កម្មករ​រោងចក្រ​នៅ​កំពង់ស្ពឺ​នាំគ្នា​រក​ដំណោះស្រាយ​នៅ​ក្រសួង​ការងារ ករណី​ថៅកែ​មិន​បើកប្រាក់​ឈ្នួល​ឱ្យ​ជាង​៣​ខែ

2020-07-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​កាត់​ដេរ​ប្រមាណ ៧រយ​នាក់ នៅ​រោងចក្រ ញូវប៉េស គ្លូប៊ល ធិចធៀល (New Best Global Textile Co., Ltd) ស្ថិត​នៅ​ឃុំ​កាហែង ស្រុក​សំរោង​ទង​ ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ២០២០ តវ៉ា​ឲ្យ​ថៅកែ​ចិន​បើក​ប្រាក់​ខែ និង​ប្រាក់​បំណាច់​ឆ្នាំ ក្រោយ​ពី​ព្យួរ​ការងារ ១ខែ។
កម្មករ​កាត់​ដេរ​ប្រមាណ ៧រយ​នាក់ នៅ​រោងចក្រ ញូវប៉េស គ្លូប៊ល ធិចធៀល (New Best Global Textile Co., Ltd) ស្ថិត​នៅ​ឃុំ​កាហែង ស្រុក​សំរោង​ទង​ ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ២០២០ តវ៉ា​ឲ្យ​ថៅកែ​ចិន​បើក​ប្រាក់​ខែ និង​ប្រាក់​បំណាច់​ឆ្នាំ ក្រោយ​ពី​ព្យួរ​ការងារ ១ខែ។
រូប៖ អង្គការ CENTRAL

កម្មករ​-​កម្មការិនី​ប្រមាណ​៥០​នាក់ តំណាង​ឱ្យ​កម្មករ​ជាង​៧០០​នាក ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ឈ្មោះ ញូវបេស ហ្គូប៊ល ថិចថាល (New Best Global Textile Co., Ltd) នៅ​ខេត្ត​កំពង់ស្ពឺ នាំគ្នា​ឈរ​លើក​បដា​តវ៉ា​មុខ​ក្រសួង​ការងារ ។ ពួកគាត់​ស្នើសុំ​ក្រសួង ចេញមុខ​ដោះស្រាយ​វិវាទ​ការងារ​ដែល​អូស​បន្លាយ​ជាង ៣​ខែ​នេះ ករណី​ថៅកែ​ចិន​រត់ចោល ដោយ​មិនបាន​ផ្ដល់​ប្រាក់​សំណង​ការងារ តាម​ច្បាប់​ស្ដីពី​ការងារ។

តំណាង​កម្មករ លោកស្រី ព្រុំ តុលា ឱ្យ​ដឹង​ថា រោងចក្រ ញូវបេស ហ្គូប៊ល ថិចថាល បាន​បិទទ្វារ អស់​រយៈពេល​ជាង​៣​ខែ​ហើយ ដោយ​ថៅកែ​ចិន​រត់ចោល នៅ​ពេល​កម្មករ​ចូល​ធ្វើ​ការងារ​វិញ កាលពី​ពាក់​កណ្ដាល ខែ​មីនា ក្រោយពី​រោងចក្រ​នេះ ព្យួរ​ការងារ​១​ខែ។

លោកស្រី​ប្រាប់​ថា ក្នុងអំឡុង​រយៈ​ពេល​៣​ខែ​នេះ ទាំង​រូបលោក​ស្រី និង​កម្មករ​ជាច្រើន​នាក់​ទៀត ត្រូវ​បង្ខំចិត្ត​ដើរ​ខ្ចី​ប្រាក់​អ្នកជិតខាង និង​លក់​របស់របរ​ប្រើប្រាស់​ក្នុង​ផ្ទះ ដូរ​យក​ប្រាក់ ដើម្បី​សងបំណុល​ធនាគារ និង​ដោះស្រាយ​ជីវភាព​រស់នៅ ជាពិសេស​នោះ គឺ​ទិញ​ទឹកដោះគោ​សម្រាប់​កូន​តូច។

លោកស្រី​បន្ត​ថា ពួកគាត់​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ពី​មន្ទីរ​ការងារ​ខេត្ត​កំពង់ស្ពឺ​ជាច្រើនលើក​មក​ហើយ រហូតដល់​តុលាការ ចេញ​ដីកា​រក្សា​ការពារ​សម្ភារៈ​ក្នុង​រោងចក្រ​ក្នុង​រឿង​នេះ​ទៀត ប៉ុន្តែ​កម្មករ នៅតែ​មិនទាន់​ទទួល​បាន​ប្រាក់​សំណង​ការងារ​ពី​ថៅកែ និង​ម្ចាស់​អគារ​រោងចក្រ​នៅ​ឡើយ។

តំណាង​កម្មករ​វ័យ​ជាង ៤០​ឆ្នាំ​រូប​នេះ ស្នើ​ក្រសួង​ការងារ​ជួយ​អន្តរាគមន៍ និង​ដាក់​សម្ពាធ​ទៅ​ភាគី​រោងចក្រ ទូរ​ទាត់​សំណង​ការងារ​ឱ្យ​កម្មករ​តាមច្បាប់​ស្ដីពី​ការងារ ។ សំណើ​ទាំងនោះ រួមមាន ប្រាក់​ឈ្នួល​ខែ​ចុងក្រោយ ប្រាក់​ជូនដំណឹង ប្រាក់​សំណង​ជំងឺ​ចិត្ត ប្រាក់​ឈប់សម្រាក​ប្រចាំ​ឆ្នាំ ប្រាក់​បំណាច់​អតីតភាព​ការងារ និង​ប្រាក់​លំហែ​មាតុភាព សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ៖ «ពួក​ខ្ញុំ​ប៉ុន្មាន​នាក់​ហ្នឹង គាត់​រើសអើង​អត់​យក​ពួក​ខ្ញុំ​ចូល​ធ្វើ​ការ​វិញ​ទេ ឱ្យ​តែ​រោងចក្រ​គាត់​គ្រប់គ្រង។ គាត់​កាន់​ម្ដុំ​កំពង់ស្ពឺ​ហ្នឹង គឺ​គាត់​អត់​យក​ទេ។ ខ្ញុំ​សំណូមពរ​ឱ្យ​ខាង​ក្រសួង​ជួយ​អន្តរាគមន៍​ខាង​ម្ចាស់​អគារ​និង​ខាង​អ្នកគ្រប់គ្រង​នៅ​កំពង់ស្ពឺ​រើសអើង​ពួក​ខ្ញុំ ។ សំណូមពរ​គាត់ អន្តរាគមន៍​រឿង​ហ្នឹង​ផង ។ សូម​ឱ្យ​ខាង​ក្រសួង​ដោះស្រាយ​រឿង​ហ្នឹង​ដោះស្រាយ​ឱ្យ​ពួក​ខ្ញុំ​ឱ្យ​ឆាប់រហ័ស​មក ព្រោះ​ពួក​ខ្ញុំ​ត្រូវ​ការ​យក​មក​ដោះ​ទ័ល​ជីវភាព​គ្រួសារ»

មន្ត្រី​ទទួលបន្ទុក​ខាង​ដោះស្រាយ​វិវាទ និង​កូដកម្ម​នៃ​ក្រសួង​ការងារ ដែល​ចេញ​ទទួល​ញត្តិ​ពី​កម្មករ លោក និន វណ្ណៈ ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ថា ក្រសួង​នឹង​លើក​យក​រឿង​នេះ​ទៅ​ដោះស្រាយ​នៅ​ដើមខែ​កក្កដា ដោយ​កោះហៅ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម៖ «ថ្ងៃ​ពុធ​សប្ដាហ៍​នេះ យើង​អញ្ជើញ​ពួកគាត់​មក​ដោះស្រាយ ។ ថ្ងៃ​ពុធ​ហ្នឹង គឺ​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មក​ដោះស្រាយ»

កម្មករ ឱ្យ​ដឹង​ថា ថៅកែ​ចិន និង​ម្ចាស់​អគារ ហាក់​ត្រូវរ៉ូវ​គ្នា​ក្នុង​ការ​រកស៊ី​ជំនួញ​នេះ ដោយ​ម្ចាស់​អគារ​រោងចក្រ​ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​គេ​ស្គាល់​ថា​ជា​ឧកញ៉ា អ៊ឹង ស្រ៊ុនទ្រី ចេញ​មុខ​បង្ខំ​ឱ្យ​កម្មករ​ទទួលយក​ប្រាក់​ប្រមាណ ៧៨​ដុល្លារ ជា​ថ្នូរ​ឈប់​តវ៉ា និង​ទទួល​បាន​ការងារ​ធ្វើ​វិញ នៅ​រោងចក្រ​ចាស់ ដូរ​ដាក់ឈ្មោះ​ថ្មីថា យូខេ(UK)

អាស៊ីសេរី នៅ​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​ឧកញ៉ា អ៊ឹង ស្រ៊ុនទ្រី បាន​ទេ។

អ្នកគ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថា​រ៉ូ មាន​ប្រសាសន៍​ថា ខាង​ក្រសួង គួរ​ចុះ​ធ្វើ​អធិការកិច្ច ក្នុង​រឿងនេះ ដើម្បី​ឱ្យ​ដឹង​ច្បាស់ ថា​តើ ថៅកែ​និង​ម្ចាស់​អគារ​រោងចក្រ ឃុបឃិត​គ្នា មិន​បើកប្រាក់​សំណង​ឱ្យ​កម្មករ ក្រោយពេល​បិទ​រោងចក្រ ហើយ​បើក​រោងចក្រ​ដដែល​នេះ​ឡើងវិញ ដោយ​ដាក់ឈ្មោះ​ថ្មី ដែរ​ឬទេ ។ លោក យល់​ថា បើ​មាន​ករណី​បែប​នេះ គឺជា​ទង្វើ​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​ការងារ​របស់​ប្រទេស​កម្ពុជា៖ «ក្នុង​ករណី​ក្រុមហ៊ុន​បិទ មិន​មាន​ការ​ជូនដំណឹង​ទៅតាម​ផ្លូវច្បាប់ មិន​មាន​ការ​ទូទាត់​ឱ្យ​កម្មករ ឱ្យ​ថៅកែ​ហ្នឹង គេចខ្លួន រំលោភបំពាន​ការអនុវត្ត​ហើយ​ទៅ​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយទៀត ក្រសួង​ហ្នឹងហើយ គឺ​មាន​តួនាទី​ក្នុង​ការ​ធានា​ឱ្យ​មានការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ពេញលេញ ។ អ៊ីចឹង​! ជា​ការ​ទទួលខុសត្រូវ​របស់​ក្រសួង​ការងារ​ហ្នឹងហើយ ។ រឿង​ក្រុមហ៊ុន​ចុះបញ្ជី​ការ​នៅ​ក្នុង​ការ​បើក​ថ្មី ហើយ​ថៅកែ​ជា​ពី​ណា​គេ ហើយ​ទៅ​ជួល​អគារ​ហ្នឹង​តែមួយ ហើយ​យក​កម្មករ​និយោជិក​តែមួយ​តាម​យើង​ដឹង​ហ្នឹង ថៅកែ​ហ្នឹង អ្នកគ្រប់គ្រង​ម្ចាស់​អគារ​ហ្នឹងហើយ ដែល​កន្លងមក​ចេញមុខ​ដោះស្រាយ​រឿង​ហ្នឹង ។ ក្រសួង​មិន​ទាន់​បាន​ជំរុញ​ឱ្យ​ថៅកែ​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ»

ក្នុង​វិវាទ​ការងារ​នេះ កាល​ថ្ងៃ​ទី​២៤ ខែ​មីនា តុលាការ​ខេត្ត​កំពង់ស្ពឺ បាន​ចេញ​ដីកា​អនុវត្ត​ចាត់ចែង​រក្សា​ការពារ​ទ្រព្យសម្បត្តិ​របស់​រោងចក្រ ។ កម្មករ​លើក​ឡើ​ងថា តុលាការ ពន្យារពេល​មិនបាន​អនុវត្ត​ដីកា​នេះ​ទេ ដោយ​ទុក​ពេលវេលា​ឱ្យ​ខាង​ភាគី​រោងចក្រ ដឹក​សម្ភារៈ​ចេញពី​អគារ ដោយ​គ្មាន​ចំណាត់កា​រ​ណាមួយ​ពី​សំណាក់​អាជ្ញាធរ ដើម្បី​បង្កក​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន ទុក​លក់​ទ្បាយទ្បុង​យក​ប្រាក់​មក​ទូរ​ទាត់​ឱ្យ​កម្មករ ស្រប​ទៅ​តាម​ផ្លូវច្បាប់​នោះ​ទេ។

ក្រុមកម្មករ ប្រកាន់​ជំហរ​ថា បើ​ក្រសួង​ការងារ​មិន​អាច​ដោះស្រាយ​បញ្ចប់​ជម្លោះ​នេះ​បានទេ ពួកគាត់​នឹង​នាំគ្នា​តវ៉ា និង​បោះតង់​ដេក​មុខ​ផ្លូវ​ចេញ​ចូល​ក្រសួង រហូតដល់​មាន​ដំណោះស្រាយ​សមរម្យ អាច​ទទួល​យក​បាន។

រោងចក្រ ញូវបេស ហ្គូប៊ល ថិចថាល ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​កាហែង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ គឺជា​រោងចក្រ​ផលិត​ខោរ​អាវ បុរស ស្ត្រី និង​ក្មេង ម៉ាក ព្រីម៉ាក និង​អាឌែន (Primark & Ardene) ដែល​មាន​កម្មករ​ធ្វើការ​សរុប​ជិត​៨​រយ​នាក់ (៧៦៤) ក្នុង​នោះ​កម្មករ​ជាង​៥​រយ​នាក់​ជា​ស្ត្រី​(៥៥២)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល