យុវជន​ជាង​១​ពាន់​នាក់​ជួបជុំ​គ្នា​ស្វែង​យល់​ពី​ការ​ជ្រើសរើស​ជំនាញ​សិក្សា

យុវជន​ជាង ១​ពាន់​នាក់ នៅ​រាជធានី​ភ្នំពេញ និង​មក​ពី​បណ្ដា​ខេត្ត​ចំនួន ១៣ ដែល​ទើប​បញ្ចប់​ការ​សិក្សា​ចំណេះ​ដឹង​ទូទៅ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប បាន​មក​ជួប​ជុំ​គ្នា​ស្វែង​យល់​ពី​ការ​ជ្រើសរើស​ជំនាញ និង​រៀន​សូត្រ​បន្ត។ ការ​ជួបជុំ​គ្នា​នេះ គឺ​គេ​ធ្វើ​ឡើង​នៅ​ឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៣។
ដោយ ខែ សុណង
2013-09-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិក្ខាសាលា​យុវជន​ស្ដី​អំពី​ការ​តម្រង់​ទិស​យុវជន​ក្រោយ​បញ្ចប់​មធ្យម​សិក្សា​ទុតិយភូមិ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ កញ្ញា ឆ្នាំ​២០១៣។
សិក្ខាសាលា​យុវជន​ស្ដី​អំពី​ការ​តម្រង់​ទិស​យុវជន​ក្រោយ​បញ្ចប់​មធ្យម​សិក្សា​ទុតិយភូមិ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ កញ្ញា ឆ្នាំ​២០១៣។
RFA/Khe Sonorng

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដោយ​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​ស្ថាប័ន​ឯកជន បាន​ផ្ដួចផ្ដើម​ឲ្យ​មាន​សិក្ខាសាលា​មួយ ដើម្បី​តម្រង់​ទិស​យុវជន​ក្រោយ​បញ្ចប់​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​ជួយ​ស្រុក​កំណើត​យើង ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អេច្ឆ.អូ.អេច្ឆ (HOH) លោក ឃីម សុខហេង មាន​ប្រសាសន៍​ថា សិក្ខាសាលា​នេះ​ធ្វើ​ឡើង​ក្នុង​គោលដៅ​ពង្រឹង​ស្មារតី និង​ភាព​ជឿជាក់​ដល់​សិស្សានុសិស្ស​ដែល​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួកគេ​មាន​ម្ចាស់​ការ​លើ​ខ្លួន​ឯង​នៅ​ពេល​ដែល​ពួកគេ​រស់នៅ​ឆ្ងាយ​ពី​ឪពុក​ម្ដាយ ជៀសវាង​ការ​អូស​ទាញ​ពី​បរិយាកាស​មិន​ល្អ។ ជាមួយ​គ្នា​នេះ ក៏​នឹង​បង្ហាញ​ពី​យន្តការ​ជ្រើសរើស​ជំនាញ​សិក្សា និង​មហាវិទ្យាល័យ​ដែល​ត្រឹមត្រូវ មាន​ន័យ​ថា រៀន​ត្រូវ​នឹង​ទេពកោសល្យ ចំណង់​ចំណូល​ចិត្ត ហើយ​ស្រប​ទៅ​នឹង​ជំនាញ​ទីផ្សារ​ការងារ​បច្ចុប្បន្ន។ ជាង​នេះ​ទៅ​ទៀត ភាព​សកម្ម​ក្នុង​ការ​រៀន​ថ្នាក់​មហាវិទ្យាល័យ​ដើម្បី​ក្លាយ​ជា​សិស្ស​ពូកែ ក៏​នឹង​លើក​មក​បង្ហាញ​ដល់​យុវជន​ទាំង​នេះ​ដែរ។

សិក្ខាសាលា​យុវជន​លើក​ទី​៧ ស្ដីពី​ការ​តម្រង់​ទិស​យុវជន​ក្រោយ​បញ្ចប់​មធ្យម​សិក្សា​ទុតិយភូមិ មាន​អ្នក​ជំនាញ​មក​ចែក​រំលែក​បទពិសោធន៍​ដល់​យុវជន ដែល​រៀបចំ​ដោយ​សមាគម អេច្ឆ.អូ.អេច្ឆ សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា សាលា​រាជធានី​ភ្នំពេញ ដៃគូ​អភិវឌ្ឍន៍​មួយ​ចំនួន និង​ស្ថាប័ន​ឯកជន។ បន្ទាប់​ពី​បាន​ស្ដាប់​បទ​ឧទ្ទេសនាម​របស់​វាគ្មិន​រួច​មក សិស្សានុសិស្ស​ដែល​បាន​ចូល​រួម​កម្មវិធី​នេះ បាន​ថ្លែង​ថា មាន​សារសំខាន់​សម្រាប់​ពួកគេ។

យុវតី ផន រដ្ឋា អាយុ ១៨​ឆ្នាំ ដែល​ទើប​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​វិទ្យាល័យ ហ៊ុន សែន កោះធំ មាន​មតិ​ថា អ្វី​ជា​ក្ដី​បារម្ភ​របស់​នាង គឺ​ការ​ជ្រើសរើស​ជំនាញ​មួយ​ណា​ដែល​ត្រូវ​ទីផ្សារ​ការងារ​ដើម្បី​បាន​ការងារ​ធ្វើ​ទៅ​ថ្ងៃ​អនាគត។

ចំណែក​យុវជន សៀន ប៊ុនធឿន អាយុ ១៩​ឆ្នាំ ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ​កាល​ពី​ឆ្នាំ​មុន​បាន​ថ្លែង​ថា រូប​គេ​សោកស្ដាយ​ដែល​ចំណាយ​ពេល​មួយ​ឆ្នាំ​ចោល​មិន​បាន​ចូល​រៀន​សកល​វិទ្យាល័យ​បន្ត​ដោយសារ​ជីវភាព​គ្រួសារ។ នៅ​ឆ្នាំ​នេះ​រូប​គេ​បាន​ជាប់​អាហារូបករណ៍​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចម្ការ​ដូង។ បន្ទាប់​ពី​បាន​ស្ដាប់​វាគ្មិន​ដែល​បាន​ចែក​រំលែក​នៅ​ក្នុង​អង្គ​ពិធី​នេះ យុវជន​ដដែល​សង្ឃឹម​ថា នឹង​បាន​សម្រេច​ក្ដី​ប្រាថ្នា​នៅ​ថ្ងៃ​អនាគត។

សិស្សានុសិស្ស​ដែល​ប្រឡង​ចេញ​ថ្នាក់​ទី​១២ ក្នុង​មួយ​ឆ្នាំៗ​មាន​ជាង ១០​ម៉ឺន​នាក់ ហើយ​និស្សិត​ដែល​រៀន​ចប់​មហាវិទ្យាល័យ​ក្នុង​មួយ​ឆ្នាំៗ ប្រមាណ ២០​ម៉ឺន​នាក់។ ប៉ុន្តែ​ជា​ក្ដី​កង្វល់​គឺ​ការ​ទទួល​បាន​ការងារ​ធ្វើ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី មាន​មតិ​ថា ការ​ដែល​យុវជន​ជ្រើសរើស​មុខវិជ្ជា​សិក្សា​មិន​ត្រូវ​ចំណូល​ចិត្ត​របស់​ខ្លួន និង​មិន​ត្រូវ​ទីផ្សារ​ការងារ នោះ​ពួកគេ​នឹង​ខាត​ពេល​វេលា ខាត​លុយ​កាក់ និង​ធនធាន​មនុស្ស។ ជាង​នេះ​ទៅ​ទៀត ពួកគេ​នឹង​អត់​ការងារ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សង្គម​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ខ្ញុំយល់ស្របជាក្យថាទីផ្សារការងារព្រោះស្រុកខ្មែរបើចង់ធ្វើ
ការងារទាល់តែទិញៗស័កទិញផ្កាយ!

Sep 29, 2013 09:42 AM

គេហទំព័រ​ទាំងមូល