កម្មករ​​រោងចក្រ​ ស្យុងយិន បន្ត​យាម​ផ្លូវ​ចេញ​ចូល​រោងចក្រ និង​ឃាត់​ឡាន មិន​ឲ្យ​ដឹក​ឥវ៉ាន់​ចេញ

ដោយ សេក បណ្ឌិត
2020-03-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​ជាង​៤០០​នាក់ តវ៉ា​នៅ​មុខ​រោងចក្រ​ស្យុងយិន (Zhong Yin Cambodia B Textile Co.LTD) នៅ​សង្កាត់​សិត្បូ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​តី១៤ ខែ​មករា ឆ្នាំ២០២០។
កម្មករ​ជាង​៤០០​នាក់ តវ៉ា​នៅ​មុខ​រោងចក្រ​ស្យុងយិន (Zhong Yin Cambodia B Textile Co.LTD) នៅ​សង្កាត់​សិត្បូ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​តី១៤ ខែ​មករា ឆ្នាំ២០២០។
រូប៖ កម្មករ

កម្មករ​រោងចក្រ​ ស្យុងយិន (Zhong Yin Cambodia B Textile Co.LTD) នៅ​សង្កាត់​សិត្បូ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល នៅ​តែ​បន្ត​ការ​យាម​កាម​​ផ្លូវ​ចេញ​​​មុខ​ក្នុង​​រោងចក្រ​ និង​ឃាត់​ឡាន​ដឹក​ឥវ៉ាន់​ចេញ​​ពី​បរិវេណ​រោងចក្រ​ស្យុងយិន ជា​បន្ត​បន្ទាប់។ សហជីពថា ពួក​គេ​​នឹង​នាំ​គ្នា​បិទ​​ផ្លូវ​មុខ​រោងចក្រ​ និង​ឃាត់​ឡាន​​បន្ត​ទៀត រហូត​ដល់​មាន​ដំណោះ​ស្រាយ។

លេខាធិការ​សហជីព​ស៊ីខៅឌូ ប្រចាំ​រោងចក្រ​ស្យុងយិន លោក សំរ៉ុង បូរី អះអាង​ថា កម្មករ​បាន​ឃាត់​ឡាន​ដឹក​ទំនិញ​ចេញ​ពី​បរិវេណ​ជា​បន្តបន្ទាប់ ព្រោះ​បង្ការ​ខ្លាច​ក្រែង​ថៅកែ​លួច​ដឹក​សម្ភារៈ​ចេញ​ពី​រោង​ចក្រ ដោយ​មិន​ព្រម​ទូទាត់​សំណង​ តាម​ច្បាប់​ ឲ្យ​កម្មករ។

លោក​ថា ក្រោយ​ការ​ឃាត់​ឡាន​ ជា​បន្ត​បន្ទាប់​មក ក្រុមហ៊ុន​បាន​ប្ដឹង​ក្រុម​ថ្នាក់​ដឹកនាំ​សហជីព​ស៊ីខៅឌូ​ នៅ​រោងចក្រ​ស្យុងយិន និង​កម្មករ ទៅ​អាជ្ញាធរ​ខេត្ត​កណ្ដាល ទាមទារ​ឲ្យ​សង​សំណង​ខូច​ខាត មួយ​ថ្ងៃ ២ម៉ឺន (២០.០០០) ដុល្លារ​អាមេរិក។ តែ​លោក​ថា ក្រុម​កម្មករ មិន​បារម្ភ​ឡើយ ហើយ​នឹង​នៅ​តែ​បន្ត​ឃាត់​ឡាន​ទៀត និង​ទាមទារ​ឲ្យ​រោងចក្រ​ស្យុងយិន បង្ហាញ​ឆន្ទៈ​ដោះស្រាយ​វិវាទ​បញ្ចប់​ជាមួយ​កម្មករ៖ «អាជ្ញាធរ​ សមត្ថកិច្ច ក៏​គាត់​ចុះ​មក​មើល​ឃើញ​ដែរ។ ពួក​ខ្ញុំ​អត់​ឃាំង​ផ្លូវ​ទេ ឃាំង​តែ​​ឥវ៉ាន់​ស្យុងយិន ឡាន​​ដែល​ដឹក​ឥវ៉ាន់​ស្យុងយិន គឺ​​ពួក​ខ្ញុំ​អត់​ឲ្យ​ចេញ។ ប៉ុន្តែ​បើ​ដឹក​ឥវ៉ាន់​រោងចក្រ​ផ្សេង ពួក​ខ្ញុំ​ឲ្យ​ចេញ មិន​មែន​ដូច​ដែល​ក្រុមហ៊ុន​និយាយ​ប្រាប់​ទៅ​អភិបាល​ក្រុង​ មេ​ប៉ុស្តិ៍ មេ​អ្វី និយាយ​ទៅ​ ឥឡូវ​កំពុង​ប្ដឹង ពួក​ខ្ញុំ ពេញ​ទឹក​ពេញ​ដី»

រោងចក្រ ស្យុង ​យិន មាន​កម្មករ​សរុប​ជិត ៦រយ (៥៩២) ​នាក់ ​​ថៅកែ​​​ជនជាតិ​ចិន ហើយ​ជា​រោង​ចក្រ​កាត់​​ដេរ​សំលៀក​បំពាក់ យី​ហោ H&M និង​ម៉ាក​ផ្សេង​ទៀត។ ក្នុង​បរិវេណ​ក្រុមហ៊ុន​ស្យុងយិន មាន​អគារ​រោងចក្រ​ចំនួន​៣ គឺ​រោងចក្រ​ ស្យុងយិន ថេកស្ថាយ (Zhong Yin Cambodia B Textile Co.LTD) រោងចក្រ ញូ ជេនើរ៉េសិន ថេកស្ថាយ (New Generation (Cambodia) textile Co.,Ltd) និង​រោងចក្រ ធីម បេស​ ថេកស្ថាយ (Team Best (Cambodia) textile Co.,Ltd)

វិវាទ​​កើត​ឡើង​ តែ​នៅ​រោងចក្រ​​ស្យុងយិន​ទេ ហើយ​បាន​ចាប់​​កាល​ពី​​ខែ​កញ្ញា ឆ្នាំ​២០១៩​ រហូត​​ដល់​បច្ចុប្បន្ន។ ក្រុម​កម្មករ និង​សហជីព បាន​ចោទ​ថា ភាគី​ថៅកែ​រោងចក្រ​ស្យុងយិន​​ បាន​បញ្ឈប់​កម្មករ​ជា​បន្តបន្ទាប់ ដោយ​រំលោភ​ច្បាប់​ស្ដីពី​ការងារ ទើប​កម្មករ​នាំ​គ្នា​តវ៉ា។

កម្មករ​ និង​សហជីព​ បាន​ញត្តិ​ ស្នើសុំ​ដំណោះស្រាយ​​នៅ​តាម​ស្ថាប័ន​រដ្ឋ​ច្រើន​​ហើយ តែ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ទេ។ ក្រោយ​ការ​ដាក់​ញត្តិ​នោះ​រួច ក្រុម​កម្មករ​បាន​ប្រមូល​គ្នា​យាម​ខាង​មុខ​រោងចក្រ​ទាំង​ថ្ងៃ​ និង​យប់ ដើម្បី​​បង្ការ​ថៅកែ​លួច​ដឹក​សម្ភារៈ​ចេញ​មុន​ពេល​ដោះស្រាយ​ដល់​កម្មករ។ ទោះ​យ៉ាង​ណា កម្មករ​ឲ្យ​ដឹង​ថា ភាគី​ថៅកែ ​និយោជិត និង​កម្មករ​ខ្លះ​ នៅ​តែ​បន្ត​​ធ្វើ​ការ​ក្នុង​រោងចក្រ​រាល់​ថ្ងៃ ​ហើយ​កម្មករ​ដែល​រង​ការ​បញ្ឈប់​ភាគ​ច្រើន កំពុង​តវ៉ា​នៅ​ខាង​ក្រៅ​រោងចក្រ។

ការ​តវ៉ា​ និង​ឃាត់​រថយន្ត​របស់​រោងចក្រ ពី​សំណាក់​​ក្រុម​កម្មករ​ច្រើន​ខែ​មក​នេះ ក៏​រង​ពាក្យ​ប្ដឹង​ពី​ខាង​ក្រុម​ហ៊ុន​វិញ​ដែរ។ កាល​ពី​ថ្ងៃ​ទី៥ មីនា នាយក​ក្រុមហ៊ុន​ ញូជើនើរ៉េសិន ថេកស្ថាយ (New Generation (Cambodia) textile Co.,Ltd) ឈ្មោះ ប៉ៅ កាង (Bao Gang) ជា​ជនជាតិ​ចិន ដែល​មាន​ទីតាំង​រោងចក្រ ស្ថិត​នៅ​ខាង​​ក្រោយ​អគារ​រោងចក្រ​ស្យុងយិន ​​ក្នុង​បរិវេណ​ក្រុមហ៊ុន​ស្យុងយិន​ដែរ​នោះ​​​​​ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អភិបាល​ខេត្ត​កណ្ដាល ឲ្យ​អន្តរាគមន៍​លើ​ករណី​​ក្រុម​ថ្នាក់​ដឹកនាំ​សហជីព​ស៊ីខៅឌូ នៅ​រោងចក្រ​ស្យុងយិន​ ឃាត់​ឡាន​ដឹក​ទំនិញ​របស់​រោងចក្រ​ ញូជើនើរ៉េសិន។

ថៅកែ​រោងចក្រ​រូប​នេះ បាន​ទាមទារ​ឲ្យ​​អាជ្ញាធរ​ចាត់​វិធានការ​លើ​ថ្នាក់​ដឹកនាំ សហជីព​ស៊ីខៅឌូ​ប្រចាំ​​រោងចក្រ​ ស្យុងយិន ទាំង​ ៥​រូប និង​ទាមទារ​អ្នក​ទាំង​៥ ​ឲ្យ​សង​​ថ្លៃ​ការ​ខូច​ខាត​​បណ្ដាល​មក​ពី​ ការ​ឃាត់​រថយន្ត​ដឹក​ទំនិញ​ ចាប់​ពី​ថ្ងៃ​ទី១២ កុម្ភៈ ដល់​ថ្ងៃ​ទី៥ មីនា ដោយ​​​មួយ​ថ្ងៃ ត្រូវ​សង​ប្រាក់ ២ម៉ឺន (២០.០០០) ដុល្លារ​អាមេរិក។

អាស៊ី​សេរី បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​ខាង​ភាគី​ថៅកែ​រោងចក្រ​ ញូជើនើរ៉េសិន ថេកស្ថាយ (New Generation (Cambodia) textile Co.,Ltd) តាម​លេខ​ទូរស័ព្ទ ក្នុង​ពាក្យ​ប្ដឹង​ តែ​គ្មាន​អ្នក​ទទួល​ នៅ​ថ្ងៃ​ទី៨ មីនា។ តែ​យ៉ាង​ណា មន្ត្រី​សហជីព​ស៊ីខៅឌូ ប្រាប់​ថា មិន​ទាន់​មាន​ចំណាត់​ការ​បែប​ណា​មួយ ពី​អាជ្ញាធរ​ខេត្ត​កណ្ដាល​នៅ​ឡើយ​ទេ។

ចំណែក​ ប្រធាន​រដ្ឋបាល​រោងចក្រ​ ស្យុងយិន លោក តុំ សឿន ( ឬ តុំ គឹមសឿន) ទូរស័ព្ទ មិន​អាច​ទំនាក់​ទំនង​បាន​ទេ។

អនុ​ប្រធាន​សហជីព​ស្មារតី​កម្មករ​ខ្មែរ ប្រចាំ​រោងចក្រ​ ស្យុងយិន  លោក ឈូក មីរ៉ា ឲ្យ​ដឹង​ថា មន្ត្រី​ក្រសួង​ការងារ បាន​កោះ​ហៅ​តំណាង​កម្មករ និង​សហជីព​ទាំង​ពីរ​ប្រចាំ​រោងចក្រ​ស្យុងយិន ឲ្យ​ចូល​ប្រជុំ​រក​ដំណោះ​ស្រាយ នៅ​ថ្ងៃ​ទី១០ មីនា។ លោក​រំពឹង​ថា កិច្ច​ប្រជុំ​ថ្ងៃ​ទី១០ នឹង​ទទួល​បាន​ដំណោះ​ស្រាយ។ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​អះអាង​ថា កម្មករ​​នឹង​មិន​ព្រម​​​ខាតបង់​ឡើយ ហើយ​​នៅ​តែ​ទាមទារ​​យក​ផល​ប្រយោជន៍​ ​​តាម ​ច្បាប់​ស្ដីពី​​ការងារ​ ឲ្យ​ខាង​តែ​បាន៖ «សំណូម​ពរ​ឲ្យ​ក្រសួង​ការងារ ជួយ​​ពន្លឿន ហើយ​និង​ដោះស្រាយ​ជូន​បង​ប្អូន​កម្មករ​យើង ព្រោះ​ថា ការ​ដោះស្រាយ​យឺតយ៉ាវ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បង​ប្អូន​កម្មករ ខាត​បង់​ប្រយោជន៍​ច្រើន»

លក្ខខណ្ឌ​ ដែល​កម្មករ​ទាមទារ​នោះ គឺ​ទទូច​ឲ្យ​ភាគី​ថៅកែ​​រោងចក្រ​ ស្យុងយិន ទទួល​យក​កម្មករ​ទាំង​​អស់​ចូល​ធ្វើការ​វិញ ​បើក​ប្រាក់​ឈ្នួល និង​​ប្រាក់​អត្ថប្រយោជន៍​តាម​ផ្លូវ​ច្បាប់ ឲ្យ​កម្មករ​គ្រប់​ចំនួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល