កម្មករ​រោងចក្រ​នៅ​ស្រុក​មុខកំពូល​ជាង​១០០​នាក់​ដួល​សន្លប់​ដោយសារ​ក្លិន​ក្នុង​រោងចក្រ

ដោយ អ៊ុង សេរីវុទ្ធ
2015-01-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

កម្មករ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ស៊ិចផ្លាស (Sixplus) ១៣២​នាក់ ក្នុង​ចំណោម​កម្មករ​ជាង​២ពាន់​នាក់ បាន​ដួល​សន្លប់ ដោយ​អាការៈ​ទន់​ដៃ​ទន់​​ជើង នៅ​ពេល​កំពុង​ធ្វើការ ដោយ​សារ​ផ្សែង​ពុល​ដែល​គេ​ដុត​សំបក​កង់ឡាន​ហុយ​ចូល​ក្នុង​រោងចក្រ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង នៅ​វេលា​ម៉ោង​ជាង​៧​ព្រឹក ថ្ងៃ​ទី ៣០ មករា។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​កម្ពុជា (CLUF) លោក សោម អូន បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ថា កម្មករ​ដែល​ពុល​ដួល​ទន់​ដៃ​ជើង​ទាំង​នោះ ត្រូវ​បាន​ជួយ​សង្គ្រោះ ផុត​ពី​គ្រោះថ្នាក់ និង​ត្រឡប់​ទៅ​ផ្ទះ​សម្រាក​វិញ​ហើយ។ លោក​បន្ត​ថា ភាគី​រោងចក្រ​នឹង​អនុញ្ញាត​ឲ្យ​កម្មករ ឈប់​សម្រាក​រហូត​ដល់​ថ្ងៃ​ទី​២ កុម្ភៈ ទើប​ឲ្យ​ចូល​ធ្វើ​ការ​វិញ។

ទោះ​ជា​យ៉ាង​ណា លោក សោម អូន ស្នើ​ដល់​ថៅកែ​រោងចក្រ​ទាំង​អស់ ត្រូវ​រៀបចំ​បរិស្ថាន ឲ្យ​មាន​អនាម័យ ក្នុង​កន្លែង​ធ្វើ​ការ​ដូចជា ត្រូវ​បើក​កង្ហារ​បឺត​ក្លិន​ពុល​ក្នុង​រោងចក្រ មុន​កម្មករ​ចូល​ធ្វើការ យ៉ាង​ហោច​ណាស់ ៣០​នាទី​មុន​ដែរ៖ «មួយ​វិញ​ទៀត កម្មករ​ត្រូវ​ប្រយ័ត្ន​ប្រយែង​នឹង​ការ​ហូប​ចុក អនាម័យ ជាដើម ព្រោះ​ការ​សន្លប់ អាច​បណ្ដាល​មក​ពី​សុខភាព​ខ្សោយ​ផង​ដែរ»

នេះ​ជា​ហេតុការណ៍​ដួល​សន្លប់ លើក​ទី​១​ហើយ​សម្រាប់ កម្មករ​រោងចក្រ​ស៊ីចផ្លាស មាន​ទីតាំង​នៅ​បណ្ដោយ​ជាតិ​លេខ៦អា ភូមិ​កណ្ដាល ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ដែល​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៣ ដោយ​វិនិយោគិន​ជា​ជនជាតិ​ចិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល