បញ្ហា​ប្រឈម​របស់​យុវជន​ក្នុង​ពេល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន២០១៥

ដោយ ម៉ម មុនីរតន៍
2015-03-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សួន ប៊ុនសក្តិ ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ថ្លែង​ពេល​ចប់​វេទិកា​យុវជន​អាស៊ាន នៅ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៩ មីនា ២០១៥។
លោក សួន ប៊ុនសក្តិ ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ថ្លែង​ពេល​ចប់​វេទិកា​យុវជន​អាស៊ាន នៅ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៩ មីនា ២០១៥។
RFA/Morm Moniroth

ក្រុម​យុវជន ដែល​ជា​សិស្ស​និស្សិត​បង្ហាញ​ក្ដី​កង្វល់ នៅ​ពេល​ពេល​សមាហរណកម្ម​សេដ្ឋកិច្ច អាស៊ាន២០១៥ នឹង​ត្រូវ​ចូល​មក​ដល់​ក្នុង​ចុង​ឆ្នាំ​នេះ។ ក្រុម​យុវជន​យល់​ឃើញ​ថា ការ​រួម​បញ្ចូល​គ្នា​តែ​មួយ​នៃ​សមាគម​សេដ្ឋកិច្ច​អាស៊ាន​នេះ នឹង​នាំ​ឲ្យ​ពួក​គេ​ត្រូវ​ប្រឈម​មុខ​កាន់តែ​ខ្លាំង ជាពិសេស​លើ​ការ​រក​ការងារ​ធ្វើ។ ដោយ​ឡែក​មន្ត្រី​របស់​រដ្ឋាភិបាល​វិញ ទទួល​ស្គាល់​ថា តាមរយៈ​ការ​លើកលែង​ពន្ធ នឹង​ធ្វើ​ឲ្យ​កម្ពុជា​ត្រូវ​ខាតបង់​ប្រមាណ ៧ភាគរយ ក៏​ពិត​មែន ក៏ប៉ុន្តែ​ជំនួស​មក​វិញ​ប្រទេស​អាច​នឹង​ស្រូបបាន​ភ្ញៀវ និង​អ្នក​វិនិយោគ​បាន​ច្រើន​ជាង​មុន។

នៅ​សល់​មិន​ដល់​១០​ខែ​ទៀត​ទេ​ពោល​គឺ​នៅ​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ប្រទេស​កម្ពុជា​រួម​ជាមួយ​ប្រទេស​អាស៊ាន​ផ្សេង​ទៀត នឹង​រួម​បញ្ចូល​គ្នា ទៅ​ជា​សមាគម​សេដ្ឋកិច្ច​អាស៊ាន​តែ​មួយ។ ដោយ​ឡែក​ក្រុម​យុវជន ដែល​អះអាង​ថា ពេល​វេលា​ដែល​សេស​សល់​ដ៏​តិចតួច​នៅ​ពេល​មុខ​ខាង​មុខ​ទៀត​នេះ នឹង​ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​មុខ​កាន់​តែ​ខ្លាំង ទាំង​ឱកាស​សេដ្ឋកិច្ច​ទីផ្សារ ការងារ និង​ការ​បណ្ដុះបណ្ដាល។

ថ្លែង​នៅ​​ក្នុង​វេទិកា​យុវជន​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ទី ២៩ មីនា ជា​និស្សិត​ផ្នែក​ច្បាប់ ជំនាញ​រដ្ឋបាល​សាធារណៈ​ឆ្នាំ​ទី២ លោក សុខុម ខេត និយាយ​ថា មាន​យុវជន​ជា​ច្រើន នឹង​ត្រូវ​ប្រឈម​មុខ ក្រោយ​ពេល​សមាហរណកម្ម​សេដ្ឋកិច្ច អាស៊ាន​ដែល​នឹង​ឈាន​មក​​ដល់​ដ៏​ខ្លាំង​ខាង​មុខ​នេះ។ ជា​ជនជាតិ​ដើម​ភាគតិចគួយ រស់នៅ​ខេត្ត​ព្រះវិហារ និង បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ លោក សុខុម ខេត យល់​ឃើញ​ថា យុវជន​ភាគ​ច្រើន ពុំ​បាន​ត្រៀម​ខ្លួន ឲ្យ​សមស្រប​សម្រាប់​ចូល​ទៅ​ក្នុង​ទីផ្សារ​ការងារ អាស៊ាន​នេះ​នៅ​ឡើយ​ទេ។ ហេតុ​នេះ​តម្រូវការ​អាស៊ាន និង​កង្វះ​ជំនាញ​របស់​យុវជន​កម្ពុជា គឺ​ជា​បន្ទុក​ដ៏​ធំ​សម្រាប់​ការ​ប្រកួតប្រជែង​នៅ​ក្នុង​តំបន់៖ «ទីផ្សារ​ការងារ​សូម្បី​តែ​បច្ចុប្បន្ន ពួក​ខ្ញុំ​គិត​ថា អ្វី​ដែល​ពួក​ខ្ញុំ​ធ្វើ​បាន​នៅ​ពេល​នេះ ទី​មួយ ចង់​ឲ្យ​ជួយ​លើក​កម្ពស់​វិស័យ​អប់រំ​សម្រាប់​ជនជាតិ​ដើម​ភាគ​តិច​ពួក​ខ្ញុំ​ទាក់ទង​ទៅ​នឹង​ជំនាញ ហើយ​និង​បច្ចេកទេស​ផ្សេងៗ»

កិច្ច​ពិគ្រោះ​យោបល់​ដែល​អង្គការ​មិន​មែន​រដ្ឋាភិបាល ធ្វើ​កិច្ចការ​អាស៊ាន ចាត់​ទុក​ថា​នេះ​គឺ​ជា​លើក​ដំបូង​ហើយ សម្រាប់​បង្ហាញ​ពី​កង្វល់​របស់​យុវជន​នេះ ទៅ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន។

ដោយ​ឡែក សម្រាប់​យុវជន​ផ្សេង​ទៀត ដែល​បាន​ចូលរួម​នៅ​ក្នុង​វេទិកា​យុវជន​នេះ​ដែរ យល់​ឃើញ​ថា យុវជន​កម្ពុជា​នឹង​ត្រូវ​​ប្រឈម​កាន់​តែ​ខ្លាំង​ជាង​មុន ទាំង​កាស​ទីផ្សារ​ការងារ និង​កាស​ផ្សេង​ទៀត នៅ​ពេល​សមាហរណកម្ម​សេដ្ឋកិច្ច​​អាស៊ាន​នឹង​ចូល​មក​ដល់។ ពួក​គេ​បន្ត​ថា យុវជន​កម្ពុជា​ភាគ​ច្រើន​ណាស់ ខ្វះ​ជំនាញ ការ​អប់រំ​នៅ​ខ្សោយ ជាពិសេស​នៅ​មិន​ទាន់​បាន​ត្រៀម​ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​ឡើយ​ផង។ ទាំង​នេះ​ពួក​គេ​ចាត់​ទុក​ថា គឺ​បញ្ហា​ប្រឈម​ដ៏​ចម្បង​សម្រាប់​សមាហរណកម្ម​អាស៊ាន​នេះ៖ «ប្រជាជន ក៏​ដូច​ជា​យុវជន អត់​ទាន់​បាន​ត្រៀម​ខ្លួន​ឲ្យ​បាន​ពេញ​បរិបូរណ៍​សម្រាប់​ការ​ប្រកួត​ប្រជែង​ជា​មួយ​យុវជន​បណ្ដា​ប្រទេស​អាស៊ាន​ដទៃ​ទេ។ អ៊ីចឹង​ហើយ​នេះ​គឺ​ជា​ផល​លំបាក ហើយ​ជា​ក្ដី​បារម្ភ​មួយ​សម្រាប់​យុវជន»

តំណាង​គណៈកម្មការ​រៀបចំ​ពិធី និង ជា​នាយក​ប្រតិបត្តិ អង្គការ​ស្ម័គ្រចិត្ត​ដើម្បី​សង្គម លោក ប៉ែន សុមុនី ថ្លែង​ក្រោយ​បញ្ចប់​វេទិកា​ពិគ្រោះ​យោបល់ ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​កិច្ច​ផ្ដួចផ្ដើម​វេទិកា​យុវជន​នេះ​ឡើង គឺ​ដើម្បី​ផ្ញើ​សារ ​ទៅ​ប្រមុខរដ្ឋាភិបាល​អាស៊ាន ឲ្យ​បាន​ដឹង​ពី​បញ្ហា​ប្រឈម​របស់​យុវជន ជាពិសេស​យុវជន​កម្ពុជា។

លោក​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ រក​ឃើញ​ថា យុវជន​ប្រហែល ៣៣​ភាគរយ ស្មើ​ជិត ៥​លាន​នាក់​នៃ​ប្រជាជន​សរុប​នៅ​ទូទាំង​ប្រទេស គឺ​នៅ​មិន​ទាន់​បាន​​ត្រៀម​ខ្លួន​គ្រប់គ្រាន់​ក្នុង​ការ​ចូល​ប្រឡូក​ទីផ្សារ​​ការងារ​អាស៊ាន​នៅ​ឡើយ​ទេ៖ «ដោយ​សារ​មើល​ឃើញ​​បញ្ហា​នេះ ក្នុង​នាម​ក្រុម​យុវជន​យើង​បាន​​ឯកភាព​គ្នា​រៀបចំ​វេទិកា​យុវជន​កម្ពុជា ស្ដីពី​អំពី​អនាគត​យុវជន​កម្ពុជា នៅ​ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ឆ្នាំ​២០១៥ នេះ»

បើ​ទោះ​ជា​បែប​ណា វេទិកា​យុវជន​អាស៊ាន រៀបចំ​ឡើង​ដោយ​អង្គការ ចំនួន១៣ ដែល​ធ្វើ​កិច្ចការ​ជុំវិញ​រឿង​អាស៊ាន​នេះ ក្រុម​យុវជន​បាន​រក​ឃើញ​បញ្ហា​ចម្បង​ចំនួន​៥ ដែល​ពាក់ព័ន្ធ​និង​យុវជន ក្នុង​នោះ​រួម​មាន ១.វិស័យ​អប់រំ ២.ការងារ និង​ចំណាកស្រុក​របស់​យុវជន ៣.អំពើ​ពុករលួយ ៤.ដីធ្លី និង ធនធាន​ធម្មជាតិ និង ៥.យុវជន និង​ការ​បញ្ចេញ​មតិ។

នាយក​ប្រតិបត្តិ អង្គការ​ស្ម័គ្រចិត្ត​ដើម្បី​សង្គម លោក ប៉ែន សុមុនី និយាយ ថា បញ្ហា​ចម្បង​ទាំង​ប្រាំ​នេះ នឹង​ដាក់​ជូន​ប្រមុខរដ្ឋាភិបាល​កម្ពុជា ដើម្បី​ពិនិត្យ ហើយ​ចុងក្រោយ​ធ្វើ​ជា​សេចក្ដី​ថ្លែងការណ៍​រួម ដាក់​ជូន​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ផង​ដែរ។

បន្ថែម​ពី​លើ​នេះ​ទៀត អនុសាសន៍ និង​បញ្ហា​ប្រឈម​ទាំង​នេះ នឹង​ត្រូវ​លើក​ទៅ​ជជែក​ពិគ្រោះ​យោបល់ បន្ថែម​ទៀត នៅ​ក្នុង​វេទិកា​យុវជន​អាស៊ាន ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ២០ ដល់ ២១ ខែ​មេសា ហើយ​បញ្ហា​ទាំង​នេះ ក៏​នឹង​បន្ត​ពិគ្រោះ​យោបល់​លម្អិត​ជាង​នេះ នៅ​ក្នុង​វេទិកា​ប្រជាជន​អាស៊ាន មុន​នឹង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ចាប់ផ្ដើម​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ២៦ និង​២៧ ខែ​មេសា ក្នុង​ប្រទេស​ម៉ាឡេស៊ី​នោះ។

លោក សួន ប៊ុនសក្តិ ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា យល់​ឃើញ​ថា ដោយ​សារ​កម្ពុជា​គឺ​ជា​ប្រទេស ដែល​ពឹងផ្អែក​ភាគ​ច្រើន ការ​បណ្ដាក់ទុន​ពី​បរទេស។ ហេតុ​នេះ ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​អាច​ប្រកួតប្រជែង ស្មើមុខ​ស្មើ​មាត់​ជាមួយ​សមាជិក​ក្នុង​តំបន់ គឺ​កម្ពុជា គួរ​ពង្រឹង​នីតិរដ្ឋ​ឲ្យ​បាន​ពេញលេញ។ លោក​បន្ត​ថា បើ​មិន​ដូច្នេះ​ទេ កម្ពុជា​ប្រហែល​ក្លាយ​ជា​តំបន់​ដែល​ស្ថិត​ក្នុង​មន្ទិល​សង្ស័យ​ថា អាច​ទៅ​ជា​ធុង​សំរាម​នៃ​អាស៊ាន៖ «ខ្ញុំ​គិត​ថា ចំណុច​នេះ​សង្ឃឹម​ថា រដ្ឋាភិបាល​ជាតិ​យើង ដែល​ជា​ផ្នែក​មួយ​នៃ​រដ្ឋាភិបាល​អាស៊ាន ខំ​ប្រឹង​ប្រែង​គ្រប់គ្រង​រដ្ឋ​របស់​ខ្លួន ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ស្មើភាព​នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន។ មិន​អាច​ថា​ប្រទេស​ណា​មួយ​ជា​កន្លែង​ចាក់​សំរាម​នៃ​ប្រទេស​ណា​​មួយ​បាន​ទេ»

បើ​ទោះ​ជា​យ៉ាងណា អគ្គនាយក​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​ក្រសួង​ពាណិជ្ជកម្ម លោក ពេជ្រ ឬទ្ធី ថ្លែង​នៅ​ក្នុង​វេទិកា​យុវជន​អាស៊ាន ទទួល​ស្គាល់​ថា កម្ពុជា​ពិត​ជា​អាច​ខាតបង់​ពន្ធ​ខ្លះ​នៃ​ការ​នាំ​ចូល​ប្រហែល ៧ភាគរយ តាម​រយៈ​ការ​លើកលែង​ពន្ធ។ ក៏ប៉ុន្តែ​ជំនួស​មក​វិញ​លោក​​អះអាង​ថា កម្ពុជា​នឹង​អាច​ទាក់ទាញ​ភ្ញៀវ និង​អ្នក​វិនិយោគ​បាន​ច្រើន​ជាង​មុន តាមរយៈ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

On 28 July 1995, Vietnam became the seventh member.[16] Laos and Myanmar (Burma) joined two years later on 23 July 1997.[17] Cambodia was to have joined together with Laos and Burma, but entry was delayed due to the country's internal political struggle. The country later joined on 30 April 1999, following the stabilisation of its government.[17][18]

weak foundation.

Mar 30, 2015 07:11 PM

គេហទំព័រ​ទាំងមូល