ពលការិនី​ខេត្ត​កំពង់ចាម​ស្នើ​ចាត់​វិធានការ​លើ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ម៉ាឡេស៊ី​មិន​បើក​ប្រាក់​ខែ

ដោយ សូត សុខប្រាថ្នា
2015-08-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ទាញ​យក​កម្មវីធីពលការិនី​នៅ​ឃុំ​បាធាយ ស្រុក​បាធាយ ខេត្ត​កំពង់ចាម ដែល​បាន​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ចាត់​វិធានការ​លើ​ក្រុមហ៊ុន​នាំ​ពលករ និង​ភ្នាក់ងារ​ទទួល​ពលករ​នៅ​ប្រទេស​ម៉ាឡេស៊ី។ ការ​ស្នើ​នេះ បន្ទាប់​ពី​ពួក​គាត់​ទៅ​ធ្វើ​ការ​នៅ​ទីនោះ​ជាច្រើន​ឆ្នាំ ប៉ុន្តែ​ពួក​គេ​មិន​បាន​ផ្តល់​ប្រាក់​ខែ​ឲ្យ​ឡើយ។

ក្រោយ​ពី​ទៅ​ធ្វើ​ការ​ជា​ពលការិនី​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​រយៈពេល ៤​ឆ្នាំ ពលការិនី​ម្នាក់​នៅ​ឃុំ​បាធាយ ស្រុក​បាធាយ បាន​សម្រេច​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន​នាំ​ពលករ​មួយ​ឈ្មោះ ហ្សិត.អ៊ី.អិន (ZEN) និង​ភ្នាក់ងារ​ទទួល​ពលករ​នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​ព្រឹក​ថ្ងៃ​ទី​៣១ សីហា ទៅ​ស្នងការដ្ឋាន​នគរបាល​ជាតិ ហើយ​គ្រោង​នឹង​ប្ដឹង​ទៅ​ក្រសួង​ការងារ ទៀត ព្រោះ​មិន​បាន​ទទួល​ប្រាក់​ខែ។

អតីត​ពលការិនី​ម្នាក់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី កញ្ញា ផូ ពិសី ឲ្យ​ដឹង​ថា ទឹក​ប្រាក់​ប្រមាណ ៧​ពាន់​ដុល្លារ​ដែល​កញ្ញា​បាន​ខិតខំ​ធ្វើ​ការ​ស្ទើរ​គ្មាន​ពេល​សម្រាក​សោះ​នៅ​ប្រទេស​ម៉ាឡេស៊ី រយៈពេល ៤​ឆ្នាំ ប៉ុន្តែ​លទ្ធផល​ចុង​ក្រោយ នៅ​ពេល​មក​ដល់​ស្រុក​កំណើត​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៤ វិញ ប្រាក់​ខែ​ស្ទើរ​តែ​ទាំងអស់ គឺ​គេ​មិន​ទាន់​បើក​ឲ្យ​ទេ។ កញ្ញា​បន្ត​ថា មូលហេតុ​ដែល​យល់ព្រម​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី គឺ​ដោយសារ​ដំបូង​ឡើយ​គិត​ថា ក្រុមហ៊ុន ហ្សិត.អ៊ី.អិន គឺ​ជា​ក្រុមហ៊ុន​ត្រឹមត្រូវ ហើយ​កញ្ញា​ទៅ​ធ្វើ​ការ​ទីនោះ គឺ​ស្រប​ច្បាប់ ប៉ុន្តែ​ចុង​ក្រោយ ក្រុមហ៊ុន​ក៏​បិទ​ដំណើរ​ការ ចំណែក​ភ្នាក់ងារ​នៅ​ប្រទេស​ម៉ាឡេស៊ី ក៏​បោកប្រាស់​ទៀត៖ «ពិបាក​ណាស់​បង គេ​វ៉ៃ​ធាក់ ហើយ​ហូប​បាយ​ជាមួយ​អំបិល​ទេ​បង។ ខ្ញុំ​សុំ​ពង​ទា​គេ ក៏​គេ​មិន​ឲ្យ​ដែរ»

កញ្ញា ផូ ពិសី បាន​សម្រេច​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​ឆ្នាំ​២០១០ ដោយ​ក្រុមហ៊ុន​នេះ​ទាក់ទង​ការងារ​នៅ​ទីនោះ​ក្នុង​មួយ​ខែ ៨០​ម៉ឺន​រៀល ឬ​ស្មើ ២០០​ដុល្លារ ហើយ​មាន​អាណត្តិ ២​ឆ្នាំ។ ក្រោយ​មក ភ្នាក់ងារ​នៅ​ប្រទេស​ម៉ាឡេស៊ី គេ​បាន​បន្ត​អាណត្តិ​ឲ្យ​កញ្ញា​ដោយ​ខ្លួន​ឯង​មួយ​អាណត្តិ​ទៀត  ស្រប​ពេល​ប្រាក់​ខែ ខាង​ក្រុមហ៊ុន​នៅ​ម៉ាឡេស៊ី មិន​ទាន់​បើក​ឲ្យ​នៅ​ឡើយ។

ដោយឡែក​ម្តាយ កញ្ញា ផូ ពិសី គឺ​អ្នកស្រី នាង វី ដែល​មក​ដាក់​ពាក្យ​បណ្ដឹង​តាម​កូន​នោះ មាន​ប្រសាសន៍​ថា ដោយសារ​ជីវភាព​គ្រួសារ​ក្រីក្រ ទើប​អ្នកស្រី​អនុញ្ញាត​ឲ្យ​កូន​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ អ្នកស្រី​បន្ត​ថា ចុង​ក្រោយ​ទើប​ទទួល​ព័ត៌មាន​ថា កូន​អ្នកស្រី​រង​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង​ក្នុង​អំឡុង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី នោះ។ មិន​តែ​ប៉ុណ្ណោះ ប្រាក់​ខែ​ក៏​មិន​បាន​ទទួល​ទៀត៖ «ចា៎! ធ្វើ​ហ្នឹង​ប្ដឹង​ដើម្បី​បាន​ប្រាក់ កូន​ដែល​ខំ​ទៅ​ធ្វើ​ហ្នឹង។ ចា៎! ធ្វើ​បាប​ធ្វើ​ទោស​គ្នា​ចង់​ងាប់​ចង់​រស់​ហើយ មក​អត់​ឲ្យ​លុយ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ក្រុមហ៊ុន ហ្សិត.អ៊ី.អិន និង​ភ្នាក់ងារ​ទទួល​ពលករ​នៅ​ប្រទេស​ម៉ាឡេស៊ី ព្រម​ទាំង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទេ​នៅ​ថ្ងៃ​ទី​៣១ សីហា។

ទាក់ទង​បញ្ហា​នេះ ប្រធាន​កម្មវិធី​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា មាន​ប្រសាសន៍​ថា ពលការិនី​ដែល​ជួប​បញ្ហា ពួក​គេ​អាច​ទៅ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​សាមី គឺ​ក្រសួង​ការងារ។ លោក​បន្ត​ថា នៅ​ពេល​ក្រុមហ៊ុន​មួយ​បើក​អាជីវកម្ម​របស់​ខ្លួន គឺ​គេ​មាន​ប្រាក់​តម្កល់​នៅ​ក្នុង​ក្រសួង​មួយ​នេះ។ ដូច្នេះ នៅ​ពេល​ក្រុមហ៊ុន​បិទ​ដំណើរ​ការ គេ​អាច​យក​ប្រាក់​តម្កល់​ទៅ​ដោះស្រាយ​ជូន​ពលករ​បាន៖ «ប្រហែល​ជា​បិទ​មណ្ឌល តែ​ការ​ទទួល​ខុស​ត្រូវ គឺ​ក្រុមហ៊ុន​ហ្នឹង។ ហើយ​បើ​សិន​ពលរដ្ឋ​ដាក់​ពាក្យ​ទៅ​ក្រសួង​ការងារ គឺ​ក្រសួង​ប្រាកដ​ជា​ដឹង​លេខ​ទំនាក់ទំនង​ក្រុមហ៊ុន»

លោក​យល់​ថា បញ្ហា​ទាំង​នេះ​នៅ​តែ​កើត​មាន​ឡើង អាច​ដោយសារ​តែ​រដ្ឋាភិបាល​នៅ​មិន​ទាន់​មាន​យន្តការ​ច្បាស់លាស់ ដើម្បី​តាម​ដាន​លើ​បណ្ដា​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ក្រៅ​ប្រទេស​ទាំង​នោះ។ ម្យ៉ាង សមត្ថកិច្ច​របស់​មន្ត្រី​ទូត​នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​មាន​កម្រិត។ លើស​ពី​នេះ ពលរដ្ឋ​មិន​សូវ​មាន​ឱកាស​បង្កើត និង​ស្វែងរក​ការងារ​នៅ​ក្នុង​ស្រុក​បាន។ លោក មឿន តុលា បន្ត​ថា ដើម្បី​កាត់​បន្ថយ​បញ្ហា​ប្រឈម​របស់​ពលករ ស្ថាប័ន​ពាក់ព័ន្ធ គប្បី​ធ្វើ​ការងារ​នេះ​ដោយ​តម្លាភាព ពង្រឹង​យន្តការ​តាម​ដាន​ភាព​ត្រឹមត្រូវ​របស់​ក្រុមហ៊ុន​នាំ​ពលករ​ឲ្យ​បាន​ច្បាស់លាស់ កាត់​បន្ថយ​អំពើ​ពុក​រលួយ និង​បក្ខពួក​និយម​រវាង​មន្ត្រី​រដ្ឋាភិបាល​ជាមួយ​ម្ចាស់​ក្រុមហ៊ុន ពង្រឹង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​មន្ត្រី​ទូត។ ចំណែក​ពលរដ្ឋ ក៏​ត្រូវ​សិក្សា​ឲ្យ​ច្បាស់​ពី​ក្រុមហ៊ុន ដែល​ខ្លួន​បម្រុង​នឹង​ទៅ​ធ្វើ​ការ​ជា​មុន​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល