កម្មករ​ជិត​២​ពាន់​នាក់​នៅ​តាកែវ​ធ្វើ​បាតុកម្ម

ដោយ អ៊ុំ រង្សី
2015-05-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​រោងចក្រ​ផលិត​ស្បែកជើង អ៊ិ ចេង (I-CHENG) នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ ក្នុង​ស្រុក​បាទី ខេត្ត​តាកែវ តវ៉ា​នៅ​ខាង​មុខ​រោងចក្រ​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​គោរព​លក្ខខណ្ឌ​ការងារ​ល្អ នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៥។
កម្មករ​រោងចក្រ​ផលិត​ស្បែកជើង អ៊ិ ចេង (I-CHENG) នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ ក្នុង​ស្រុក​បាទី ខេត្ត​តាកែវ តវ៉ា​នៅ​ខាង​មុខ​រោងចក្រ​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​គោរព​លក្ខខណ្ឌ​ការងារ​ល្អ នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៥។
C-CAWDU Photo

កម្មករ​ជិត ២​ពាន់​នាក់​នៃ​រោងចក្រ​ផលិត​ស្បែកជើង អ៊ិ ចេង (I-CHENG) ដែល​មាន​ទីតាំង​ឋិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ ភូមិ​តាំងដូង ឃុំ​តាំងដូង ស្រុក​បាទី ខេត្ត​តាកែវ បាន​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ ដោយ​មិន​ព្រម​ចូល​ធ្វើការ ៣​ថ្ងៃ​ជាប់​គ្នា ដើម្បី​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​សហជីព​បាន​ចូល​ធ្វើ​ការ​វិញ និង​គោរព​លក្ខខណ្ឌ​ការងារ​ល្អ។

ការ​តវ៉ា​ជា​ច្រើន​ថ្ងៃ​នោះ ដោយសារ​តែ​ថៅកែ​រោងចក្រ​មិន​ព្រម​ទទួលយក​សំណើ​របស់​ពួកគេ។

​​កម្មករ​រោងចក្រ​ផលិត​ស្បែកជើង អ៊ិ ចេង ចោទ​ប្រកាន់​ថា ថៅកែ​ក្រុមហ៊ុន​បាន​បញ្ឈប់​ថ្នាក់ដឹកនាំ​សហជីព​ចំនួន ៥​នាក់ ដោយ​គ្មាន​ហេតុផល​ច្បាស់លាស់ ហើយ​ស្នើ​ឲ្យ​ក្រុមហ៊ុន​នេះ​ទទួល​ខុស​ត្រូវ។

កម្មការិនី​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​ផ្សេង​ទៀត លោកស្រី ប៉ែត ឌីណា បាន​ឲ្យ​ដឹង​ថា ក្រុម​កម្មករ​បាន​ចាប់​ផ្ដើម​ធ្វើ​កូដកម្ម​នេះ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា មក ប៉ុន្តែ​ពុំ​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​ពី​ក្រុមហ៊ុន។

លោកស្រី និង​កម្មករ​យល់​ថា ទង្វើ​របស់​ក្រុមហ៊ុន​ដែល​បញ្ឈប់​សហជីព​របស់​ពួកគេ​នៅ​ពេល​នេះ គឺ​កំពុង​គាប​សង្កត់​លើ​ផលប្រយោជន៍​របស់​កម្មករ៖ «​ខ្ញុំ​ពិតជា​សោកស្ដាយ​ណាស់​ដែល​ក្រុមហ៊ុន​នេះ​បញ្ឈប់​ការងារ​សហជីព​ពួក​ខ្ញុំ ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​ដែល​ពួកគាត់​ទាំង​នោះ​គ្រាន់តែ​ធ្វើ​អ្វីៗ ដើម្បី​សិទ្ធិ​កម្មករ និង​ប្រយោជន៍​របស់​កម្មករ​ប៉ុណ្ណោះ តែ​ដោយសារ​តែ​ក្រុមហ៊ុន​ជា​ក្រុមហ៊ុន​បរទេស​មិន​យល់​សុខទុក្ខ​របស់​រាស្ត្រ​នោះ​ទេ និង​ធ្វើ​អ្វី​អាង​ខ្លួន​ជា​ថៅកែ និង​អ្នក​មាន​លុយ​ប៉ុណ្ណោះ»

​ក្រុម​កម្មករ​រោងចក្រ​ផលិត​ស្បែកជើង អ៊ិ ចេង បាន​ឲ្យ​ដឹង​ថា ក្រៅពី​តវ៉ា​ទាមទារ​សុំ​ឲ្យ​ក្រុមហ៊ុន​ព្រម​ឲ្យ​សហជីព​ពួកគេ​ចំនួន ៥​នាក់ ចូល​ធ្វើ​ការ​វិញ ក្នុង​នោះ​ក៏​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អ​ចំនួន ១០​ចំណុច​ទៀត រួមមាន សុំ​ឲ្យ​ទ​ទូល​យក​លិខិត ឬ​សំបុត្រ​បញ្ជាក់​ពី​មន្ទីរពេទ្យ​ឯកជន​ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​សុខាភិបាល​ត្រឹមត្រូវ សុំ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ជា​រៀងរាល់​សប្ដាហ៍​ដល់​កម្មករ សុំ​ឲ្យ​រៀបចំ​កន្លែង​ដាក់​កង់​ម៉ូតូ​ឲ្យ​ធំ​ទូលាយ សុំ​ឲ្យ​បើកប្រាក់​ថ្លៃ​បាយ និង​ការងារ​ថ្ងៃ​បុណ្យ សុំ​បញ្ឈប់​ការ​ប្រើ​កម្មករ​ឲ្យ​ធ្វើ​ជា​អ្នក​អនាម័យ និង​ចំណុច​ផ្សេង​ទៀត​ដែល​ក្រុម​អ្នក​តវ៉ា​កំណត់​ក្នុង​គោលដៅ​តវ៉ា និង​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ជា​បន្ទាន់។

​ចំណែក​ឯ​តំណាង​សហជីព​កម្មករ​ម្នាក់ ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​សហជីព​ប្រាំ​នាក់ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា កន្លងទៅ លោក សួន សុង ចាត់​ទុក​ថា ការ​បញ្ឈប់​របស់​ថៅកែ​ក្រុមហ៊ុន​មក​លើ​រូបលោក និង​សហជីព​ផ្សេង​ទៀត គឺ​ជា​រឿង​មិន​ត្រឹមត្រូវ និង​មិន​ស្រប​ទៅ​តាម​សិទ្ធិ​ការងារ។

​មន្ត្រី​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខៅឌូ (C-CAWDU) លោក ណី ប៊ុនធឿន ដែល​បាន​ចូលរួម​សង្កេត​ការ​ជាមួយ​សកម្មភាព​តវ៉ា​របស់​កម្មករ​នេះ យល់​ថា ក្រុមហ៊ុន​មិន​បាន​គោរព​លក្ខខណ្ឌ​ការងារ​កម្មករ និង​រំលោភ​សន្ធិសញ្ញា​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO)។

លោក​ថា សហជីព​របស់​លោក​បាន​យក​សំណើ​របស់​កម្មករ​ទៅ​ដាក់​ជូន​ក្រុមហ៊ុន ២​ដង​រួច​ហើយ តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​ក្រុមហ៊ុន​នៅ​ឡើយ៖ «ខ្ញុំ​គិត​ថា ក្រុមហ៊ុន​នេះ​ធ្វើ​ខុស​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រោះ​ច្បាប់​ប្រទេស​កម្ពុជា មិន​បាន​បំបិទ​សិទ្ធិ​សេរីភាព និង​ជា​ទង្វើ​រើសអើង​មួយ ហើយ​ខ្ញុំ​គិត​ថា ការ​មាន​សហជីព​នៅ​ក្នុង​ក្រុមហ៊ុន វា​ជា​រឿង​ល្អ​ទៅ​វិញ​ទេ»

​វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ភាគី​ក្រុមហ៊ុន អ៊ិ ចេង បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា។

​ទោះ​ជា​យ៉ាងណា​កម្មករ​រោងចក្រ​ផលិត​ស្បែកជើង អ៊ិ ចេង នៅ​តែ​ប្រកាន់​គោលជំហរ នឹង​បន្ត​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ដរាប​ណា​គ្មាន​ដំណោះស្រាយ​ជួន​ពួកគេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល