យុវជន​នៅ​ខេត្ត​សៀមរាប​ផ្សព្វផ្សាយ​ពី​មួក​ស្លឹក​ត្នោត​ថា​ជា​ព្រលឹង​វប្បធម៌​ជាតិ

ដោយ ហង្ស សាវយុត
2015-05-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​និស្សិត​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ និង​យុវជន​នៅ​ខេត្ត​សៀមរាប ដែល​ស្ម័គ្រ​ចិត្ត​ជិះ​កង់​ដង្ហែ​ក្បួន​ផ្សព្វផ្សាយ​មួក​ស្លឹក​ត្នោត​នៅ​តាម​ដង​ផ្លូវ​នៃ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៥។
ក្រុម​និស្សិត​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ និង​យុវជន​នៅ​ខេត្ត​សៀមរាប ដែល​ស្ម័គ្រ​ចិត្ត​ជិះ​កង់​ដង្ហែ​ក្បួន​ផ្សព្វផ្សាយ​មួក​ស្លឹក​ត្នោត​នៅ​តាម​ដង​ផ្លូវ​នៃ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៥។
RFA/Hang Savyouth

ក្រុម​និស្សិត និង​មន្ត្រី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រម​ទាំង​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ សុទ្ធតែ​អះអាង​ដូច​គ្នា​ថា ដើម​ត្នោត​មាន​ដុះ​ច្រើន​តែ​នៅ​ក្នុង​ប្រទេស​ខ្មែរ​មួយ​ប៉ុណ្ណោះ ដូច្នេះ​មួក​ស្លឹក​ត្នោត គឺ​ជា​របស់​ខ្មែរ ដែល​ច្នៃប្រឌិត​បង្កើត​ឡើង​ជា​យូរ​មក​ហើយ។

ដោយសារ​ការ​ចង់​អភិរក្ស និង​រក្សា​ទុក​មត៌ក​សិល្បៈ​នៃ​ការ​ធ្វើ​មួក​ត្នោត​ខ្មែរ​នេះ យុវជន​ជំនាន់​ថ្មី​មួយ​ក្រុម កំពុង​នាំ​គ្នា​បំផុស​គំនិត​ទៅ​កាន់​មហាជន​ខ្មែរ​គ្រប់​ស្រទាប់ ឲ្យ​ចាប់​អារម្មណ៍ និង​ស្គាល់​មួក​ស្លឹក​ត្នោត​ខ្មែរ​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​បាត់បង់​ទៅ​ដោយ​ងាយៗ។

ក្រុម​និស្សិត​មក​ពី​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ សាខា​ខេត្ត​សៀមរាប និង​យុវជន​ប្រមាណ ១០០​នាក់ បាន​រួម​គ្នា​ជិះ​កង់​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង ដើម្បី​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​មួក​ស្លឹក​ត្នោត​ទៅ​កាន់​មហាជន និង​ភ្ញៀវ​ទេសចរ​បរទេស​ជាច្រើន កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៣ ខែ​ឧសភា។

ក្បួន​ជិះ​កង់​ផ្សព្វផ្សាយ​ក្រោម​សម្រែក​ថា មួក​ស្លឹក​ត្នោត​មួក​ខ្មែរ​នេះ គឺ​ក្រុម​យុវជន​បាន​ចែក​មួក​ស្លឹក​ត្នោត​ចំនួន​ជាង ១.០០០​មួក​ទៅ​ឲ្យ​មហាជន​ខ្មែរ​នៅ​តាម​ដង​ផ្លូវ​ផង និង​ចែក​ជូន​ភ្ញៀវ​ទេសចរ​បរទេស​នៅ​មុខ​បរិវេណ​នៃ​ប្រាសាទ​អង្គរវត្ត​ផង។

អ្នក​រៀបចំ​ក្បួន​ដង្ហែ​ផ្សព្វផ្សាយ និង​អភិរក្ស​មួក​ស្លឹក​ត្នោត គឺ​យុវជន សឿ សេរីរ័ត្ន ជា​និស្សិត​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ សាខា​ខេត្ត​សៀមរាប។ លោក​មាន​ប្រសាសន៍​ថា ការ​ជិះ​កង់​ដង្ហែ​ក្បួន​ផ្សព្វផ្សាយ​មួក​ស្លឹក​ត្នោត​ពេល​នេះ គឺ​ទី​១ ដើម្បី​រំឭក​ខួប ១​ឆ្នាំ​នៃ​ការ​ចាប់​ផ្តើម​ថែ​រក្សា​មួក​ស្លឹក​ត្នោត និង​ទី​២ ចង់​ពង្រឹង​ការ​ផ្សព្វផ្សាយ និង​អភិរក្ស​មួក​ស្លឹក​ត្នោត​ខ្មែរ​ឡើង​វិញ។ និស្សិត សឿ សេរីរ័ត្ន បញ្ជាក់​ទៀត​ថា មួក​ស្លឹក​ត្នោត គឺ​ជា​មួក​របស់​ខ្មែរ ហើយ​បើ​កាល​ណា​មួក​នេះ​នៅ​មាន​វត្តមាន​យូរ​អង្វែង​ក្នុង​សង្គម​ខ្មែរ គឺ​វា​មិន​ត្រឹម​តែ​ជា​សញ្ញា​ដែល​បង្ហាញ​ពី​អត្តសញ្ញា​ជាតិ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ផ្ដល់​ការងារ និង​មុខ​របរ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ អាច​រក​កម្រៃ​ប្រចាំ​ថ្ងៃ​ទៀត​ផង៖ «ខ្ញុំ​ចង់​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ទាំង​ក្នុង និង​ក្រៅ​ប្រទេស ឲ្យ​ជួយ​គាំទ្រ​នូវ​មួក​ត្នោត​ស្រុក​ខ្មែរ ដែល​ជា​វប្បធម៌ និង​ជា​អត្តសញ្ញាណ​របស់​ខ្មែរ​យើង»

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ក្រុម​និស្សិត និង​យុវជន​ជាច្រើន​នៅ​ខេត្ត​សៀមរាប បាន​នាំ​គ្នា​ដង្ហែ​ក្បួន​ផ្សព្វផ្សាយ​មួក​ស្លឹក​ត្នោត​ខ្មែរ​នៅ​ក្នុង​ទីក្រុង និង​តំបន់​ប្រាសាទ​បុរាណ​មួយ​ចំនួន។ កាល​ពី​ឆ្នាំ​មុន ការ​ដង្ហែ​ក្បួន​ផ្សព្វផ្សាយ​មួក​ស្លឹក​ត្នោត​នេះ បាន​ធ្វើ​ឡើង​ជា​ទ្រង់ទ្រាយ​មិន​ធំ​ដូច​ឆ្នាំ​នេះ​ទេ។

ក្រុម​និស្សិត​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ និង​យុវជន​នៅ​ខេត្ត​សៀមរាប ដែល​ស្ម័គ្រ​ចិត្ត​ជិះ​កង់​ដង្ហែ​ក្បួន​ផ្សព្វផ្សាយ​មួក​ស្លឹក​ត្នោត​នៅ​តាម​ដង​ផ្លូវ​នៃ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៥។ RFA/Hang Savyouth
ក្រុម​និស្សិត​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ និង​យុវជន​នៅ​ខេត្ត​សៀមរាប ដែល​ស្ម័គ្រ​ចិត្ត​ជិះ​កង់​ដង្ហែ​ក្បួន​ផ្សព្វផ្សាយ​មួក​ស្លឹក​ត្នោត​នៅ​តាម​ដង​ផ្លូវ​នៃ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៥។ RFA/Hang Savyouth

កញ្ញា ហែម គន្ធា ជា​និស្សិត​ស្រី​ម្នាក់​មាន​ប្រសាសន៍​ថា នាង​បាន​ចូលរួម​ដង្ហែ​ក្បួន​ផ្សព្វផ្សាយ​មួក​ស្លឹក​ត្នោត​ខ្មែរ​នេះ​ចំនួន ២​លើក​មក​ហើយ។ នាង​បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​នាង​ខិតខំ​ចូលរួម​ផ្សព្វផ្សាយ​មួក​ស្លឹក​ត្នោត​ខ្មែរ​នេះ ដោយសារ​តែ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​បោះបង់​ឈប់​ពាក់ និង​ខ្លះ​ទៀត​មិន​ស្គាល់​មួក​ស្លឹក​ត្នោត​ខ្មែរ​ផង។ ហែម គន្ធា បញ្ជាក់​ថា អ្នក​ខ្លះ​គិត​ថា មួក​ស្លឹក​ត្នោត​ខ្មែរ គឺ​គ្រាន់​តែ​ជា​មួក​ធម្មតា ក៏ប៉ុន្តែ​តាម​ពិត វា​គឺ​ជា​ព្រលឹង​នៃ​វប្បធម៌​ខ្មែរ​ដ៏​សំខាន់៖ «គាត់​គិត​ថា មួក​ត្នោត គឺ​គ្រាន់​តែ​ធម្មតា ប៉ុន្តែ​ពេល​ដែល​យើង​ផ្សព្វផ្សាយ​ថា​មួក​ត្នោត​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​យើង អ៊ីចឹង​គាត់​មាន​អារម្មណ៍​ថា​នៅ​ពេល​ដែល​គាត់​ពាក់​មួក​ត្នោត គឺ​កំពុង​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ​យើង​ទៅ​ដល់​ជនជាតិ​ដទៃ​មើល​ឃើញ​ដែរ»

ក្រុម​និស្សិត និង​យុវជន​នៅ​ខេត្ត​សៀមរាប អះអាង​ថា រយៈពេល ២​ឆ្នាំ​ដែល​ពួក​គេ​ខិតខំ​ផ្សព្វផ្សាយ​អំពី​មួក​ស្លឹក​ត្នោត​ខ្មែរ​នេះ គឺ​ទទួល​បាន​ជោគជ័យ ដោយសារ​តែ​ជា​បន្តបន្ទាប់ គឺ​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​នាំ​គ្នា​និយម​ពាក់​វា​ឡើង​វិញ ព្រម​ទាំង​នៅ​តាម​ក្រុមហ៊ុន​ទេសចរណ៍​ខ្លះ ក៏​បាន​ទិញ​ជូន​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​ពាក់​វា​ដែរ។

នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​ប្រារព្ធ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៤-១៦ ខែ​មេសា កន្លង​ទៅ ក៏​បាន​លើក​តម្កើង​មួក​ស្លឹក​ត្នោត​ខ្មែរ​ដែរ ដោយ​គេ​បាន​ធ្វើ​មួក​ស្លឹក​ត្នោត​យក្ស​ដ៏​ធំ​មួយ ដាក់​តាំង​បង្ហាញ​អ្នក​ទេសចរ​ទស្សនា ហើយ​ឥស្សរជន​ខ្មែរ​ខ្លះ​ទៀត មាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ដែល​ចូលរួម​ជា​គណៈអធិបតី​នៃ​ការ​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ក៏​នាំ​គ្នា​ពាក់​មួក​ស្លឹក​ត្នោត​ខ្មែរ​នេះ​ដែរ។

ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ ខេត្ត​សៀមរាប កញ្ញា ស៊ុន សុវណ្ណនី សម្ដែង​ការ​គាំទ្រ​ចំពោះ​ក្រុម​និស្សិត និង​យុវជន​ខ្លះ ដែល​រួម​គ្នា​ដង្ហែ​ក្បួន​ផ្សព្វផ្សាយ​មួក​ស្លឹក​ត្នោត​ខ្មែរ​នោះ។ កញ្ញា​បញ្ជាក់​ថា វា​ជា​សកម្មភាព​ដ៏​ប្រពៃណី​ណាស់​ដែល​យុវជន​ជំនាន់​ក្រោយ​ចេះ​នាំ​គ្នា​ស្រឡាញ់ និង​អភិរក្ស​ដល់​ព្រលឹង និង​វប្បធម៌​របស់​ជាតិ​នោះ៖ «សួរ​កូន​ចៅ​ណា​ក៏​ដឹង​ដែរ​ថា ទឹក​ដី​ដែល​មាន​ដើម​ត្នោត គឺ​ជា​ទឹក​ដី​យើង​នៅ​គ្រប់​ទិសទី។ អ៊ីចឹង​ការ​កម្មករ​កសិករ​ភាគ​ច្រើន​ពី​សម័យ​មុន ដែល​មិន​មាន​ការ​រីក​ចម្រើន គឺ​គេ​យក​ស្លឹក​មក​ពាក់ ដើម្បី​បិទ​បាំង​កុំ​ឲ្យ​ត្រូវ​ខ្យល់ ត្រូវ​ក្ដៅ ដូច្នេះ​មួក​ស្លឹក​ត្នោត គឺ​ពិត​ប្រាកដ​ជា​មួក​របស់​ខ្មែរ​យើង»

ចំណែក​អ្នក​ជំនាញ​ខាង​ប្រវត្តិសាស្ត្រ ក៏​ទទួល​ស្គាល់​ថា មួក​ស្លឹក​ត្នោត​បាន​បង្កើត​ឡើង និង​មាន​វត្តមាន​នៅ​ក្នុង​សង្គម​ខ្មែរ​រាប់​ពាន់​ឆ្នាំ​មក​ហើយ។

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក សំបូរ ម៉ាណ្ណារ៉ា មាន​ប្រសាសន៍​ថា យោង​តាម​ឯកសារ គឺ​មួក​ស្លឹក​ត្នោត​មាន​នៅ​ក្នុង​សង្គម​ខ្មែរ​តាំង​ពី​ច្រើន​សម័យ​កាល​មក​ហើយ ដូចជា​នៅ​សម័យ​អង្គរ​ក៏​មាន​ឆ្លាក់​ទុក​រូប​មួក​ស្លឹក​ត្នោត​នេះ ហើយ​សម័យ​បន្តបន្ទាប់​ក្រោយ​មក ដូចជា​សម័យ​លង្វែក​នា​សតវត្ស​ទី​១៦ និង​សម័យ​បារាំង ក៏​ខ្មែរ​នៅ​តែ​និយម​ប្រើ​មួក​ស្លឹក​ត្នោត​ដែរ គ្រាន់​តែ​រូបរាង​នៃ​មួក​មាន​ការ​វិវឌ្ឍ​ខុស​គ្នា​ទៅ​តាម​សម័យ​កាល។ លោក​សាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា បញ្ជាក់​ថា កវី​ដ៏​ល្បីល្បាញ​នៅ​សម័យ​បុរាណ​ម្នាក់ គឺ ភិរម្យ ង៉ុយ បាន​ចាប់​អារម្មណ៍​ទាក់ទង​នឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​សម័យ​មុន ជាមួយ​នឹង​ដើម​ត្នោត​យ៉ាង​ខ្លាំង រហូត​ដល់​និពន្ធ​ជា​កំណាព្យ​យ៉ាង​ច្រើន​បន្សល់​ទុក​នៅ​រហូត​មក​ដល់​បច្ចុប្បន្ន៖ «កំណាព្យ​កាព្យ​ឃ្លោង​ជាច្រើន​បាន​លើក​ឡើង​ពី​ដើម​ត្នោត។ តាម​ទស្សនៈ​របស់​ខ្ញុំ គឺ​មួក​នេះ គឺ​ជា​របស់​ខ្មែរ​យើង ដែល​លោក​ខំ​ប្រឹង​បង្កើត​ឡើង​ឲ្យ​ន័យ​ត្រឹមត្រូវ​ទៅ​លើ​គុណភាព​នៃ​ដើម​ត្នោត ពីព្រោះ​ថា យើង​យក​មក​ដាក់​លើ​ក្បាល គឺ​មាន​ន័យ​ណាស់​សម្រាប់​យើង»

លោក​សាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ចង់​បំផុស​គំនិត​ឲ្យ​ក្រុម​អ្នក​អភិរក្ស​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ខ្មែរ រួម​គ្នា​ធ្វើ​ការ​ស្រាវជ្រាវ​បន្ត​អំពី​ប្រភព​ដើម​នៃ​ការ​ច្នៃប្រឌិត​ជា​មួក​ស្លឹក​ត្នោត​ខ្មែរ​នេះ ថា​តើ​វា​ចេញ​ពី​ប្រភព​ណា ដើម្បី​បញ្ជាក់​ជា​ប្រវត្តិ​ឲ្យ​ច្បាស់លាស់ រួច​ហើយ​អាច​ចងក្រង​ជា​ឯកសារ​ឈាន​ទៅ​រក​ការ​ចុះ​បញ្ជី​មួក​ខ្មែរ​នោះ​ទៅ​ក្នុង​បេតិកភណ្ឌ​ពិភពលោក​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

សូម អបអរសាទរ យុវជនយុវនារី លើកតម្កើង វប្បធម៏ជាតិខ្មែរ យើង !

May 03, 2015 09:13 PM

គេហទំព័រ​ទាំងមូល