កម្មករ​រោងចក្រ Crystal Martin នៅ​ខេត្ត​កណ្ដាល ថា ភាគី​ថៅកែ​មិន​បើក​លុយ​ព្យួរ​ការងារ​ឲ្យ​តាម​ការ​សន្យា

ដោយ អាស៊ីសេរី
2020-03-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​ធ្វើការ​នៅ​អគារ​ទី១ នៃ​​រោងចក្រ គ្រីស្ដាល់ ម៉ាទីន (Crystal Martin) ជិត ៨០០នាក់ តវ៉ា​តាំង​ពី​ដើម​ខែ​មីនា ព្រោះ​ថៅកែ​គ្រោង​បញ្ឈប់​កម្មករ ដោយ​ប្រើ​ហេតុផល​អស់​វត្ថុធាតុដើម​ឲ្យ​កម្មករ​ដេរ។
កម្មករ​ធ្វើការ​នៅ​អគារ​ទី១ នៃ​​រោងចក្រ គ្រីស្ដាល់ ម៉ាទីន (Crystal Martin) ជិត ៨០០នាក់ តវ៉ា​តាំង​ពី​ដើម​ខែ​មីនា ព្រោះ​ថៅកែ​គ្រោង​បញ្ឈប់​កម្មករ ដោយ​ប្រើ​ហេតុផល​អស់​វត្ថុធាតុដើម​ឲ្យ​កម្មករ​ដេរ។
រូប៖ អង្គការ CENTRAL

ក្រុម​កម្មករ​ ធ្វើ​ការ​នៅ​រោងចក្រ​កាត់ដេរ គ្រីស្ដាល់ ម៉ាទីន (Crystal Martin) ​នៅ​ខេត្ត​កណ្ដាល ព្រមាន​ថា នឹង​លើក​គ្នា​ទៅ​តវ៉ា​នៅ​មុខ​រោងចក្រ​បន្ត​ទៀត ព្រោះ​ថៅកែ​មិន​ព្រម​បើក​លុយ​ ព្យួរ​ការងារ ៤០ភាគ​រយ តាម​ការ​សន្យា​ឲ្យ។

កម្មការិនី​ឈ្មោះ ខែម ស្រីណែត ឲ្យ​ដឹង​ថា ភាគី​ថៅកែ​បាន​សន្យា​ថា នឹង​វេរ​​លុយ​​​ឈ្នួល​រយៈ​ពេល​ព្យួរ​ការងារ​ ឲ្យ​កម្មករ​ចំនួន ៤0ភាគ​រយ នៅ​ថ្ងៃ​ទី៦ មីនា តែ​មក​ដល់​ម៉ោង ៥ល្ងាច​ទៅ​ហើយ កម្មករ​មិន​ទាន់​បាន​ទទួល​លុយ​ទេ។ ដូច្នេះ ក្រុម​កម្មករ​គ្រោង​លើក​គ្នា​ទៅ​តវ៉ា​ម្ដង​ទៀត នៅ​ថ្ងៃ​ទី៧ មីនា។

កម្មការិនី ខែម ស្រី​ណែត ឲ្យ​ដឹង​ថា កម្មករ​ធ្វើការ​នៅ​អគារ​ទី១ នៃ​​រោងចក្រ​គ្រីស្ដាល់​ ម៉ាទីន (Crystal Martin) ជិត​ប្រាំបី​រយ (៨០០)នាក់ បាន​តវ៉ា​ច្រើន​ថ្ងៃ​មក​ហើយ តាំង​ពី​ដើម​ខែ​មីនា ព្រោះ​ថៅកែ​មាន​គម្រោង​បញ្ឈប់​កម្មករ​ ដោយ​ប្រើ​ហេតុផល​អស់​វត្ថុធាតុដើម​ឲ្យ​កម្មករ​ដេរ។ តែ​ក្រោយ​ការ​តវ៉ា​ច្រើន​ថ្ងៃ​មក អាជ្ញាធរ​វិស័យ​ការងារ​ បាន​មក​សម្រប​សម្រួល និង​អន្តរាគមន៍​ ប្រជុំ​គ្នា ឲ្យ​​ថៅកែ​បង់ ៤០​ភាគរយ ឯ​រដ្ឋាភិបាល​ផ្ដល់​ជូន ២០ភាគ​រយ​បន្ថែម​ឲ្យ​កម្មករ សម្រាប់​ការ​ព្យួរ​ការងារ​រយៈ​ពេល ២ខែ ចាប់​ពី​ថ្ងៃ​ទី៥ មីនា ដល់​ថ្ងៃ​ទី៣០ ខែ​មេសា។

ក្នុង​កិច្ច​ព្រមព្រៀង​នោះ កម្មករ​ថា ភាគី​ថៅកែ​សន្យា​ថា នឹង​​​បើក​ប្រាក់​ឈ្នួល ៤០ភាគ​រយ នៃ​ប្រាក់​ឈ្នួល​គោល​អប្បបរមា ១៩០ដុល្លារ​អាមេរិក នៅ​ថ្ងៃ​ទី៦ មីនា ហើយ​​ខាង​ក្រសួង​ការងារ នឹង​បើក​ឲ្យ​២០ភាគ​រយ​ទៀត នៅ​ថ្ងៃ​ចូល​រៀន​វគ្គ​ខ្លី​ជាមួយ​ក្រសួង រយៈ​ពេល ៥ថ្ងៃ តែ​មិន​ទាន់​បញ្ជាក់​ថា ថ្ងៃ​ណា​ទេ។ ប៉ុន្តែ​ មក​ដល់​ល្ងាច​ ថ្ងៃ​ទី៦ មីនា​ហើយ មិន​ទាន់​ឃើញ​ ប្រាក់​ឈ្នួល ៤០ភាគ​រយ ចូល​ក្នុង​គណនី​ធនាគារ​ទេ៖ «ពួក​ខ្ញុំ​ចាំ​មើល​ត្រឹម​ម៉ោង៤។ ម៉ោង៤ បើ​សិន​ឃើញ​លុយ​ចូល​រៀង​ខ្លួន អា​ហ្នឹង​អត់​អ្វី​ទេ តែ​បើ​អត់​ឃើញ​ពួក​ខ្ញុំ​ប្រហែល​ជា​ទៅ​ម្ដង​ទៀត​អ៊ីចឹង​ណា។ និយាយ​ទៅ​ ខាង​ក្រុម​ហ៊ុន គាត់​និយាយ​ថា អត់​មាន​ឥវ៉ាន់​ឲ្យ​ដេរ។ ប៉ុន្តែ​ពួក​ខ្ញុំ​កំពុង​ធ្វើការ គេ​ហៅ​ចុច​ឈ្មោះ​ថា យើង​មាន​ឈ្មោះ​ គេ​បញ្ចប់​កុង​ត្រា​ អ៊ីចឹង​ណា ព្រោះ​អ្វី គេ​បញ្ចប់​ត្រឹម​អគារ​១។ គេ​សុំ​ព្យួរ​ឈ្មោះ​ត្រឹម​អគារ​១ សិន​ ព្រោះ​អ្វី គ្មាន​ឥវ៉ាន់​ដេរ»

រោងចក្រ គ្រីស្ដាល់ ម៉ាទីន (Crystal Martin) ស្ថិត​ក្នុង​សួន​ឧស្សាហកម្ម​សេដ្ឋកិច្ច​ពិសេស 7NG នៅ​ភូមិ​វិហារសួគ៌​ជើង ឃុំ​វិហារសួគ៌​ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល។ ថៅកែ​រោងចក្រ​នេះ សញ្ជាតិ​អង់គ្លេស ( ឈ្មោះ WALSH SHAUN FREANCIS) មាន​កម្មករ​សរុប ជាង​បួន​ពាន់ (៤.០៥០) នាក់​។​

ក្នុង​កំណត់​ហេតុ​​នៃ​កិច្ច​ប្រជុំ​ស្ដីពី​ដំណោះស្រាយ​ករណី​ព្យួរ​ការងារ​ កម្មករ​នៅ​ក្រុមហ៊ុន​គ្រីស្ដាល់ ម៉ាទីន (Crystal Martin) កាល​ពី​ថ្ងៃ​ទី៥ មីនា បង្ហាញ​ថា កម្មករ​ដែល​តវ៉ា និង​ដោះ​ស្រាយ មាន​ចំនួន​​៧៦២នាក់ ជា​កម្មករ​ធ្វើ​ការ​នៅ​ក្នុង​អគារ​ទី១ នៃ​រោងចក្រ។ កម្មករ​ឲ្យ​ដឹង​ថា រោង​ចក្រ​នេះ មាន​អគារ​ចំនួន៣ សុទ្ធ​តែ​ធំៗ ហើយ​ការ​ព្យួរ​ការងារ ធ្វើ​ឡើង​តែ​អគារ​ទី១ កាត់​ដេរ​សំលៀក​បំពាក់​​​ធំៗ ​ដែល​ថៅកែ​ប្រាប់​ថា អស់​វត្ថុ​ធាតុ​ដើម។ ឯ​​​​​​អគារ​ទី២ គឺ​កាត់ដេរ​ខោ​លីអូ និង​អគារ​ទី៣ កាត់​ដេរ​​អាវទ្រនាប់​ មិន​ទាន់​អស់​វត្ថុ​ធាតុ​ដើម​ដេរ​ទេ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ប្រធាន​កិច្ច​ប្រជុំ​ដោះស្រាយ​វិវាទ​នៅ​រោងចក្រ​គ្រីស្ដាល់ ម៉ាទីន ដែល​ជា​តំណាង​របស់​ក្រសួង លោក អ៊ូ រតនា បាន​ទេ នៅ​ថ្ងៃ​ទី៦ មីនា ដោយសារ​លោក​ប្រាប់​ថា រវល់​ប្រជុំ។

ទោះ​ជា​យ៉ាង​ណា ក្នុង​កំណត់​ហេតុ​​កិច្ច​ប្រជុំ កាល​ពី​ថ្ងៃ​ទី៥ មីនា ពិត​ជា​បាន​បង្ហាញ​ថា ក្រុម​ហ៊ុន​បាន​យល់​ព្រម​បើក​ប្រាក់​ឈ្នួល ៤០ភាគ​រយ សម្រាប់​រយៈ​ពេល​ព្យួរ​ការងារ សរុប​ទាំង ២ខែ ឲ្យ​កម្មករ​នៅ​ថ្ងៃ​ទី៦ មីនា​មែន។ ក្នុង​កំណត់​ហេតុ​ដដែល​បាន​បញ្ជាក់​ថា ក្នុង​ពេល​ព្យួរ​កិច្ច​សន្យា ២ខែ ថៅកែ អាច​កោះហៅ​កម្មករ​និយោជិត ចូល​ធ្វើការ​តាម​ការ​ស្ម័គ្រ​ចិត្ត​បាន ហើយ​ក្រោយ​ការ​ព្យួរ​កិច្ច​សន្យា​ការងារ​២ខែ ក្រុមហ៊ុន​ត្រូវ​អនុញ្ញាត​ឲ្យ​កម្មករ​និយោជិត ចូល​ធ្វើ​ការ​តាម​ផ្នែក និង​តួនាទី​ដើម។ ក្នុង​ករណី​ក្រុមហ៊ុន នៅ​តែ​មិន​មាន​ការងារ​ឲ្យ​កម្មករ និយោជិត​ ធ្វើ​ការងារ​ទៀត ត្រូវ​អនុវត្ត​តាម​ច្បាប់​ស្ដីពី​ការងារ។

អាស៊ី​សេរី គ្មាន​ប្រភព​ភាគី​តំណាង​រោងចក្រ​គ្រីស្ដាល់ ម៉ាទីន (Crystal Martin) ដើម្បី​សុំ​ការ​បញ្ជាក់​ឡើយ។ ប៉ុន្តែ​ភាគី​សហជីព អះអាង​ថា កំណត់​ហេតុ​នេះ ធ្វើ​ឡើង​ក្រោយ​មាន​ការ​ជជែក​គ្នា​តឹង​សរសៃ​ក រវាង​តំណាង​កម្មករ​រោងចក្រ និង​មន្ត្រី​ក្រសួង​ការងារ។

ប្រធាន​សហជីព​ស៊ីខៅឌូ ប្រចាំ​រោងចក្រ​គ្រីស្ដាល់ ម៉ាទីន (Crystal Martin) លោក ទិត រ៉ុន ឲ្យ​ដឹង​ថា តាម​ផែនការ​អគារ​ទី១ នៅ​សល់​វត្ថុធាតុ​ដើមសម្រាប់​ដេរ ដល់​ចុង​ខែ​មេសា។ ប៉ុន្តែ​ ថៅកែ​បាន​ផ្ទេរ​វត្ថុ​ធាតុ​ដើម ពី​អគារ​ទី១ ទៅ​អគារ​ទី២ និង​ទី៣ វិញ ហើយ​គ្រោង​បញ្ចប់​កិច្ច​សន្យា​កម្មករ។ លោក​​ថា ក្រុម​កម្មករ​ខ្លះ ក៏​មាន​ទំនោរ​ឲ្យ​ថៅកែ​បញ្ចប់​កិច្ច​សន្យា​ដែរ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​​ច្រើន​ជាង​​ព្យួរ​កិច្ច​សន្យា​ការងារ។

ចំពោះ​ប្រាក់​ឈ្នួល ៤០ភាគ​រយ កំឡុង​ពេល​ព្យួរ​នេះ លោក ទិត រ៉ុន ឲ្យ​ដឹង​ថា ខាង​គណនេយ្យ​រោងចក្រ​បាន​ធ្វើ​វិក្កយបត្រ​ឲ្យ​រួច​រាល់​ហើយ។ ដូច្នេះ ប្រហែល​ជាង​ថ្ងៃ​ទី៧ ឬ​ថ្ងៃ​ទី៨ ទើប​អាច​ធ្លាក់​លុយ​ចូល​ក្នុង​គណនី​ធនាគារ៖ «ជាក់​ស្ដែង​នៅ​រោងចក្រ​នេះ វា​អាច​ខ្វះ​ខាត​ខ្លះៗ ដែរ​បង។ ប៉ុន្តែ​បើ​សម្រាប់​ថា Plan (ផែនការ) ពួក​ខ្ញុំ​នៅ​អគារ១ វិញ យើង​មាន Plan រហូត​ដល់​ខែ៣ ខែ​៤ អ្វី​នោះ ទៅ​តាម​ផ្នែក​នីមួយៗ ហ្នឹង តែ​គ្រាន់​ថា ក្រុមហ៊ុន គេ​សម្រេច​ចិត្ត​បញ្ចប់​យើង​មុន Plan យើង​ដេរ​ចប់​ហ្នឹង ដោយសារ​គេ​ដក​ឥវ៉ាន់​យើង ទៅ​អគារ​ទី២ ទៅ​ណា គេ​បញ្ចប់​យើង​មុន Plan»

គិត​ត្រឹម​ថ្ងៃ​ទី៥ ខែ​មីនា សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ និង​សហជីព​ ឲ្យ​ដឹង​ថា មាន​រោងចក្រ​ សហគ្រាស ៣៣ ហើយ បាន​ព្យួរ​ការងារ​កម្មករ ខ្លះ​ព្យួរ​មួយ​សប្ដាហ៍ ដល់ ២ខែ។ មន្ត្រី​ក្រសួង​ការងារ​ ព្យាករណ៍​ថា ក្នុង​កំឡុង​ពេល​មាន​​វិបត្តិ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី កូវីដ​១៩ (Covid-19) រោងចក្រ​សហគ្រាស ប្រមាណ​ ២០០ នឹង​ព្យួរ​ការងារ​កម្មករ​ និយោជិត ដោយ​សារ​ខ្វះ​វត្ថុ​ធាតុ​ដើម យក​មក​ពី​ប្រទេស​ចិន។ តែ​នាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន សែន ប្រកាស​ថា ក្រុមហ៊ុន និង​រដ្ឋាភិបាល នឹង​ផ្ដល់​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ ចំនួន ៦០ភាគ​រយ​នៃ​ប្រាក់​ឈ្នួល​គោល រយៈ​ពេល ៦ខែ ក្នុង​កំឡុង​ពេល​ព្យួរ​កិច្ច​សន្យា​ការងារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល