អគ្គិសនី​កម្ពុជា​ចុះ​ភ្ជាប់​បណ្ដាញ​ចរន្ត​ជូន​កម្មករ​នៅ​តាម​ផ្ទះ​ជួល​ចាប់​ពី​ថ្ងៃ​២៩ មករា

ដោយ ទេព សុរ៉ាវី
2015-01-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ម្ចាស់​ផ្ទះ​ជួល​ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​ការងារ​ថ្លៃ​អគ្គិសនី​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៥។
ម្ចាស់​ផ្ទះ​ជួល​ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​ការងារ​ថ្លៃ​អគ្គិសនី​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៥។
Photo: RFA

ក្រុមហ៊ុន​​អគ្គិសនី​កម្ពុជា (EDC) ប្រកាស​ថា នឹង​ចុះ​ភ្ជាប់​បណ្ដាញ​ចរន្តអគ្គិសនី​មាន​តម្លៃ ៦១០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ជូន​កម្មករ កម្មការិនី នៅ​តាម​ផ្ទះ​ជួល ឬ​បន្ទប់​ជួល ចាប់​ពី​ថ្ងៃ​ទី​២៩ មករា ត​ទៅ។

​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា បញ្ជាក់​ក្នុង​លិខិត​មួយ​ដែល​ផ្ញើ​ជូន​ទៅ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ មករា ថា ដើម្បី​ជំរុញ​ឲ្យ​យន្តការ​អនុវត្ត​ថ្លៃ​អគ្គិសនី ៦១០​រៀល ឆាប់​បាន​ដល់ដៃ​ពលរដ្ឋ​ដែល​ស្នាក់​នៅ​តាម​ផ្ទះ​ជួល ឬ​បន្ទប់​ជួល អគ្គិសនី​កម្ពុជា​នឹង​ចុះ​ទៅ​អនុវត្ត​ការងារ​នេះ​ចាប់​ពី​ថ្ងៃ​ទី​២៩ មករា ដោយ​ផ្ដើម​ពី​សង្កាត់​ទួល​សង្កែ ក្នុង​ខណ្ឌ​ឫស្សីកែវ បន្ទាប់​មក​នៅ​សង្កាត់​ចាក់អង្រែលើ និង​សង្កាត់​ចាក់អង្រែក្រោម ក្នុង​ខណ្ឌ​មាន ជ័យ និង​នៅ​សង្កាត់​ដង្កោ ក្នុង​ខណ្ឌ​ដង្កោ ដែល​ជា​តំបន់​ប្រមូល​ផ្តុំ​អ្នក​ជួល​ផ្ទះ​ច្រើន។

លិខិត​ដដែល​នោះ បញ្ជាក់​ថា ក្រុម​ការងារ​អគ្គិសនី​កម្ពុជា នឹង​ចុះ​ទៅ​ចំនួន ៨០​នាក់ ក្នុង​មួយ​ខណ្ឌ​ដែល​បែង​ចែក​ជា ១០​ក្រុម ដើម្បី​ចុះ​ទៅ​ទទួល​ពាក្យ​ស្នើ​សុំ​បន្ត​ចរន្ត និង​ត​ភ្ជាប់​ចរន្តអគ្គិសនី​នៅ​ទីតាំង​ស្នាក់​នៅ​របស់​កម្មករ​ដោយ​ផ្ទាល់ ចាប់ពី​ម៉ោង ៤​កន្លះ ដល់​ម៉ោង ៨​កន្លះ​យប់ លើកលែងតែ​ថ្ងៃ​អាទិត្យ ជា​ថ្ងៃ​ឈប់​សម្រាក​របស់​កម្មករ ក្រុម​ការងារ​អគ្គិសនី​នឹង​ចុះ​ទៅ​ចាប់​ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ៥​រសៀល។

ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា ត្រៀម​ប្រាក់​ចន្លោះ​ពី ២​លាន ទៅ ៣​លាន​ដុល្លារ សម្រាប់​ដាក់​កុងទ័រ​តាម​បន្ទប់​ជួល​ឲ្យ​កម្មករ ដើម្បី​ធានា​ថា ពួកគេ​អាច​ប្រើប្រាស់​អគ្គិសនី​ពី​រដ្ឋ​ក្នុង​តម្លៃ​ថោក។ ប៉ុន្តែ​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា តម្រូវ​ឲ្យ​អ្នក​ជួល​ផ្ទះ ឬ​បន្ទប់​ជួល កក់​ថ្ងៃ​ត​បណ្ដាញ​អគ្គិសនី​ចំនួន ៣៥.០០០​រៀល​ជា​មុន​សិន មុន​នឹង​បាន​អគ្គិសនី​ប្រើ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

កូនខ្មែរ

ចូលរួមអបអរជាមួយបងប្អូនកម្មករ និង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ពីទុក្ខលំបាក់របស់បងប្អូនកម្មករ ។

Jan 26, 2015 10:17 PM

គេហទំព័រ​ទាំងមូល