កម្មករ​រោងចក្រ​៤​នាក់​ដែល​ចូលរួម​ក្នុង​បាតុកម្ម​នៅ​ក្រុង​បាវិត​ត្រូវ​បាន​ចាប់​ខ្លួន

ដោយ ចេង ម៉េងជូ
2015-12-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​កម្មករ​តវ៉ា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន (Manhattan) ក្រុង​បាវិត ខេត្ត​ស្វាយរៀង ទាមទារ​ប្រាក់​ឈ្នួល​គោល​បន្ថែម​លើស​ពី​ចំនួន ១៤០​ដុល្លារ នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៥។
ក្រុម​កម្មករ​តវ៉ា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន (Manhattan) ក្រុង​បាវិត ខេត្ត​ស្វាយរៀង ទាមទារ​ប្រាក់​ឈ្នួល​គោល​បន្ថែម​លើស​ពី​ចំនួន ១៤០​ដុល្លារ នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៥។
Photo courtesy of CUMW

កូដកម្ម​របស់​កម្មករ​រោងចក្រ​ប្រមាណ ៣​ម៉ឺន​នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន (Manhattan) ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ឈាន​ដល់​ថ្ងៃ​ទី​បី​ហើយ ដោយ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​នៅ​ឡើយ។ ទន្ទឹម​នឹង​នេះ កម្មករ ៤​នាក់​ដែល​ចូលរួម​ក្នុង​បាតុកម្ម ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​១៨ និង​ទី​១៩ ធ្នូ មក​ទល់​ពេល​នេះ សមត្ថកិច្ច​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ ហើយ​មិន​ទាន់​ដោះ​លែង​វិញ​នៅ​ឡើយ។

បុរស​ជា​កម្មករ​ទាំង​បួន​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ខេត្ត​ស្វាយរៀង ចាប់​ឃុំ​ខ្លួន​មាន​ឈ្មោះ សុខ គង់ ធ្វើ​ការ​នៅ​រោងចក្រ​កៅវ៉េ (Kaoway) ឈ្មោះ ប៉ាល់ ឌីនសុម៉ាលីដា នៅ​រោងចក្រ​ឃីងម៉េកឃើ (Kingmaker) ឈ្មោះ ខេង សុផា នៅ​រោងចក្រ​សាន់​ហេ្វង និង​ឈ្មោះ វ៉ាន វិចិត្រ នៅ​រោងចក្រ​ឡុងប្រាយ។ អ្នក​ទាំង​បួន ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ។

លោក វ៉ាន វិជ្ជរ៉ា ត្រូវ​ជា​បង​ប្រុស​របស់​កម្មករ​ឈ្មោះ វ៉ាន វិចិត្រ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២០ ធ្នូ ថា ប្អូន​ប្រុស​របស់​លោក រួម​ជាមួយ​កម្មករ​ម្នាក់​ទៀត​ឈ្មោះ សុខ គង់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ស្ងាត់ៗ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ធ្នូ ខណៈ​ធ្វើ​ដំណើរ​ជាមួយ​គ្នា​ចេញ​ពី​រោងចក្រ ដោយ​រង​ការ​ចោទ​ប្រកាន់​ថា បាន​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​រោងចក្រ​ក្នុង​ពេល​ធ្វើ​បាតុកម្ម។ លោក​អះអាង​ថា ប្អូន​ប្រុស​របស់​លោក មិន​មែន​ជា​អ្នក​ប្រព្រឹត្តិ​អំពើ​ហិង្សា​ក្នុង​បាតុកម្ម​នោះ​ទេ៖ «ចាប់​មក​ស្ងាត់ៗ​មិន​ដឹង​អី​តែ​ម្ដង។ គេ​ចោទ​ថា​យើង​បំផ្លិច​បំផ្លាញ​របស់​ក្រុមហ៊ុន​អី​អ៊ីចឹង ហើយ​ដល់​ពេល​ឲ្យ​រោងចក្រ​គេ​ស្រាវជ្រាវ​តាម​កាមេរ៉ា​ទៅ អត់​មាន​ឃើញ​អី​បន្តិច​ផង អត់​មាន​ឃើញ​សកម្មភាព​យើង​គប់ៗ​អីៗ​ហ្នឹង»

ករណី​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មាន​ប្រសាសន៍​ថា អ្នក​ទាំង​បួន​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​នៅ​តុលាការ​ខេត្ត​ស្វាយរៀង ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​ធ្នូ។

ប្រធាន​តុលាការ​ខេត្ត​ស្វាយរៀង លោក ប៉ិច ឈឿត មាន​ប្រសាសន៍​ថា លោក​ទទួល​បាន​ដំណឹង​ថា កម្មករ​ទាំង​បួន​នាក់​ត្រូវ​បាន​បញ្ជូន​មក​ព្រះរាជអាជ្ញា​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ធ្នូ ក៏ប៉ុន្តែ​ដំណើរ​ការ​ស៊ើប​សួរ​យ៉ាង​ណា លោក​ជំរុញ​ឲ្យ​ទៅ​សួរ​ព្រះរាជអាជ្ញា៖ «តាម​ខ្ញុំ​ចាំ​បាន ព្រឹក​មិញ​គេ​បញ្ជូន​មក​ដល់​ព្រះរាជអាជ្ញា​ហើយ។ មិន​ដឹង​ថា​លោក​ព្រះរាជអាជ្ញា​បើក​ហើយ​ធ្វើ​ការ​សាកសួរ ឬ​ក៏​អត់​ទេ ទាល់​តែ​សួរ​ទៅ​ព្រះរាជអាជ្ញា​បាន​ដឹង​បាទ!»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ព្រះរាជអាជ្ញា​ខេត្ត​ស្វាយរៀង ដើម្បី​សុំ​បំភ្លឺ​ពី​ការ​ចាប់​ខ្លួន​កម្មករ​ទាំង​បួន​នាក់​នេះ​បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ។

ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​កម្មករ​ទាំង​បួន​នាក់ ថា​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ មន្ត្រី​សិទ្ធិ​មនុស្ស លោក នុត បូពិណ្ណារ័ត្ន បញ្ជាក់​ថា លោក​មិន​ដឹង​ច្បាស់​ថា អ្នក​ទាំង​បួន​នាក់​នោះ​ពិត​ជា​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​រោងចក្រ​ក្នុង​ពេល​ធ្វើ​បាតុកម្ម ឬ​យ៉ាង​ណា​នោះ​ទេ៖ «ក្នុង​ពេល​កើត​ហេតុ​ភ្លាមៗ ខ្ញុំ​នៅ​ទី​នោះ​ដែរ។ ខ្ញុំ​ឃើញ​ការ​គប់​ឃើញ​មាន​មែន ហើយ​ខ្ញុំ​ថែម​ទាំង​បាន​និយាយ​ប្រាប់​ក្មេងៗ​ហ្នឹង​ដែរ កាល​ថ្ងៃ​សុក្រ ល្ងាច ខ្ញុំ​បាន​ប្រាប់​ដែរ ថា​កុំ​គប់​កុំ​អី​របស់​គេ​អី​អ៊ីចឹង ប៉ុន្តែ​ចំពោះ​បួន​នាក់​នេះ ខ្ញុំ​អត់​ទាន់​បាន​ឃើញ​មុខ​ឃើញ​តែ​ឈ្មោះ ហើយ​ខ្ញុំ​សួរ​ក្រុម​គ្រួសារ គេ​ថា​ពួក​ហ្នឹង​អត់​បាន​គប់​ទេ»

ប៉ុន្តែ​មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ សង្កេត​ឃើញ​ទង្វើ​មិន​ប្រក្រតី​របស់​សមត្ថកិច្ច​ដែល​បណ្ដេញ​ក្រុម​គ្រួសារ​កម្មករ ដែល​កំពុង​រង់ចាំ​នៅ​មុខ​តុលាការ ឲ្យ​ចេញ​ឆ្ងាយ​ពី​បរិវេណ​តុលាការ ខណៈ​កម្មករ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ។ លោក​បញ្ជាក់​ថា ការ​ដេញ​ក្រុម​គ្រួសារ​គេ​ចេញ​ពី​បរិវេណ​តុលាការ​បែប​នេះ ជា​រឿង​ខុស​ច្បាប់៖ ៖ «ប្រសិន​បើ​មាន​ភស្តុតាង​ចោទ​គាត់​ជាក់លាក់​ហើយ វា​ជា​បទល្មើស​ព្រហ្មទណ្ឌ ប៉ុន្តែ​មិន​មែន​ជា​បទល្មើស​ឧក្រិដ្ឋ​ទេ ជា​បទ​ល្មើស​មជ្ឈិម ហើយ​អ្វី​ដែល​យើង​ពិបាក​មើល គឺ​ថា ក្រុម​គ្រួសារ​ប្ដី​ប្រពន្ធ ខ្លះ​កូន​តូច​កូន​អី គ្នា​មក​ក្នុង​បរិវេណ​តុលាការ​ហ្នឹង ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ហ្នឹង​ដេញ​គ្នា​ឲ្យ​ចេញ​មក​ចិញ្ចើម​ផ្លូវ​ខាង​ក្រៅ។ គ្រាន់​តែ​ជា​បទល្មើស​មជ្ឈិម​ធម្មតា ហេតុ​អី​បាន​ជា​ចាំបាច់​ដេញ​គ្នា​ឲ្យ​ចេញ​ពី​តុលាការ ឲ្យ​មក​នៅ​ចិញ្ចើម​ថ្នល់? ដូច ឈូក បណ្ឌិត អ៊ីចឹង ក្រុម​គ្រួសារ​គេ​មក​ពេញៗ​តុលាការ គេ​អត់​អី​ផង»

ពាក់ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​កម្មករ​ទាំង​បួន​នាក់ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ដែល​ឃ្លាំ​មើល​បាតុកម្ម​នេះ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២០ ធ្នូ ថា ការ​ចាប់​ខ្លួន​កម្មករ​ជា​ការ​បំបាក់​ស្មារតី​របស់​ក្រុម​កម្មករ​មិន​ឲ្យ​ធ្វើ​ការ​តវ៉ា។ លោក​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ ជ្រើស​យក​ការ​សម្រប​សម្រួល​ធ្វើ​ជា​វិធី​ដោះស្រាយ​ក្នុង​វិវាទ​នេះ​ប្រសើរ​ជាង៖ «សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត​ស្វាយរៀង ធ្វើ​ម៉េច​ឲ្យ​មាន​ការ​សម្រប​សម្រួល​ឲ្យ​ដោះ​លែង​ពួក​គាត់​ឲ្យ​មាន​សេរីភាព ហើយ​យើង​ងាក​មក​ចូល​តុ​ដើម្បី​ពិភាក្សា​គ្នា​រក​ចំណុច​ណា​មួយ ដើម្បី​ដោះស្រាយ​ជូន​បង​ប្អូន​កម្មករ​ដើម្បី​បញ្ចប់​នូវ​បញ្ហា​នេះ»

កម្មករ​បាន​ផ្ទុះ​បាតុកម្ម​តវ៉ា​តាំង​ពី​ថ្ងៃ​ទី​១៦ ធ្នូ មក ទាមទារ​ប្រាក់ ២០​ដុល្លារ​បន្ថែម​លើ​ប្រាក់​ឈ្នួល​គោល​ដែល​មាន​ស្រាប់​ចំនួន ១២៩​ដុល្លារ។ មក​ដល់​ថ្ងៃ​ទី​២០ ខែ​ធ្នូ កម្មករ​ទាំង​នោះ​នៅ​តែ​បន្ត​ធ្វើ​កូដកម្ម ប៉ុន្តែ​មិន​មាន​សកម្មភាព​នៅ​ខាង​មុខ​រោងចក្រ​ដូច​ពេល​មុន​នោះ​ទេ។ រីឯ​រោងចក្រ​កំពុង​ដំណើរ​ការ​ជា​ធម្មតា ទាំង​អវត្តមាន​កម្មករ​មួយ​ចំនួន បន្ទាប់​ពី​ផ្អាក​កាល​ពី​ថ្ងៃ​ទី​១៧ ធ្នូ ដោយសារ​ការ​តវ៉ា​របស់​កម្មករ​ប្រមាណ ៣​ម៉ឺន​នាក់ ផ្ទុះ​ទៅ​ជា​អំពើ​ហិង្សា ហើយ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា ជីម៉ាក់ (GMAC) បាន​សរសេរ​លិខិត​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ពី​ការ​ធ្វើ​កូដកម្ម​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល