ពលករ​មួយ​ចំនួន​នៅ​តែ​គ្មាន​ជំនឿ​ស្ថានទូត​ខ្មែរ​នៅ​ថៃ​​​អាច​ជួយ​​ពួកគេ​​​​​​កុំ​បាត់បង់​ការងារ​ពេល​ទៅ​លេង​​ចូល​ឆ្មាំ​ខ្មែរ

ដោយ វ៉ែន សុមេធ
2020-03-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​ទៅ​ទទួល​សេវា​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក នៅ​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ២០១៩។
ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​ទៅ​ទទួល​សេវា​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក នៅ​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ២០១៩។
រូបថត៖ ហ្វេសប៊ុក ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក

ពលករ​ខ្មែរ​មួយ​ចំនួន​​ធ្វើ​ការ​ងារ​នៅ​ប្រទេស​ថៃ​នៅ​តែ​ព្រួយបារម្ភ​​ខ្លាច​បាត់បង់​ការងារ​ក្នុង​ពេល​​ទៅ​លេង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ពេល​ខាង​មុខ​។​ពួកគេ​​ហាក់​គ្មាន​ជំនឿ​នឹង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក​ដែល​ប្រកាស​ឱ្យ​ពលករ​ទៅ​លេង​ស្រុក​កំណើត​ក្នុង​ថ្ងៃ​បុណ្យ​ប្រពៃណី​ជាតិ​ដោយ​អះអាង​ថា នឹង​មិន​មាន​ការបាត់បង់​ការងារ​នោះ​ទេ។

ពលការិនី​​ខ្មែរ​​ធ្វើ​ការ​សំណង់​នៅ​ទីក្រុង​បាងកក​កញ្ញា សារិន ស្រីនិច្ច​ ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៣​មីនា​ថា​​ពលករ​ធ្វើ​ការ​​នៅ​ក្រុម​ហ៊ុន​​ជា​មួយ​កញ្ញា​​ប្រមាណ ២០០នាក់ កំពុង​​ព្រួយបារម្ភ​ខ្លាច​​ថៅកែ​មិន​ទទួល​ឱ្យ​ចូល​​ការងារ​​វិញ​​ប្រសិន​បើ​ពួកគេ​​ទៅ​លេង​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​​​លើស​ពី ៧ថ្ងៃ​នោះ។ ពលការិនី​​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង​រូប​នេះ​បន្ត​ថា​​នៅ​ពេល​នេះ​មាន​ពលករ​​ប្រមាណ​៤០​ភាគ​រយ​​ហើយ ដែល​សម្រេច​មិន​ទៅ​លេង​ស្រុក​កំណើត​អំឡុង​ពេល​បុណ្យ​ប្រពៃណី​​​ជាតិ​នេះ ដោយសារ​ខ្លាច​ត្រឡប់​មក​វិញ​​មិន​ទាន់​ថ្ងៃ​កំណត់​ ដែល​ថៅកែ​អនុញ្ញាត​ច្បាប់​ឱ្យ​ឈប់​សម្រាក​៧ថ្ងៃ​នោះ«ខាង​ស្ថានទូត​ចេញ​មក​ខ្ញុំ​អត់​ដឹង​​ទេ​ព្រោះ​កន្លែង​ខ្ញុំ​ធ្វើ​ការ​​គឺ​ប្រកាស​អីចឹង​បណ្ដោយ​បើ​សិន​ជា​អ្នក​ទៅ​ផ្ទះ​លើ​លើស​ពី​៧​ថ្ងៃ​ហ្នឹង​គែ​គេ​អត់​ទទួល​យក​វិញ​ទេ​មិន​មែន​នៅ​តែ​កន្លែង​ខ្ញុំ​មួយ​ទេ​កន្លែង​ផ្សេង​ក៏​ដូច​គ្នា​ដែរ​។​វា​ពិបាក​ដែរ​បើ​គេ​អត់​ទទួល​យក​យើង​ធ្វើ​ការ​ទេ​​គឺ​លិខិត​ឆ្លងដែន​ហ្នឹង​ត្រូវ​ទាំង​អស់​បណ្ដោយ​​ដូច​ថា​យើង​ត្រូវ​ធ្វើ​សារ​ថ្មី​ព្រោះ​នៅ​ពេល​យើង​ទៅ​រក​កន្លែង​ការងារ​ផ្សេង​គេ​អត់​​យក​លិខិត​ឆ្លង​ដែន​ហ្នឹង​ទេ​គឺ គេ​ត្រូវ​ឱ្យ​វាយ​បិទ​ប៉ាសស្ព័រ​ហ្នឹង​ហើយ​ត្រូវ​ធ្វើ​ប៉ាសស្ព័រ​ថ្មី​ឱ្យ​គេ​ហើយ​ត្រូវ​បង់​លុយ​សា​ថ្មី​»

ស្រដៀង​គ្នា​នេះ​ដែរ​ពលករ​ខ្មែរ​​ធ្វើ​ការ​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក​ម្នាក់​ទៀត​លោក​ មាស ប៊ូរ៉ា​ថ្លែង​ថា​​ថៅកែ​​​របស់​​លោក​មិន​ឱ្យ​ពួកគេ​ទៅ​​លេង​ស្រុក​កំណើត​អំឡុង​​ពេល​​នេះ​ឡើយ​​ពី​ព្រោះ​ខ្លាច​​ឆ្លង​ជំងឺ​កូវិត​១៩​​នៅ​ពេល​ត្រឡប់​មក​​​កន្លែង​ធ្វើ​ការ​​វិញ​។​ លោក​​បញ្ជាក់​ទៀត​ថា ថៅកែ​ក៏​បាន​ព្រមាន​​​​ចំពោះ​​រូប​លោក​ថា​ ប្រសិន​បើ​ទៅ​លេង​ផ្ទះ​នៅ​ពេល​នេះ គេ​នឹង​មិន​ទទួល​ឱ្យ​ចូល​ធ្វើ​ការងារ​វិញ​ឡើយ«បើ​ស្ថានទូត​គាត់​និយាយ​ថា​មាន​ការ​បើក​ទូលាយ​ឱ្យ​ពលករ​​ទៅ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​យើង​អីចឹង​តែ​នៅ​តាម​​ក្រុម​ហ៊ុន​ផ្សេង​ៗ​វា​ពិបាក​មិន​ដូច​ដែល​ស្ថានទូត​និយាយ​ទេ​គឺ មាន​ការ​រឹត​បន្តឹង​ច្រើន​។បើ​កន្លែង​ខ្ញុំ​វា​ពិបាក​ណាស់​គេ​មិន​ចង់​ឱ្យ​យើង​ទៅ​ផ្ទះ​ទេ​មាន​កន្លែង​ខ្លះ​សុំ​គេ​ទៅ​ឡើង​ផ្ទះ​ក៏​អត់​បាន​ទៅ​ដែរ​ហើយ​សូម្បី​តែ​កូន​ខ្ញុំ​នៅ​ខាង​រោងចក្រ​ផ្សេង​សុំ​គេ​ទៅ​យក​ប្អូន​នៅ​ព្រំដែន​​នោះ​ក៏​គេ​អត់​ឱ្យ​ចូល​ទៅ​ខ្មែរ​ដែរ​។គេ​ថា​បើ​សិន​ជា​ចូល​ទៅ​ខ្មែរ​មក​វិញ​គេ​នឹង​ផ្អាក​​ការ​ងារ​១៤​ថ្ងៃ​គេ​ឱ្យ​ទៅ​ត្រឹម​ព្រំដែន»

ពលករ​ខ្មែរ​ទាំង​នេះ​​​បាន​ប្រតិកម្ម​នឹង​​ការ​លើក​ឡើង​របស់​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ទី​ក្រុង​បាងកក​ដែល​ថា​នឹង​ជួយ​ដល់​ពលករ​​ឱ្យ​បាន​ទៅ​លេង​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​គ្រប់ៗ គ្នា ដោយ​ពុំ​​​បាត់បង់​ការងារ​នោះ​ គឺជា​រឿង​ដែល​មិន​អាច​ធ្វើ​ទៅ​រួច​​ឡើយ​ ពីព្រោះ​កន្លង​មក​​ពួកគេ​ធ្លាប់​ទាក់ទង​ទៅ​ស្ថានទូត​ឱ្យ​ជួយ​ជា​ច្រើន​ករណី​មក​ហើយ​ប៉ុន្តែ​មិន​អាច​ជួយ​ពួកគាត់​បាន​ម្ដងណា​នោះ​ទេ​ក្រោម​ហេតុ​ផល​ថា​មន្ត្រី​ស្ថានទូត​មាន​គ្នា​តិច។

កាល​ពី​ថ្ងៃ​ទី​១២ មីនា​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក​ទទួល​បន្ទុក​ផ្នែក​ពលករ​លោក កឹម ចំរើន បាន​ប្រកាស​ឱ្យ​ពលករ​ខ្មែរ ដែល​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ទៅ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ស្រុក​កំណើត​បាន​ជា​ធម្មតា និង​ថៅកែ​មិន​​ហាម​ឃាត់​ពលករ​​ទៅ​លេង​ស្រុក​កំណើត​នោះ​ឡើយ។ លោក​បន្ត​ថា​អ្នក​ទៅលេង​ស្រុក​កំណើត នៅ​ពេល​ត្រឡប់​មក​ប្រទេស​ថៃ​វិញ​​ចូល​ធ្វើ​ការ​ជា​ធម្មតា​ដដែល ដោយ​មិន​បាត់បង់​ការងារ​នោះ​ទេ។ លោក​បញ្ជាក់​ទៀត​ថា ពលករ​ដែល​ត្រឡប់​មក​ពី​លេង​ស្រុក​វិញ​ឆ្លងដែន​ចូល​ប្រទេស​ជា​ធម្មតា ដោយ​ពុំ​មាន​ដាក់​​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ចំនួន​១៤​ថ្ងៃ​​ដើម្បី​តាម​ដាន​សុខភាព​នោះ​ទេ ប្រសិន​បើ​ពួកគាត់​មាន​សុខភាព​ល្អ ប៉ុន្តែ​​ចំពោះ​ពលករ​ណា​ដែល​មាន​កម្ដៅ​ក្នុង​​​​ខ្លួន​ខ្លាំង​​នឹង​ត្រូវ​ដាក់​ដោយ​ឡែក​តាម​ដាន​សុខភាព ១៤ថ្ងៃ ទើប​អនុញ្ញាត​ឱ្យ​ឆ្លង​ដែន​ចូល​ធ្វើ​ការ​វិញ​បាន​ ព្រោះ​​ខ្លាច​មាន​​​ជំងឺ​កូវិដ១៩ (COVID​19)«គេ​ខ្លាច​យើង​ហ្នឹង​ឆ្លង​ជំងឺ​កូវិដ១៩ ហ្នឹង​ហើយ​បើ​យើង​ឆ្លង​មែន​គេ​ហ្នឹង​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ដោយ​មិន​គិត​ថ្លៃ​សេវា​ទេ​ព្រោះ​រដ្ឋាភិបាល​ថៃ​កំណត់​ហើយ​គឺ​អ្នក​ឆ្លង​ជំងឺ​នេះ​គឺ​អត់​មាន​គិត​ថ្លៃ​សេវា​ព្យាបាល​ទេ​។អីចឹង​បងប្អូន​យល់​ហើយ​ចំណុច​ហ្នឹង​ករណី​១៤​ថ្ងៃ​ហ្នឹង​គឺ​ករណី​ដែល​គេ​ពិនិត្យ​ឃើញ​បងប្អូន​មាន​កម្ដៅ​លើ​៣៧​.៥​អង្សា ហើយ​​បើ​សិន​គេ​ហាម​មិន​ឱ្យ​បងប្អូន​ធ្វើ​សុំ​ឱ្យ​បងប្អូន​ជូន​ដំណឹង​មក​ស្ថានទូត​ហើយ​ស្ថានទូត​រង់ចាំ​ជួយ​បងប្អូន»

លោក​បន្ថែម​ថា​ការ​ធ្វើ​បែប​នេះ​ដោយសារ​តែ​ជំងឺ​កូវិដ១៩ កំពុង​តែ​រាតត្បាត​ខ្លាំង​​នៅ​លើ​ពិភពលោក​ហើយ​គ្មាន​ថ្នាំ​ព្យាបាល​​ជំងឺ​នេះ​នៅ​ឡើង​ទេ។

ទោះជា​យ៉ាង​ណា​ប្រធាន​ផ្នែក​ពលករ​ចំណាក​ស្រុក​នៃ​អង្គការ​សិទ្ធិ​ការងារ​សង់ត្រាល់ លោក ឌី ថេ ហូយ៉ា លើក​ឡើង​​ថា ​ពលករ​ខ្មែរ​​​នៅ​ប្រទេស​ថៃ​មួយ​ចំនួន​ប្រឈម​នឹង​ថៅកែ​បញ្ឈប់​ពី​ការងារ​ប្រសិន​បើ​ពួកគេ​ទៅ​លេង​​ផ្ទះ​អំឡុង​ពេល​បុណ្យ​ចូល​ឆ្មាំ​ខ្មែរ​នោះ​។លោក​បន្ត​ថា បញ្ហា​នេះ​បណ្ដាល​មក​ពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច​​នៅ​ក្នុង​ប្រទេស​ថៃ​ដោយសារ​ជំងឺ​​ផ្លូវ​ដង្ហើម កូវិដ១៩«តាម​ការ​ប្រមើល​មើល​ហ្នឹង​ វា​មាន​បញ្ហា​ធំ​២។ ទី​មួយ ​បញ្ហា GSP របស់​អាមេរិក​ដក​ហ្នឹង​មួយ​ផ្នែក​ទៅ​អីចឹង​មាន​បញ្ហា​ជំងឺ​កូវិដ១៩ បន្ថែម​លើ​បញ្ហា​ដែល​មាន​ស្រាប់​ទៀត​ទៅ តែ​យើង​មិន​ដឹង​ថា វា​ប៉ះពាល់​កម្រិត​ណា​ទេ។ ប៉ុន្តែ​បើ​សិន​ជា​អាមេរិក​ដក​GSP​ហើយ​ជំងឺ​កូវិដ​ហ្នឹង​អូស​បន្លាយ​ទៅ​យូរ​​ទៀត​ខ្ញុំ​មើល​ឃើញ​ថា​វា​​មាន​វិបត្តិ​ធ្ងន់ធ្ងរ​មែនទែន​លើ​ផ្នែក​សេដ្ឋកិច្ច​នៅ​ប្រទេស​ថៃ»

របាយការណ៍​របស់​ក្រសួង​ការងារ​បង្ហាញ​ថា ពលករ​ខ្មែរ​​ធ្វើការ​ប្រទេស​ថៃ​មាន​ជាង ១ លាន ១ សែន​នាក់ (.១០០.០០០)។ ប៉ុន្តែ​របាយការណ៍​របស់​អង្គការ​សង់ត្រាល់ ឱ្យ​ដឹង​ថា​មាន​​ពលករ​​ខ្មែរ​ស្រប​ច្បាប់​និង​ខុស​ច្បាប់​ប្រមាណ ២លាន​នាក់ (.០០០.០០០) កំពុង​ធ្វើ​នៅ​ប្រទេស​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល