ជីម៉ាក់​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​លើ​ក្រុម​កម្មករ​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ឈ្នួល​នៅ​ក្រុង​បាវិត

ដោយ ថា កិត្យា
2015-12-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​កម្មករ​តវ៉ា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន (Manhattan) ក្រុង​បាវិត ខេត្ត​ស្វាយរៀង ទាមទារ​ប្រាក់​ឈ្នួល​គោល​បន្ថែម​លើស​ពី​ចំនួន ១៤០​ដុល្លារ នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៥។
ក្រុម​កម្មករ​តវ៉ា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន (Manhattan) ក្រុង​បាវិត ខេត្ត​ស្វាយរៀង ទាមទារ​ប្រាក់​ឈ្នួល​គោល​បន្ថែម​លើស​ពី​ចំនួន ១៤០​ដុល្លារ នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៥។
Photo courtesy of CUMW

សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា ជីម៉ាក់ (GMAC) ស្នើ​ឲ្យ​រដ្ឋាភិបាល​ចេញ​មុខ​អន្តរាគមន៍ និង​ចាត់​វិធានការ​ជុំវិញ​ករណី​កម្មករ​រោងចក្រ​ប្រមាណ ៣​ម៉ឺន​នាក់​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ផ្ទុះ​ការ​ទាមទារ​ប្រាក់​ឈ្នួល​លើស​ពី ១៤០​ដុល្លារ។  ចំណែក​តំណាង​កម្មករ ស្នើ​ឲ្យ​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​គ្នា​ដោះស្រាយ​តាម​សំណើ​កម្មករ ដើម្បី​ជៀសវាង​ការ​ប៉ះ​ទង្គិច។

លិខិត​របស់ ជីម៉ាក់ នៅ​ថ្ងៃ​ទី​១៧ ធ្នូ ស្នើសុំ​អន្តរាគមន៍ និង​ចាត់​វិធានការ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិសេស​ស្ថាប័ន​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​នៅ​មូលដ្ឋាន​នេះ នៅ​បន្ទាប់​ពី ជីម៉ាក់ មើល​ឃើញ​ថា ការ​តវ៉ា​បាន​ប្រែ​ជា​ហិង្សា​បង្ក​ឲ្យ​ខូចខាត​ដល់​ទ្រព្យ​សម្បតិ្ត​របស់​រោងចក្រ​សហគ្រាស​ផ្សេងៗ ព្រម​ទាំង​បង្ក​គ្រោះថ្នាក់​ដល់​និយោជក និង​កម្មករ​ដែល​មិន​បាន​ចូលរួម​តវ៉ា។

សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ដែល​តំណាង​និយោជក​ក្នុង​វិស័យ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង អះអាង​ថា ការ​ចេញ​តវ៉ា​ទ្រង់ទ្រាយ​ធំ​របស់​កម្មករ ក្នុង​គោលដៅ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​នេះ បាន​បណ្ដាល​ឲ្យ​សកម្មភាព​ផលិតកម្ម​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​មេនហាតធេន (Manhattan) ទាំង​មូល ត្រូវ​បាន​បញ្ឈប់​ទាំង​ស្រុង ហើយ​ការ​ខាតបង់​មាន​ទំហំ​រាប់​លាន​ដុល្លារ។

ជីម៉ាក់ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន ចាត់​វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព​ជា​បន្ទាន់ ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​អ្នក​វិនិយោគ និង​ទ្រព្យ​សម្បត្តិ​ពួក​គេ។

ការ​ចេញ​ស្រែក​តវ៉ា​តាម​ផ្លូវ​ទាមទារ​ប្រាក់​ឈ្នួល​បន្ថែម ដែល​យ៉ាង​ហោច ១៥០​ដុល្លារ​នោះ បាន​កើត​ឡើង​ពីរ​ថ្ងៃ​ហើយ​ចាប់​ពី​ថ្ងៃ​ទី​១៦ មក ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ ការ​តវ៉ា​នេះ​បាន​រាល​ដាល​កាន់​តែ​ធំ ដោយ​មាន​កម្មករ​ចូលរួម​ប្រមាណ ៣​ម៉ឺន​នាក់។ អ្នក​តវ៉ា​ខ្លះ បាន​គប់​ដុំ​ថ្ម​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រោងចក្រ និង​ស្រែក​ឲ្យ​កម្មករ​ផ្សេង​ទៀត​ចូលរួម​តវ៉ា​ជាមួយ​គ្នា។

កម្មការិនី​ម្នាក់​ដែល​បាន​ចូលរួម​ទាមទារ​ប្រាក់​ឈ្នួល​នោះ លើក​ឡើង​ថា ពួក​គាត់​មិន​សប្បាយ​ចិត្ត​ទទួល​យក​ប្រាក់​ឈ្នួល ១៤០​ដុល្លារ ដែល​កំណត់​ដោយ​គណៈកម្មការ​ប្រឹក្សា​ការងារ​នោះ​ទេ ព្រោះ​ក្រុមហ៊ុន​ធ្លាប់​សន្យា​ថា នឹង​បន្ថែម​ឲ្យ​ពួក​គាត់​ចំនួន ២០​ដុល្លារ​លើ​ប្រាក់​ខែ​ដែល​មាន​ស្រាប់ ១២៩​ដុល្លារ​ពេល​ដំណាច់​ឆ្នាំ៖ «រោងចក្រ​សន្យា​ជាមួយ​គេ​ថា មួយ​ឆ្នាំ​ដំឡើង​ឲ្យ​គេ ២០​ដុល្លារ អ៊ីចឹង​ឥឡូវ​ដំឡើង​ឲ្យ ១១​ដុល្លារ គេ​ម៉េច​ព្រម»

នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន និង​តាយសេង (Tai Seng) នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង មាន​រោងចក្រ​សរុប​ជាង ៤០​រោងចក្រ។ សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា លើក​ឡើង​ថា សកម្មភាព​ហិង្សា​ដែល​កើត​ឡើង​ជា​រៀង​រាល់​ឆ្នាំ​បែប​នេះ ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍ និង​ទស្សនវិស័យ​រយៈពេល​វែង​របស់​អ្នក​វិនិយោគ។

ទាក់ទង​នឹង​ប្រាក់​ឈ្នួល​នេះ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា លើក​ឡើង​ថា សហជីព​ធំៗ​មួយ​ចំនួន កំពុង​តែ​ជជែក​ជាមួយ​អ្នក​បញ្ជា​ទិញ និង​អង្គការ​ផ្សេងៗ ដើម្បី​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ។ ទន្ទឹម​គ្នា​នេះ លោក​អំពាវនាវ​ឲ្យ​កម្មករ​ទាមទារ​ប្រាក់​ឈ្នួល​ដោយ​សន្តិវិធី និង​ស្រប​តាម​ច្បាប់។ ចំណែក​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​គ្នា​ដោះស្រាយ​តាម​សំណើ​កម្មករ ដើម្បី​ជៀសវាង​ការ​ប៉ះ​ទង្គិច​គ្នា៖ «ស្ថាប័ន​ពាក់ព័ន្ធ​គួរ​តែ​ដុត​ដៃ​ដុត​ជើង​រៀបចំ​ឲ្យ​មាន​ការ​រៀបចំ​បន្ទាន់​មួយ ដើម្បី​រក​វិធីសាស្ត្រ​ដោះស្រាយ​បញ្ចប់​បញ្ហា។ ប្រសិន​បើ​យើង​អត់​ធ្វើ​ការ​ដោះស្រាយ​ឲ្យ​បាន​លឿន​ទេ វា​នឹង​រីក​ដុះដាល​ធំ​ទៅៗ»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ពន្យល់​ពី​អភិបាល​ខេត្ត​ស្វាយរៀង លោក ជៀង អំ និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​ទេ​នៅ​ថ្ងៃ​ទី​១៧ ធ្នូ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

យ៉ាង​ណា​ក៏ដោយ​ចុះ នៅ​ពេល​តវ៉ា ក៏​មាន​កង​កម្លាំង​អាជ្ញាធរ​រាប់​សិប​នាក់​ដាក់​ពង្រាយ​ដែរ ប៉ុន្តែ​ពុំ​មាន​ការ​បង្ក្រាប​ប៉ះ​ទង្គិច​គ្នា​នោះ​ទេ។

ក្រុម​កម្មករ​លើក​ឡើង​ថា ការ​តវ៉ា​នោះ គឺ​គ្មាន​អ្នក​ណា​បំផុសបំផុល​ឡើយ ពោល គឺ​កើត​ចេញ​ពី​ខ្លួន​ឯង​ដែល​មិន​ពេញ​ចិត្ត​ចំពោះ​ប្រាក់​ឈ្នួល ១៤០​ដុល្លារ។ មិន​ពេញ​ចិត្ត ព្រោះ​ប្រាក់​ឈ្នួល​នេះ​នៅ​មិន​ទាន់​ឆ្លើយ​តប​សម្រាប់​ការ​ចំណាយ និង​ជីវភាព​រស់នៅ​របស់​ពួក​គាត់​ឲ្យ​សមរម្យ​ឡើយ។ ក្រុម​កម្មករ​អះអាង​ថា ពួក​គេ​នឹង​នៅ​តែ​តវ៉ា ប្រសិន​បើ​ពុំ​មាន​ដំណោះស្រាយ​ទេ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល