កម្មករ​​នៅ​រោងចក្រ​មួយ​ចំនួន​ បារម្ភ​ពី​បញ្ហា​សុខភាព និង​សុវត្ថិភាព ខណៈ​ចំនួន​អ្នក​ជំងឺ​កូវីដ១៩ បន្ត​កើន​ឡើង​​រាល់​​ថ្ងៃ

ដោយ អាស៊ីសេរី
2020-03-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រោងចក្រ W&D ស្ថិត​នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​បំណាច់​អតីតភាព​ការងារ មុន​ឆ្នាំ ២០១៩។
រោងចក្រ W&D ស្ថិត​នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​បំណាច់​អតីតភាព​ការងារ មុន​ឆ្នាំ ២០១៩។
រូប៖ ហ្វេសប៊ុក​ឈ្មោះ អាន អាន ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ២០១៨

កម្មករ-កម្មការិនី ដែល​កំពុង​ធ្វើ​ការ​តាម​រោងចក្រ​កាត់​ដេរ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ស្វាយ​រៀង បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព និង​សុខភាព​របស់​ពួក​គេ ខណៈ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា​កើន​ឡើង ៩៦នាក់​ហើយ។ តើ​ពួក​គេ​ត្រៀម​ខ្លួន​យ៉ាង​ណា​ដែរ ដើម្បី​បង្ការ​កុំ​ឲ្យ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​មួយ​នេះ?

កម្មការិនី​ម្នាក់ ដែល​ធ្វើ​ការ​នៅ​រោងចក្រ​ដាប់ប៊ែលយ៉ូ អែនឌី (W&D) ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ លោកស្រី ប៊ូ ណាវី រៀប​រាប់​ថា លោកស្រី និង​កម្មករ​ដទៃ​ទៀត តែង​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ជា​និច្ច អំពី​ជំងឺ​ឆ្លង​កូវីដ​១៩ បើ​ទោះ​បី​ជា​ខាង​រដ្ឋបាល វាស់​កម្ដៅ​កម្មករ​ទាំង​អស់​នៅ​ពេល​ព្រឹក​មុន​ចូល​រោងចក្រ ចែក​ទឹក​អាកុល​លាង​ដៃ និង​តម្រូវ​ឲ្យ​​អ្នក​ធ្វើ​ការ​ទាំង​អស់​ពាក់​ម៉ាស់​ការពារ​ក៏​ដោយ។

ក្នុង​ជួរ​ដេរ​សំលៀក​បំពាក់​តាម​ក្រុម​នីមួយៗ លោក​ស្រី​សង្កេត​ឃើញ កម្មករ​ភាគ​ច្រើន​ពាក់​ម៉ាស់​ ប៉ុន្តែ​ក៏​មាន​កម្មករ​មួយ​ចំនួន​តូច មិន​ពាក់​ម៉ាស់​បាន​ជាប់​លាប់​ដែរ ដោយ​សារ​តែ​ពូក​គេ​មិន​ទម្លាប់។

ចំណែក​ការ​ជុំ​គ្នា​ហូប​បាយ​ថ្ងៃ​ត្រង់​វិញ លោកស្រី​ថា កម្មករ​មួយ​ចំនួន នៅ​មាន​ទម្លាប់​នេះ​ដដែល​ ហើយក៏​មិន​ទាន់​ឃើញ​មាន​កម្មករ​ណា​ហូប​បាយ​ដាច់​ដោយ​ឡែក​ពី​គ្នា​នៅឡើយ៖ «អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​នៅ​តែ​មានការ​ភ័យ​ខ្លាច ទី​១​បង​ប្អូន​កម្មករ​គាត់​ផ្ដាសាយ​អ៊ីចឹង។ ម្យ៉ាង​ទៀត ម៉ាស៊ីន​វាយ​កម្ដៅ​ហ្នឹង ជួន​កាល​មេរោគ​កូវីដ១៩ ហ្នឹង​វា​ផ្ទុក​ភ្លាម​ក៏​មិន​អាច​ដឹង​ភ្លាម​អ៊ីចឹង តាម​ខ្ញុំ​ស្ដាប់​ព័ត៌មាន​មើល​រាល់ថ្ងៃ​អ៊ីចឹង។ ពេល​ផ្ទុក​ភ្លាម​មិន​អាច​ដឹង​ភ្លាម​ អ៊ីចឹង​ ការ​ភ័យ​ខ្លាច​ព្រួយ​បារម្ភ​នៅ​តែ​កើត​មាន​។ ម្យ៉ាងទៀត ការ​ធ្វើ​ដំណើរ​ទៅ​មក​ តាម​ផ្លូវ​ពាក់​ម៉ាស់​ក៏​ដោយ ប៉ុន្តែ​ម៉ាស់​ហ្នឹង​ការពារ​បាន​តែ​ច្រមុះ​ទេ។ មេរោគ​ហ្នឹង វា​ហើរ​ទុំ​កន្លែង​ណា​វា​ឆ្លង​កន្លែង​ហ្នឹង»

ទន្ទឹម​នឹង​​អារម្មណ៍​ភ័យ​នេះ ស្ត្រី​វ័យ ៤៥ឆ្នាំ ដែល​មាន​កូន​ប្រុស ៣នាក់ ក្នុង​បន្ទុក​គ្រួសារ ក៏​បារម្ភ​ពី​បញ្ហា​ជីវភាព​ទៅ​ថ្ងៃ​មុខ បើ​សិន​ជា​ថៅកែ​សម្រេច​ផ្អាក​ឬ​បិទ​រោងចក្រ​មួយ​រយៈ​ពេល ដោយ​សារ​តែ​បង្ការ​ជំងឺ​កូវីដ១៩ នេះ៖ «អារម្មណ៍​ភ័យ​ខ្លាច​ គឺ​ភ័យ​ខ្លាច​ខ្លាំង តែ​ហានិភ័យ​ធំ​បំផុត​គឺ​អត់​លុយ។ ពេល​ដែល​ផ្អាក​ការងារ​ ណា​មួយ​ត្រូវ​ចាយ​វាយ​​ហូប​ចុក​រាល់​ថ្ងៃ​សម្រាប់​កូនៗ គឺ​បែប​យ៉ាង​អ៊ីចឹង។ ឧទាហរណ៍​ថា​ថ្លៃ​ផ្ទះ​ឈួល សម្ដេច​គាត់​បាន​ប្រកាស​ហើយ ឲ្យ​ផ្អាក​ខាង​ថ្លៃ​ធនាគារ​អី មិន​ដឹង​ថា​គេ​យល់​ព្រម​តាម​ប្រសាសន៍​របស់​សម្ដេច​ឬ​អត់។ ដល់​ពេល​អ៊ីចឹង​ទៅ បង​ប្អូន​ទាំង​អស់​ ព្រម​ទាំង​ខ្ញុំ​មាន​អារម្មណ៍​មួយ​ថា បើ​ផ្អាក​ម្យ៉ាង​ដែរ ណាមួយ​ខ្លាច​ឆ្លង​ តែ​បើ​ផ្អាក​ទៅ​អត់​លុយ​ កៀក​ចូល​ឆ្នាំ​ អ៊ីចឹង ត្រូវ​ការ​លុយ​សម្រាប់​កូនៗ ដូច​ខ្ញុំ​អ៊ីចឹង បាន​តែ​ធ្វើការ​រោងចក្រ​ចិញ្ចឹម​កូន»

ចំណែក​កម្មការិនី​ម្នាក់​ទៀត ដែល​ធ្វើ​ការ​នៅ​រោងចក្រ​ដេរ​ស្បែក​ជើង​ឈ្មោះ ហ្គូលឌិន ខែនស៊ូ (Golden Chen shoes) ក្នុង​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​មាន​អារម្មណ៍​ភ័យ​ខ្លាច​ឆ្លង​ជំងឺ​នេះ។

លោកស្រី ឃុន ស្រីពៅ ឲ្យ​ដឹង​ថា ខាង​ថៅកែ​រោងចក្រ ទើប​តែ​ចេញ​វិធានការ​វាស់​កម្ដៅ​កម្មករ​ ចែក​ទឹក​អាកុល​លាង​ដៃ និង​ឲ្យ​ពាក់​ម៉ាស់ ដូច​រោងចក្រ​ផ្សេង​ទៀត ក្នុង​រយៈ​ពេល ៤ថ្ងៃ​កន្លង​មក​នេះ កាល​ពី​ពេល​មុនៗ គឺ​មិន​មាន​ទេ។

ថ្វី​បើ​មាន​ការ​យក​ចិត្ត​ទុក​ពី​ថៅកែ​យ៉ាង​ក៏​ដោយ​ ក៏​លោក​ស្រី នៅ​តែ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​នេះ​ដែរ ព្រោះ​ថា​ការងារ​ផ្នែក​បាត​ស្បែក​ជើង​នេះ កម្មករ​ធ្វើ​បន្ត​ពី​ម្នាក់​ហុច​ឲ្យ​ម្នាក់​ទៀត​ គឺ​ប្រើ​ដោយ​ដៃ​ទទេ មិន​មាន​ពាក់​ស្រោមដៃ​ឡើយ។

ដោយសារ​តែ​ឃើញ​បញ្ហា​ប្រឈម​ដូច្នេះ លោកស្រី និង​កម្មករ​ដទៃ​ទៀត ហាក់​ផ្លាស់ប្ដូរ​ទម្លាប់​ធ្វើ​ការ​ខុស​ពី​ពេល​មុន ដើម្បី​ការងារ​ខ្លួន​ម្នាក់​កុំ​ឲ្យ​មាន​ឆ្លង​ជំងឺ​កូវីដ១៩ នេះ៖ «ខ្ញុំ​ធ្វើ​ការ​ដោយ​ការ​ភ័យ​ខ្លាច។ ខ្ញុំ​បុណ្យ​ឲ្យ​តែ​រោងចក្រ​គេ​ផ្អាក​ទេ ព្រោះ​អី​ជំងឺ​កាច​ច្រើន។ ណាមួយ​ទៀត​ ក្នុង​ការ​ធ្វើការ​រាល់​ថ្ងៃ​ យើង​មាន​ការ​ប្រយ័ត្ន​រៀងៗ ខ្លួន ដោយសារ​គាត់​ដឹង​អ៊ីចឹង។ ទាំង​ខ្ញុំ​អីចឹង ត្រូវ​ផ្លាស់​ប្ដូរ​ទម្លាប់​ធ្វើ​ការ​ពី​មុន​មក​ ដែល​មិន​មាន​ការ​ប្រុងប្រយ័ត្ន ដូចជា​ឧស្សាហ៍​លាង​ដៃ ទិញ​អាកុល​ដាក់​តាម​ខ្លួន​សម្រាប់​លាង​ដៃ រាល់ ១០នាទី ១៥នាទី​ម្ដង​អ៊ីចឹង​ទៅ។ ពាក់​ស្រោម​ជើង​ ពាក់​ម៉ាស់​ឲ្យ​ជាប់​ជាប្រចាំ ហើយ​ព្យាយាម​ធ្វើ​ការ​ដាច់​ដោយ​ឡែក​ពី​គ្នា​អ៊ីចឹង»

លោកស្រី មើល​ឃើញ​ថា​ កម្មករ​ភាគច្រើន​ដែល​ធ្លាប់​ហូប​បាយ​ជុំ​គ្នា ក៏​បំបែក​គ្នា​ហូប​បាយ​ដាច់​ឡែក​ពី​គ្នា​វិញ ក្នុង​មួយ​រយៈ​ពេល​រាតត្បាត​នៃ​ជំងឺ​ឆ្លង​កូវីដ១៩ នេះ។ ខុស​ពី​កម្មករ​ឯទៀត លោកស្រី ឃុន ស្រីពៅ ជួល​បន្ទប់​មួយ​នៅ​ក្បែរ​រោងចក្រ​ សម្រាក​ជាមួយ​កម្មការិនី​ម្នាក់​ទៀត ដែល​មក​ពី​ខេត្ត​កំពង់​ឆ្នាំង​ជាមួយ​គ្នា។ ស្ត្រី​វ័យ​៣៥​ឆ្នាំ​រូប​នេះ​ តែង​តែ​ចែក​រំលែក​ព័ត៌មាន​ ឬ​ចំណេះដឹង​អំពី​វិធី​បង្ការ​ខ្លួន​ពី​ជំងឺ​កូវីដ១៩ ដល់​អ្នក​រស់​ជាមួយ​គ្នា​ដែរ៖ «ពួក​ខ្ញុំ​ធ្វើ​ការ​នៅ​ជាមួយ​គ្នា មាន​ការ​ព្រួយ​បារម្ភ​ ដោយ​ណែនាំ​គ្នា​ទៅវិញ​ទៅ​មក។ នៅ​ពេល​ដែល​ចេញ​ពី​ធ្វើ​ការ​ យើង​មើល​ការ​ខុស​ត្រូវ​ទៅ​វិញ​ទៅ​មក ថា​យើង​ត្រូវ​មាន​អ្វី​តាម​ខ្លួន​ ហើយ​ប្រាប់​គ្នា​ត្រូវ​ប្រុង​ប្រយ័ត្ន​របៀប​មិច ក្នុង​ការ​និយាយ​ស្ដី ពាក់​ម៉ាស់​ឲ្យ​ជាប់។ ពេល​ត្រឡប់​ទៅផ្ទះ​វិញ គឺ​យើង​បាញ់​អាកុល​នៅ​ក្រៅ​ផ្ទះ បង្កាន់​ដៃ មាត់​ទ្វារ​ អ៊ីចឹង ទើប​យើង​បើក​ទ្វារ​សោ​ចូល»

កម្មការិនី​ផ្នែក​កាត់​ដេរ​ម្នាក់​ វ័យ​៤៧​ឆ្នាំ ធ្វើ​ការ​នៅ​រោងចក្រ​យ៉ូលី ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន់តុង ក្រុង​បាវិត ខេត្ត​ស្វាយរៀង ឲ្យ​ដឹង​ថា ខាង​ថៅកែ​ ហាក់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ ចាត់​វិធានការ​ត្រួត​ពិនិត្យ​មើល​សុខភាព​កម្មករ​ ដូច​បណ្ដា​រោងចក្រ​ឯ​ទៀត​ឡើយ។

លោកស្រី សី ចាន់ឌី ស្នើ​ឲ្យ​រដ្ឋបាល​រោងចក្រ​មួយ​នេះ ដាក់​ម៉ាស៊ីន​វាស់​កម្ដៅ​កម្មករ​មុន​ចូល​ធ្វើ​ការ ផ្ដល់​ទឹក​អាកុល​លាងដៃ និង​ចែក​ម៉ាស់​ពាក់​ឲ្យ​គ្រប់​គ្នា ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់។ លោកស្រី​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​នេះ​ នៅ​ពេល​កម្មករ​រាប់​រយ​នាក់​ ជួប​ជុំ​គ្នា​ហូប​បាយ​ថ្ងៃ​ត្រង់​ ក្នុង​រោង​អាហារ​រួមគ្នា៖ «ពេល​ហូប​បាយ​ម្ដង​ ភ័យ​ខ្លាច​ៗ​ហើយ តែ​មិន​ដឹង​ធ្វើ​យ៉ាង​មិច​ បើ​យើង​ធ្លាប់​ជួប​ជុំ​គ្នា​ហូប​រាល់​ថ្ងៃ​មក​ហើយ ហើយ​យើង​ដើរ​ទៅ​ហូប​តែ​ឯង​វា​មិន​កើត​ទេ ទៅ​នៅ​ហូប​ជុំ​គ្នា​ទៅ។ ខ្ញុំ​មិន​មាន​វិធានការ​អ្វី​ទេ​ មាន​តែ​ដាក់​មើម​ខ្ទឹម​តាម​ខ្លួន​ទៅ​ ព្រោះ​អ្វី​ខ្ញុំ​មិន​​មាន​អ្វី​ការពារ​ផង។ ខ្ញុំ​កម្មករ​ទេ​ធ្វើ​មិច»

ចំពោះ​ការ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ លោកស្រី ក៏​បារម្ភ​ដែរ​​នៅ​ពេល​ដែល​កម្មករ-កម្មការិនី នៅ​តែ​ជិះ​ឡាន​ឈ្នួល​រួម​គ្នា ព្រោះ​បើ​ធ្វើ​ដំណើរ​ម្នាក់​ឯង​ នឹង​ត្រូវ​ចំណាយ​សោហ៊ុយ​ច្រើន​ជាង​បង់​ថ្លៃ​ឲ្យ​ម្ចាស់​ឡាន​ឈ្នួល៖ «នៅ​តែ​ឡើង​ឡាន​ជុំ​គ្នា​ទាំងអស់​អ៊ីចឹង​ ធម្មតា​ទេ​ ដូច​តែ​ពី​មុន​មក។ ធ្វើ​ម៉េច​ទេ​បង​ ចេះតែ​មាន​អារម្មណ៍​ខ្លាច​ហើយ យើង​ពាក់​ម៉ាស់​ហើយ​ នៅ​ពេល​ដល់​ម៉ោង​យើង​ទៅ​ផ្ទះ​ហើយ ចេះ​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ហើយ តែ​មិន​ដឹង​ធ្វើ​យ៉ាង​មិច។ ជិះ​ឡាន​អ្នក​នៅ​ផ្ទះ​មិន​ហ៊ាន​មក​យក​ទៀត ព្រោះ​អ្វី​គាត់​ចាស់ៗ មិន​ហ៊ាន​មក​យក​ ខ្លាច​ផ្លូវ​ឡាន​ផ្លូវ​ម៉ូតូ»

ស្ថិត​ក្នុង​កាលៈទេសៈ​ពិបាក​នេះ កម្មករ​នៅ​តាម​រោងចក្រ​មួយ​ចំនួន​ ស្នើ​សុំ​ឲ្យ​ថៅកែ​ផ្អាក​ការងារ​ក្នុង​រយៈពេល​កំណត់​មួយ ដើម្បី​បញ្ចៀស​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ ទន្ទឹម​គ្នា​នោះ ពួកគេ​ក៏​ចង់​ឲ្យ​ភាគី​ថៅកែ​ផ្ដល់​ថវិកា​មួយ​ចំនួន​ ដើម្បី​ទុក​ដោះស្រាយ​ការ​ចំណាយ​ចាយ​វាយ​ប្រចាំ​ថ្ងៃ​ដែរ។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក គង់ អាទិត្យ មាន​ប្រសាសន៍​ថា កម្មករ​ដែល​ធ្វើ​ការ​នៅ​ទីប្រជុំជន មិន​ថា​នៅ​ក្រុង​ទីក្រុង​ ឬ​ទី​រួម​ខេត្ត​ គឺ​មាន​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ឆ្លង​កូវីដ១៩ ដែល​កំពុង​រាល​ក្នុង​ស្រុក នៅ​ពេល​នេះ។

លោក​យល់​ថា​ ក្នុង​ដំណាក់​កាល​នេះ និយោជក និង​រដ្ឋាភិបាល ជា​ពិសេស ក្រសួង​ការងារ គួរ​បង្កើន​ប្រព័ន្ធ​បង្ការ​ឲ្យ​បាន​ខ្ពស់​ នៅ​តាម​សហគ្រាស រោងចក្រ​ទាំងអស់ ដូច​ជា​វាស់​កម្ដៅ លាង​ដៃ​នឹង​ទឹក​អាកុល​ ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ណែនាំ​អំពី​ផល​ប៉ះពាល់​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ទៅ​ដល់​កម្មករ​ទាំង​អស់​។ ស្រប​គ្នា​នេះ លោក សហជីព​រូប​នេះ ក៏​លើក​ទឹក​ចិត្ត​ឲ្យ​កម្មករ​ ត្រូវ​ចេះ​ប្រុងប្រយ័ត្ន​ការពារ​ខ្លួន​ដោយ​ប្រកាន់​ខ្ជាប់​ក្បួន​អនាម័យ លាង​សំអាត​ដៃ​ជានិច្ច​ ដើម្បី​បញ្ចៀស​ការ​ឆ្លង​ជំងឺ​នេះ។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​ទេ ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

អគ្គលេខាធិការ​សមាគម​ថៅកែ​រោងចក្រ លោក ខេន លូ ប្រាប់​អាស៊ី​សេរី​ថា ការ​ធ្វើ​ដំណើរ​របស់​កម្មករ​ គឺ​ជា​បញ្ហា​ធំ​ដែល​ខាង​ថៅកែ​រោងចក្រ​ មិន​អាច​ដោះស្រាយ​ជូន​កម្មករ​បាន​ ព្រោះ​ត្រូវ​ចេញ​ថ្លៃ​ច្រើន៖ «បញ្ហា​ឡាន បញ្ហា​ធ្វើ​ដំណើរ​ជា​បញ្ហា​រួម​ដែល​យើង​ចង់​ដោះស្រាយ​យូរ​ហើយ។ បញ្ហា​ចំពោះ​ថ្លៃៗ យើង​មិន​អាច​ដោះស្រាយ​​ចេញ​ភ្លាម។ អ៊ីចឹង! សូម​ឲ្យ​កម្មករ​ប្រុង​ប្រយ័ត្ន​ជួយ​យក​ចិត្ត​ទុក​ដាក់​រឿង​អនាម័យ។ ខ្ញុំ​ជឿ​ថា ពេល​មក​រោងចក្រ​ មុន​ចូល​ធ្វើការ រោងចក្រ​មាន​វិធី​ជួយ​កម្មករ​ដែរ»

លោក ខេន លូ ក៏​ស្នើ​ដល់​សហព័ន្ធ​សហជីព​តាម​បណ្ដា​រោងចក្រ​ទាំង​អស់ ចូលរួម​សហការ​ផ្ដល់​ដំណឹង ដូច​ជា ឈ្មោះ​និង​ទី​តាំង​រោងចក្រ​ ឲ្យ​ខាង​សមាគម​ថៅកែ​រោងចក្រ ប្រសិន​បើ​រោងចក្រ​នោះ មិន​មាន​ដាក់​ម៉ាស៊ីន​វាស់​កម្ដៅ​កម្មករ​មុន​ចូល​ធ្វើការ ចែក​ទឹក​អាកុល ឬ​សាប៊ូ​លាង និង​ផ្ដល់​ម៉ាស់​ឲ្យ​កម្មករ តាម​ក្បួន​អនាម័យ​ត្រឹម​ត្រូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល