គ្រួសារ​នៅ​បាត់ដំបង​អំពាវនាវ​ឲ្យ​ជួយ​រំដោះ​ពលការិនី​២​នាក់​ពី​ម៉ាឡេស៊ី

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​បន្ត​រងគ្រោះ​ដោយសារ​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម តាម​រយៈ​ក្រុមហ៊ុន និង​មេ​ខ្យល់ យក​ទៅ​បម្រើ​ការ​នៅ​តាម​ផ្ទះ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ ពួក​គេ​ទាំង​នោះ បាន​ទទួល​ការ​ធ្វើ​ទារុណកម្ម ដូច​ជា​ការ​បង្ខំ​អោយ​ធ្វើ​ការ​លើស​ម៉ោង ហូប​ចុក​ពុំ​គ្រប់គ្រាន់ និង​ពុំ​ទទួល​បាន​ប្រាក់​ខែ​គ្រប់​ចំនួន​ពី​ម្ចាស់​ផ្ទះ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី នោះ​ថែម​ទៀត។
ដោយ សួន សុផលមុន្នី
2013-09-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ពលករ​ខ្មែរ​ចំនួន ៣​នាក់ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង និង​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) សុំ​អន្តរាគមន៍​ឲ្យ​ជួយ​រំដោះ​ពួក​គាត់​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី និង​សុំ​ឲ្យ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ក្រុមហ៊ុន​នាំ​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​កិច្ច​សន្យា​របស់​ខ្លួន។

ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា អាណាព្យាបាល​ពលករ​ខ្មែរ​ទាំង​នោះ បញ្ជាក់​ថា ក្រុមហ៊ុន​នោះ​មាន​ឈ្មោះ ញូមែន ផៅវឺ (Human power) និង​ក្រុមហ៊ុន​មួយ​ទៀត​ឈ្មោះ ឌីខេម រួម​ទាំង​ក្រុម​មេ​ខ្យល់​ជាច្រើន​នាក់​ទៀត។ ពួក​គេ​បាន​ឃុបឃិត​គ្នា​ក្លែង​បន្លំ​ឯកសារ កែ​អាយុ និង​ដូរ​ឈ្មោះ ដើម្បី​នាំ​យក​កូន​ស្រី​របស់​ពួក​គាត់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី៖ «ខាង​ម៉ាឡេស៊ី គេ​ធ្វើ​បាប​គ្នា​ធ្វើ​ការ​លើស​កម្លាំង ហើយ​ការ​ហូប​ចុក​អត់​គ្រប់គ្រាន់ បង្ខំ​ពលកម្ម​ពី​ម៉ោង ៦​ព្រឹក រហូត​ដល់​ម៉ោង ១១​យប់ បាន​សម្រាក​ពី​ការងារ ធ្វើ​ការ​មិន​មែន​មួយ​ផ្ទះ​ទេ ច្រើន​ផ្ទះ»

ពលការិនី​ខ្មែរ​ទាំង​បី​នាក់​នោះ​មាន​ឈ្មោះ ព្រឿន សុជាតិ រស់​នៅ​ភូមិ​ចុងចំណាយ ឃុំ​ជ្រៃ ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង ត្រូវ​គេ​ប្ដូរ​ទៅ​ជា​ឈ្មោះ ឡាយ តាំងអេង រស់​នៅ​ខេត្ត​កំពង់ធំ ឈ្មោះ ស៊ត សុធា មាន​អាយុ ១៦​ឆ្នាំ រស់​នៅ​ភូមិ​ជាមន្ត្រី ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ត្រូវ​បាន​មេ​ខ្យល់​នាំ​ទៅ​ធ្វើ​សំបុត្រ​កំណើត​ដំឡើង​អាយុ​ទៅ​ដល់ ២១​ឆ្នាំ និង​ប្ដូរ​ទៅ​ជា​ឈ្មោះ តូ គន្ធា។ បច្ចុប្បន្ន ពលការិនី​ទាំង​ពីរ​នាក់​កំពុង​នៅ​ប្រទេស​ម៉ាឡេស៊ី។ រីឯ​ពលការិនី​ម្នាក់​ទៀត​ឈ្មោះ យ៉ង ស្រីនាង អាយុ ២២​ឆ្នាំ រស់​នៅ​ភូមិ​គីឡូ​៣៨ ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង បាន​រួច​ខ្លួន​មក​ដល់​ស្រុក​ខ្មែរ​វិញ​ទាំង​លំបាក។

យ៉ង ស្រីនាង បញ្ជាក់​ថា នាង​បាន​បម្រើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ផុត​កិច្ច​សន្យា​ហើយ ប៉ុន្តែ​ថៅកែ​មិន​បាន​ឲ្យ​គាត់​វិល​ត្រឡប់​មក​ផ្ទះ​ទេ សូម្បី​តែ​ទូរស័ព្ទ​ក៏​មិន​ឲ្យ​ប្រើ​ដែរ ហើយ​រូប​នាង​ត្រូវ​គេ​វាយ​ធ្វើ​ទារុណកម្ម​ជាំ​ពេញ​ខ្លួន៖ «ធ្វើ​ការ​តាំង​ពី​ម៉ោង ៦​ព្រឹក​រហូត​ដល់​ម៉ោង ៣ ម៉ោង ៤​ទៀប​ភ្លឺ ពេល​ខ្លះ​អត់​បាន​ហូប​បាយ​ទេ បើ​សិន​ធ្វើ​ការ​មិន​ទាន់​ហើយ»

នៅ​ក្នុង​ពាក្យ​បណ្ដឹង ៣​ច្បាប់​ដាច់​ដោយ​ឡែក​ពី​គ្នា ដែល​ប្ដឹង​ទៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង និង​សមាគម​អាដហុក បង្ហាញ​ថា ពលការិនី​ខ្មែរ​ទាំង​បី​នាក់ ទទួល​រង​ការ​ធ្វើ​ទារុណកម្ម​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​លើស​ម៉ោង ហូប​ចុក​មិន​គ្រប់គ្រាន់ និង​ពុំ​ទទួល​បាន​ប្រាក់​ខែ​គ្រប់​ចំនួន​នោះ​ឡើយ។ ទន្ទឹម​គ្នា​នេះ អាណាព្យាបាល​ពលការិនី​ពួក​គេ​បាន​តវ៉ា​ករណី​នេះ​ទៅ​ក្រុមហ៊ុន ឌីខេម និង​ក្រុមហ៊ុន ញូមែន ផៅវឺ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​មិន​ទទួល​ខុស​ត្រូវ​ឡើយ ទោះ​បី​កូនៗ​របស់​ពួក​គាត់​បាន​បម្រើ​នៅ​តាម​ផ្ទះ​ក្នុង​ប្រទេស​ម៉ាឡេស៊ី នោះ ហួស​កិច្ច​សន្យា​ហើយ​ក៏ដោយ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ភាគី​ក្រុមហ៊ុន ដើម្បី​សុំ​ការ​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ។

អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី ថ្លែង​ថា សមាគម​អាដហុក នឹង​ធ្វើ​កិច្ច​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល ដើម្បី​នាំ​យក​ពលករ​ទាំង​នោះ​មក​ស្រុក​ខ្មែរ​វិញ៖ «ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី មិន​មែន​ជា​ទាសករ​ទេ ពួក​គាត់​មាន​សិទ្ធិ​គ្រប់គ្រាន់​ទាំងអស់ មិន​មែន​ជា​ការ​លក់​ដាច់​ថ្លៃ​ទេ ក្រុមហ៊ុន​ពេល​ដែល​ចុះ​កិច្ច​សន្យា ក្រុមហ៊ុន​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​យក​ពលករ​មក​ស្រុក​វិញ ហើយ​បើ​មាន​ការ​ធ្វើ​ទុក្ខ​វាយ​ធ្វើ​បាប​ពលករ​ខ្មែរ ក្រុមហ៊ុន​ត្រូវ​ចេញ​មុខ​ធ្វើ​អន្តរាគមន៍»

លោក យិន ម៉េងលី ក៏​បាន​ជំរុញ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល ពិនិត្យ​សើរើ​ទៅ​លើ​កិច្ច​សន្យា​របស់​ក្រុមហ៊ុន។ បើ​សិន​ក្រុមហ៊ុន​រំលោភ​លើ​កិច្ច​សន្យា​នោះ ក្រសួង​ត្រូវ​ដក​ហូត​យក​អាជ្ញាប័ណ្ណ បិទ​ក្រុមហ៊ុន​នោះ​ឈប់​ឲ្យ​ធ្វើ​អាជីវកម្ម​នាំ​ពលករ​ចេញ​ទៅ​ក្រៅ​ប្រទេស និង​ពិនិត្យ​មើល​លើ​ទោស​ទណ្ឌ​នានា តាម​គោលការណ៍​ច្បាប់​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន ដើម្បី​រក​យុត្តិធម៌​ជូន​ពលករ​ខ្មែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល