កម្មករ​ជិត​៥០​នាក់​សន្លប់​ដោយសារ​ផ្ទុះ​ម៉ាស៊ីន​កម្ដៅ​ស្បែក​នៅ​រោងចក្រ​ខេត្ត​កំពង់ឆ្នាំង

ដោយ ខែ សុណង
2015-02-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

កម្មករ​រោងចក្រ​ដេរ​ស្បែក​ជើង​នៅ​ភូមិ​ចម្ការស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង ជិត ៥០​នាក់​សន្លប់ ព្រោះ​ភិតភ័យ​ដោយសារ​ឆេះ​ស្បែក និង​ផ្ទុះ​ម៉ាស៊ីន​កម្ដៅ​ស្បែក នៅ​រសៀល​ថ្ងៃ​ទី​២១ កុម្ភៈ។

មន្ត្រី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សាខា​ខេត្ត លោក កាន សុខវី បាន​ឲ្យ​ដឹង​ថា កម្មករ​បាន​ដួល​សន្លប់​មួយ​លើក ដោយសារ​ភ័យ​ស្លន់​រត់​បុក​គ្នា​ចេញ​ពី​រោងចក្រ បន្ទាប់​ពី​ដឹង​ថា ម៉ាស៊ីន​កម្ដៅ​ស្បែក​បាន​ឆេះ​ពេល​យក​ស្បែក​ទៅ​កម្ដៅ។ ហើយ​ពួក​គេ​មួយ​ចំនួន​បាន​សន្លប់​មួយ​លើក​ទៀត នៅ​ពេល​ថៅកែ​ហៅ​ឲ្យ​ចូល​ធ្វើ​ការ​វិញ មាន​ធុំ​ក្លិន​ឈួល​ក្នុង​បរិវេណ​រោងចក្រ។

លោក កាន សុខវី ថ្លែង​ថា៖ «កម្មករ​គាត់​យក​ស្បែក​ដេរ​ស្បែក​ជើង​យើង​ហ្នឹង ទៅ​កម្ដៅ​ក្នុង​ម៉ាស៊ីន​កម្ដៅ ពេល​នោះ​ម៉ាស៊ីន​កម្ដៅ​វា​បាន​ឆេះ​ឡើង។ គាត់​បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់។ គាត់​ធុំ​ក្លិន​ពី​ជ័រ និង​ធុំ​ក្លិន​ផ្សែង​ពន្លត់​អគ្គិភ័យ​ហ្នឹង»

កម្មការិនី​ដែល​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ បាន​ឲ្យ​ដឹង​ថា នាង​សន្លប់​ដោយសារ​ធុំ​ក្លិន​ក្នុង​អគារ​រោងចក្រ និង​អារម្មណ៍​ភ័យ​ពេល​ឃើញ​អ្នក​រួម​ការងារ​ដួល​សន្លប់ និង​ប្រកាច់​ជា​បន្តបន្ទាប់​នោះ។

មន្ត្រី​ដដែល ឲ្យ​ដឹង​ថា កម្មករ​មួយ​ចំនួន​ត្រូវ​គេ​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រឡាច និង​គ្លីនិក ឈ្មោះ តែ វណ្ណា។ កម្មករ​មួយ​ចំនួន​ដែល​បាន​ដឹង​ខ្លួន​វិញ បាន​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល