ធនាគារ​ពិភពលោក​រក​ឃើញ​ថា​ផែនការ​​ពង្រីក​​ក្រុង​ធ្វើ​ឲ្យ​មាន​គម្លាត​អ្នក​មាន​អ្នក​ក្រ​កាន់​តែ​ធំ

ដោយ អាន ស៊ីថាវ
2015-01-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សេដ្ឋកិច្ច​វិទូ​ជាន់​ខ្ពស់​ប្រចាំ​ប្រទេស​កម្ពុជា លោក អេនរិច អាល់ដាហ្ស ការ៉ូល (Enrique Aldaz Carroll)  ថ្លែង​ក្នុង​ពិធី​បង្ហាញ​របាយការណ៍​នៅ​ទីស្នាក់ការ​ធនាគារ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៦ មករា ២០១៥។
សេដ្ឋកិច្ច​វិទូ​ជាន់​ខ្ពស់​ប្រចាំ​ប្រទេស​កម្ពុជា លោក អេនរិច អាល់ដាហ្ស ការ៉ូល (Enrique Aldaz Carroll) ថ្លែង​ក្នុង​ពិធី​បង្ហាញ​របាយការណ៍​នៅ​ទីស្នាក់ការ​ធនាគារ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៦ មករា ២០១៥។
RFA/An Sithav

ទីក្រុង​ភ្នំពេញ ជា​ទីក្រុង​តូច​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា​តែ​ល្បឿន​នៃ​ពង្រីក​ក្រុង​វិញ មាន​សន្ទុះ​ខ្លាំង​ជាង​គេ​​​​បំផុត។ បញ្ហា​នេះ បាន​បណ្ដាល​ឲ្យ​​មាន​គម្លាត​អ្នក​មាន និង​អ្នកក្រ​កាន់​តែ​ធំ ដោយសារ​តែ​ថ្នាក់​ដឹក​នាំ​រៀប​ចំ​ផែនការ​​មិន​បាន​ត្រឹមត្រូវ ជា​ពិសេស​ការ​​បង្កើត​ឱកាស​រក​ប្រាក់​ចំណូល​មិន​​បាន​ស្មើ​​គ្នា​សម្រាប់​អ្នក​រស់​នៅ​ជនបទ និង​​អ្នក​រស់​នៅ​ទីក្រុង។

បញ្ហា​ធំ​មួយ​សម្រាប់​ប្រទេស​កម្ពុជា គឺ​នគរូបនីយកម្ម ឬ​ការ​ពង្រីក​​ក្រុង​ដែល​មាន​ល្បឿន​លឿន។ ស្ថាប័ន​អភិវឌ្ឍន៍​ជា​ច្រើន​នៅ​កម្ពុជា បាន​ចាត់​វិធានការ​ដើម្បី​ធានា​ការ​​រីក​លូតលាស់​នៅ​ក្នុង​ទីក្រុង​ក្នុង​ការ​ចូល​រួម​ចំណែក​​​លើក​កម្ពស់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ។

ផ្អែក​លើ​ការ​វិភាគ​នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​របស់​ធនាគារ​ពិភពលោក "ទិដ្ឋភាព​ទីក្រុង​​ដែល​កំពុង​មាន​ការ​ផ្លាស់​ប្ដូរ" បាន​បង្ហាញ​ថា ទីក្រុង​​ភ្នំពេញ មាន​​ផ្ទៃ​ដី​ទីក្រុង​តូច​ណាស់​ដែល​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ជាង​មួយ​លាន​នាក់​តែ​​​ជា​តំបន់​ទីក្រុង​ធំ​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស ដែល​មាន​ល្បឿន​ពង្រីក​ក្រុង​ខ្លាំង​ជាង​គេ​នៅ​ក្នុង​តំបន់។ ក្នុង​របាយការណ៍​នោះ​បាន​រក​ឃើញ​​ថា អត្រា​នៃ​ការ​ពង្រីក​ក្រុង មាន​ល្បឿន​លឿន​ជាង​គេ​បំផុត​ក្នុង​អត្រា ៤,៣% ក្នុង​មួយ​ឆ្នាំ ដែល​កើន​លើស​បណ្ដា​ប្រទេស​នានា ​យ៉ាង​ហោច​ណាស់​ពីរ​ដង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ភាព​រីក​ចម្រើន​នៃ​​​ពង្រីក​ក្រុង​ក៏​ជា​ឱកាស​មួយ​សម្រាប់​​​ទាក់ទាញ​​ពលកម្ម​ពី​ជនបទ ប៉ុន្តែ​និន្នាការ​នេះ​​អាច​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​កម្ពុជា ដោយ​​បែក​ចែក​ជា​សង្គម​ជា​ពីរ​ខុស​គ្នា​ គឺ​សង្គម​អ្នក​ក្រ និង​សង្គម​​អ្នក​មាន។

ប្រធាន​គ្រប់គ្រង​​ផ្នែក​​ប្រតិបត្តិ​សកល​នៃ​កិច្ចការ​សង្គម​ទីក្រុង​ជនបទ​របស់​ធនាគារ​ពិភពលោក ​លោក អាប់បាស ចា (Abhas Jha) មាន​ប្រសាសន៍​ថា​ ដើម្បី​ធានា​ថា ការ​​​ពង្រីក​ក្រុង​គាំទ្រ​ដល់​អ្នក​ក្រីក្រ ​គឺ​ទាមទារ​គោលនយោបាយ​ជាក់លាក់​មួយ​​របស់​រាជរដ្ឋាភិបាល​​ក្នុង​ការ​បែកចែក​ផល​​ពី​កំណើន​នៃ​ការ​អភិវឌ្ឍន៍​ទីក្រុង ដើម្បី​ផ្ដល់​ផល​ប្រយោជន៍​ដល់​អ្នក​រស់​នៅ​ជនបទ៖ «កម្ពុជា គឺ​ជា​​ប្រទេស​ដែល​​មាន​​ ការ​អភិវឌ្ឍន៍​ក្រុង​លឿន លំដាប់​លេខ​ពីរ នៅ​​អាស៊ី​បូព៌ា ជា​ពិសេស​ផែនការ​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ គឺ​មាន​​សន្ទុះ​ខ្លាំង​​បំផុត​នៅ​ក្នុង​តំបន់​ បន្ទាប់​ពី​ប្រទេស​ចិន។ ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ គាំទ្រ​ដល់​ការ​ពង្រីក​ក្រុង ​រួម​ទាំង​ការ​បង្កើត​ការងារ និង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​​ គឺ​ជា​​កត្តា​សំខាន់​បំផុត»

របាយការណ៍​របស់​ធនាគារ​ពិភពលោក​ដដែល​​បាន​បង្ហាញ​ថា​ ការ​ស្វែង​យល់​អំពី​ការ​កែ​លម្អ​នៃ​ការ​អភិវឌ្ឍន៍​ក្រុង​ មាន​សារសំខាន់​បំផុត​សម្រាប់​អ្នក​តាក់តែង​គោលនយោបាយ​ធ្វើ​សម្រេច​​ចិត្ត​កាន់​តែ​ល្អ ប្រកប​ដោយ​និរន្តរភាព​ក្នុង​ការ​ទទួល​បាន​សេវា​នានា ការងារ និង​ការ​ស្នាក់​នៅ​សម្រាប់​ប្រជាពលរដ្ឋ។

ស្ថាបត្យករ លោក តាំង សុចិត្តវិទូ មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​ក្រុង​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ហើយ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ទាក់ទង​នឹង​ច្បាប់ ឬ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល។ លោក​បញ្ជាក់​ទៀត​ថា បញ្ហា​គម្លាត​អ្នក​មាន​និង​អ្នក​ក្រ​កាន់​តែ​ធំ គឺ​បណ្ដាល​មក​ពី​ការ​បង្កើត​ឱកាស​ការងារ​​ពី​ការ​ពង្រីក​ក្រុង​របស់​រាជរដ្ឋាភិបាល​នៅ​មាន​កម្រិត​ទាប៖ «ឱកាស​ក្នុង​ការ​ប្រកួត​ប្រជែង​មិន​មាន​សមាសភាព អត់​មាន​តុល្យភាព។ អ៊ីចឹង​អ្នក​មាន​ដែល​មាន​​លទ្ធភាព​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ជាង​គេ»

ទោះ​ជា​​យ៉ាង​ណា​ក៏​ដោយ ប្រធាន​គ្រប់គ្រង​​ផ្នែក​​ប្រតិបត្តិ​សកល​នៃ​កិច្ចការ​សង្គម​ ទីក្រុង​ជនបទ​របស់​ធនាគារ​ពិភពលោក ​លោក អាប់បាស ចា បញ្ជាក់​​ថា ​ការ​សម្របសម្រួល​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង ដង់ស៊ីតេ និង​ផ្នែក​រដ្ឋបាល​ឲ្យ​បាន​ត្រឹមត្រូវ គឺ​មាន​សារសំខាន់​បំផុត​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ បញ្ចប់​ភាព​ក្រីក្រ​តោកយ៉ាក​ និង​ទទួល​បាន​ភាព​រីក​ចម្រើន​សម្រាប់​ទាំង​អស់​គ្នា។

ទោះ​ជា​​​យ៉ាង​ណា​ក៏​ដោយ ស្ថាប័ន​ស្រាវជ្រាវ​​ របស់​អង់គ្លេស និង​ធនាគារ​ពិភពលោក​ បាន​រក​ឃើញ​ថា ដោយ​​ផ្នែក​លើ​លក្ខខ័ណ្ឌ​ស្ថិរភាព​​ទីក្រុង ការ​ថែ​រក្សា​សុខភាព បរិស្ថាន​ ​ការ​អប់រំ និង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ភ្នំពេញ​ ជា​ទីកន្លែង​​មួយ​​ពិបាក​រស់​នៅ​ជាង​គេ។ ម៉្យាង​វិញ​ទៀត​ គម្លាត​អ្នក​មាន​និង​អ្នក​ក្រ​កើត​ឡើង​ដោយ​សារ​តែ​ទំនាក់ទំនង​នៃ​ភាព​រីក​ចម្រើន​ក្រុង និង​​ល្បឿន​នៃ​ការ​ពង្រីក​ក្រុង​ខុស​គ្នា​ខ្លាំង។ បច្ចុប្បន្ន ភាព​រីក​ចម្រើន​នៃ​ការ​​​អភិវឌ្ឍ​ក្រុង​ភ្នំពេញ​ មាន​អត្រា​​កំណើន ១% តែ​​​ ល្បឿន​នៃ​ពង្រីក​ក្រុង​វិញ​មាន​អត្រា​​ជាង ៤%៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

You are compltely right about that ,but Hun Sen,Cheam Yeap,Phan Siphes,Chheang Vun,Prum Sokha etc... etc... and all CPP menber cannot see it.THey don't understand about that.THey think just Phnom Penh is good enough for Cambodia.Anywhere else they are blind cannot see it.Sorry you are born a wrong place,born in Phnom Penh and be my son or daughter.

Jan 26, 2015 10:04 PM

គេហទំព័រ​ទាំងមូល