កសិករ​អាជីព​កំពុង​ធ្លាក់​ចុះ​ដោយមាន​កត្តា​ប្រឈម​ជាច្រើន​ក្នុង​មុខ​របប​នេះ

ដោយ សេក បណ្ឌិត
2019-09-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​រស់​នៅ​ឃុំ​ចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ ទៅ​ពិនិត្យ​មើល​ស្រែប្រាំង​របស់​ពួក​គាត់ កាល​ពី​ខែ​មករា ២០១៩។
ពលរដ្ឋ​រស់​នៅ​ឃុំ​ចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ ទៅ​ពិនិត្យ​មើល​ស្រែប្រាំង​របស់​ពួក​គាត់ កាល​ពី​ខែ​មករា ២០១៩។
Photo Provided

អ្នក​ជំនាញ​កសិកម្ម រក​ឃើញ​ថា ប្រជាពលរដ្ឋ ដែល​មាន​មុខ​របរ​កសិកម្ម​ធ្លាក់​ចុះ ប្រមាណ​៥០% ក្នុង​ចំណោម​កសិករ​ដែល​ធ្លាប់​មាន​ជាង ៧០% នៃ​កម្លាំង​ពលកម្ម​សរុប​ជិត ១០​លាន​នាក់។ ការ​ធ្លាក់​ចុះ​ចំនួន​កសិករ​អាជីព​នេះ ធ្វើ​ឱ្យ​កម្ពុជា​ជួប​បញ្ហា​ប្រឈម​ជាច្រើន ក្នុង​ការ​រក​ផលិត​ផល​កសិកម្ម ដើម្បី​ផ្គត់ផ្គង់​តាម​តម្រូវការ​នៅ​លើ​ទីផ្សារ​ក្នុងស្រុក និង​ជា​ការ​បើកឱកាស​ឱ្យ​មានការ​នាំចូល​ផលិតផល​កសិកម្ម​ពី​ប្រទេស​ជិត​ខាង។

ការ​ធ្លាក់​ចុះ​ចំនួន​កសិករ​អាជីព និង​បញ្ហា​បច្ចេកទេស​កសិកម្ម​ទន់​ខ្សោយ ធ្វើ​ឱ្យ​ប្រទេសជិតខាង​មាន​សក្ដានុពល​គ្រប់គ្រង​ទីផ្សារ​កសិកម្ម​នៅ​កម្ពុជា។

អ្នក​ជំនាញ​កសិកម្ម លោក បណ្ឌិត យ៉ង់ សាំងកុមារ មាន​ប្រសាសន៍​ថា កសិករ អាជីព ឬ​កសិករ ដែល​មាន​ប្រាក់ចំណូល​ជាប់​លាប់​ពី​របប​កសិកម្ម​នៅសល់​ប្រមាណ​៣០% ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០១៨ -២០១៩ នេះ។

បញ្ហា​នេះ ដោយសារ​ការប្រែប្រួល​នៃ​សង្គម ដូចជា​ការ​វិវឌ្ឍ​​លើ​វិស័យ​ឧស្សាហកម្ម ការប្រកួតប្រជែង​លើ​មធ្យោបាយ​រក​ប្រាក់​ចំណូល​តាមរយៈ​វិស័យ​ផ្សេងៗ​ទៀត ដូចជា​វិស័យ​សំណង់ ការ​ចាក​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ឬ​ធ្វើ​ចំណាកស្រុក​ជាដើម។

លោក បណ្ឌិត យ៉ង់ សាំងកុមារ បន្ត​ថា ការ​ធ្លាក់ចុះ​ចំនួន​កសិករ​នេះ អាច​មាន​ផល​វិជ្ជមាន និង​អវិជ្ជមាន។

ផល​វិជ្ជមាន​៖ គឺ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ តម្រូវការ​ម្ហូបអាហារ​សព្វ​បែប ឬ​យ៉ាង​នៅ​លើ​ទីផ្សារ​ចេះតែ​កើន​ឡើង​ឥត​ឈប់ឈរ ដូច្នេះ​ធ្វើ​ឱ្យ​កសិករ​មាន​ទីផ្សារ​ទូលំ​ទូលាយ​ក្នុង​ការ​លក់​ផលិតផល​របស់​ពួកគាត់ និង​កាត់បន្ថយ​កម្លាំង​ប្រកួតប្រជែង​ជាដើម៖ «អ៊ីចឹង​អ្នក​ដែល​នៅ គឺ​មាន​-​ឱកាស​ពង្រីក​ការ​ដាំដុះ​របស់​គាត់​បំពេញ​តាម​តម្រូវការ​របស់​ផ្សារ អ៊ីចឹង​ហើយ​បានជា​ខ្ញុំ​បញ្ជាក់​ថា គោលដៅ​អភិវឌ្ឍ​កសិកម្ម​ត្រូវ​ធ្វើការ​ជាមួយ​កសិករ​ដែល​មាន​សក្ដានុពល​ក្នុង​ការ​ដាំដុះ ការ​ចិញ្ចឹម​សត្វ​ឱ្យ​បាន​ច្រើន ដើម្បី​ប្រែក្លាយ​ពួកគាត់​ពី​កសិករ​ធម្មតា​ទៅជា​កសិករ​អាជីព ជា​សហគ្រិន ដែល​មាន​សមត្ថភាព​ផលិត​បាន​ច្រើន​បំពេញ​តម្រូវការ​ទីផ្សារ និង​ផ្ដល់​ការងារ​ឱ្យ​កសិករ​ផ្សេងទៀត អ៊ីចឹង​បើ​យើង​ធ្វើ​បែបនេះ​បាន​វា​ជា​រឿង​ល្អ​ទៅវិញ​ទេ»

ផល​អវិជ្ជមាន៖ ការ​ធ្លាក់​ចុះ​ចំនួន​កសិករ ធ្វើ​ឱ្យ​មាន​វិបត្តិ​ខ្វះ​ផលិតផល ផ្គត់ផ្គង់​តម្រូវការ​នៅ​លើ​ទីផ្សារ ធ្វើ​ឱ្យ​ប្រទេស​សាមី បាត់បង់​ប្រាក់ចំណូល​ពី​វិស័យ​កសិកម្ម ដែល​ជា​វិស័យ​ដ៏​មាន​សក្ដានុពល​ខ្ពស់​មួយ​នេះ។ ពីព្រោះ​កសិករ មិន​អាច​ពង្រឹង​សមត្ថភាព គ្រប់គ្រង​លើ​ការផលិត ឱ្យ​ស្របតាម​តម្រូវការ​របស់​ទីផ្សារ។

លោក​បន្ត​ថា ដោយសារ​កង្វះ​ដើមទុន និង​បច្ចេកទេស ធ្វើ​ប្រភព​ផលិតផល​កសិកម្ម​នៅ​តាម​ភូមិ​ឃុំ​នីមួយៗ មិន​អាច​ផលិត​បាន​គ្រប់​ចំនួន​តាម​តម្រូវការ​ទីផ្សារ ហើយ​ករណី​នេះ​បាន​ធ្វើ​ឱ្យ​បាត់បង់​ប្រាក់ចំណូល​សម្រាប់​សេដ្ឋកិច្ច​គ្រួសារ​តាម​សហគមន៍ រហូតដល់​សេដ្ឋកិច្ច​ជាតិ ហើយ​កម្ពុជា​បច្ចុប្បន្ន​កំពុង​តែ​ជួប​បញ្ហា​នេះ​ខ្លាំង៖ «ជា​រួម​ក្នុង​សង្គម​ដែល​កំពុង​មានការ​អភិវឌ្ឍន៍ តែ​មាន​កំណើន​ទេសចរណ៍​ច្រើន ប្រជាជន​ច្រើន​ដែល​ត្រូវ​ការ​ប្រើ​បន្លែ​ច្រើន​ត្រី​សាច់​ច្រើន បច្ចុប្បន្ន​បញ្ហា​នេះ​យើង​ធ្វើ​អត់​ទាន់​ផលិត​បាន​បំពេញ​តម្រូវការ​ក្នុងស្រុក​ទេ គឺ​យើង​នៅ​នាំចូល​ច្រើន​មួយឆ្នាំៗ​អស់​រាប់​លាន​ដុល្លារ ធ្វើ​ឱ្យ​បរិយាកាស​នៅ​តាម​ជនបទ​ស្ងាត់ស្ងៀម​ធ្វើ​ឱ្យ​ពលរដ្ឋ យុវជន​ចំណាកស្រុក​ទៅ​ទីក្រុង ក្រៅ​ប្រទេស​ដើម្បី​រក​ការងារ​ធ្វើ»

លោក​ពន្យល់​ថា ដើម្បី​សេដ្ឋកិច្ច ភូមិ ឃុំ ឬ​ប្រទេស​មួយ មាន​ភាព​រីកចម្រើន គឺ​ត្រូវតែ​មាន​ការផលិត​ឱ្យ​បាន​ច្រើន សំដៅ​ផ្គត់ផ្គង់​ទីផ្សារ​ដោយ​ខ្លួនឯង​ឱ្យ​បាន​ភាគ បង្កើន​ការងារ ក្នុងស្រុក​ឱ្យ​បាន​ច្រើន លើកលែងតែ​ផលិតផល​ខ្លះ​ដែល​ក្នុងស្រុក​ផលិត​មិនបាន ឬ​ផលិត​បានតែ​ត្រូវ​ការ​ចំណាយ​ថ្លៃដើម​ខ្ពស់​ពេក ទើប​តម្រូវ​ឱ្យ​មានការ​នាំចូល ពី​ក្រៅ​ប្រទេស​តាម​ជនបទ បច្ចេកទេស នៃ​ការ​ធ្វើ​ពាណិជ​កម្ម​។ ក៏ប៉ុន្តែ​សព្វថ្ងៃ​លោក​មើល​ឃើញ​ផ្ទុយទៅវិញ គឺ​មានការ​នាំចូល​ភាគច្រើន ជាពិសេស ពពួក​បន្លែ ផ្លែឈើ សាច់ ជាដើម លើកលែង ស្រូវ អង្ករ ប៉ុណ្ណោះ។

អាស៊ីសេរី​ពុំ​ទាន់​អាច​សុំ​ការ​ពន្យល់ អំពី​ការ​ធ្លាក់​ចុះ​ចំនួន​កសិករ​អាជីព និង​ផល​ប៉ះពាល់ ជុំវិញ​បញ្ហា​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម លោក ស្រី វុឌ្ឍី បាន​ទេ រហូត​មក​ដល់​ពេល​នេះ។

ប៉ុន្តែ​រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ហ៊ាន វណ្ណហន បាន​ផ្តល់​មតិ​ផ្ទាល់ខ្លួន​របស់​លោក​ថា ការ​ធ្លាក់​ចុះ​ចំនួន​កសិករ​អាជីព​នេះ​ជា​ការ​ល្អ​ទៅវិញ​ទេ ព្រោះ​បង្ហាញ​ឱ្យ​ឃើញ​ថា ប្រទេសជាតិ​មាន​កា​រីកចម្រើន​លើ​វិស័យ​ផ្សេងទៀត ហើយ​ពលរដ្ឋ​ដែល​នៅ​បន្ត​អាជីព​ជា​កសិករ​ក៏​មាន​ឱកាស​ពង្រីក​ទំហំ​ទីផ្សារ​របស់​ខ្លួន​បាន​ទូលំទូលាយ និង​ទទួល​បាន​ផលប្រយោជន៍ ឬ​ប្រាក់ចំណូល​កាន់តែ​ច្រើនជាង​មុន៖ «ចំនួន​កសិករ​ធ្លាក់​ចុះ​…​ពីមុន​ប្រមាណ​៨០% ឥឡូវ​នៅ​ជាង​៣០% វា​នេះ​គឺជា​រឿង​ល្អ​ទៅវិញ​ទេ ដែល​យើង​គួរតែ​អបអរ​សារ​ទរ ព្រោះ​វា​ជា​សញ្ញាណ​បញ្ជាក់​ថា​ប្រទេសជាតិ​កំពុង​មានការ​រីកចម្រើន​ទៅមុខ​…​កសិករ​ថយ​ចុះ ព្រោះ​គាត់​មានឱកាស​ទៅ​ចាប់​យក​អាជីព​ផ្សេងទៀត ហើយ​ដី​ក៏​អត់​ទុកចោល​ទំនេរ​ដែរ បាន​ន័យ​ថា កសិករ​តិច​ធ្វើការ​នៅ​លើ​ដី​ធំ​វិញ»

លោក​បន្ត​ថា កសិករ សព្វថ្ងៃ មាន​ជាង​៣០% ហើយ​ព្យាករណ៍​ថា ចំនួន​នេះ​នឹង​ធ្លាក់​ចុះ​បន្ថែម​ទៀត​នៅ​ថ្ងៃ​ខាងមុខ។

ចំណែក អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​លោក ថេង សាវឿន វិញ គាំទ្រ​ចំពោះ​ករណី​អ្នកធ្វើ​របប​កសិកម្ម​ថ​យ​ចុះ ធ្វើ​ឱ្យ​កសិករ​មានឱកាស​លក់​ផលិតផល​គាត់​បាន​ច្រើន និង​មានតម្លៃ​ខ្ពស់​ជាមុន។

ក៏ប៉ុន្តែ​លោក​ថា ផល​វិជ្ជមាន​នេះ មាន​តិច គឺ​បាន​តែមួយ​ជ្រុង នៃ​វិស័យ​កសិកម្ម​ទាំងមូល​ប៉ុណ្ណោះ ដូចជា​ស្រូវ និង ប្រភេទ​ដំណាំ​ឧស្សាហ៍​កម្ម​មួយ​ចំនួន ប៉ុន្តែ​ចំពោះ​ដំណាំ​បន្លែ ផ្លែឈើ និង​ការ​ចិញ្ចឹម​សត្វ ជាដើម​នោះ នៅ​មាន​ការ​ខ្វះ​ខាត​ច្រើន ទាំង​បច្ចេកទេស ដើមទុន ដែល​ធ្វើ​ឱ្យ​អាជីវកម្ម​នេះ មិន​អាច​ស្រូប​យក​កម្លាំង ដើម្បី​ផលិត​ឱ្យ​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន​ឡើយ៖ «បើ​សិន​ចំនួន​កសិករ​ថយ​ចុះ​ធ្វើ​ឱ្យ​ចរន្ត​ផ្គត់ផ្គង់​ចំណីអាហារ​ថយ​ចុះ​ដែរ ប៉ះពាល់​ដល់​ចំណូល​សម្រាប់​សេដ្ឋកិច្ច​ជាតិ​មួយ​ផ្នែក ហើយ​ផលប្រយោជន៍​បាន​ទៅលើ​ប្រទេស​ជិត​ខាង ហើយ​ផល​ប៉ះពាល់​អវិជ្ជមាន​មួយ​ផ្នែក​ទៀត​កង្វះ​ស្បៀងអាហារ​ដែល​នេះ​ជា​ក្តី​បារម្ភ​ទៅ​ថ្ងៃ​ខាងមុខ»

លោក​បន្ត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ មន្ត្រី​ជំនាញ​នៃ​ក្រសួង​ពាក់ព័ន្ធ​នានា ត្រូវ​យកចិត្តទុកដាក់​ជួយ​ទំនុកបម្រុង​កសិករ​ឱ្យ​មាន​ថាមពល ក្នុង​ការ​ផលិត​ឱ្យ​បាន​ទិន្នផល​ខ្ពស់​ជាប្រចាំ ដោយ​ត្រូវ​ផ្ដោត​លើ​ចំណុច ៣​ជា​សំខាន់ ក្នុង​នោះ​រួមមាន​៖ ការ​ពង្រឹង​សមត្ថភាព​កសិករ​ឱ្យ​មាន​បច្ចេកទេស ឬ​ជំនាញ​ពិតប្រាកដ​ក្នុង​មុខ​របប​នេះ ការ​ជួយ​ទំនុកបម្រុង​ទុន​ក្នុង​ផលិត ឬ​ដាំ​ដុះ​តាមរយៈ​ការ​ផ្ដល់​ប្រាក់កម្ចី ដែល​មាន​ការប្រាក់​ទាប ការ​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ ដើម្បី​ចែកចាយ​ទឹក​ស្រោចស្រព​ឱ្យ​បាន​គ្រប់គ្រាន់ និង​គ្រប់​ទីកន្លែង ទាំង​ប្រាំង​និង​វស្សា​ជាដើម។

សព្វថ្ងៃ​នៅ​កម្ពុជា មាន​កសិករ ប្រមាណ ៣​ប្រភេទ ក្នុង​នោះ​មាន​កសិករ ដែល​ដាំ​ដុះ ឬ​ចិញ្ចឹម​សត្វ​តិចតួច ទុក​គ្រាន់តែ​ធ្វើ​ម្ហូប​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ទី​២ កសិករ ដែល​ដាំ​ដុះ ឬ​ចិញ្ចឹម​សត្វ​តិចតួច សម្រាប់​បរិភោគ ហើយ​សល់​ពី​នេះ ក៏​យក​ទៅ​លក់ដូរ​ក្នុង​ភូមិ ឬ​សហគមន៍ ប៉ុន្តែ​ជាប់​លាប់​ទេ និង ទី​៣ កសិករ ដែល​ដាំ​ដុះ និង​ចិញ្ចឹម​សត្វ ជា​អាជីវកម្ម​ខ្នាត តូច និង​មធ្យម ហើយ​ពួកគាត់​មាន​ប្រាក់ចំណូល​ជាប់​លាប់​ពី​របប​កសិកម្ម​នេះ និង​ផ្គត់ផ្គង់​ទីផ្សារ​នានា​ក្នុង​ខេត្ត​របស់​ខ្លួន និង​ខេត្ត ក្រុង ទូទាំង​ប្រទេស។

កាល​ពី​ដើម​ឆ្នាំ​២០១៩​នេះ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោក អ៊ិត សំហេង បាន​អះអាង​ថា អត្រា​មានការ​ងារ​ធ្វើ​របស់​ពលរដ្ឋ​កម្ពុជា​មាន​ជាង ៩៩,៣​ភាគរយ ខណៈ​ភាព​អត់​ការងារ​ធ្វើ​វិញ​មាន ០,៧​ភាគរយ​ប៉ុណ្ណោះ នៃ​កម្លាំង​ពលកម្ម​សរុប​ជិត ១០​លាន​នាក់។

ក៏ប៉ុន្តែ អ្នក​ជំនាញ និង​មន្ត្រី​សិទ្ធិ​ការងារ ថា ទិន្នន័យ​ដែល​ក្រសួង​ការងារ​រឿង​ពលរដ្ឋ​ស្ទើរ​គ្រប់គ្នា​មានការ​ងារ​ធ្វើ​នេះ​ខ្វះ​សុក្រឹតភាព។

ពួកគេ​អះអាង​ថា តួលេខ​នេះ​បង្ហាញ​ពី​ភាព​វិជ្ជមាន​ខ្លាំង​ពេក ចំពោះ​វិស័យ​ការងារ​ខណៈ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​បាន​ធ្វើ​ចំណាកស្រុក​ទៅ​បរទេស ដើម្បី​រក​ការងារ​ធ្វើ និង​មាន​ពលរដ្ឋ​ជាច្រើន​ទៀត​កំពុង​ធ្វើ​ការ​ដោយមាន​ផលិតភាព​ការងារ​ទាប​នៅឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល