កម្មករ​រោងចក្រ​ចំនួន២ នៅ​ខេត្ត​កំពង់ស្ពឺ តវ៉ា​ទាមទារ​ដំណោះស្រាយ

ដោយ សេក បណ្ឌិត
2020-06-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​កាត់​ដេរ​ប្រមាណ ៧រយ​នាក់ នៅ​រោងចក្រ ញូវប៉េស គ្លូប៊ល ធិចធៀល (New Best Global Textile Co., Ltd) ស្ថិត​នៅ​ឃុំ​កាហែង ស្រុក​សំរោង​ទង​ ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ២០២០ តវ៉ា​ឲ្យ​ថៅកែ​ចិន​បើក​ប្រាក់​ខែ និង​ប្រាក់​បំណាច់​ឆ្នាំ ក្រោយ​ពី​ព្យួរ​ការងារ ១ខែ។
កម្មករ​កាត់​ដេរ​ប្រមាណ ៧រយ​នាក់ នៅ​រោងចក្រ ញូវប៉េស គ្លូប៊ល ធិចធៀល (New Best Global Textile Co., Ltd) ស្ថិត​នៅ​ឃុំ​កាហែង ស្រុក​សំរោង​ទង​ ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ២០២០ តវ៉ា​ឲ្យ​ថៅកែ​ចិន​បើក​ប្រាក់​ខែ និង​ប្រាក់​បំណាច់​ឆ្នាំ ក្រោយ​ពី​ព្យួរ​ការងារ ១ខែ។
រូប៖ អង្គការ CENTRAL

កម្មករ​រោងចក្រ ញូ បេស គ្លូប៊ល ថេកស្ថាយ (New Best Global Textile) ច្រើន​រយ​នាក់ នៅ​ខេត្ត​កំពង់ស្ពឺ កំពុង​រង់​ចាំ​ដំណោះស្រាយ​ពី​ក្រសួង​ការងារ ករណី​ថៅកែ​រត់ចោល​ច្រើន​ខែ​​ ស្រប​ពេល​កម្មករ​រោងចក្រ ស៊ី​ អេច ស៊ី​​ ហ្វូតវែរ អ៊ិនដាស់ស្ត្រាល (CHC​ footwear​ industrial​ Cambodia​ Co​ Ltd​) នាំ​គ្នា​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៣ នៅ​ព្រឹក​ថ្ងៃ​ទី៤ មិថុនា។

កម្មការិនីរោងចក្រ ញូ បេស គ្លូប៊ល ថេកស្ថាយ (New Best Global Textile) លោកស្រី ព្រំ តុលា ប្រាប់​ថា កម្មករ​​ ៧៦៣​នាក់ កំពុង​​​រង់ចាំ​ដំណោះស្រាយ​ ដោយ​អន្ទះសា​ ដោយសារ​ ថៅកែ​ជនជាតិ​ចិន បាន​​រត់​ចោល​​កម្មករ និង​លួច​ដឹក​ឥវ៉ាន់​ចេញ​ពី​រោងចក្រ​ច្រើន​ខែ​ហើយ។ លោក​ស្រីថា បច្ចុប្បន្ន​កម្មករ​ប្រឈម​គ្មាន​ប្រាក់​សង​បំណុល​ធនាគារ និង​ទ្រទ្រង់​ការ​ចំណាយ​ទេ។

លោកស្រី ព្រំ​ តុលា ប្រាប់​ថា វិវាទ​នៅ​រោងចក្រ​ ញូ បេស កើត​ឡើង​ តាំង​ពី​ខែ​កុម្ភៈ គឺ​នៅ​ពេល​​​ដែល​ខាង​​រោងចក្រ បាន​ប្រកាស​ប្រាប់​កម្មករ​ ​ថា រោងចក្រ​នឹង​បិទ​ទ្វារ​ ដោយសារ​ថៅកែ​ជនជាតិ​ចិន បាន​ទៅ​​សែន​ព្រេន​​ចូលឆ្នាំ​ នៅ​ប្រទេស​ចិន ហើយ​ជាប់​គាំង​ មិន​អាច​វិល​មក​កម្ពុជា​វិញ​បាន​ទេ ព្រោះ​​ប្រទេស​ចិន កាលណោះ កំពុង​ប្រឈម​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ (Covid-19) ខ្លាំង​ក្លា។

លោកស្រី អះអាង​ថា ពេល​នោះ ខាង​រោងចក្រ​​​ឲ្យ​កម្មករ​ ទទួល​យក​​លុយ​ខ្លះ ជា​ថ្នូរ​នឹង​ការ​បិទ​​រោងចក្រ តែ​លុយ​នោះ មិន​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ​ទេ។ ក្រុម​កម្មករ​​ បាន​នាំ​គ្នា​ប្ដឹង​ទៅ​​មន្ទីរ​ការងារ​ខេត្ត​កំពង់​ស្ពឺ និង​មន្ត្រី​មន្ទីរ​ការងារ​ធ្លាប់​ កោះ​ហៅ​ភាគី​ទាំង​សង​ខាង​ទៅ​ដោះស្រាយ​ម្ដង​រួច​មក​ហើយ​ តែ​មិន​ត្រូវ​រ៉ូវ​គ្នា។ ​កម្មករ ​ប្រាប់​ថា ពួកគេ​​​ចង់​ឲ្យ​ខាង​មន្ទីរ​​បញ្ជូន​ករណី​នេះ​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល តែ​ខាង​មន្ទីរ​បដិសេដ និង​បង្គាប់​ឲ្យ​ប្ដឹង​ទៅ​តុលាការ​វិញ។​

លោកស្រី ព្រំ សុខា ប្រាប់​ថា ការ​អូស​បន្លាយ​ពេល នៃ​វិវាទ​ច្រើន​ខែ​នេះ បណ្ដាល​ឲ្យ​ថៅកែ​មាន​ឱកាស​លួច​ដឹក​យក​ម៉ាស៊ីន និង​សម្ភារៈ​រោងចក្រ​ចេញ​ក្រៅ​អស់ ខណៈ​កម្មករ​ មិន​ទាន់​ទទួល​បាន​ប្រាក់​សំណង​ សូម្បី​តែ ​១​ដុល្លារ។ លោកស្រីថា ក្រុម​កម្មករ​ កំពុង​ជំនុំ​គ្នា​ ឡើង​មក​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ៖ «ដែល​រឿង​អយុត្តិធម៌​បំផុត គឺ​គាត់​ (អាជ្ញាធរ) ពន្យារ​ពេល​ដល់ ​(ថៅកែ) ក្រុម​ ដឹក​ឥវ៉ាន់​ចេញ​អស់ ហើយ​ខាង​ក្រសួង​ក៏​ពន្យារ​ពេល​ដោះស្រាយ​ឲ្យ​កម្មករ។ ឥឡូវ​កម្មករ​គាត់​ថា បើ​ពន្យារ​ពេល​ដោះស្រាយ​ទៀត គាត់​ឡើង​តវ៉ា​ដល់​ក្រសួង​ហើយ»

រោងចក្រ ញូ បេស គ្លូប៊ល ថេកស្ថាយ ស្ថិត​នៅ​ភូមិ​បុស្ស​តា​នៃ ឃុំ​កាហែង ស្រុក​សំរោងទង​ មាន​កម្មករ​សរុប​មាន​ ៧៦៣​នាក់។ កម្មករ​ឲ្យ​ដឹង​ថា រោងចក្រ​នេះ ​ដេរ​ផលិតផល ​យីហោ wall-mart និង​ candy តែ​មិន​ដឹង​នាំ​ចេញ​ទៅ​​លក់​នៅ​ប្រទេស​ណា​ទេ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ខាង​ភាគី​ថៅកែ​រោងចក្រ​ញូបេស គ្លូប៊ល និង​ក្រុម​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក ហេង សួរ លោក ទេស រុក្ខា​ផល និង​អគ្គ​លេខាធិការ​គណៈកម្មការ​ដោះស្រាយ​វិវាទ បាតុកម្ម​កូដកម្ម​គ្រប់​មុខ​សញ្ញា នៃ​ក្រសួង​ការងារ លោក អ៊ូ រតនា​ បាន​ទេ នៅ​ថ្ងៃ​ទី៤ មិថុនា ដោយសារ​ ទូរស័ព្ទ​រោទិ៍​គ្មាន​អ្នក​ទទួល។ ករណី​​វិវាទ​ការងារ​នេះ​ដែរ កម្មករ​រោងចក្រ​ញូបេស អះអាង​ថា ពួក​គេបាន​ពឹង​ពាក់​សហជីព​ខាង​ក្រៅ​រោងចក្រ​ឲ្យ​ជួយ​​ ឃ្លាំមើល​ការ​តវ៉ា​របស់​កម្មករ ដោយសារ​តែ​មិន​អាច​ពឹង​ពាក់​សហជីព​ខាង​ក្នុង​រោងចក្រ​បាន​។​

មន្ត្រី​ចងក្រង​ និង​ដោះស្រាយ​វិវាទ នៃ​​សហព័ន្ធ​សហជីព​កម្ពុជា (CATU) អ្នកស្រី ម៉ន ចាន់ណា ​ឲ្យ​ដឹង​ថា រោងចក្រ​នេះ បាន​បើក​​ដំណើរ​ការ​ផ្នែក​ខ្លះ​ឡើង​​វិញ នៅ​ថ្ងៃ​ទី១ ខែ​មិថុនា ហើយ​ទទួល​យក​កម្មករ​ខ្លះ ដែល​មិន​ហ៊ាន​ចេញ​មុខ​តវ៉ា​។

អ្នកស្រី ម៉ន ចាន់​ណា អះអាង​ថា ការ​ដោះស្រាយ​មិន​សះ​ជា​ នៅ​ដំណាក់កាល​មន្ទីរ​ការងារ​ខេត្ត ដោយ​សារ​ភាគី​ថៅកែ ផ្ដល់​ប្រាក់​តែ​ ៣​ចំណុច​ឲ្យ​កម្មករ គឺ​ប្រាក់​ឈ្នួល​ខែ​ចុង​ក្រោយ ប្រាក់​​បំណាច់ និង​ប្រាក់​ព្យួរ​ការងារ ​១០​ដុល្លារ។ អ្នកស្រី ថា ក្រុម​កម្មករ បាន​ដាក់​លិខិត​ ទៅ​គណៈកម្មការ​​ដោះ​ស្រាយ​វិវាទ បាតុកម្ម កូដកម្ម​ គ្រប់​មុខ​សញ្ញា នៃ​ក្រសួង​ការងារ តាំង​ពី​ខែ​មេសា​ តែ​ខាង​ក្រសួង​ថា មិន​ទាន់​ដោះស្រាយ ដោយ​ប្រាប់​ឲ្យ​រង់​ចាំ​នីតិវិធី មក​ដល់​ពេល​នេះ។ តំណាង​សហជីព​រូប​នេះ ទាមទារ​ឲ្យ​ក្រសួង​​ការងារ ​អន្តរាគមន៍ ​ឲ្យ​កម្មករ​​ជា​បន្ទាន់៖ «ខ្ញុំ​គិត​មើល​ទៅ ដូច​ខ្ញុំ​បាន​ប្រាប់​ក្រសួង​(ការងារ)​ដែរ ប្រហែល​ជា​គាត់ (មន្ទីរ​ការងារ និង​រោងចក្រ) មាន​ចេតនា​ស៊ុមគ្រលុំ ព្រោះ​អ្វី​រឿង​ហ្នឹង នីតិវិធី​គេ​ត្រូវ​បន្ត​ បើ​ដោះស្រាយ​មិន​សះ​ជា គេ​ត្រូវ​បញ្ជូន​មក​អាជ្ញា​កណ្ដាល តែ​ពួក​គាត់​អត់​ធ្វើ​រឿង​ហ្នឹង​ទេ»

ចំណែក​ វិវាទ​ការងារ​​​​កម្មករ​រោងចក្រ​ ស៊ី​ អេច ស៊ី​​ ហ្វូតវែរ អ៊ិនដាស់ស្ត្រាល (CHC​ footwear​ industrial​ Cambodia​ Co​ Ltd​) ​ស្ថិត​នៅ​​ភូមិ​ធ្លក ឃុំ​ជង្រុក​ ស្រុក​គងពិសី ក្រុម​កម្មករ​នាំ​គ្នា​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៣ មួយ​​សន្ទុះ​ធំ នៅ​ព្រឹក​ថ្ងៃ​ទី ០៤ មិថុនា។ ទោះ​ជា​យ៉ាង​ណា ក្រុម​កម្មករ ​បាន​​យល់​ព្រម​បើក​ផ្លូវជាតិ​លេខ​៣​ឡើងវិញ ក្រោយមាន​ការ​សម្រប​សម្រួល​ពី​អាជ្ញាធរ។

អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់​អាស៊ី​សេរី​ថា ដើម​ហេតុ​នៃ​វិវាទ​នេះ គឺ​ រោងចក្រ​បិទ​ដោយសារ​គ្មាន​អ្នក​បញ្ជា​ទិញ ព្រោះ​វិបត្តិ​ជំងឺ​កូវីដ១៩។ លោក​ថា រោងចក្រ​នេះ បាន​បិទ​ត្រឹមត្រូវ​តាម​ច្បាប់ តែ​វិវាទ​មិន​ត្រូវ​រ៉ូវ​គ្នា ត្រង់​ចំណុច​​ក្រុម​កម្មករ ​ទាមទារ​ឲ្យ​រោងចក្រ​គិត​លុយ​​ចំនួន​៥​ថ្ងៃ នៃ​ថ្ងៃ​ឈប់​សម្រាក​​ចូល​ឆ្នាំ​ខ្មែរ ឲ្យ​កម្មករ។

តែ​យ៉ាង​ណា លោក​អភិបាល​ខេត្ត​ ប្រាប់​ថា ក្រុម​កម្មករ បាន​ព្រម​ទទួល​យក​ដំណោះស្រាយ​របស់​អាជ្ញាធរ​​រួច​ហើយ ព្រោះ ការ​ឈប់​សម្រាក​ចំនួន​​ ៥​ថ្ងៃ នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ គឺជា​វិធាន​ការ​​បង្ការ​ជំងឺ​កូវីដ​១៩ មិន​​មាន​ចែង​ក្នុង​ច្បាប់ ដែល​​ឈប់​សម្រាក​ទេ។ លោក​ថា ក្រុម​កម្មករ បាន​យល់​ព្រម​ឈប់​បិទ​ផ្លូវ​ទៀត​ហើយ៖ «គាត់​រំសាយ​​ តាំង​ពី​ម៉ោង​១១​កន្លះ ម៉ោង​១១៖៤១ ហើយ​គាត់​(កម្មករ)​ទទួល​យក​ការ​សម្រប​សម្រួល​របស់​យើង ហើយ​ទើប​បញ្ចប់​បាន​អំបាញ់មិញ​​ គឺ​គាត់​ព្រម​ឯកភាព​គ្នា ទាំង​រោងចក្រ និង​កម្មករ។ គាត់​យល់​ព្រម ដោះស្រាយ​គ្នា ដោយ​សន្តិវិធី​គ្នា​ហើយ ទើប​ស៊ីញេ​អំបាញ់មិញ»

គិត​ត្រឹម​ចុង​ខែ (ថ្ងៃ​ទី២៩) ឧសភា ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​ប្រកាស​ថា ​មាន​រោង​ចក្រ​កាត់ដេរ និង ​សហគ្រាស ក្នុង​វិស័យ​ទេសចរណ៍ ​៤២៥ បាន​ព្យួរ​ការងារ ដែល​ប៉ះពាល់​​ដល់​កម្មករ​ជាង ១៤ម៉ឺន​នាក់។ ក្នុង​នោះ រដ្ឋាភិបាល​​បាន​​ផ្ដល់​ប្រាក់​ឧបត្ថម្ភ ចំនួន ៤០ដុល្លារ​ ឲ្យ​កម្មករ​ព្យួរ​ការងារ​បាន​ជិត ៦ម៉ឺន (៥៨.៨១៩) នាក់​ហើយ ស្មើ​នឹង ១៧៨ នៃ​រោងចក្រ សហគ្រាស​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍។ កម្មករ​ ដែល​មិន​ទាន់​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ៤០ដុល្លារ​របស់​រដ្ឋាភិបាល​ ក្រសួង​ការងារ​ណែនាំ​ឲ្យ​សួរ​ព័ត៌មាន នៅ​តាម​រោងចក្រ​សាមី ដើម្បី​ផ្ដល់​បញ្ជី​ឈ្មោះឲ្យ​ទៅ​ក្រសួង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល