សហជីព៖ តំណាង​រោងចក្រ ស្យុង យិន ប្រាប់​ក្រសួង​ការងារ​ថា រោងចក្រ​បិទ​ទ្វារ​លែង​ដំណើរ​ការ​ហើយ ព្រោះ​គ្មាន​អ្នក​បញ្ជា​ទិញ

ដោយ ខែ សុណង
2020-03-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រោងចក្រ ស្យុងយិន (Zhong Yin Cambodia B Textile Co.LTD) នៅ​ភូមិ​ព្រែក​តា​ព្រឿង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ កណ្ដាល ដែល​កម្មករ​កំពុង​ទាមទារ​ថៅកែ​ឱ្យ​បើក​ប្រាក់​ឈ្នួល និង​ប្រាក់​រំលឹក​អតីត​ភាព​ការងារ​ដល់​ពួក​គេ ថ្ងៃ​ទី១០ ខែ​មករា ឆ្នាំ២០២០។
រោងចក្រ ស្យុងយិន (Zhong Yin Cambodia B Textile Co.LTD) នៅ​ភូមិ​ព្រែក​តា​ព្រឿង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ កណ្ដាល ដែល​កម្មករ​កំពុង​ទាមទារ​ថៅកែ​ឱ្យ​បើក​ប្រាក់​ឈ្នួល និង​ប្រាក់​រំលឹក​អតីត​ភាព​ការងារ​ដល់​ពួក​គេ ថ្ងៃ​ទី១០ ខែ​មករា ឆ្នាំ២០២០។
រូប៖ លោក សំរ៉ុង បូរី អគ្គលេខាធិការ​នៃ​សហជីព​ស៊ីខៅឌូ ប្រចាំ​រោងចក្រ ផ្ដល់​ឲ្យ

តំណាង​សហជីព​ប្រចាំ​រោងចក្រ​ ស្យុង យិន (Zhong Yin Cambodia B Textile Co.LTD) ស្ថិត​នៅ​សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ឲ្យ​ដឹង​ថា ក្នុង​ជំនួប​ជា​មួយ​មន្ត្រី​ក្រសួង​ការងារ នៅ​រសៀល​ថ្ងៃ​ទី១០ មីនា តំណាង​រោងចក្រ​សម្រេច​ចិត្ត​ថា បិទ​រោងចក្រ​ចាប់​ពី​ដើម​ខែ​មីនា​ត​ទៅ ដោយសារ គ្មាន​អ្នក​បញ្ជា​ទិញ។

លេខាធិការ​សហជីព​ស៊ីខៅឌូ ប្រចាំ​រោងចក្រ ​ស្យុង យិន និង​ជា​តំណាង​កម្មករ​ លោក សំរ៉ុង បូរី ឲ្យ​ដឹង​​​តាម​ទូរស័ព្ទ​នៅ​ក្រោយ​កិច្ច​ប្រជុំ​នោះ​ថា ភាគី​រោងចក្រ​បាន​យល់​ព្រម​ថា នឹង​សង​ប្រាក់​អត្ថប្រយោជន៍​ដល់​កម្មករ​ទាំង​អស់ ដែល​រោងចក្រ​បាន​បញ្ចប់​កិច្ច​សន្យា និង​កំពុង​តវ៉ា។ លោក​ថា នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ ខាង​រោងចក្រ​ នឹង​យក​បញ្ជី​ឈ្មោះ​កម្មករ និង​របៀប​គណនា​ប្រាក់​អត្ថប្រយោជន៍​មក​ផ្ទៀងផ្ទាត់​ជាមួយ​កម្មករ។ ចំណែក​អគារ​រោងចក្រ ស្យុង​យិន នឹង​ត្រូវ​ជួល​ឲ្យ​រោងចក្រ ញូ ជេនើរ៉េសិន ថេកស្ថាយ (New Generation (Cambodia) textile Co.,Ltd) ដែល​នៅ​ក្បែរ​នោះ​វិញ។

ទោះ​យ៉ាង​ណា លោក សំរ៉ុង​ បូរី ប្រាប់​ថា កម្មករ​ទទួល​យក​ដំណោះ​ស្រាយ​របស់​តំណាង​រោងចក្រ តែ​​​នឹង​នៅ​បន្ត​យាម​មុខ​រោងចក្រ​ទាំង​ថ្ងៃ និង​យប់​ដដែល រហូត​ដល់​ពេល​កម្មករ​ទទួល​បាន​សំណង​​តាម​ផ្លូវ​ច្បាប់​ត្រឹមត្រូវ។

រោងចក្រ ស្យុង ​យិន មាន​កម្មករ​សរុប ៥៩២​នាក់ ថៅកែ​ជនជាតិ​ចិន ហើយ​ជា​រោង​ចក្រ​កាត់​​ដេរ​សំលៀក​បំពាក់ យី​ហោ H&M និង​ម៉ាក​ផ្សេង​ទៀត។ វិវាទ​រវាង​ក្រុម​កម្មករ និង​ថៅកែ​រោងចក្រ បាន​កើត​ឡើង​ ក្នុង​កំឡុង​ខែ​កញ្ញា ឆ្នាំ២០១៩ ដោយសារ​កម្មករ​ចោទ​ថា ថៅកែ​បាន​បញ្ចប់​កិច្ច​សន្យា​ការងារ​កម្មករ ដោយ​មិន​ត្រឹមត្រូវ និង​មិន​ព្រម​សង​សំណង​​​ឲ្យ​កម្មករ តាម​ច្បាប់​ស្ដីពី​ការងារ។ ក្រុម​កម្មករ បាន​ដាក់​ញត្តិ​ស្នើសុំ​ដំណោះស្រាយ​ពី​ស្ថាប័ន​រដ្ឋ និង​​ដេក​យាម​មុខ​រោងចក្រ ​ឃាត់​ឡាន​ដឹក​សម្ភារៈ​ ក្នុង​បរិវេណ​រោងចក្រ ស្យុង យិន ជា​ញឹក​ញាប់។

ជុំវិញ​ករណី​ថា រោងចក្រ ស្យុង យិន បិទ​ទ្វារ​ដោយ​សារ​គ្មាន​អ្នក​បញ្ជា​ទិញ​នេះ អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ខាង​ភាគី​រដ្ឋ​បាល​រោងចក្រ លោក តុំ សឿន និង​ភាគី​ក្រសួង​ការងារ លោក ទេស​ រុក្ខា​ផល អ្នក​ទទួល​បន្ទុក​ដោះស្រាយ​បាតុកម្ម និង​កូដកម្ម​គ្រប់​មុខ​សញ្ញា របស់​ក្រសួង​ការងារ​ បាន​ទេ ដោយសារ​មិន​មាន​អ្នក​ទទួល​ទូរស័ព្ទ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល