៈ​ស្ថានទូត​ប្រចាំ​ប្រទេស​ពលការិនី​ធ្វើ​ការ ប៉ុន្តែ​ចាំបាច់​ឲ្យ​ពលការិនី​ទាំង​នោះ សរសេរ​លិខិត​ផ្ញើ​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ទាក់ទិន​បញ្ហា​នេះ មក​កាន់​ស្ថានទូត ដើម្បី​ឲ្យ​ក្រសួង​មាន​ភស្តុតាង​ជាក់លាក់​ក្នុង​ការ​ជំរុញ​បន្ថែម​ទៀត​ទៅ​ស្ថានទូត ឲ្យ​ពន្លឿន​ការ​អន្តរាគមន៍ ដើម្បី​ឲ្យ​ពួក​គេ​បាន​ត្រឡប់​មក​ស្រុក​វិញ៖ «ទាក់ទង​ជាមួយ​ស្ថានទូត​ខ្ញុំ​ជឿ​ថា មាន​ដំណោះស្រាយ​មាន​ការ​ជួយ»

ទោះ​យ៉ាង​ណា​ក៏ដោយ ក្រុម​ពលការិនី​អះអាង​ថា ពួក​គាត់​ធ្លាប់​បាន​ទាក់ទង​ប្ដឹង​តាម​ទូរស័ព្ទ​ទៅ​ស្ថានទូត​ដែល​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី ដែរ​កាល​ពី​ដើម​ខែ​មិថុនា តែ​មិន​ទាន់​មាន​អន្តរាគមន៍​នៅ​ឡើយ​ទេ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​នាំ​ពលការិនី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ លោក​ទទូច​ឲ្យ​ក្រសួង​មហាផ្ទៃ ស៊ើប​អង្កេត​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស និង​អនុវត្ត​ច្បាប់​ចំពោះ​ក្រុមហ៊ុន​ទាំង​នោះ បើ​រក​ឃើញ​ថា​ជា​ក្រុមហ៊ុន​ឆបោក។ លោក​ថា ក្នុង​ចំណោម​ពលការិនី​ទាំង​នោះ​មាន​ពលការិនី​នៅ​ខេត្ត​ស្ទឹងត្រែង ចំនួន ៥​នាក់ ដែល​សមាគម​អាដហុក បាន​ទទួល​ពាក្យ​បណ្ដឹង​កាល​ពី​ដើម​ខែ​មិថុនា៖ «រដ្ឋាភិបាល​ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​ពលរដ្ឋ​ខ្មែរ ដែល​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី»

មន្ត្រី​សង្គម​ស៊ីវិល​កត់​សម្គាល់​ថា ក្រសួង​ការ​បរទេស អនុញ្ញាត​ឲ្យ​ពលការិនី​អាច​បន្ត​ទិដ្ឋាការ​ការងារ (Visa) បាន​នៅ​តាម​ស្ថានទូត ដែល​ជា​ឱកាស​ដល់​ក្រុមហ៊ុន​មួយ​ចំនួន​យក​ចន្លោះ​ប្រហោង​របស់​រដ្ឋាភិបាល ដើម្បី​នាំ​ពលការិនី​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍។ បញ្ហា​នេះ ក៏​ជា​គុណ​វិបត្តិ​ដល់​ពលការិនី​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​នោះ​ដែរ។

រដ្ឋាភិបាល​ធ្លាប់​បាន​ប្រកាស​ឲ្យ​បញ្ឈប់​បញ្ជូន​ពលការិនី​ទៅ​ធ្វើ​ការ​ជា​មេ​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ឆ្នាំ​២០១១៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

ចំជាស្រែមែន នៅតែគំនិតស្រែដរដែល សង្សៃតែមានពួកកេង​ចំណេញ​នយោបាយនៅពីក្រោយហើយមើលទៅ គេមានតែគាំទ្រ មាន​តែអបអរ ដែលមានអ្នកនាំទៅធ្វើការនៅបរទេស ឯងបែរជាមក​សុំអោយ​បញ្ឈប់ទៅវិញ រដ្ឋគេមិនគំនិតអន់ដូចពួកអ្នកស្រែឯងទេ យើងមើលរាល់ថ្ងៃមានខ្មែរច្រើនណាស់គេខំរៀន ខំដាក់ពាក្យទៅធ្វើ​ការ​នៅបរទេសនោះ ព្រោះគេបានដុល្លាចាយ មើលៗរាល់ថ្ងៃ​ខ្មែរ​យើងមានដុល្លារាប់ពាន់ៗស្ទីរគ្រប់ផ្ទះទៅហើយសម័យតេជោនេះនោះ ប្រទេសចំរើនរថយន្តទំនើបៗឡើងចង្អៀតផ្លូវទៅហើយ មិនអញ្ចឹង?

Jun 28, 2015 10:31 PM

DEJO PEN

Shame on Hun Sen govt that governs a country and allows its citizen to be bought and sold for official government profits.They get rich from selling their own blood and flesh as slaves to foreigners[labor slaves,sex slaves,...].
Think about it,how can you be so proud to be Khmer ????

Jun 28, 2015 09:34 AM

គេហទំព័រ​ទាំងមូល