កម្មករ​រោងចក្រ​នៅ​ស្វាយរៀង​តវ៉ា​សុំ​អន្តរាគមន៍​ពី​អភិបាល​ខេត្ត​ជាមួយ​ថៅកែ

ដោយ ម៉ែន សុធីរ
2015-04-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​រោងចក្រ​នីសសី​តវ៉ា​នៅ​មុខ​សាលាខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី២៧ ខែ​មេសា ឆ្នាំ​២០១៥។
កម្មករ​រោងចក្រ​នីសសី​តវ៉ា​នៅ​មុខ​សាលាខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី២៧ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Men Sothyr

កម្មករ​រោងចក្រ​ផលិត​នាឡិកា​ដៃ នីសសី (Nissey) នា​ក្រុង​បាវិត ខេត្ត​ស្វាយរៀង តវ៉ា​សុំ​អន្តរាគមន៍​ពី​អភិបាល​ខេត្ត​ស្វាយរៀង ទាក់ទង​ថៅកែ​រោងចក្រ​មិន​គោរព​លក្ខខណ្ឌ​ការងារ។

ស្រប​ពេល​គ្នា​នេះ​ដែរ តំណាង​កម្មករ​និយោជិក​ស្នើ​ឲ្យ​ថៅកែ​រោងចក្រ នីសសី គោរព​គោលការណ៍​ចំនួន ១៦​ចំណុច។ ក្នុង​នោះ​រួម​មាន​សុំ​ឲ្យ​បញ្ឈប់​ការ​គាប​សង្កត់​លើ​កម្មករ និង​ទាមទារ​នូវ​អត្ថប្រយោជន៍​ការងារ​ដល់​កម្មករ​មួយ​ចំនួន​ទៀត។ ចំណែក​ភាគី​តំណាង​ខាង​ក្រុមហ៊ុន​វិញ​អះអាង​ថា ក្រុម​កម្មករ​ទាំង​នោះ​កំពុង​តវ៉ា​ខុស​លក្ខខណ្ឌ​ការងារ ហើយ​ជឿ​លើ​ការ​ញុះញង់​ពី​មន្ត្រី​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ។

កម្មករ​ប្រមាណ​ជាង ១០០​នាក់ ក្នុង​ចំណោម​កម្មករ​ដែល​ធ្វើការ​នៅ​រោងចក្រ នីសសី ក្នុង​ក្រុង​បាវិត សរុប​ប្រមាណ​ជាង ៥០០​នាក់ បាន​លើក​គ្នា​មក​តវ៉ា​មុខ​សាលា​ខេត្ត​ស្វាយរៀង ថ្ងៃ​ទី​២៧ មេសា ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ គោរព​គោលការណ៍​ដែល​មាន​ចែង​ក្នុង​លក្ខខណ្ឌ​ការងារ និង​ទាមទារ​ឲ្យ​តំណាង​ក្រុមហ៊ុន​ចេញ​មុខ​មក​ដោះស្រាយ​ត​ទល់​ជាមួយ​តំណាង​កម្មករ។

​តំណាង​កម្មករ​កញ្ញា សំ ស្រី រៀប​រ៉ាប់​ថា កន្លងមក​រោងចក្រ នីសសី គាប់​សង្កត់​កម្មករ​កម្មការិនី​ដូចជា​ក្រុមហ៊ុន​បង្ខំ​ឲ្យ​កម្មករ​ហូប​បាយ​ក្នុង​រោងចក្រ ក្រុមហ៊ុន​មិន​បាន​ផ្ដល់​សិទ្ធិ​សម្រាប់​អ្នក​មាន​ផ្ទៃពោះ បង្ខំ​ឲ្យ​កម្មករ​ស្បថ​ពេល​សុំ​អនុញ្ញាត​ច្បាប់​ដោយ​មាន​ជំងឺ​ទោះ​បី​មាន​លិខិត​ចេញ​ពី​គ្រូពេទ្យ​ក្តី ថែម​ទាំង​បំបិទ​សិទ្ធិ​មិន​ឲ្យ​ប្រើ​ទូរស័ព្ទ​ជាដើម។ កញ្ញា​បន្ត​ថា កម្មករ​កម្មការិនី​បាន​លើក​គ្នា​មក​តវ៉ា​នេះ គោល​បំណង​ដើម្បី​ឲ្យ​អភិបាល​ខេត្ត​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ​ឲ្យ​គោរព​គោលការណ៍​ចំនួន ១៦​ចំណុច​ដែល​កម្មករ​ស្នើ​សុំ៖ «គាប​សង្កត់​តាំង​ពី​រឿង​មាន​សំបុត្រ​ពេទ្យ​ត្រឹមត្រូវ ក៏​នៅ​តែ​កាត់​លុយ ហើយ​រឿង​ប្រាក់ខែ ២៧០ វេន​យប់​បង្ខំ​ឲ្យ​គេ​ធ្វើ​ទៀត។ អ៊ីចឹង​ចូល​លក្ខណៈ​បង្ខំ​យើង​សុំ​ឡើង​ដល់​ពេល​ឥឡូវ​គេ​ថា​រំសាយ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន នីសសី លោក ហាប គឹមហ៊ាប អះអាង​ថា ក្រុមហ៊ុន​មិន​បាន​ប្រព្រឹត្ត​ខុស​នឹង​លក្ខខណ្ឌ​ការងារ​ដូច​ដែល​តំណាង​កម្មករ​បាន​លើក​ឡើង​ទេ ហើយ​កម្មករ​និយោជិក​ទាមទារ​នេះ​មិន​មែន​ជា​រឿង​ស្របច្បាប់​នោះ​ដែរ។ លោក​ថា ក្រុម​កម្មករ​ទាំង​នោះ​ជឿ​ទៅ​លើ​ការ​អូសទាញ​របស់​សហជីព​ដោយ​យល់​ច្រឡំ​ថា ក្រុមហ៊ុន​បញ្ឈប់​កម្មករ​មិន​មាន​មូលហេតុ​ត្រឹមត្រូវ៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​អង្គការ​សហជីព​មួយ​ចំនួន​សូម​ឲ្យ​ក្រឡេក​មើល​ទៅ​លើ​មាត្រា​មួយ​ចំនួន មាត្រា​ទាំង​ឡាយ​ដែល​បាន​ចែង​នៃ​ច្បាប់​ស្ដីពី​ការងារ សូម​កុំ​បំពាន កុំ​រំលោភ​មក​លើ​ក្រុមហ៊ុន»

​ទាក់ទិន​ករណី​នេះ មន្ត្រី​សម្រប​សម្រួល​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ពៅ ស៊ីណា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ មេសា ថា ក្រុមហ៊ុន​ត្រូវ​ទទួល​ខុស​ត្រូវ​រាល់​ករណី​ដែល​កើត​មាន​កន្លង​មក​ដែល​រំលោភ​សិទ្ធិ​កម្មករ​និយោជិក​ត្រូវ​ចេញ​មក​ដោះស្រាយ​ជាមួយ​តំណាង​កម្មករ​ដើម្បី​ចរចា​រក​ដំណោះស្រាយ​រួច។ជាមួយ​គ្នា​នេះ​ដែរ លោក​រិះគន់​ទៅ​ខាង​អាជ្ញាធរ​ថា គ្មាន​ឆន្ទៈ​ដោះស្រាយ​ទុក្ខ​កង្វល់​របស់​កម្មករ​ឡើយ។

លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​បញ្ហា​នេះ​តាម​សំណើ​កម្មករ​យោង​តាម​ច្បាប់​ការងារ ហើយ​ត្រូវ​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​ដែល​តែងតែ​បំពាន​ច្បាប់​រំលោភ​លើ​សិទ្ធិ​កម្មករ​ជាដើម៖ «សូម្បី​តែ​រដ្ឋបាល គ្នា​មក​ដាក់​ច្បាប់​សុទ្ធតែ​ឲ្យ​គ្នា​ស្បថ​គ្នា​អី ជាក់ស្ដែង​ទាល់​តែ​មាន​គំនាប​បាន​កម្មករ​គាត់​រើ​បម្រាស់​ឡើង»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​ពី​អភិបាល​ខេត្ត​ស្វាយរៀង លោក ជាង អំ បាន​ទេ នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ដោយ​ទូរស័ព្ទ​ចូល ប៉ុន្តែ​ត្រូវ​បាន​ចុច​ផ្ដាច់​ទៅ​វិញ។

​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥ កម្មករ​កម្មការិនី​រោងចក្រ​នេះ​ធ្លាប់​មក​តវ៉ា​នៅ​សាលាខេត្ត​ស្វាយរៀង ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​ជំរុញ​ឲ្យ​អាជ្ញាធរ​ក្រុង​ស្វាយរៀង ដោះស្រាយ​ទៅ​វិញ។

ស្រប​នឹង​ករណី​នេះ អភិបាល​រង​ក្រុង​ស្វាយរៀង លោក អ៊ុង តា បាន​ថ្លែង​យ៉ាង​ខ្លី​ថា លោក​បាន​ចេញ​លិខិត​អញ្ជើញ​តំណាង​កម្មករ និង​តំណាង​ក្រុមហ៊ុន​ដើម្បី​សម្រប​សម្រួល​គ្នា ក៏ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​មិន​បាន​មក​ដោះស្រាយ​ទេ ទើប​កម្មករ​មក​តវ៉ា​នៅ​សាលា​ខេត្ត​បន្ត​ទៀត៖ «ដោយសារ​ក្រុង​យើង​កន្លែង​វា​តូច អ៊ីចឹង​គាត់​មក​អត់​ជុំ​គ្នា គាត់​សម្រេច​ចិត្ត​ថា​ទៅ​ខេត្ត​វិញ​ទៅ»។

​មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ​ (Licadho) លោក នុត បូពិណ្ណារ័ត្ន មាន​ប្រសាសន៍​ថា មន្ទីរ​ការងារ មន្ត្រី​តំណាង​សហជីព តំណាង​កម្មករ និង​តំណាង​ក្រុមហ៊ុន ត្រូវ​ជួប​ប្រជុំ​រក​ដំណោះស្រាយ​ជាមួយ​អាជ្ញាធរ​ខេត្ត​ដើម្បី​រក​ចំណុច​ឯកភាព​គ្នា​ទាំង​សងខាង ដោយ​យោង​លើ​ច្បាប់​ការងារ​ និង​លក្ខន្តិកៈ​ផ្សេងៗ​ទើប​ដំណោះស្រាយ​អាច​ទទួល​បាន​ជោគជ័យ៖ «អាជ្ញាធរ​មន្ទីរ​ការងារ​ត្រូវ​ចរចា ដោយ​ដោះស្រាយ​តែ​ជាមួយ​រោងចក្រ​អ៊ីចឹង​រឿង​នេះ​មិន​ចប់​ទេ»

​យ៉ាង​ណា​ក៏ដោយ មន្ត្រី​សំណាង​សាលាខេត្ត​នឹង​មក​ជួប​កម្មករ ដើម្បី​ទទួល​យក​ញត្តិ​ពី​ពួកគេ និង​អញ្ជើញ​តំណាង​ក្រុមហ៊ុន​ ព្រមទាំង​តំណាង​កម្មករ​ចូល​សាលា​ខេត្ត​ដើម្បី​ដោះស្រាយ​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា។ ដោយ​ឡែក​សមត្ថកិច្ច​ប្រដាប់​អាវុធ មាន​នគរបាល កងរាជអាវុធហត្ថ បាន​ដាក់​ពង្រាយ​នៅ​មុខ​សាលា​ខេត្ត​ស្វាយរៀង ក៏ប៉ុន្តែ​ការ​តវ៉ា​នោះ​មិន​មាន​ជា​អំពើ​ហិង្សា​កើត​ឡើង​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល